ភ្នំពេញ៖ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចោទប្រកាន់លោក សម រង្ស៊ី ថា បានបម្រើផលប្រយោជន៍ឲ្យប្រទេសក្រៅ ដោយហេតុថា លោកសម រង្ស៊ី កំពុងព្យាយាមបង្កជម្លោះជាមួយរូបលោក។ ប៉ុន្ដែលោកសម រង្ស៊ី ដែលកំពុងស្ថិតនៅប្រទេសបារាំង បានច្រានចោលការចោទប្រកាន់នេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃចន្ទ័នេះ បានចោទប្រកាន់មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី ថា កំពុងបង្កជម្លោះបែបបុគ្គលប្រឆាំងនឹងរូបលោក ដោយបម្រើផលប្រយោជន៍នយោបាយសម្រាប់បរទេស។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលត្រូវតុលាការខ្មែរផ្ដន្ទាទោស បានចូលរួមចុះហត្ថលេខាជាមួយនឹងក្រុមតំណាងរាស្ដ្ររបស់គណបក្សជំទាស់ចំនួន ២៥ រូបផ្សេងទៀតលើលិខិតកោះឲ្យប្រមុខរដ្ឋាភិបាលចូលបំភ្លឺអំពីការលើកឡើងពីការបង្វឹកវិជ្ជាយោធាដល់ក្រុមអាវក្រហមថៃនៅតាមតំបន់ព្រំដែន។ ក្រុមអាវក្រហមដែលជាក្រុមប្រឆាំងនឹងការដឹកនាំរបស់ក្រុងបាងកក ក៏ប៉ុន្ដែ រដ្ឋាភិបាលខ្មែរបានច្រានចោលការលើកឡើងនោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ចាត់ទុកថា លោក សម រង្ស៊ី ចង់បង្វិលបញ្ហាតុលាការទៅជាជម្លោះតទល់ជាមួយរូបលោក។
“កុំចង់ផ្ទេរជម្លោះជាមួយ ហ៊ុន សែន ឲ្យសោះ។ ប៉ះពាល់ជាមួយនឹងច្បាប់ និងមានជម្លោះជាមួយនឹងច្បាប់ រួចធ្វើវិធីមួយ ដើម្បីមកជម្លោះជាមួយខ្ញុំ។ សុំទោស សូមកុំធ្វើនយោបាយផ្ទេរជម្លោះ។ ប្រទេស ខ្លះគេផ្ទេរជម្លោះពីផ្ទៃក្នុងរបស់គេឲ្យទៅជាជម្លោះខាងក្រៅ។ ឯងចង់ផ្ទេរជម្លោះពីច្បាប់មកជាមួយ ហ៊ុន សែន រួចហើយតំណាងផលប្រយោជន៍ឲ្យបរទេសទៅទៀត"។
លោក សម រង្ស៊ី ត្រូវតុលាការរបស់ប្រទេសកម្ពុជា ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១២ ឆ្នាំ ពីបទក្លែងបន្លំឯកសារ និងផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការចុះផ្សាយនូវផែនទីប្រទេសកម្ពុជាលើគេហទំព័រគណបក្សរបស់លោកដែលបង្ហាញថា ប្រទេសវៀតណាមបោះបង្គោលព្រំដែនចូលក្នុងព្រំដែនប្រទេសកម្ពុជា ប៉ុន្ដែរដ្ឋាភិបាលខ្មែរបានចាត់ទុកថា នោះគឺជាផែនទីក្លែងក្លាយ មួយវិញទៀតលោកសម រង្ស៊ី ត្រូវផ្ដន្ទាទោសពីបទបំផ្លិចបំផ្លាញបង្គោលព្រំដែននៅខេត្តស្វាយរៀង និងញុះញង់ ការរើសអើងជាតិសាសន៏ផងដែរ។
មេដឹកនាំគណបក្សជំទាស់បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសបារាំង។
ឆ្លើយតបតាមទូរសព្ទ័ជាមួយ VOA សម្លេងសហរដ្ឋអាមេរិកពីទីក្រុងប៉ារីស លោកសម រង្ស៊ី អះអាង ថា លោក មិនមែនកំពុងព្យាយាមប្រឈមមុខជាមួយនឹងលោកនាយករដ្ឋមន្ដ្រីខ្មែរនោះទេ ប៉ុន្ដែលោកប្រឈមនឹងប្រទេសវៀតណាម ដែលបានទន្រ្ទានចូលទឹកដីខ្មែរ។
“ខ្ញុំមិនដែលយករឿងបុគ្គលជាធំទេ។ ខ្ញុំប្ដឹងប្រទេសវៀតណាម ដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ ប្រជារាស្រ្តខ្មែរតាំងពី ២០ - ៣០ ឆ្នាំហើយ រងគ្រោះដោយនិទណ្ឌភាព។ អ្នកមានអំណាច មានទម្លាប់អាក្រក់សម្លាប់គេ បានតាមចិត្ត។ ខ្ញុំត្រូវតែខិតខំបញ្ចប់និទណ្ឌភាពនេះ ដើម្បីឲ្យប្រជារាស្ដ្រ ខ្មែររស់នៅបានសុខសាន្តក្នុងសង្គមមួយដែលមានភាពយុត្តិធម៌" ។
កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី បានថ្លែងជាថ្មីម្ដងទៀតប្រាប់សកម្មជនរបស់ខ្លួនតាមការផ្សាយផ្ទាល់ពីក្រៅប្រទេសថា លោកបានដាក់ពាក្យបណ្ដឹងមួយចំនួនប្រឆាំងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និងប្រធានកងការពាររបស់លោក ទៅកាន់តុលាការសហរដ្ឋអាមេរិក ប្រទេសបែលហ្ស៊ិក អេស្ប៉ាញ និង ហូឡង់។ បណ្ដឹងទាំងនោះដែលទាក់ទងនឹង អំពើហិង្សានៃព្រឹត្តិការណ៍ផ្ទុះអាវុធ កាលពីខែកក្កដា ឆ្នាំ ១៩៩៧ និងព្រឹត្តិការណ៍គប់គ្រាប់បែកយ៉ាងឃោរឃៅ កាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ១៩៩៧ ការសម្លាប់បាតុករ និងព្រះសង្ឃនៅឆ្នាំ ១៩៩៨និងការបង្ក ឲ្យមានការស្លាប់ជនស៊ីវិល នៅក្នុងយុទ្ធនាការកាប់ព្រៃឈើ ក ៥ ក្នុងទសវត្សរ៍៨០។
លោក សម រង្ស៊ី បានភាសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសអស់រយៈពេលជិតមួយឆ្នាំហើយ។
កាលពីខែកញ្ញា លោកបានចាប់ផ្ដើមយុទ្ធនាការមួយ ដើម្បីស្វែងរកការគាំទ្រពីសមាជិកសភា ក្នុងទ្វីបអឺរ៉ុប និងទ្វីបអាមេរិក ប្រយោជន៍ឲ្យពួកគេស្នើឲ្យរដ្ឋាភិបាលរបស់ពួកគេដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឲ្យបើកផ្លូវឲ្យរូបលោកវិលត្រឡប់ចូលកាន់ការងារជាតំណាងរាស្ដ្រដូចធម្មតាឡើងវិញ។
លោក សម រង្ស៊ី អះអាងថា រហូតមកទល់ថ្ងៃនេះ សមាជិកសភា អន្ដរជាតិសរុបជាង ១២០ រូបបានចុះហត្ថលេខាគាំទ្ររូបលោក។ ក៏ប៉ុន្ដែ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាន់ជំហរកាលពីព្រឹកម៉ិញនេះថា លោកសម រង្ស៊ីអាចរួចទោសទៅបានលុះណាតែ លោកឆ្លងកាត់ការជាប់ពន្ធនាគាររយៈពេលពីរភាគបី នៃទោសសរុបជាមុនសិន ពោលគឺលោកសម រង្ស៊ី ត្រូវជាប់ទោសប្រមាណជាប្រាំបីឆ្នាំ នៃទោសជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំ៕