លោក ហ៊ុន ម៉ាណែត គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឡាវ​ដែល​ជា​ប្រធាន​ប្តូរវេន​នៃ​សមាគម​អាស៊ាន

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងអំឡុងពិធីទទួលស្វាគមន៍ការធ្វើទស្សនកិច្ចរបស់លោក នៅ​ទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (Vincent Thian/Pool via REUTERS)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​បាន​ ៧ ​ខែ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ នា​សប្តាហ៍​ក្រោយ ដែល​ជា​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក ក្រោយ​លោក​កាន់​អំណាច​ជាមេដឹកនាំ​ថ្មី​របស់​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង ខណៈ​ពេល​ដែល​ប្រទេស​ឡាវ​កំពុង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍ ហៅ​កាត់​ថា​អាស៊ាន។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ​២៥-២៦ ខែ​មីនា ឆ្នាំ ២០២៤ តប​តាម​ការ​អញ្ជើញ​របស់​លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ឡាវ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា ភាគី​កម្ពុជា​និង​ឡាវ​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​នានា​ក្នុង​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើវិស័យ​ជាច្រើន ព្រម​ទាំង​ផ្លាស់​ប្តូរយោបល់​លើ​បញ្ហា​អនុតំបន់ តំបន់ និង​អន្តរ​ជាតិ ដែល​ជា​ផលប្រយោជន៍ និង​ក្តីបារម្ភរួម។ បន្ទាប់​ពីជំនួប​ពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេចធិបតី ទៅ​កាន់ ​ស.ប.ប.​ឡាវ នឹង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី ក្នុង​ស្មារតីភាព​ជា​អ្នក​ជិត​ខា​ង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ពង្រឹង​មូលដ្ឋាន​គ្រឹះ ដើម្បី​វឌ្ឍនភាព និង​វិបុលភាព​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ»។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ឡាវ គឺ​សំដៅ​ជំរុញ​បន្ថែម​ទៀត​នូវ​ភាព​ជា​អ្នក​ជិត​ខាង​ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ ។

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ និង​ការ​ជួញដូរ​គ្រឿង​ញៀន​មក​កម្ពុជា​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឡាវ​គួរ​តែ​ត្រូវ​លើក​យក​មក​ជជែក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។

អ្នក​វិភាគ​បញ្ហា​សង្គម​ លោក​បណ្ឌិត មាស នី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ឡាវ​នេះ​អាច​ថា ​ជា​រាប់​អាន​ ឬ​ការ​ជួប​ជជែក​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី។ ប៉ុន្តែ​លោក​ថា​ ក្នុង​ឱកាស​នេះ​កម្ពុជា​ក៏​គួរ​តែ​ពិភាក្សាបញ្ហា​ណា​ដែល​អាច​នាំ​ប្រយោជន៍​មក​ជូន​ជាតិ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា។

លោក​យល់​ថា​ បញ្ហា​ចម្បង​ដែល​កម្ពុជា​អាច​នឹង​ជជែក​គ្នា​នោះ​ គឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មិន​ទាន់​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

អ្នក​វិភាគ​រូប​នេះ​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ក្នុង​អាណត្តិ​នីមួយៗ​ត្រូវ​តែ​បន្ត​ហើយ​ត្រូវ​តែ​មាន​ទិសដៅ​ច្បាស់​លាស់​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​វា​ចប់​រឿង​បញ្ហា​ព្រំដែន​ ទោះ​បី​ជា​ថា​ បាត់​ឬចំណេញ​យ៉ាង​ម៉េច​ក៏​ដោយ ក៏​វា​ត្រូវ​តែ​បន្ត​ធ្វើ​ កន្លែង​ណា​ដែល​មាន​ភាព​ចម្រូងចម្រាស​អា​ហ្នឹង យើង​រក​យន្ត​ការ​ផ្សេង​ដើម្បី​មក​ជួយ​ដោះស្រាយ ប៉ុន្តែ​កន្លែង​ណា​ដែល​អាច​ទៅ​រួច ​គួរ​តែ​នាំគ្នា​ធ្វើ​ឱ្យ​ហើយ​ទៅ។ នេះ​ជា​រឿង​សំខាន់​ដែរ ប៉ុន្តែ​វា​ពិបាក​តិច ដោយ​សារ​នៅ​ស្រុក​យើង​នេះ វា​មិន​ទាន់​មាន​ឯកភាព​ជាតិ​គ្រប់​គ្រាន់​ អញ្ចឹង​ការ​សម្រេច​ទៅ​លើ​បញ្ហា​ព្រំដែន​នានា ហ្នឹងវា​នៅ​តែ​ទទួល​ការ​រិះគន់​ពី​មហា​ជន​ទូទៅ​អ៊ីចឹង»។

បើ​តាម​លោក មាស នី បញ្ហា​មួយ​ទៀត​ដែល​កម្ពុជា​គួរ​តែ​ដោះស្រាយ គឺ​បញ្ហា​គ្រឿង​ញៀន​ដែល​ជួញដូរ​នាំ​ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា។

លោក​បន្ថែម​ថា៖ «រឹត​បន្តឹង​ទាំង​សង​ខាង​ទៅ ហើយ​យើង​ខាង​យើង​ក៏​ពង្រឹង​សមត្ថភាព​ផ្ទៃ​ក្នុង​របស់​យើង​ក្នុង​ការ​ការ​ពារ​ ធ្វើ​ម៉េច​រក​ជន​ដែល​ប្រព្រឹត្ត​ជួញ​ដូរ​គ្រឿង​ញៀន​ហ្នឹង​ឱ្យ​ឃើញ​ទៅ ពិសេស​គឺ​បោស​សម្អាត​ពី​ខាង​លើ​មក»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​និង​អ្នកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន អតីត​នាយករដ្ឋមន្រ្តី លោក​ ហ៊ុន សែន ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជា​ច្រើន រួមមាន​នយោបាយ-សន្តិសុខ ការពារ​ជាតិ កិច្ចការ​ព្រំដែន ពាណិជ្ជកម្ម និង​វិនិយោគ ការ​តភ្ជាប់​ផ្លូវ​អាកាស ទេសចរណ៍ ថាមពល និង​ការអប់រំ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​នោះ កម្ពុជា​និង​ឡាវ​ក៏​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ប្រវត្តិសាស្រ្ត​សំខាន់​ចំនួន ២ រួមមាន​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ទីពីរ​ផែនការ​សកម្មភាព​សម្រាប់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ឆ្នាំ​ ២០២៣-២០២៧។

បើ​តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​ឡាវ​បាន​សម្រេច​ក្នុង​ការ​កំណត់​ខ្សែ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រមាណ​៨៦% រួម​មាន​ការ​បោះ​បង្គោល​ព្រំដែន​លើ​ដី​ជាក់ស្តែង​បាន​ចំនួន​ ១២១ ​បង្គោល។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វេទិកា​តំបន់ និង​អន្តរ​ជាតិ ជា​ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​អង្គការ​សហប្រជាជាតិ។ កាល​នោះ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ឡាវ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ៕