លោក​ ​ហ៊ុន សែន​ ​យល់ព្រម​ឱ្យ​មាន​ដំណើរ​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើង​វិញ ក្រោយ​ផ្អាក​ជាង​មួយ​ឆ្នាំ

រូបឯកសារ៖ សាកសព​របស់​ទាហាន​អាមេរិកាំង​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​កូរ៉េខាងជើង​មក​អាមេរិក​វិញ​ នៅ​ឯ​មូលដ្ឋាន​កងទ័ព Pearl Harbor-Hickam ក្នុង​ទីក្រុង Honolulu រដ្ឋ ហាវៃ ថ្ងៃ​ទី​០១ ខែ សីហា ឆ្នាំ ២០១៨៕ (AFP)

​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​បន្ត​អនុវត្ត​ប្រតិបត្តិ​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​​ឡើងវិញ​ ដោយ​អះអាង​ថា​ជា​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​និង​តំណាងរាស្រ្ត​រដ្ឋ​វ៉ាស៊ីនតោន ផ្អែក​លើ​មូលដ្ឋាន​មនុស្សធម៌។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ចុង​សប្តាហ៍​នេះ​ ​បាន​បើក​ឲ្យ​មាន​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ​ក្រោយ​ពី​លោក​បាន​ផ្អាក​កម្មវិធី​នេះ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​។​

​នៅ​យប់​ថ្ងៃសៅរ៍​ ​ទី១៣ ​ខែ​តុលា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​ភ្ជាប់​នឹង​លិខិត​មួយ​ច្បាប់​ជា​ភាសា​អង់គ្លេស​ ​ដែល​លោក​អះអាង​ថា​ ​ជា​លិខិត​ជូន​និង​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​ ​សហរដ្ឋ​អាមេរិក​ ​លោក​ ​ដុក អេ​រិក​សិន​ ​(Doug Ericksen)​ ​និង​តំណាងរាស្រ្ត​លោក​ ​វីនសិន បាយ្ស​ ​(Vicent Buys)​ ​ដែល​បាន​សរសេរ​លិខិត​ស្នើសុំ​ឲ្យ​លោក​បន្ត​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ ​កាល​ពី​ដើម​ខែ​តុលា​នេះ។

​លិខិត​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នោះ​មាន​អត្ថន័យ​ថា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ទទួល​លិខិត​របស់​លោក​ ​ដុក អេរិកសិន​ ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ វ៉ាស៊ីនតោន​ ​និង​លោក វីន​សិន បាយ្ស តំណាងរាស្រ្ត​អាមេរិក​ កាលពី​ថ្ងៃ​ទី​២ ​ខែ​តុលា ឆ្នាំ​២០១៨។​ ​លោក​បន្ត​ក្នុង​លិខិត​នោះ​ថា​ ​កម្ពុជា​តែង​មាន​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ ​និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​ឈរ​លើ​មូលដ្ឋាន​ផល​ប្រយោជន៍​រួម​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក​ ​ហ៊ុន សែន​ ​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«ដូច​ដែល​យើង​បាន​ពិភាក្សា​លើក​មុន​ ​និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រម​ទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​អាមេរិក រដ្ឋាភិបាល​របស់ខ្ញុំ ក្នុងស្មារតី​មេត្តា ករុណា​ដូច​កន្លង​មក​ ​យល់ព្រម​ចាប់​ផ្តើម​អនុវត្ត​ឡើងវិញ​នូវ​ប្រតិបត្តិការ​រុករក​អដ្ឋិ​ធាតុ POW​/​MIA ដ៏​សំខាន់​នេះ​ ​ទោះ​បី​ជា​ការ​រឹត​ត្បិត​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក​នៅតែ​មាន​សុពលភាព​ក៏ដោយ»។

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅ​កាន់​លោក ដុក អេ រិក​សិន​ ​(Doug Ericksen)​ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​ ​សហរដ្ឋអាមេរិក​ ​និងលោក​ ​វីនសិន បាយ្ស​ ​(Vicent Buys) សមាជិក​សភា​អាមេរិក ចុះ​ថ្ងៃ​ទី ​១២ ខែ តុលា ឆ្នាំ ២០១៨។ (ហ្វេសប៊ុក)

​ប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ឬ​ ​POW​/​MIA​ ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ផ្អាក​កាលពី​ជាង​មួយ​ឆ្នាំ​មុន​ ​បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​ចេញ​ទិដ្ឋាការ​ដល់​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ឆ្លើយតប​នឹង​ក្រុម​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួន​ពី​សហរដ្ឋអាមេរិក​វិញ​ ​ក្រោយពី​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស។

​តាម​របាយការណ៍​របស់​អាមេរិក​ ​ទាហាន​អាមេរិក​ដែល​បាន​បាត់ខ្លួន​នៅ​កម្ពុជា​មាន​ចំនួន​៩០​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ សាកសព​ចំនួន​៤២​នាក់​ត្រូវ​បាន​រក​ឃើញ។​ ​ទាហាន​អាមេរិកាំង​សរុប​ចំនួន​២៦៤៦​នាក់​បាន​បាត់ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ ​ឡាវ​ ​កម្ពុជា​ ​និងចិន​ ​កាលពី​សម័យ​សង្រ្គាម​វៀតណាម។​ ​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ជាង​១៦០០​នាក់​នៅ​បន្ត​បាត់ខ្លួន​នៅ​ឡើយរហូត​មក​ដល់​ពេល​នេះ​ ​ក្នុង​នោះ​ទាហាន​ជាង​១២០០​នាក់​បាន​បាត់​ខ្លួន​ក្នុង​ទឹក​ដី​វៀតណាម។

​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​តាមរយៈ​សារ​អេឡិចត្រូនិក​តេឡេក្រាម​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​ការសម្រេច​បន្ត​ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើងវិញ​ ​ទៅ​តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​ គឺ​ធ្វើឡើង​ដោយ​ផ្អែកលើ​ ​«មូលដ្ឋាន​មនុស្សធម៌​និង​សិទ្ធិមនុស្ស»​ ​ជាពិសេស​ចំពោះ​មនោសញ្ចេតនា​ចំពោះ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ។

​ក្រោយ​ការ​បង្ហោះ​លិខិត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប៉ុន្មាន​ម៉ោង លោក​ ​ដុក អេរិកសិន​ ​សមាជិកព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​ដែល​ផ្សាយ​ពី​សម្តី​របស់​លោក និង​លោក វី​ន​សិន បាយ្ស តំណាងរាស្រ្ត​រដ្ឋ​វ៉ាស៊ីនតោន ដោយ​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត ក្រោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ប្រតិបត្តិការ​នោះ​ឡើងវិញ។

​លោក​ ​ដុក អេរិកសិន​ ​បញ្ជាក់​ក្នុង​លិខិត​នោះ​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ណាស់​ ​ដែល​កិច្ច​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ចូល​រួម​ចំណែក​ប្រកប​ដោយ​ក្តី​សង្ឃឹម​ ​ដើម្បីជួយ​សម្រាល​ទុក្ខសោក​ដល់​ឪពុកម្តាយ​ ​ស្វាមី​ភរិយា​ ​និង​ ​កូនៗ​របស់​សមាជិក​ទាហាន​របស់​យើង​ដែល​បាន​បូជា​ជីវិត»។

​កម្ពុជា​បាន​អនុវត្ត​ប្រតិបត្តិការរុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បានបាត់​បង់ជីវិត​ក្នុង​សង្គ្រាម​អាមេរិក​-​វៀតណាម​ កាលពី​ទសវត្សរ៍​ឆ្នាំ​៧០​ ​ចាប់តាំង​ពី​ឆ្នាំ​១៩៨០​មក។ ​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​ ​ឆ្នាំ២០១៨​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ផ្អាក​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​សម្រេច​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​ ​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រ​សួង​ការ​បរទេស​កម្ពុជា។

​ការ​ផ្អាក​ទៅវិញ​ទៅមក​នេះ​ក៏បាន​កើតឡើង​ចំ​ពេល​ដែល​ទំនាក់​ទំនង​របស់​កម្ពុជា​ ​និង​អាមេរិក​កាន់តែ​មាន​ភាព​យ៉ាប់យ៉ឺន​ ​ទន្ទឹម​នឹង​ទំនាក់ទំនង​កម្ពុជា​និង​ចិន កាន់តែ​មាន​ភាព​ស្អិត​រមួត។

​លោក​ ​អៀ សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​ការ​ទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental រដ្ឋ កាលីហ្វ័រញ៉ា និង​ជា​អ្នកវិភាគ​គោល​នយោបាយ​មួយ​រូប ​បាន​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នា​រសៀល​ថ្ងៃអាទិត្យ​នេះ​ថា​ ​សមាជិក​ព្រឹទ្ធសភា​និង​តំណាងរាស្រ្ត​រដ្ឋ​វ៉ាស៊ីនតោន​ទាំង​ពីរ​នាក់​នោះ​មិនមែន​ជា​មនុស្ស​មាន​ឥទ្ធិពល​ណាមួយ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំងពីរ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ​តែង​តាំង​ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅ​កម្ពុជា។

​លោក​ ​អៀ សុផល​ ​បាន​បន្ថែម​ថា​ ​ការណ៍​ដែល​លោក​ ​ហ៊ុន សែន​ ​យល់ព្រម​បន្ត​ប្រតិបត្តិ​ការ​នេះ​ឡើងវិញ គ្រាន់​តែ​ជា​ការ​ចង់​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ជាមួយ​អាមេរិក​ ​ក្រោយ​សហភាព​អឺរ៉ុប​ប្រកាស​ដំណើរការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា​ប៉ុណ្ណោះ។​ ​ប៉ុន្តែ​លោក​ ​អៀ សុផល​ ​បន្ថែម​ថា​ ​ការណ៍​នេះ​មិន​អាច​ជួយ​ឲ្យ​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា​បាន​ប្រសើរ​ឡើង​នោះ​ទេ។

​លោក​បញ្ជាក់​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«អ្នក​អាច​មើល​ឃើញ​ហើយ​ ​បន្ទាប់​ពី​គាត់ស្រែក​ទៅកាន់​សហភាព​អឺរ៉ុប ឥឡូវ​នេះ​គាត់​បាន​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​ទៅ​សហរដ្ឋ​អាមេរិក​ ​ហើយ​និយាយ​រឿងល្អៗ​ ​បន្ទាប់​ពី​គាត់​បាន​ប្រមាថ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាង​មួយឆ្នាំ។​ ​គួរ​កត់សម្គាល់​ផង​ដែរ​ ​នៅ​ពេល​គាត់​និយាយ​អំពី​ជំនួយ​សម្រាប់​អធិបតេយ្យភាព​គាត់​មិនបាន​និយាយ​ថា​ "​ការដោះដូរ​សម្រាប់​អធិបតេយ្យភាព"​ ​នោះ​ទេ។​ ​គាត់​អាច​យល់​ច្រឡំ​ ​ឬ​គាត់​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​ចៀស​វាង​បញ្ហា​ពិតប្រាកដ»។

​ចំណង​មិត្តភាព​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ​ហាក់​មាន​ភាព​រកាំរកូស​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​ ​បន្ទាប់​ពី​លោក​ ​ហ៊ុន សែន​ ​បញ្ជា​ឱ្យ​មាន​ការ​បិទទ្វារ​វិទ្យាស្ថាន​អន្តរជាតិ​របស់​អាមេរិក​មួយ ​ដែល​ជួយ​លើ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ការ​វាយ​ប្រហារ​លើ​អ្នករិះគន់​រដ្ឋាភិបាល​និង​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ និង​ការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​បំផុត​នៅ​ក្នុង​ប្រទេស​ជាដើម​។​

យ៉ាង​ណា​ក៏​ដោយ​ ​ការ​បើក​ឲ្យដំណើរ​ការ​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​អាមេរិក-​វៀតណាម​ ​ឬ​POW​/​MIA ​ឡើងវិញ​ ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែលលោក​ ​ហ៊ុន សែន​ ប្រកាស​ពី​ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​របស់​ខ្លួន​ ក្នុង​បេសកកម្ម​ទៅ​កាន់​បុរី ញ៉ូវយក​ សហរដ្ឋ​អាមេរិក​៕