លោក ហ៊ុន សែន​ទទួល​ស្គាល់​ថា លោក​មាន​កំហុស​ខ្លះ ក្នុង​ការ​ដឹក​នាំ តែ​មាន​ចំណុច​វិជ្ជមាន​ច្រើន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពេល​និយាយ​ទៅ​កាន់​អ្នក​យកព័ត៌មាន។

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ដែល​កាន់​អំណាច​យូរ ​បាន​ទទួល​ស្គាល់​នៅ​ថ្ងៃ​ពុធ​នេះថា​ លោក​មាន​កំហុស​មួយ​ចំនួន​ នៅ​ក្នុង​ការដឹក​នាំ​របស់លោក​រយៈកាល​កន្លង​មក​នេះ។​

ការ​សារភាព​នេះ​ធ្វើ​ឡើង​នៅ​ចំថ្ងៃ​ខួប​ទី​៣០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​១៩៨៥ ដល់​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១៥។

លោក​ហ៊ុន សែន​ថ្លែងបែប​នេះ​មួយ​ថ្ងៃក្រោយ​ពី​មាន​របាយ​ការណ៍​ប្រកប​ដោយ​ការ​រិះ​គន់​ខ្លាំងៗ​ពី​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្សមួយ​របស់​សហ​រដ្ឋ​អាមេរិក ​Human Rights Watch។​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​នេះ​ បាន​ពិពណ៌នា​អំពើ​ហិង្សា ​ការ​គាបសង្កត់​ និង​អំពើ​ពុក​រលួយ ​បញ្ហា​ដីធ្លី​និង​ការ​បង្ក​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​ក្រុម​បាតុករ​ស្លាប់​រួម​ទាំងការ​សម្លាប់​សកម្មជន​នយោបាយ​ដែល​ប្រជែង​អំណាច។​

លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ទទួល​ស្គាល់​ថា មាន​កំហុស​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មែន ​ប៉ុន្តែ​គេត្រូវ​ចេះ​ថ្លឹង​ថ្លែង​លើ​គុណ​សម្បត្តិ​របស់​លោក​ផង​ដែរ។​

«ការណ៍​ពិត​ ខ្ញុំ​ក៏​មាន​កំហុស​មិនមែន​អត់​ទេ។​ ប៉ុន្តែ​(ត្រូវ)​ថ្លឹង​ថ្លែង​រវាង​អាត្រូវ​និង​អាខុស»។​

ប្រតិកម្ម​បែប​នេះ​ធ្វើ​ឡើងក្នុង​ឱកាស​សម្ពោធ​ការ​ភ្ជាប់​មុខ​តំណ​ចុង​ក្រោយនៃ​ការ​សង់​ស្ពាន​អ្នកលឿង​ដែល​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា ស្ពានស៊ូបាសា។​

លោក​ហ៊ុន សែន​បញ្ជាក់​ថា ចន្លោះ​ពី​ឆ្នាំ​១៩៧៩​ដល់​ខែ​មករា​ឆ្នាំ​១៩៨៥​រហូត​ដល់​ពេលមុន​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី ​លោក​មិន​មែន​ជា​មេដឹកនាំ​ប្រទេស​នោះ​ទេ​គឺ​គ្រាន់​តែ​ជា​«អ្នក​ចូល​រួម​ដឹក​នាំ​ប្រទេស»។​

ការ​កាន់​តំណែង​យូរ​បាន​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​ក្លាយ​ជាមេដឹក​នាំទី​៦​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​គឺ​ឈរ​បន្ទាប់​ពី​លោក ​Robert ​Mugabe ​នៃ​ប្រទេស​ហ្ស៊ីម​បាវ៉េ ​និង​នៅ​ពី​លើ​លោក​ Yoweri Museveni ​នៃ​ប្រទេស​អ៊ូហ្គាន់ដា។ ​ដោយ​ឡែក​នៅ​ក្នុ​ង​ពិភព​លោក​ អ្នក​ដែល​កាន់​តំណែង​យូរ​ជាង​គេ​គឺ​ប្រធានាធិបតី​ប្រទេស​កាម៉ារូន​គឺ​លោក​ប៉ូល ប៊ីយ៉ា​ ដែល​ឈរ​ក្នុ​ង​តំណែង​រយៈ​ពេល​ជាង​៣៩​ឆ្នាំ​មក​ហើយ។​

នៅ​ក្នុង​របាយ​ការណ៍​កម្រាស់​៧៥​ទំព័រ ​ Human Rights Watch ​បាន​រៀប​រាប់ការ​រំលោភ​សិទ្ធិ​មនុស្សក្រោម​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​ការ​បណ្តាល​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​ដោយ​ជំងឺ​ និង​រាប់​ពាន់​នាក់​ស្លាប់​ និង​ពិការ​ដោយសារ​គ្រប់​មីនក្នុង​យុទ្ធនាការ​កាប់​ព្រៃ​ឈើ​តាម​ព្រំដែន​ ឬហៅ​ថា​ ក-៥។​ ​មនុស្ស​ប្រមាណ​៥០០០​នាក់​ត្រូវ​ចាប់​ខ្លួន​ជា​អ្នក​ទោស​នយោបាយ។​

ក្រៅ​ពីនោះ​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ថ្ងៃ​ទី​៣០​ខែ​មិនា​ ឆ្នាំ​១៩៩៧​លើ​ហ្វូង​បាតុករ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី ដែល​តាមអង្គការ​Human Rights Watch ​គឺ​ក្នុង​គោល​ដៅ​ផ្តាច់​ផ្តិល​គូ​ប្រជែង​នយោបាយ​គឺលោក​សម រង្ស៊ី។​ ក្នុង​ព្រឹត្តិ​ការណ៍​នោះ មនុស្ស​ស្លាប់​១៦​នាក់​ និង​មនុស្ស​ច្រើន​ជាង​១៥០​នាក់​រង​របួស។​ ប៉ុន្មាន​ខែក្រោយ​ មាន​រដ្ឋ​ប្រហារ​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ដើម្បី​ទម្លាក់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ពី​សហ​នាយក​រដ្ឋមន្ត្រី​ទី១។​ មនុស្ស​ជាច្រើន​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម ​ជម្រិតយក​ចម្លើយ​ ការ​សម្លាប់​ឥស្សរជន​មេទ័ព​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច ​និង​ចាប់​ឃុំ​ខ្លួន។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ Human Rights Watch។​

បន្ថែម​ពី​នោះ​ទៀត​ ការ​វាយ​ប្រហារ​លើ​គណបក្ស​ជំទាស់​ និង​បញ្ហា​ដីធ្លី ករណី​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​ដ៏​ល្បីល្បាញ​គឺ​លោក​ឈុត វុទ្ធី ​ការ​បង្រ្កាប និង​ការ​សម្លាប់​បាតុករ​ដោយ​ហិង្សា​ក្រោយ​ការបោះ​ឆ្នោត​ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុ​ងរបាយ​ការណ៍​ផង​ដែរ។​

លោក​ប្រេដស៍ អាដាម ​នាយក​អង្គការ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​បាន​អំពាវនាវ​ដល់​រដ្ឋា​ភិបាល​ដែល​មាន​ឥទ្ធិពល​ និង​ប្រទេស​ម្ចាស់​ជំនួយឲ្យ​បញ្ចប់​ភាព​អសកម្មក្នុង​ការ​ឆ្លើយ​តបចំពោះភាព​អវិជ្ជមាន​ក្នុង​របាយ​ការណ៍​ខាង​លើ​នេះ។​

លោក​ហ៊ុន សែន​បាន​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​ខាង​លើ​ដោយ​សំឡេងខ្លាំងៗ​ ហើយ​លោក​ទទូច​ឲ្យ​មានការ​ទទួល​ស្គាល់​នូវ​ស្នាដៃ​ក្រោម​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក។​

«នៅ​ពេល​ដែល​ហ៊ុន​ សែន​ចាប់​ផ្តើម​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ សង្គ្រាម​នៅ​ហែក​ហួរ​ប្រទេស​នេះ​នៅ​ឡើយ។​ បើ​គ្មាន​បាត​ដៃ​ហ៊ុន សែន​ទេ​ ក៏​គ្មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ចេញ​មក​ដែរ​ ​ព្រោះ​ហ៊ុន សែន​ជា​អ្នក​ចរចា។ ​តើ​នយោបាយ​ឈ្នះឈ្នះ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ អ្នក​ណា​អ្នក​ធ្វើ? ​កាល​ពី​ឆ្នាំ​១៩៨៥ ​កាល​នោះ​ដីទាំង​អស់​ជា​របស់​រដ្ឋ។​ ខ្ញុំ​ជា​អ្នក​ដឹកនាំ​កំណែ​ទម្រង់​ដី​ធ្លី​ ប្រគល់​កម្ម​សិទ្ធិ​ឲ្យ​ប្រជា​ពលរដ្ឋ។​ ស្ពាន​ថ្ងៃ​នេះ​ពិតមែន​តែ​ជប៉ុន​ជា​អ្នក​ឲ្យប៉ុន្តែ​អ្នកណា​ជា​អ្នក​សុំ?​ ហេតុអ្វី​ក៏​ឃើញ​តែ​អាក្រក់»។​

លោក​យ៉ែម ប៉ុញ្ញរិទ្ធ ​តំណាងរាស្ដ្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ឃើញ​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ មាន​ទាំង​ភាព​វិជ្ជមាន​ និង​អវិជ្ជ​មាន។ ​ហើយ​អ្វី​ដែល​នៅ​សេស​សល់​នោះ​គឺ​ប្រព័ន្ធ​យុត្តិធម៌​សង្គម។​

«ភាព​ជា​វិជ្ជ​មាន​យើង​ទទួល​ស្គាល់​ថា​ មាន​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស​ពិត​ប្រាកដ​អញ្ចឹង​មែន​ ហើយ​បន្ទាប់​មក​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​មួយ​ចំនួន​ដោយ​មាន​ប្រាក់​ជំនួយ​ឥត​សំណង ​ប្រាក់​កម្ចី​ជាដើម។​ ប៉ុន្តែ​ថ្វី​ដ្បិត​តែ​មាន​ការ​អភិវឌ្ឍ​ទាំង​នោះ​ តែ​មាន​ប្រព័ន្ធ​ដែ​ល​ត្រូវ​ធ្វើ​កំណែ​ទម្រង់ ដូច​ជា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​ខិល​ខូច ​អយុត្តិ​ធម៌​សង្គម ​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​មាន​ការរំលោភ​ដីធ្លី ​ជា​ពិសេស​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​មាន​ភាព​យុត្តិធម៌​ និង​មិន​អព្យាក្រិត​ពិត​ប្រាកដ»។​

យ៉ាង​ណា​ក៏ដោយ​ លោក​យ៉ែម ប៉ុញ្ញរិទ្ធ​បាន​រិះគន់ការ​កាន់​អំណាច​យូរ​របស់​លោក​ហ៊ុន សែន​ថា​ ការ​ដឹក​នាំ​កាន់​តែ​យូរ ​អំពើ​ពុក​រលួយ​កាន់​តែ​រីក​រាល​ដាល​ និង​របប​បក្ខពួក​និយម​កាន់​តែ​កើត​មាន៕​