អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា បង្ហាញការព្រួយបារម្ភអំពីការបន្តធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការរឹតត្បិតលម្ហនយោបាយនៅកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនសមាជិក ឬសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាជិកគណបក្សកម្លាំងជាតិលោក អ៊ុំ វីរៈរដ្ឋត្រូវបានចាប់ខ្លួនពីបទរួមគំនិតក្បត់ ដែលជាបទចោទពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់មេដឹកនាំនយោបាយជំទាស់លោកសម រង្ស៊ីកាលពីឆ្នាំ២០១៩ ។ នេះជាករណីទី២ដែលសមាជិកគណបក្សជំទាស់មួយនេះត្រូវបានចាប់ខ្លួន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា រាល់មុនការបោះឆ្នោត តែងតែមានការឃាត់ខ្លួន ឬចាប់ខ្លួនសមាជិកគណបក្សជំទាស់។ លោកបន្ថែមថា ការចាប់ខ្លួនសមាជិកគណបក្សជំទាស់នេះ ជារឿយៗរងការរិះគន់ពីសហគមន៍អន្ដរជាតិ ដែលគាំទ្រគោលការណ៍ប្រជាធិបតេយ្យ។
លោក ថ្លែងថា៖ «ការដែលចាប់ខ្លួនទៅលើសកម្មជនគណបក្សប្រឆាំង ការឃុំខ្លួននេះទោះបីជាសំណុំរឿងនេះជាសំណុំរឿងចាស់ក៏ដោយ ប៉ុន្ដែវាជិតដល់ពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក។ អញ្ចឹងនៅតែគេមើលឃើញ ហើយគេអាចរិះគន់ថាលម្ហសេរីភាពនយោបាយនៅកម្ពុជាយើងនៅមានភាពរួមតូច»។
អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)អ្នកស្រីប្រាក់ ចាន់ម្លី យល់ថាការចាប់ខ្លួនសមាជិកគណបក្សជំទាស់ជាបន្តបន្ទាប់បែបនេះធ្វើឱ្យលម្ហសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយកាន់តែតូចចង្អៀត។
អ្នកស្រីថ្លែងថា៖ «ករណីនេះគឺអត់ខុសគ្នាទេ ការបារម្ភគឺនឹងធ្វើឱ្យបរិយាកាសនយោបាយនៅក្នុងប្រទេសអាចកាន់តែរួមតូច មានន័យថាទាំងសកម្មជននយោបាយឬក៏ប្រជាពលរដ្ឋធម្មតាហ្នឹងគឺមិនសូវជាមានសេរីភាពពេញលេញ ឬក៏មិនសូវហ៊ានអនុវត្តសេរីភាពខាងសមាគមឬក៏ចូលរួមជាមួយគណបក្សនយោបាយបានពេញលេញ»។
បើតាមអ្នកស្រីប្រាក់ ចាន់ម្លី លោក អ៊ុំ វីរៈរដ្ឋ គ្រាន់តែអនុវត្តសេរីភាពផ្នែកនយោបាយ និងសម្តែងមតិប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ភាគីពាក់ព័ន្ធគួរពិចារណាអំពីធាតុផ្សំបទល្មើសឡើងវិញ ដោយផ្អែកតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មុនពេលធ្វើការចោទប្រកាន់ និងការចាប់ខ្លួនបុគ្គលដែលជាសមាជិកគណបក្សនយោបាយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថាការចាប់ខ្លួនសកម្មជនគណបក្សនយោបាយជំទាស់នឹងអាចបន្ដកើតមានទៀត ដើម្បីបង្រួម ឬកាត់ផ្ដាច់រចនាសម្ពន្ធថ្នាក់ក្រោមកុំឱ្យមានកម្លាំងងើបតបតនឹងគណបក្សកាន់អំណាច។
លោកថ្លែងថា៖ «អញ្ចឹងចរន្ដហ្នឹងដើម្បីធ្វើឱ្យក្សត់កម្លាំងអ្នកនយោបាយប្រឆាំង មិនមានសន្ទុះឬការបារម្ភ ឬក៏មិនមានយន្ដការក្ដីសង្ឃឹមថាលម្ហសេរីភាពនយោបាយអាចធូរស្បើយនៅក្នុងពេលឆាប់ៗទេ»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ការចាប់ខ្លួនលោក អ៊ុំ វីរៈរដ្ឋ ដែលមានតួនាទីជាអគ្គហេរញ្ញិករបស់គណបក្ស កាលពីចុងខែមីនា នោះគឺជាការគំរាមកំហែងផ្នែកនយោបាយមកលើគណបក្សកម្លាំងជាតិ។
លោកថ្លែងថា៖ «គណបក្សកម្លាំងជាតិមើលឃើញថាការចាប់ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំងពីររូប ក្នុងពេលថ្មីៗកន្លងទៅនេះគឺជាការបំភិតបំភ័យ ការគំរាមកំហែងផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ»។
ប្រធានគណបក្សរូបនេះ បានស្នើឱ្យអាជ្ញាធរ និងតុលាការទម្លាក់បទចោទនិងដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំងពីររូបឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញមតិជាតិនិងអន្ដរជាតិថាកម្ពុជាមានលម្ហសេរីភាពនយោបាយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសំ វិច្ឆិកា ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ការឃាត់ខ្លួនលោក អ៊ុំ វីរៈរដ្ឋ នេះគឺជាផ្នែកមួយនៃការអនុវត្តច្បាប់ ទៅតាមដីការបស់ចៅក្រមជំនុំជម្រះចេញដោយសាលាដំបូងខេត្តកំពង់ស្ពឺ ដោយលើកហេតុផលថាសមាជិកបក្សជំទាស់រូបនេះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅលើបណ្តាញសង្គម។
លោកថ្លែងថា ៖«ជាការអនុវត្តច្បាប់ចំពោះឈ្មោះ អ៊ុំ វីរៈរដ្ឋ នេះគឺសមត្ថកិច្ចអនុវត្តទៅតាមវិធានការច្បាប់ មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ។ អញ្ចឹងអ្វីដែលចោទប្រកាន់មកលើសមត្ថកិច្ចជាពិសេសចំពោះមតិប្រឆាំងមួយចំនួនដែលចោទប្រកាន់ថាមានការបំភិតបំភ័យ គំរាមកំហែងទៅលើសកម្មជនគណបក្សណានោះគឺសមត្ថកិច្ចសុំធ្វើការបដិសេធទាំងស្រុង ការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់គឺការអនុវត្តនេះគឺជាការអនុវត្តវិធានការច្បាប់»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ផេង ស៊ីភ័ណ ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ស្ពឺបាននៅឡើយទេ។ វីអូអេក៏មិនអាចសុំការអត្ថាធិប្បាយពីសាច់ ញាតិរបស់លោកអ៊ុំ វីរៈរដ្ឋបានដែរនៅថ្ងៃអង្គារនេះ។
មុនពេលមានការចាប់ខ្លួនលោកអ៊ុំ វីរៈរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនលោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិខេត្តកំពង់ចាមពីបទញុះញង់។ សមាជិកគណបក្សកម្លាំងជាតិរូបនោះ គឺជាបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី ១សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី ៤។
ភរិយាលោកគា វិសាល គឺអ្នកស្រីញ៉ែ សុខឿនថ្លែងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌មួយ ហើយថាវាជាការបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំង៕