ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​កាសែត​លោក ម៉ិច ដារ៉ា

រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកយកព័ត៌មានឯករាជ្យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកកាសែតឯក​រាជ្យ​លោក ​ម៉ិច ដារ៉ា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ខ្លួន ពេល​លោក និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ មក​កាន់រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ចន្ទ​ កាត់​តាម​ផ្លូវ​ល្បឿន​លឿន​ក្នុង​ស្រុកស្រែអំបិល​ខេត្ត​កោះកុង​ ហើយ​មក​ដល់​ពេល​នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​តុលាការ​ក្រុងភ្នំពេញ​ ជុំវិញ​ការ​បង្ហោះ​រូបភាព​លើ​បណ្តាញសង្គម​ទាក់​ទង​រមណីយ​ដ្ឋាន​បាភ្នំ​ ខេត្តព្រៃវែង​។ នេះ​បើតាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​អំ សំអាត​ ប្រាប់​សំឡេង​សហរដ្ឋ​អាមេរិក​(វីអូអេ)​ថា​ មុនពេលចាប់ខ្លួន​ លោក ម៉ិច ដារ៉ា​ បានផ្ញើ​សារ​តាម​ទូរសព្ទ ​SMS​ មក​អង្គ​ការ​លីកា​ដូ​ បញ្ជាក់​ថា​ លោក​ត្រូវបាន​ចាប់​ខ្លួន​ដោយកងរាជអាវុធ​ហត្ថ ហើយ​ក៏​ដាច់​ការ​ទាក់​ទង​គ្នា​។ ទោះ​យ៉ាង​ណា លោក​ថា​ លោក ​ម៉ិច ដារ៉ា ត្រូវបាន​ចាប់​ខ្លួន​ នៅ​កន្លែង​បញ្ជា​បង់​ប្រាក់​ផ្លូវ​ល្បឿន​លឿន​ចំណុច​ស្រែអំបិល​ បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​កម្សាន្ត​នៅស្រុក​កំណើតនៅខេត្ត​ព្រះ​សីហនុ​។

លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​លោក ​ម៉ិច​ ដារ៉ា កើតឡើងមួយថ្ងៃក្រោយមាន​ប្រតិកម្ម​ពី​រដ្ឋបាល​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ទៅ​នឹង​ការ​បង្ហោះរបស់​លោក ​ម៉ិច​ ដារ៉ា ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នូវ​រូបភាព​អំពី​រមណីយ​ដ្ឋាន​ស្រុក​បាភ្នំ​។

បើតាម​លោក អំ សំអាត អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​មានការស៊ើបអង្កេត​ឱ្យបាន​ល្អិត​ល្អន់​ក្នុង​ករណី​ចាប់​ខ្លួនលោក ​ម៉ិច​ ដារ៉ា ​ដែល​សកម្មក្នុងអាជីពសារព័ត៌មាន​ និងហ៊ាន​រាយ​ការណ៍​ពី​រឿង​រសើប​មួយ​ចំនួន​ដូចជា​ ការ​ជួញដូរ​មនុស្ស​ និង​ការ​ឆ​បោក​តាម​ប្រព័ន្ធ​អន​ឡាញ​។

លោក​ថ្លែង​ថា​៖ ​«អ៊ីចឹង យើង​មើល​ទិដ្ឋភាព​នេះ​ វាជារឿង​មួយ​ដែល​គួរ​តែ​មាន​ការ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ជាមុន​សិន មុន​នឹងមាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ ណាមួយ​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​សកម្ម ឬក៏​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​»។

លោក ​អំ សំអាត​ យល់​ឃើញ​ថា​ អាជ្ញាធរ​គួរ​តែ​ពិចារណា​ដោះលែង លោក​ ម៉ិច ដារ៉ា ប្រសិន​បើ​លោក​គ្រាន់​តែ​មានភាព​សកម្មក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម​។

លោកប្រាប់វីអូអេ​ថា​៖ ​«បើសិន​ជា​លោក​ម៉ិច ដារ៉ា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ នៅ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ ឬក៏​ដោយ​សារ​តែ​ភាព​សកម្ម​នៃ​ការ​ងារ​សារព័ត៌មាន​របស់​លោក​ហ្នុង​ទេ​ គឺ​អង្គការ​លីកា​ដូ​នៅ​តែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ និង​តុលាការ​ មាន​ការ​ដោះលែង​លោក​ម៉ិច​ ដារ៉ា​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​»។ ​

ការ​ចាប់​ខ្លួន​លោក ​ម៉ិច​ ដារ៉ា​ បាន​កើតឡើង​ បន្ទាប់​ពី​រដ្ឋបាល​ស្រុក​បាភ្នំ បាន​ចេញ​ឃ្លីប​វីដេអូ​មួយ​លើ​បណ្តាញ​សង្គមហ៊្វេសប៊ុក​ ដោយ​ច្រាន​ចោល​ការ​បង្ហោះ​រូប​ភាព​ចំនួន​ពីរ​សន្លឹករបស់​លោក​ម៉ិច ដារ៉ា​ ដែល​បង្ហាញ​អំពី​ទិដ្ឋភាពនៃការ​បំផ្លិច​បំផ្លាញ​ភ្នំ​ក្នុង​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​។

តាម​រយៈ​វីដេអូ​មាន​រយៈ​ពេលជិត​បួន​នាទី​ ដែល​បង្ហោះលើទំព័រ​ហ្វេសប៊ុករបស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​ មួយ​ថ្ងៃ​មុន​ការ​ចាប់ខ្លួនលោក​ ម៉ិច ដារ៉ា ​រដ្ឋបាល​ស្រុក​បាភ្នំ​ ថ្លែងថា ការ​បង្ហោះ​របស់​លោក ​ម៉ិច​ ដារ៉ា​ មាន​ចរិត​ញុះ​ញង់​ បំភ្លើសការពិត​ ព្រោះគ្មានការ​បាត់​បង់​ភ្នំឈើ​កាច់​ ក្នុង​ស្រុក​បាភ្នំ​នោះ​ទេ តែមាន​ការ​អភិវឌ្ឍបន្ថែម​នៅ​ទី​នោះ​។​

មន្ត្រី​មួយ​រូប​ថ្លែង​ថា​៖ «ដោយ​ឡែក​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក ​ម៉ិច ដារ៉ា ​នេះ​ គឺ​គាត់​មាន​បំណង​ចង់​ញុះញង់​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​យល់​ច្រឡំ​ថា ស្រុក​បាភ្នំ គឺបាត់​ភ្នំ​ តាម​ពិត​ទៅ​គឺ​មិន​មែន​ដូច្នេះ​ទេ​»។

អង្គ​ភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ក៏​បាន​ផ្តល់​ការ​កត់សម្គាល់ថា​៖ «ការ​បង្ហោះ​ផ្សាយ​ថា​បច្ចុប្បន្ន​មាន​សកម្ម​ភាព​នៃ​ការ​ជីក​កាយ​យក​ថ្ម​នៅ​បាភ្នំ​ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​!​»។

ទូរទស្សន៍ជាតិ​កម្ពុជា ក្រសួង​ព័ត៌មាន​ ក៏បាន​ផ្សព្វផ្សាយ​ឃ្លីបវីដេអូរបស់​រដ្ឋបាល​ស្រុក​បាភ្នំ​ តាម​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន។​ វីអូអេ​មិនទាន់អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីរដ្ឋបាល​ស្រុកបាភ្នំ​បាន​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​ក៏​ដោយ​ លោក Phil Robertson នាយកអង្គការ​តស៊ូមតិការងារ​ និងសិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​ ហៅ​កាត់ថា (AHRLA)​ ជឿថា ការ​ចាប់ខ្លួន​លោក ​ម៉ិច ដារ៉ា​ គឺ​ជានិមិត្តរូប នៃ​ការ​គាប​សង្កត់​របស់រដ្ឋាភិបាល​កម្ពុជា​ ចំពោះការ​រិះគន់​នានា​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

លោក​បាន​អត្ថា​ធិប្បាយ​ក្នុង​សារ​អ៊ីមែល​មួយ​ថា​៖ «​ការចាប់ខ្លួនលោក ​ម៉ិច ដារ៉ា ​ចំពោះ​ការ​បង្ហោះ​សារ​លើប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ គឺគួរ​ឱ្យ​អស់​សំណើច និងមិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ការណ៍​នេះបាន​លាត​ត្រដាង​ពី​ការចង់បាន​របស់​នាយករដ្ឋមន្ត្រីលោក ​ហ៊ុន ម៉ាណែត​នូ វ​ការ​ឃោ​សនា​រឿង​នានា​របស់​រដ្ឋាភិបាលដល់​សាធារណជនជា​ជាង​ការ​អនុ​ញ្ញាត​ឱ្យ​មាន​សេរី​ភាព​សារ​ព័ត៌មាន​។​ លោក ​ម៉ិច ដារ៉ា​ មិន​បាន​ធ្វើ​រឿង​ណាមួយនាំ​ទៅដល់​ការ​ចាប់​ខ្លួន​លោក​នោះ​ទេ​ ... ហើយគួរ​តែ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ និង​ដោះ​លែង​លោកដោយ​ឥត​លក្ខខណ្ឌ​»។

លោក​បាន​បន្ថែម​ថា​៖ «លោក ម៉ិច​ ដារ៉ា ​បាន​ផ្តល់​សេចក្តីរាយការណ៍​ដ៏គួរឱ្យងឿង​ឆ្ងល់​អំពីមជ្ឈ មណ្ឌល​ឆបោក​ ដែលប្រើ​ប្រាស់​វិធីសាស្រ្ត​លួង​លោម​មនោ​សញ្ចេតនា រួច​បោក​ប្រាស់​លុយ (pig​ butchering) មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ផ្តល់ឱ្យប្រទេស​នេះ​នូវកេរ្តិ៍​ឈ្មោះ​មិន​ល្អ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​ជ្រើសរើស​ យក​ការលាក់បាំង​ការ​រំលោភ​បំពាន​ទាំងនេះ​ ជាជាង​នាំខ្លួន​ឧក្រិដ្ឋ​ជន​បរទេស​ដែល​ធ្វើ​ប្រតិបត្តិការមជ្ឈមណ្ឌល​ទាំង​នោះ​មក​ទទួល​ទោស​តាម​ច្បាប់​។ រដ្ឋាភិបាល​កម្ពុជា គួរ​អរគុណលោកម៉ិច ដារ៉ា​ចំពោះ​ការងារ​របស់​គាត់​ចំពោះ​ប្រទេស​ មិន​គួរ​ចាប់ខ្លួន​គាត់​ទេ»។ ​

​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ​អេង ហ៊ី​ បញ្ជាក់​ឱ្យវីអូអេ​ដឹង​ថា កម្លាំង​មាន​សម​ត្ថកិច្ច​បាន​ចាប់ខ្លួន លោក ​ម៉ិច​ ដារ៉ា ទៅតាមដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​អយ្យការ ហើយ​មន្ត្រីតុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើប​អង្កេត​។​

លោក​ថ្លែងថា៖ «យើង​មាន​ការ​ឃាត់​ខ្លួនបុគ្គល​ឈ្មោះ​ ម៉ិច​ ដារ៉ា មែន​ គឺ​ទៅ​តាម​ដីកា​បញ្ជា ឱ្យ​ចូល​ខ្លួនរបស់​អយ្យការ​ ដូច្នេះ​គឺ​ការ​ស៊ើបអង្កេត​គឺ​កំពុង​បន្ត។​ ខ្ញុំបាទ​បាន​ប្រគល់​ព័ត៌ មាន​នេះ​ គឺ​ផ្តល់​ព័ត៌មាន​ គឺ​បាន​ត្រឹម​ប៉ុណ្ណឹង»។ ​

​លោក ​ម៉ិច ដារ៉ា​ ជា​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​រាយ​ការណ៍​យ៉ាង​សកម្មពីការ​ជួញដូរ​មនុស្ស និង​ការ​ឆ​បោក​តាម​ប្រព័ន្ធអន​ឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និងនៅក្នុងឆ្នាំ ២០២៣ លោក​បាន​ឈ្នះ​ពាន​រង្វាន់​របស់ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ ស្តីពី​ការ​រាយការណ៍​នៃអំពើជួញដូរមនុស្ស​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅកាត់​ថា (ខេមបូចា​)​។

សមាគម​ខេមបូចា​ បាន​ឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​នោះ​ទៀតថា​ លោក ​ម៉ិច ដារ៉ា ធ្លាប់​ជា​អ្នក​សារព័ត៌ មាន​នៅ​ ស្ថាប័ន​សារព័ត៌​មាន​ឯករាជ្យមួយ​ ចំនួន​ដូច​ជា​ សារព័ត៌មាន​ ឌឹ ខេមបូឌា​ ​ដេលី​ (The Cambodia Daily)​ សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​ និង​វិទ្យុ​សំឡេង​ប្រជា​ធិប​តេយ្យ​ វីអូឌី​ មុន​ពេល​អាជ្ញា​ប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​ត្រូវ​បាន​ដកហូត​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៣​។ បច្ចុប្បន្ន លោក​ជា​អ្នក​សារព័ត៌​មាន​ឯករាជ្យ (freelance journalist)​។

នាយក​ប្រតិបត្តិ​សមាគម​ខេម​បូចា​លោក​ណុប វី ប្រាប់​វីអូ​អេថា​ លោក ​ម៉ិច ដារ៉ា​ ជា​អ្នក​សារព័ត៌មាន​ដែល​បាន​ធ្វើ​សេចក្តីរាយការណ៍​ជាច្រើន​ ដែល​អាច​រួម​ចំណែក​ដល់​ការ​រៀប​ចំ​គោល​នយោបាយ​រដ្ឋាភិបាល​ ដើម្បី​ឆ្លើយ​តប​នឹង​អំពើ​ជួញ​ដូរ​មនុស្សនិង​ការ​ឆបោក​តាមប្រព័ន្ធ​អ៊ីន​ធឺណិត​ ដូច្នេះ​ វា​មាន​ការ​ចាំបាច់​នៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​ និង​សន្តិ​សុខ​ដល់​អ្នក​កាសែត​រូប​នោះ​។

លោក​ថ្លែង​ថា​៖​ «យើង​ក៏ទទូចឱ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​លោក​មេត្តា​ដោះលែង​ លោក ម៉ិច​ ដារ៉ា​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដើម្បីបង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ អំពីការ​គោរព​ទៅដល់​សេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ហើយ​និង​សេរីភាព​របស់​អ្នកសារព័ត៌មាន​ នៅក្នុង​ការ​សរសេរ​និង​ការ​ផ្តល់​ព័ត៌មាន​ឬ​ក៏​ផ្សព្វផ្សាយ​ព័ត៌មាន​ ទោះ​បី​ជា​រឿង​អ្វីក៏ដោយ​ ដែល​មាន​តម្លៃ​សម្រាប់​សង្គម​ទូទៅ​។ហើយ​មួយ​ទៀត​ដើម្បីបង្ហាញ​ថា​ សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ការ​បញ្ចេញមតិ​ ហ្នឹង​គឺ​ទទួល​បាន​នូវ​ការ​គោរព»។

ទាំង​លោក ​ណុប វី នៃ​សមាគម​ខេម​បូចា និង​លោក ​អំ សំអាត នៃ​អង្គកា​រលីកាដូ​ ​ដែល​តាម​ដាន​សំណុំរឿង​របស់លោក​ ម៉ិច ដារ៉ា​ បាន​បញ្ជាក់​វីអូអេ​ឱ្យដឹង​ថា​ លោក ម៉ិច ដារ៉ា​ ត្រូវ​បានបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ វីអូអេ​ព្យា​យាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ប្លង់​ សុផលតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​គ្មានការ​ឆ្លើយតប​។

យោង​តាម​ប្រភព​ព័ត៌មាន​ លោក ​ម៉ិច ដារ៉ា ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​កង​រាជអាវុធហត្ថ នៅ​វេលា​ម៉ោង​៣ និង ​៥៧​នាទី រសៀលនៅត្រង់​ផ្លូវ​បំបែក​ស្រែអំបិល​នៃ​ផ្លូវ​ល្បឿន​លឿន​ឆ្ពោះ​មក​ទី​ក្រុង​ភ្នំពេញ​ ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​។

សមា​ជិក​គ្រួសារ ដែល​ស្ថិត​ក្នុង​រថយន្ត​ជា​មួយ​លោក​ ម៉ិច ដារ៉ា​ បានឱ្យ​ដឹង​ថា ​នៅ​ពេល​ដែល​រថយន្ត​កំពុង​តម្រង់​ជួរ​នៅបញ្ជរបង់ប្រាក់ កម្លាំង​អាវុធហត្ថ​បានមក​ដល់ ដោយ​មាន​រថយន្ត​ ៦ ​គ្រឿង ​ក្នុង​នោះ​មួយ​គ្រឿង​ ជា​រថយន្ត​កង​រាជ​អាវុធ​ហត្ថ និង ៥ ​គ្រឿង​ទៀត​ជា​រថយន្ត​ស៊ី​វិល​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មានរបស់​សមាគម​ខេម​បូចា​ដែល​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​ករណី​ចាប់​ខ្លួន​លោក​ម៉ិ ច ដារ៉ា​។

អ្នកប្រើ​ប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុក​ បានចែករំលែក​ដំណឹង​នៃ​ការ​ចាប់ខ្លួន​លោក ​ម៉ិច​ ដារ៉ា​ ដោយ​មាន​ខ្លះ​ចាត់ទុក​ថា ការ​ចាប់ខ្លួនអ្នកកាសែត​ឯករាជ្យរូបនោះ​ជារឿង​អយុត្តិធម៌ និងស្នើ​ឱ្យ​មាន​ការ​ដោះ​លែង។​

កាល​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​មេសា ​ឆ្នាំ​ ២០២២ ​លោក​ ម៉ិច ដារ៉ា​ ធ្លាប់​ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ខេត្ត​ព្រះ​សីហនុ​ចាប់​ខ្លួនមួយរយៈពេល​ខ្លី ​ដោយ​ចោទថា ​«ថតរូប​ដោយ​គ្មាន​ការ​អនុញ្ញាត»។ នៅ​ពេល​នោះ​ លោក​ជា​អ្នក​កាសែត​របស់​អង្គភាព​ព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ​(វីអូឌី)​ និង​បាន​ចុះ​ទៅ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មានដោយ​មាន​ការ​ថត​រូប​អំឡុង​ពេល​អាជ្ញធរ​ក្រុង​ដែល​នៅ​ជាប់​មាត់​សមុទ្រ​នេះ​ ចុះ​បង្ក្រាប​នៅ​ក្នុង​ទីតាំង​មួយ​ដែល​មាន​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ស្នាក់​នៅ៕