ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលប្រទេសនេះ ដែលកើតចេញពីការបោះឆ្នោតមួយដោយគ្មានគណបក្សប្រឆាំងចូលរួមនោះ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយត្រូវធ្វើយ៉ាងណាឲ្យប្រព័ន្ធនេះមានភាពអព្យាក្រឹត្យ និងមិនលម្អៀងទៅរកក្រុមណាមួយនោះ។
ការស្នើរបស់ពួកគេបានធ្វើឡើង នៅចំពេលប្រទេសកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ កាលពីថ្ងៃទី១០ធ្នូកន្លងទៅនេះ។
ថ្លែងអបអរខួបលើកទី៧០នៃការប្រារព្ធទិវាសិទ្ធិមនុស្សសាកលឆ្នាំ២០១៨ តាមខែ្សអាត់វីដេអូមួយពីប្រទេសកាណាដា លោកធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) មានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់អាចកាន់ជំហរមិនលម្អៀងបាននៅឡើយ ដែលការណ៍នេះបានធ្វើឲ្យរាស្ត្រខ្មែរធ្លាក់ខ្លួនកាន់តែក្រទៅ។
លោកធន សារាយ មានប្រសាសន៍ថា៖
«នៅប្រទេសយើង នៅមានបញ្ហារឿងតុលាការនេះ។ ប្រព័ន្ធតុលាការនេះ ដែលយើងដឹងល្អូងល្អាមទាំងអស់គ្នាថា ជាប្រព័ន្ធតុលាការមួយដែលមិនឯករាជ្យ មិនបានផ្តល់នូវយុត្តិធម៌ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋយើងដែលជាអ្នកក្រីក្រ។ អ្នកដែលគ្មានអំណាច ត្រូវអ្នកមាននិងអ្នកមានអំណាចនេះគឺថា រំលោភបំពានហើយបានផ្តល់នូវយុត្តិធម៌តែទៅលើ ឲ្យត្រូវតែទៅលើអ្នកមាន និងអ្នកមានអំណាច ហើយអ្នកខុសគឺអ្នកដែលក្រីក្រ និងអ្នកគ្មានអំណាចនេះ។ ហើយយើងឃើញថា ប្រជាពលរដ្ឋយើងកន្លងមក មានការបាត់បង់ដីធ្លីរបស់គាត់ ហើយត្រូវគេយកទៅដាក់ពន្ធនាគារថែមទៀត ហើយធ្វើឲ្យគាត់កាន់តែខ្សត់ខ្សោយទៅថែមទៀត ដោយសារតែនៅពេលដែលជាប់ពន្ធនាគារ គាត់អត់មានឱកាសនៅក្នុងការរកទទួលទានអាហារបន្ថែម មើលកូន មើលចៅបន្ថែម ធ្វើឲ្យមានការធ្លាក់ចុះដុនដាបថែមទៀតនូវស្ថានភាពក្រីក្ររបស់ពួកគាត់»។
កាលពីឆ្នាំ២០១៤ រដ្ឋសភារបស់ប្រទេសកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ដែលរងនូវការរិះគន់ជាច្រើនពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺ«សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ»។
មួយឆ្នាំក្រោយការអនុម័តច្បាប់នេះ ក្រុមអ្នកការពារក្តីអន្តរជាតិមួយក្រុមបាននិយាយថា ច្បាប់បី ដែលអនុម័តដោយតំណាងរាស្រ្តនៃគណបក្សកាន់អំណាចសម្រាប់កែទម្រង់ប្រព័ន្ធតុលាការនេះ មិនបានធានាដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាទេ ហើយត្រូវតែធ្វើវិសោធនកម្ម ព្រោះច្បាប់ទាំងបីនេះបានផ្តល់សិទ្ធិអំណាចយ៉ាងធំធេងទៅដល់ក្រសួងយុត្តិធម៌។
កាលពីខែតុលាឆ្នាំ២០១៥ វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association Human Rights Institute) ចេញផ្សាយរបាយការណ៍មួយ ដែលបានធ្វើការវិភាគលម្អិតទៅលើច្បាប់ថ្មីបីស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជាដើម្បីស្វែងយល់ថា តើច្បាប់ទាំងបីនោះនឹងធ្វើឲ្យប្រព័ន្ធតុលាការមានឯករាជ្យភាព ឬក៏ស្ថិតក្រោមឥទ្ធិពលនៃអង្គនីតិប្រតិបត្តិ។
របាយការណ៍ដែលធ្វើឡើងតាមរយៈការធ្វើទស្សនកិច្ច ការស្រាវជ្រាវ និងបទសម្ភាសន៍ជាបន្តបន្ទាប់ បានពិនិត្យជាដំបូងលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ ហើយបានសនិ្នដ្ឋានថា៖
«រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងមានឆន្ទានុសិទ្ធិ និងឥទ្ធិពលលើផែ្នកស្ទើរតែទាំងអស់របស់ចៅក្រម។ បច្ចុប្បន្ន វិសាលភាពអំណាចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើប្រព័ន្ធតុលាការ ដូចជាឥទ្ធិពលផ្លូវការយ៉ាងច្រើនលើផ្នែកថវិកា ធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើងតំណែង រយៈពេលកាន់តំណែង និងការដកចេញនៅក្នុងប្រព័ន្ធតុលាការ ត្រូវបានចែងក្នុងច្បាប់ថ្មីទាំងបី ដែលគ្មានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិឡើយ»។
អ្នកស្រី Brenda Lee Edwards មេធាវីមកពីប្រទេសកាណាដា ដែលបានស្ម័គ្រចិត្តចូលរួមចំណែកក្នុងការស្រាវជ្រាវរបាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិនោះ បានឲ្យដឹងថា របាយការណ៍ ដែលអ្នកស្រីបានទទួលក្នុងពេលស្រាវជ្រាវ បានរកឃើញនូវការស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយនៅក្នុងតុលាការនៃប្រទេសកម្ពុជា។
អ្នកស្រីបានលើកឧទាហរណ៍មួយថា នៅពេលរៀបនឹងចេញទៅបំពេញវិជ្ជាជីវៈរបស់ខ្លួន ចៅក្រមដែលត្រូវការការបណ្តុះបណ្តាលត្រូវបានសួរ និងប្រាប់ឲ្យសូកសំណូកជាថ្នូរទៅនឹងការទទួលបាននូវការបណ្តុះបណ្តាល ហើយថា ក្រុមអ្នកស្រាវជ្រាវរបស់អ្នកស្រីក៏ត្រូវបានប្រាប់ថា បុគ្គលដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពច្រើនក្នុងការទទួលបានការតែងតាំង និងការដំឡើងតំណែងនៅពេលណាដែលពួកគេត្រូវបានតែងតាំង។
លោកធន សារាយ ថ្លែងថា ការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការកម្ពុជានៅបន្តកើតមានដដែល ហើយដែលបានបង្កឲ្យមានអំពើអយុត្តិធម៌សង្គមជាច្រើននៅកម្ពុជា។
«ដោយសារតុលាការ និងអំពើពុករលួយនេះឯង ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានគន្លាត មានការណ៍ មានបញ្ហាអយុត្តិធម៌ក្នុងសង្គម។ អយុត្តិធម៌ក្នុងសង្គមគឺថា អយុត្តិធម៌ក្នុងការបែងចែកធនធានរបស់ជាតិ ការបែងចែកនូវគេហៅថា ការលូតលាស់សេដ្ឋកិច្ច មិនមានសមធម៌ មិនបានត្រឹមត្រូវជាមួយហ្នឹង រវាងប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសដល់អ្នកក្រីក្រ និងអ្នកដែលនៅចុងកាត់មាត់ញក ដែលគ្នាបានផលតិចអំពីការលូតលាស់សេដ្ឋកិច្ចនេះ»។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ថ្លែងថា ប្រព័ន្ធតុលាការនៅកម្ពុជាក៏បន្តស្ថិតនៅក្រោមការរិះគន់ពីអ្នកជំនាញការសិទ្ធិមនុស្សអន្តរជាតិផងដែរ។
«បច្ចុប្បន្នយើងឃើញហើយ មិនមែនតែសហគមន៍ជាតិទេ មិនមែនតែអង្គការសង្គមស៊ីវិល ឬសហគមន៍ជាតិមើលឃើញទេ សូម្បីតែសហគមន៍អន្តរជាតិ ជាពិសេសគឺអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏លើកឡើង ស្នើឲ្យរដ្ឋាភិបាលធ្វើការកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ឲ្យប្រព័ន្ធតុលាការនេះទៅជាប្រព័ន្ធឯករាជ្យ ដើម្បីធានាអំពីសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ធានាអំពីការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទូទៅនោះបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃអង្គារនេះ។ លោកកឹម សន្តិភាព អ្នកនាំពាក្យមួយរូបទៀតរបស់ក្រសួងយុត្តិធម៌បដិសេធមិនផ្តល់ការអធិប្បាយ។ VOA ក៏បានព្យាយាមទាក់ទងមន្ត្រីតុលាការមួយចំនួនទៀត តាំងពីតុលាការជាន់ទាបដល់កំពូល តែមិនទាន់អាចទាក់ទងបាននៅឡើយទេ នៅថ្ងៃអង្គារនេះ។ ក្រុមមន្ត្រីទាំងនោះមានលោកលី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ និងលោកអ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូល។
មាត្រា៥១ថ្មីនៃច្បាប់រដ្ឋធម្មនុញ្ញចែងថា៖
«ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»៕