អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារដោយការដោះលែងអ្នកជាប់ឃុំនិងអ្នកទោសកម្រិតស្រាលមួយចំនួន។
អង្គការ Human Rights Watch បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃច័ន្ទថា បើធ្វើដូចនេះបាននឹងអាចបង្ការមិនឱ្យជំងឺកូវីដ១៩ដែលបង្កដោយវីរុសកូរ៉ូណាឆ្លងរាលដាលដល់អ្នកទោសនានាបុគ្គលិកពន្ធនាគារ និងសាធារណជនទេ ដោយសារតែពន្ធនាគារកម្ពុជា កំពុងតែតូចចង្អៀតស្រាប់ហើយដាក់មនុស្សយ៉ាងណែន លើសពីចំណុះ។
ក្នុងចំណោមអ្នកជាប់ឃុំឬអ្នកទោសដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះអំពាវនាវឱ្យដោះលែង គឺមានអ្នកដែលកំពុងរង់ចាំការកាត់ទោស ដែលអង្គការនេះចាត់ទុកថា មិនគួរត្រូវគេចាប់ឃុំតាំងពីដំបូង និងអ្នកទោសដែលកំពុងមានជំងឺរ៉ាំរ៉ៃ អ្នកទោសវ័យចាស់ជរា ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលជាប់ពន្ធនាគារដោយមានកូនតូចៗនៅជាប់ជាមួយ។
លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានបញ្ជាក់ថា៖
«ពន្ធនាគារដ៏ណែនក្តន់របស់កម្ពុជាគឺជាតំបន់ដែលរង់ចាំមហន្តរាយដោយជំងឺកូវីដ១៩។ កម្ពុជាគួរតែដោះលែងឱ្យបានឆាប់រាល់អ្នកទោស ដែលមានហានិភ័យខ្ពស់ប្រសិនបើមានការឆ្លង ក៏ដូចជាអ្នកដែលជាប់ឃុំដោយសារតែប្រព្រឹត្តបទល្មើសតូចតាច ហើយចាត់វិធានការបន្ទាន់ ដើម្បីធានាថាពន្ធនាគារទាំងនោះមានការការពារសុខាភិបាលត្រឹមត្រូវ»។
កម្ពុជាមានអ្នកជាប់ឃុំជាស្រ្តីចំនួនយ៉ាងហោចណាស់ ១.៦១៤នាក់ នៅក្នុងពន្ធនាគារចំនួន ១៨ ដោយមានកុមារ ១០៣នាក់ ជាប់នៅជាមួយម្តាយនិង ៥៤២នាក់ ទៀតជាអនីតិជន។ ហើយក្នុងចំណោមនេះគឺមានស្រ្តី ៦១៩នាក់ កុមារា ១៥៦នាក់ និងកុមារី ៤នាក់ ត្រូវបានកាត់ទោសរួចហើយ។នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សនានា។
រដ្ឋាភិបាលកម្ពុជាបានផ្អាកការមកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ តាំងពីថ្ងៃទី២៥ ខែមីនា ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។ អង្គការ Human Rights Watch ក៏ស្នើឱ្យរកបន្ទប់ដោយឡែកដាក់អ្នកទោសមកថ្មីរយៈពេល១៤ ថ្ងៃសិន មុននឹងដាក់ពួកគេជាមួយនឹងអ្នកទោសដទៃទៀត។
ក្នុងពេលជាមួយគ្នានេះដែរ អង្គការនេះបានត្អូញត្អែរថា អ្នកដែលជាប់ឃុំមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់មិនមានសាប៊ូ និងទឹកអាល់កុលលាងដៃលាងដៃទេ ហើយពួកគេរស់នៅកៀកជាប់ៗគ្នាដែលកាន់តែធ្វើឱ្យពួកគេងាយរងគ្រោះ ដោយជំងឺកូវីដ១៩។
អង្គការសិទ្ធិមនុស្សនេះ ក៏ឆ្លៀតឱកាសអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយនានា និងអ្នកការពារសិទ្ធិមនុស្សផងដែរ។
លោក ហ្វីល រ៉ូបឺតសុន បានអំពាវនាវដល់សហគមន៍ផ្តល់ជំនួយថា៖ «ម្ចាស់ជំនួយបរទេសគួរតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការណែនាំអន្តរជាតិ(ពីគោលការណ៍ទប់ស្កាត់ជំងឺកូវីដ១៩)និងនិយាមសិទ្ធិមនុស្សដោយសារតែវាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដ៏ល្អដល់អ្នកទោសនិងបុគ្គលិកពន្ធនាគារប៉ុណ្ណោះទេប៉ុន្តែក៏ដល់ពលរដ្ឋកម្ពុជាផងដែរ»៕