ភ្នំពេញ៖ ខណៈពេលដែល ប្រទេសនានានៅលើសកលលោក នឹងប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃទី ១០ ខែធ្នូនេះ គណបក្សជំទាស់ និងមន្ដ្រីអង្គការសិទ្ធិមនុស្សនៅប្រទេសកម្ពុជានិយាយថា ប្រជាពលរដ្ឋកម្ពុជាកំពុងតែប្រឈមនឹងការរំលោភបំពានជាច្រើន។
បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា កំពុងតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ នេះគឺជាការកត់សម្គាល់របស់ក្រុមមន្រ្តីសិទ្ធិមនុស្ស និងគណបក្សជំទាស់នៅក្នុងប្រទេសកម្ពុជានៅថ្ងៃព្រសហ្បត៍នេះ គឺមួយថ្ងៃមុននឹងពិភពលោកទាំងមូលប្រារព្វទិវាសិទ្ធិមនុស្ស។
លោក សួន សារ៉េត អគ្គលេខធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃបណ្តុំអង្គការ និងសមាគមសិទ្ធិមនុស្សមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជានៅតែទទួលរងការរំលោភបំពានជាច្រើន ។
«ក្រឡេកមើលទៅតាមសិទ្ធិមនុស្សឃើញថា ស្ថានភាពសិទ្ធិមនុស្សក៏ដូចជានៅស្ថានភាពយ៉ាប់យ៉ឺនដែរ។ អ្វីដែលជាសំអាងគេហៅថាស្ថានភាពយ៉ាប់យ៉ឺន គឺយើងយកសំអាងត្រង់ថា វាមានឧបទ្ទវហេតុបញ្ហាជាច្រើន»។
សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨ បានបញ្ជាក់ថា ជនគ្រប់រូបមានសិទ្ធិស្មើគ្នា គ្មាននរណាម្នាក់អាចជាគោលដៅសម្រាប់ការធ្វើទារុណកម្ម ការធ្វើអំពើឃោឃៅ ភាពអមនុស្សធម៌ ការដកហូតសិទ្ធិ និងការផ្តន្ទាទោសឡើយ។
លោកសួន សារ៉េត បានលើកឡើងថា គោលគំនិតទាំងនេះ ត្រូវបានយកមកចែងនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជាច្រើនដូចជា ក្រមនីតិវិធីព្រហ្មទណ្ឌ ឬក៏រដ្ឋធម្មនុញ្ញជាដើម។ ក៏ប៉ុន្តែនៅមានការខ្វះចន្លោះនៅក្នុងការអនុវត្តន៍ច្បាប់ទាំងនោះ។
នៅថ្ងៃនេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) បានបញ្ចេញរបាយការណ៍របស់ខ្លួនមួយ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែប្រឈមមុខទៅនឹងការធ្វើអាជីវកម្មដីធ្លី ការធ្វើអាជីវកម្មធនធានធម្មជាតិ ការរឹតត្បិតសេរីភាព ការប្រមូលផ្តុំ និងការទទួលរងនូវការរំលោភសិទ្ធិសេរីភាពនៅក្នុងការងារជាដើម ។
របាយការណ៍ដដែលលើកឡើងថា យ៉ាងតិចមានអ្នកភូមិចំនួន២៥នាក់ កំពុងតែស្ថិតនៅក្នុងមន្ទីរឃុំឃាំងគិតមកត្រឹមចុងខែវិច្ឆិកាឆ្នាំ២០១០ នៅក្នុងខេត្តក្រុងចំនួនប្រាំមួយ ហើយពួកគេភាគច្រើន គឺជាជនរងគ្រោះដោយសារទំនាស់ដីធ្លី។
ជាមួយគ្នានេះដែរ គណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់មានអាសនៈចំនួនបីនៅក្នុងរដ្ឋសភាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងការខ្វះខាតនៅក្នុងការគោរពសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ដូចជាសិទ្ធិទទួលបានកម្មសិទ្ធិ សិទ្ធិលំនៅដ្ឋាន សិទ្ធិទទួលបានការអប់រំ សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិជាដើម។
លោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យ និងជាតំណាងរាស្ដ្រមណ្ឌលព្រៃវែងរបស់គណបក្សសិទ្ធិមនុស្សបានពោលថា រដ្ឋាភិបាលត្រូវតែជំរុញការគោរពច្បាប់សម្រាប់លើកតម្កើងការគោរពសិទ្ធិប្រជាពលរដ្ឋ។
«មានតែការរៀបចំប្រពន្ធ័ច្បាប់ឲ្យច្បាស់លាស់ និងការស្មើមុខគ្នាចំពោះមុខច្បាប់ទេ ដែលអាចឲ្យប្រទេសរបស់យើងមានការគោរពសិទ្ធិមនុស្សបន្ដិចម្ដងៗបាន»។
ទោះជាយ៉ាងណា លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបកស្រាយថា មានការរីកចម្រើនផ្នែកការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការកសាងហេដ្ឋារចនាសម្ព័ន្ធច្បាប់រួមទាំងការកែទម្រង់យុត្តិធម៌ ដើម្បីធានាទៅដល់ការគោរពសិទ្ធិមនុស្ស។
«បើសិនយើងប្រៀបធៀបកម្ពុជា សម័យតេជោ និងកម្ពុជាជំនាន់មុន គឺយើងមានសិទ្ធិច្រើនណាស់ ជាពិសេស យើងមានទីលានសេរីភាពក្នុងការផ្តល់ឱកាស់ដល់ប្រជាពលរដ្ឋ លោកអាចបញ្ចេញនូវការមិនពេញចិត្ត លោកអាចធ្វើបាតុកម្មនៅកន្លែងហ្នឹង »។
យោងតាមរបាយការណ៍របស់លោកស្រី ណាវី ពីឡៃ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនរយលាននាក់ កំពុងតែទទួលរងការរំលោភបំពានផ្នែកសិទ្ធិសេរីភាពនៅក្នុងពិភពលោកយើងនេះ ជាពិសេសទាក់ទងទៅនឹងបញ្ហា អប់រំ សិទ្ធិសេរីភាពជនជាតិដើម បញ្ហាសុខភាព និងអំពើឃាដកម្មជាដើម។
លោកស្រី ណាវី ពីឡៃ បានជម្រុញឲ្យរដ្ឋាភិបាលនានានៅក្នុងពិភពលោក កុំឲ្យចាត់ទុកថា ការិះគន់ទៅលើខ្លួន គឺជាឧក្រិដ្ឋកម្មឲ្យសោះ៕