តើ​យោធា​សហរដ្ឋ​អាមេរិក បង្កើត​អាហារ​សម្រន់​ដែល​ជនជាតិ​អាមេរិកាំង​ចូលចិត្ត​បែបណា?

រូបឯកសារ៖ ស្ករគ្រាប់ M&Ms ដែល​គេ​ដាក់​លក់​ក្នុង​ហាង​លក់ទំនិញ​មួយកន្លែងនៅ​ទីក្រុង Chicago រដ្ឋ Illinois កាលពីខែមេសា ឆ្នាំ២០០៨។​

កង​យោធា​សហរដ្ឋ​អាមេរិក ​បាន​ជួយ​បង្កើត​អាហារ​សម្រន់​ដែលជនជាតិ​អាមេរិកាំងចូល​ចិត្ត​បរិភោគ​ដែល​រួមមាន ​កាហ្វេ​កញ្ចប់ នំ Cheetos នំ cookies ដាក់ក្នុង​កញ្ចប់និង​អាហារសម្រន់​នាំ​ឱ្យមានថាមពល។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ បានកើនឡើង​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​ពីរ​ នៅ​ពេល​ពួក​អ្នក​វិទ្យាសាស្ត្រយោធាត្រូវការអភិវឌ្ឍ​វិធី​ផលិត​អាហារ​មានទំហំ​តូច​តែ​មាន​ជីវជាតិ​ល្អ​សម្រាប់យុទ្ធជន។

អ្នកស្រី Anastacia Marx de Salcedo ជា​អ្នកនិពន្ធ​សៀវភៅអាហារ​មាន​ចំណង​ជើងថា​ «Combat-Ready Kitchen: How the U.S. Military Shapes the Way You Eat»។​ អ្នកស្រី​និយាយ​ថា៖

«មានសេចក្តី​ត្រូវការខ្លាំងសម្រាប់​ឱ្យ​កង​យោធា​អភិវឌ្ឍ​ស្បៀង​អាហារ​ទំនើប​។​ ហើយការណ៍នេះ​មិន​ត្រឹមតែបង្កើត​បច្ចេកទេស​កែ​ច្នៃ​អាហារ​ថ្មីៗ​ប៉ុណ្ណោះទេ តែ​ក៏​បាន​នាំ​ឱ្យ​មានប្រព័ន្ធស្រាវជ្រាវ​វិទ្យាសាស្ត្រខាង​ម្ហូបអាហារ​ដែល​មានរហូត​មក​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។ ​បច្ចេកទេសនិង​អាហារ​ថ្មីៗ​ បានកើតចេញ​នៅ​ពេលនោះ ហើយ​នៅក្រោយ​សង្គ្រាម​បច្ចេកទេស អាហារ​ថ្មីៗ​ទាំងនោះ​ បាន​រួមបញ្ចូល​ទៅក្នុង​ការ​ផលិត​អាហារ​សម្រន់​ជាច្រើន​»។​

បច្ចេកទេស​ថ្មីៗ​ទាំងនេះ​ ​មានរួម​បញ្ចូលការ​កែ​ច្នៃអាហារដែល​ប្រើ​សម្ពាធខ្លាំង​ដែលធ្វើ​ឲ្យ​អាហារ​មិន​ទាន់ចម្អិនឱ្យ​បរិភោគបានដោយ​មាន​សុវត្ថិភាព។ ដំណើរ​ការនេះ ត្រូវ​បាន​ប្រើ​ជា​អលជ្ជីនៅ​ក្នុង​អាហារខ្ចប់​ដូច​ជាគ្រឿង​ជ្រលក់​ guacamole salsa និង hummus ជា​ដើម។​

រូបឯកសារ៖ នំ Cheetos ដែល​គេ​ដាក់​លក់​ក្នុង​ហាង​លក់ទំនិញ​មួយកន្លែងនៅ​ទីក្រុង ញូវយ៉ក កាលពី​ខែមករា ឆ្នាំ២០១៤។

Cheetos ដែលជា​អាហារ​សម្រន់ ដែលជនជាតិ​អាមេរិកាំង​ចូល​ចិត្ត​ មាន​ដាក់ cheese និងស្រួយ ​បានត្រូវ​ផលិតដោយ​វិធី​បង្ហួតដែលកង​យោធាបានប្រើ​ប្រាស់​ដើម្បី​យកទឹក​ពី cheese។ ការណ៍​ធ្វើដូច្នេះបាន ​នាំ​ឱ្យ​ cheese នៅបាន​យូរ​មិនខូច​ហើយធ្វើ​ឱ្យ​ស្រាលសម្រាប់ដឹក​ជញ្ជូនទៅ​ឱ្យ​ពួក​ទាហាន​នៅ​ឯ​ប្រទេស​ក្រៅ។

វិធីស្រូបយក​ទឹក​ចេញ​ដែលភាសា​អង់គ្លេស​ហៅ​ថា​ freeze dehydration ដែល​បង្កើត​ឡើង​ដើម្បី​ថែទុក​ឈាមក្នុង​សមរភូមិ​សម្រាប់​ឱ្យ​ពួកពេទ្យអាច​ព្យាបាលពួក​ទាហាន​ក្នុង​សមរភូមិ ក៏​បានត្រូវប្រើក្នុង​វិស័យ​ផលិត​អាហារ​ដែរ។

អ្នកស្រី Anastacia Marx de Salcedo ថ្លែង​ទៀតថា៖

«ក្រោយ​សង្គ្រាម​វិធីសាស្ត្រស្រូប​យកទឹក​ចេញនេះ ​លែង​មាន​សេចក្តី​ត្រូវការ​ទៀតហើយ។ ដូច្នេះកង​យោធាក៏​បានពិនិត្យ​មើល​ហើយ​បានសម្រេចយក​បច្ចេកទេស​នេះ​ទៅ​អភិវឌ្ឍអាហារ​វិញ។ ដូច្នេះលោកអ្នក​ក៏​មាន​ភេសជ្ជៈ លោក​អ្នក​មានកាហ្វេ តែនិង​ស៊ុបផលិត​ដោយ​របៀប​ស្រូប​យកទឹក​ចេញ​សព្វថ្ងៃ​នេះ»។

នៅពេលដែល​យានិក​អវកាស​នៃទីភ្នាក់ងារ​ NASA មិនចូល​ចិត្ត​រសជាតិនៃ​អាហារ​ផលិតតាមបែបស្រូប​យកទឹក​ចេញ​នេះ កង​យោធា បានស្រាវជ្រាវ​រកវិធី​ធ្វើ​ឱ្យ​ស្បៀង​អាហារ​មានរសជាតិ​ជាង​មុន​។ ពួក​អ្នក​វិទ្យាសាស្ត្រយោធាបានដឹងថា ក្រុមហ៊ុន​ផលិត​អាហារ​សត្វ​ចិញ្ចឹមក្នុង​ផ្ទះ​ កំពុង​ស្វែង​រក​វិធី​ដើម្បី​បន្ថយ​កម្រិត​ទឹកឱ្យ​បាន​ល្មម​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​កុំឱ្យ​មានបាក់តេរី​និងដុះ​ផ្សិត​ ហើយ​ធ្វើឱ្យ​អាហារ​មាន​សុវត្ថិភាព។

អ្នកស្រី Anastacia Marx de Salcedo និយាយថា «​ក្រោយ​ពីកង​យោធា​បាន​រកឃើញ​វិធី​នេះ គេ​អាចរក្សាទុក​អាហារ​ដែល​នៅមាន​ជាតិ​សើម​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ធម្មតា​ជា​មួយ​ការវេច​ខ្ចប់​ធម្មតា។ ជាការពិត​របៀប​នេះ​ មិន​មែន​ត្រូវប្រើ​សម្រាប់​តែអាហារមានទំហំ​តូច​តែ​មានជីវជាតិ​ធ្វើធ្វើ​ឱ្យ​រាងកាយមាន​កម្លាំងប៉ុណ្ណោះ​ទេ​ គេថែម​ទាំង​យក​វិធីនេះ​ទៅ​ប្រើប្រាស់​នៅ​ក្នុងនំផង​ដែរ។ ប្រសិន​បើលោកអ្នកទៅ​កន្លែង​លក់អាហារលោកអ្នក​ឃើញ​នុំ cookies មានសំណើម និង​ស្រួលទំពារ​ដែលបានត្រូវផលិតតាម​បច្ចេទេសបានមក​ពី​ការ​ស្រាវជ្រាវ​របស់​កងយោធា»។

កង​យោធា​ ក៏​បានបង្កើត​អាហារសម្រន់​មាន​សូកូឡា​ខាងក្រៅដែល​គេ​បានឃើញ​នៅ​អឺរ៉ុបដែល​ពួក​ទាហានដាក់ក្នុង​ហោប៉ៅ​ហើយ​សូកូឡា​មិន​រលាយភ្លាមៗ​ទេ។ នេះ​ជារបៀប​ដែលស្ករ​គ្រាប់ M&M ចាប់កំណើត។​ សព្វថ្ងៃ​នេះ​ បណ្តា​ក្រុមហ៊ុន​ធំៗ​ដែល​ចុះ​កុងត្រា​ជាមួយ​កង​យោធានៅ​តែ​ស្រាវជ្រាវត​ទៅ​ទៀត​ដើម្បី​បង្កើត​សូកូឡាមិន​រលាយនៅ​ពេល​មាន​សីតុណ្ហភាព​ខ្ពស់​ខ្លាំង។

អ្វី​ដែល​វិទ្យាសាស្ត្រអាហារ​របស់កង​យោធាបាន​រកឃើញ​ថ្មី គឺ​អាហារ​តូចៗ​ដែល​បានត្រូវបង្រួម​ឲ្យ​មក​នៅ​ត្រឹម​មួយ​ភាគ​បី​នៃ​ទំហំធម្មតា តែ​នៅ​ណែនតាន់។

អ្នកស្រី Anastacia Marx de Salcedo និយាយថា៖

«ពួកគេ​ប្រើ​ microwave ដើម្បីបន្ថយសារធាតុ​ទឹកក្នុង​អាហារ​គឺ​ធ្វើ​ឱ្យ​អាហារ​មាន​ទំហំ​តូច​។ លោកអ្នកនឹងមាន​ការ៉ុត​តូច​ៗ​ដែលស្រស់។​ ការ៉ុត​នេះ​ជីវជាតិ​ដដែល​ទោះ​ណា​មាន​ទំហំ​តូច​ក៏​ដោយ»។

គេ​នៅ​មិនទាន់​ដឹង​ថាតើ​នៅ​ថ្ងៃ​ណា​ទើប​ពលរដ្ឋ​អាមេរិកាំង​ អាចរៀប​ចំ​ប្រអប់​អាហារថ្ងៃ​ត្រង់​យ៉ាង​តូចមួយ ដើម្បី​ងាយស្រួល​យក​ទៅធ្វើការរាល់​ថ្ងៃ​ទេ។

ប្រែសម្រួលដោយលោក ឈឹម​ សុមេធ