ក្រុមសិទ្ធិមនុស្សឈានមុខមួយរបស់អាមេរិកនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជានៅតែបរាជ័យក្នុងការការពារកម្មករនៅក្នុងវិស័យរោងចក្រកាត់ដែរដ៏សំខាន់របស់ប្រទេសនេះ។ នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការសិទ្ធិមនុស្ស Human Rights Watch សរសេរថា កម្លាំងពលកម្មនៅប្រទេសកម្ពុជា ជាពិសេសស្ត្រីភេទ ត្រូវប្រឈមនឹងការរំលោភបំពាន រួមមានការបង្ខំឲ្យធ្វើការលើសម៉ោង ការយារយី និងកង្វះជំនួយសម្រាប់ស្ត្រីមានផ្ទៃពោះនៅតាមរោងចក្រនានា។
អ្នកស្រី Aruna Kashyap អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Human Rights Watch ថ្លែងថា ក្នុងចំណោមបញ្ហាជាច្រើនដែលប្រឈមមុខកម្មករក្នុងវិស័យកាត់ដែរនៅកម្ពុជាគឺការបង្ខំឲ្យធ្វើការលើសម៉ោង ការរើសអើងប្រឆាំងស្ត្រីមានគភ៌ ហើយរោងចក្រប្រើកិច្ចសន្យាការងាររយៈពេលខ្លី ដើម្បីគេចពីលក្ខខណ្ឌច្បាប់ការងារដែលការពារប្រយោជន៍កម្មករ។
អ្នកស្រី Kashyap ដែលជាអ្នកសរសេររបាយការណ៍នេះដែលមានឈ្មោះថា «ត្រូវធ្វើការលឿន បើមិនអញ្ចឹងទេត្រូវបណ្តេញចេញ» ថ្លែងថា មានរឿងផ្សេងទៀតដែលត្រូវបន្ទោសរដ្ឋាភិបាលកម្ពុជាអំពីបរាជ័យនេះ ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ក្រុមអធិការកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារឿយៗ ទទួលសំណូកពីម្ចាស់រោងចក្រ ហើយមិនអើពើការរំលោភច្បាប់។ អង្គការនេះនិយាយថា អធិការកិច្ចរបស់របបនេះបរាជ័យក្នុងគោលការណ៍សំខាន់ជាមូលដ្ឋាន។
«អនុសាសន៍ចម្បងៗរបស់យើងចំពោះរដ្ឋាភិបាលកម្ពុជាគឺថា ជាចាំបាច់រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈនយោបាយ ដើម្បីពង្រឹងច្បាប់ការងារ និងធ្វើឲ្យរោងចក្រមានប្រព័ន្ធទទួលខុសត្រូវ នៅពេលរោងចក្រទាំងនោះមិនអនុវត្តតាមច្បាប់ការងារ ព្រោះថា គេមានច្បាប់ការងារដ៏ខ្លាំង»។
អ្នកស្រី Kashyap និយាយសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការកម្ចាត់អំពើពុករលួយក្នុងចំណោមមន្ត្រីអធិការកិច្ចរបស់នាយកដ្ឋានការងារ ដោយនិយាយថាវាជាគន្លឹះក្នុងការលើកកម្ពស់ស្ថានភាពការងារប្រសើរឡើងនៅតាមរោងចក្រនៅក្នុងប្រទេសកម្ពុជា។
វិស័យកាត់ដេរគឺជាស្នូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វិស័យនេះមិនគ្រាន់តែផ្តល់ការងារច្រើនបំផុតសម្រាប់កម្មករ៧០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រីនោះទេ តែវិស័យនេះក៏ជាប្រភពចំណូលនៃរូបិយបណ្ណបរទេសដ៏ធំសម្រាប់ប្រទេសកម្ពុជាផងដែរ ហើយដែលផ្តល់ចំណូលជាង៥ពាន់លានដុល្លារក្នុងការនាំចេញមួយឆ្នាំៗ ជាពិសេសការនាំចេញមកស.រ.អា.និងសហភាពអឺរ៉ុប។
ក្រុមហ៊ុនផលិតផលសម្លៀកបំពាក់បំពាក់ល្បីៗរាប់សិបនៅលោកខាងលិចបានបានឲ្យរោងចក្រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាផលិតសម្លៀកបំពាក់របស់ខ្លួន។
វិស័យនេះពឹងអាស្រ័យលើឈ្មោះសម្លៀកបំពាក់ ដូចជា H&M, Adidas, Gap និង Armani ប៉ុន្តែកេរ្តិ៍ឈ្មោះវិស័យនេះត្រូវខូចឈ្មោះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារមានជម្លោះការងារពលកម្ម និងការយារយីសហជីពឯករាជ្យ។
បញ្ហានេះកើនឡើងច្រើននៅដើមឆ្នាំ២០១៤ នៅពេលអាជ្ញាធរកម្ពុជាបានបាញ់សម្លាប់កម្មករយ៉ាងតិច៥នាក់ អំឡុងមានការតវ៉ាទាមទារឡើងប្រាក់ខែគោល និងលក្ខខណ្ឌការងារប្រសើរឡើង។
អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ក្រុមហ៊ុនសម្លៀកបំពាក់ឈ្មោះល្បីៗត្រូវតែចាត់វិធានការ។ អ្នកស្រី Kashyap និយាយថា មានក្រុមហ៊ុនសម្លៀកបំពាក់ខ្លះប៉ុណ្ណោះបានធ្វើដូច្នេះ ដូចជា ក្រុមហ៊ុន H&M, ក្រុមហ៊ុន Adidas និងក្រុមហ៊ុន Gap ជាពិសេសបានឆ្លើយតបនឹងការរកឃើញនៅក្នុងរបាយការណ៍នេះ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនលក់សម្លៀកបំពាក់ផ្សេងៗទៀត រួមមាន Armani មិនបានឆ្លើយតបទេ។
អ្នកស្រី Kashyap និយាយថា ការឆ្លើយតបនេះនៅមិនទាន់គ្រប់គ្រាន់ទេ ជាពិសេសក្រោយពីរោងចក្រ Rana Plaza បានបាក់នៅប្រទេសបង់ក្លាដែស ដែលបានសម្លាប់កម្មករជាង១ពាន់នាក់។
«អនុសាសន៍ទីមួយចំពោះក្រុមហ៊ុនលក់សម្លៀកបំពាក់គឺថា គេចាំបាច់ត្រូវបង្ហាញជាសាធារណៈនូវបញ្ជីឈ្មោះរោងចក្រផលិតទំនិញរបស់ខ្លួន»។
ចំណុចនេះសំខាន់ ព្រោះមានរោងចក្រជាច្រើនដែលលក់ផលិតផលមកក្រុមហ៊ុនលក់សម្លៀកបំពាក់នៅប្រទេសនៅលោកខាងលិច បានផ្តល់ការងារដោយសម្ងាត់ឲ្យរោងចក្រផ្សេងទៀតដែលមិនត្រូវបានធ្វើអធិការកិច្ច ហើយដែលមានស្ថានភាពការងារអាក្រក់ខ្លាំង។
«មានក្រុមហ៊ុនសម្លៀកបំពាក់មួយចំនួនតូចប៉ុណ្ណោះបានបង្ហាញជាសាធារណៈនូវឈ្មោះរបស់រោងចក្រផ្គត់ផ្គង់ទំនិញរបស់ខ្លួន។ បញ្ហានេះមិនអាចមានការយោគយល់ទេ។ ខ្ញុំគិតថា ក្រោយពីវិបត្តិបាក់រោងចក្រ Rana Plazaយើងឃើញមានវិបត្តិគ្មានតម្លាភាព ហើយខ្ញុំគិតថា ក្រុមហ៊ុនសម្លៀកបំពាក់នានាមិនអាចបន្តគេចវេស ហើយនិយាយថា ខ្លួនមិនចង់បង្ហាញបញ្ជីឈ្មោះរោងចក្រផ្គត់ផ្គង់ទំនិញរបស់ខ្លួននោះទេ ដោយសារតែផលប្រយោជន៍ប្រកួតប្រជែង ឬកិច្ចការសម្ងាត់របស់ក្រុមហ៊ុន»។
ក្រៅពីនេះ អង្គការសិទ្ធិមនុស្ស Human Rights Watch ចង់ឲ្យក្រុមហ៊ុនសម្លៀកបំពាក់ធ្វើការប្រសើរឡើងក្នុងការតាមដានបណ្តាញក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនលក់រាយរបស់ស៊ុយអែត និយាយថា ក្រុមហ៊ុននេះយល់ស្របតាមការរកឃើញជាច្រើននៅក្នុងរបាយការណ៍នេះ រួមមានផលវិបាកជាអវិជ្ជមានបណ្តាលមកពីការរំលោភបំពានក្នុងកិច្ចសន្យាការងាររយៈពេលខ្លី ហើយបានបន្ថែមថា ក្រុមហ៊ុននេះនឹងចាត់វិធានការធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនឈប់ធ្វើអំពើខុសច្បាប់ទាំងនេះ។
ក្រុមហ៊ុន H&M នៅក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ដំបូងគេដែលបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនផលិតទំនិញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយវាសម្រួលដល់ការរាយការណ៍អំពីក្រុមហ៊ុនផ្គត់ផ្គង់ដែលធ្វើកិច្ចសន្យាបន្ត។ តែក្រុមហ៊ុនសម្លៀកបំពាក់ផ្សេងៗទៀតមិនសូវខិតខំទេ ឬមិនធ្វើអ្វីទាល់តែសោះ។ អង្គការសិទ្ធិមនុស្ស Human Rights Watch បានទទួលស្គាល់ថា បញ្ហាដែលគេបានរកឃើញនេះមិនមែនជារឿងថ្មីទេ ដូច្នេះលុះត្រាតែរដ្ឋាភិបាលសុខចិត្តពង្រឹងច្បាប់ការងាររបស់ខ្លួន បើមិនដូចនេះទេ លក្ខខណ្ឌការងាររបស់កម្មករនឹងនៅតែមិនមានការគោរព៕
លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល