អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRWបាននិយាយនៅថ្ងៃអង្គារនេះថា ស្ត្រីកម្ពុជាបម្រើការតាមផ្ទះរាប់ពាន់នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានទទួលរងនូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទារុណកម្ម ការរំលោភបំពានសិទ្ធិការងារ និងការរំលោភផ្លូវភេទពីថៅកែរបស់ខ្លួន។
លោក James Ross នាយកផ្នែកកិច្ចការច្បាប់ និងគោលនយោបាយនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ដែលមានមូលដ្ឋានក្នុងបូរីញូយ៉ក បានថ្លែងប្រាប់សន្និសីទកាសែត នៅសណ្ឋាគារ កាំបូឌីយ៉ាណាយ៉ាងដូច្នេះថា «ថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ចេញផ្សាយរបាយការក្រោមចំណងជើងថា "ពួកគេបោកប្រាសយើងគ្រប់ជំហ៊ាន៖ ការរំលោភលើពលករស្ត្រីកម្ពុជាបម្រើការតាមផ្ទះ ដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី"»។
លោកស្រី Jyotsna Poudyal អ្នកចងក្រងរបាយការនេះ បានបញ្ជាក់តាមសម្តីដើមថា៖
«អ្វីដែលយើងបានរកឃើញគឺថា ពលករជួបប្រទះនឹងការរំលោភបំពានគ្រប់ជំហ៊ាននៃរយៈពេលទេសន្តប្រវេសន៍ចាប់ផ្តើម ពីការចាប់ផ្តើមដំបូង នៅពេលដែលមានការជ្រើសរើសនៅតាមភូមិរហូតដល់ធ្វើដំណើរមកដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលរហូតដល់ប្រទេសម៉ាឡេស៊ី និងនៅពេលត្រឡប់មកកម្ពុជាវិញ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានរកឃើញថា ស្ត្រី និងកុមារីកម្ពុជាជាច្រើនពាន់នាក់ ដែលទៅបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ទទួលបាននូវការការពារបន្តិចបន្តួចពីការបង្ខាំងខ្លួននៅក្នុងមណ្ឌល ពីបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ និងពីលក្ខខណ្ឌការងារមានលក្ខណៈកេងប្រវ័ញ្ច។
របាយការនេះបានបញ្ជាក់ថា ស្ត្រី និងកុមារីកម្ពុជាបម្រើការតាមផ្ទះជាច្រើននាក់ នៅក្នុងប្រទេសម៉ាឡេស៊ីធ្វើការពី១៤ម៉ោងទៅ២១ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលឈប់សម្រាក ឬថ្ងៃឈប់សម្រាកនោះទេ ហើយពលករជាច្រើននាក់ទៀតត្រូវបានគេបង្ខាំងឱ្យនៅកន្លែងធ្វើការ មិនបានទទួលអាហារគ្រប់គ្រាន់ មិនបានទទួលប្រាក់ខែពេញលេញ និងទទួលរងនូវការរំលោភលើរាងកាយ និងរំលោភដោយពាក្យសម្តី ហើយអ្នកខ្លះទៀតត្រូវបានថៅកែរំលោភខាងផ្លូវភេទ។
របាយការនេះ ដែលបានធ្វើឡើងផ្អែកលើបទសម្ភាសន៍ចំនួន៨០លើក ជាមួយពលករចំណាកស្រុកធ្វើការតាមផ្ទះ គ្រួសាររបស់ពួកគេ មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារជ្រើសរើសពលករ បានបង្ហាញពីឧបសគ្គមួយចំនួនដែលបានធ្វើឱ្យស្ត្រី និងកុមារីទទួលរងការធ្វើបាប មិនទទួលបានយុត្តិធម៌ និងមិនមានការដោះស្រាយក្នុងប្រទេសកម្ពុជា និងនៅប្រទេសម៉ាឡេស៊ី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើតច្បាប់ទូលំទូលាយមួយស្តីពីពលករចំណាកស្រុក ត្រូវពង្រឹងការឃ្លាំមើលទីភ្នាក់ងារជ្រើសរើសពលករ និងដាក់ទោសជាចាំបាច់ ខណៈដែលមានការរំលោភកើតឡើង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW បានជំរុញឱ្យប្រទេសកម្ពុជា និងម៉ាឡេស៊ីផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិស្តីពីការងារតាមផ្ទះ។
សន្ធិសញ្ញានេះតម្រូវឱ្យរដ្ឋាភិបាលត្រូវធានាឱ្យមានលក្ខខណ្ឌការងារសមស្រប កំណត់អាយុអប្បបរិមាសម្រាប់ពលករធ្វើការតាមផ្ទះ និងការពារពលករធ្វើការតាមផ្ទះឲ្យរួចពីអំពើហិង្សា និងការអនុវត្តការជ្រើសរើសបែបកេងប្រវ័ញ្ច។
របាយការនេះបានរកឃើញថា តាំងពីឆ្នាំ២០០៨មក ស្ត្រី និងកុមារីកម្ពុជា៤០០០ទៅ៥០០០នាក់ បានធ្វើចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការតាមផ្ទះ។
ទីភ្នាក់ងារជ្រើសរើសពលករមួយចំនួននៅកម្ពុជាបានក្លែងឯកសារអត្តសញ្ញាណ ដើម្បីជ្រើសរើសកុមារ និងផ្តល់គ្រឿងទាក់ទាញទឹកចិត្ត ជាប្រាក់ និងអាហារ ដែលនាំឱ្យពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យពួកគេយល់ខុសពីការទទួលខុសត្រូវចំពោះការងាររបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី និងយកថ្លៃឈ្នួលជ្រើសរើសច្រើនហួសប្រមាណ។
លោកអាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅសណ្ឋាគារ កាំបូឌីយ៉ាណាថា សមាគមនឹងទទួលយកចំណុចមួយចំនួនរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW មកធ្វើការពិចារណា។
«យើងឃើញថា អនុសាសន៍មួយចំនួន ដែលផ្តល់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW ទៅលើសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា គឺជាអនុសាសន៍ល្អ ហើយខ្ញុំនឹងបញ្ចូលអនុសាសន៍នេះចូលទៅជាយុទ្ធសាស្ត្រ និងផែនការអនុវត្តរបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យយើងអាចពង្រឹងយន្តការការពារពលកររបស់យើងបន្ថែមទៀត ដែលទៅធ្វើការនៅក្រៅប្រទេស»។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅសណ្ឋាគារ កាំបូឌីយ៉ាណាថា៖
«បាយការណ៍នេះជាផែនទីបង្ហាញផ្លូវសម្រាប់រដ្ឋាភិបាលចាត់វិធានការឱ្យបានខ្លាំងក្លា។ របាយការនេះគួរតែធ្វើឱ្យរដ្ឋាភិបាលរិតតែភ្ញាក់រឭក ដើម្បីកែស្ថានការណ៍នេះវិញ។ ខ្ញុំសង្ឃឹមថា ក្រសួងការងារនឹងយករបាយការនេះទៅមើល។ ខ្ញុំសង្ឃឹមថា សមាគមភ្នាក់ងារជ្រើសរើសពលការិនីទៅបរទេសនឹងយករបាយការនេះទៅមើល ពីព្រោះនេះជារបាយការពិត។ នេះជាសម្រែក និងជីវិតពិតៗ»។
លោកហូ វុទ្ធី អនុប្រធាននាយកដ្ឋានការងារនៃក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើគាត់ចង់ជួយរដ្ឋាភិបាលដោះស្រាយបញ្ហាឱ្យបានពិតប្រាកដ គាត់ទាល់តែយកឯកសារជាក់ស្តែងមកសហការជាមួយរដ្ឋាភិបាលដើម្បីចាត់វិធានការ»។
លោកហូ វុទ្ធីបានបញ្ជាក់ថា រដ្ឋាភិបាលប្រហែលពិចារណាការចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិស្តីពីការងារតាមផ្ទះ ទៅតាមអ្វីដែលអាចធ្វើបាន៕