​នៅ​កម្ពុជា ប្រពៃណី​បន់ស្រន់​ «លែង​សត្វ» អាច​ប៉ះពាល់​ដល់​ប្រភេទ​សត្វ​​ចាប​មួយ​ចំនួន

អ្នកលក់លើកបង្ហាញចាបមួយគូនៅម្តុំមាត់ទន្លេក្នុងរាជធានីភ្នំពេញ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

តើការ​ចាប់​ហើយលែង​សត្វ​ចាប​ជា​ទង្វើ​សន្តោស​ប្រណី​ដល់​សត្វទាំងនោះ​ ឬក៏​ជាការ​ធ្វើបាប​ដែល​ជំរុញ​ឱ្យ​មាន​ការ​ចាប់​សត្វទាំង​នោះ​កាន់តែច្រើន​ដើម្បី​លក់?

កំពុង​ឈរ​នៅ​លើ​បរិវេណ​កំពូល​វត្តភ្នំ​ ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ស្រ្តី​ម្នាក់​កាន់​សត្វ​ចាប​មួយគូ​កៀក​នឹង​មាត់ ហើយធ្វើ​ការ​បន់ស្រន់។ បន្ទាប់​មក ស្រី្ត​រូប​នោះបាន​បើកដៃ​ហើយលែងចាបទាំងនោះ ហើយ​ចាប​មួយ​គូ​នោះ​ ក៏ចាប់ផ្តើម​ហើរចេញទៅ។ ​

​ដូច​មនុស្ស​រាប់​រយ​នាក់​ផ្សេងទៀត​នា​ថ្ងៃ​នោះដែរ ស្រ្តី​ម្នាក់​នោះ​បាន​ធ្វើ​ការ​បន់ស្រន់ «លែងសត្វ» ដែល​តម្រូវ​ឱ្យ​មាន​ការ​លែង​សត្វ​ជាប់​ទ្រុង​ដើម្បី​សុំសេចក្តីសុខ​ និង​រំដោះគ្រោះចង្រៃ។ សត្វ​ចាប​មួយ​គូ​ដែល​ត្រូវ​បាន​ព្រលែង មួយ​ក្បាល​បាន​ហើរ​ចូល​ទៅ​តាម​ដងផ្លូវ​ក្រុង​ភ្នំពេញ ប៉ុន្តែ​ចាប​មួយ​ក្បាល​ទៀត​បាន​ហើរទៅ​ឆ្វេង ធ្លាក់មក​ដី​វិញ ទាំង​នៅ​មាន​ដង្ហើម ប៉ុន្តែ​លែង​កម្រើក​ត​ទៅ​ទៀត។

ដោយ​មិនបាន​ងាក​មក​មើល ស្រ្តី​រូប​នោះ​បាន​បែរ​ខ្នង ហើយ​ចាកចេញ។

ការ​លែង​សត្វ​ជា​ការ​អនុវត្ត​ទូទៅ​ក្នុង​សហគមន៍​អ្នក​កាន់ព្រះពុទ្ធ​សាសនា​នៅ​ទូទាំង​សាកលលោក ដែល​សត្វ​រាប់​រយ​លាន​ក្បាល​ត្រូវ​បាន​លែង​ជា​រៀងរាល់ឆ្នាំ។

នៅ​កម្ពុជា មនុស្ស​ ៩​នាក់​ក្នុង​ចំណោម​ ១០​នាក់​និយាយ​ថា ពួកគេលែង​សត្វ​ដើម្បី​សុំ​សេចក្តី​សុខ ។ ប៉ុន្តែ ការលែង​សត្វ​ក្នុង​បំណង​សុំ​សេចក្តីសុខ​ ពិតណាស់​មាន​សត្វ​ជាច្រើន​ទទួលរងគ្រោះ។

ដោយសារ​មាន​តម្រូវការ​នៃ​ការលែង​សត្វ ធ្វើឲ្យ​មនុស្ស​ចាប់​សត្វទាំងនោះ ដែល​ត្រូវ​បាន​អ្នកកាន់​លទ្ធិ​តាវ​ដែល​អនុវត្ត​ការ​លែង​សត្វសុំ​សេចក្តីសុខ មុនអ្នក​កាន់ព្រះពុទ្ធសាសនាប្រតិបត្តិ ។

​នៅ​ក្នុងកំណត់ត្រា​ Liezi ដែល​ជា​សំណេរ​បុរាណ​ចិន​អំឡុង​សតវត្សរ៍​ទី៣ មន្រ្តី​ជាន់ខ្ពស់​ម្នាក់ «មាន​ក្តី​រីករាយ» ក្នុង​ការ​ទទួល​បាន​សត្វ​លលក​ដើម្បីលែង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ជាការ​បង្ហាញ​ពី​ក្តី​សន្តោសប្រណី។ ប៉ុន្តែ​អ្នក​ដំណើរ​ម្នាក់​បាន​លើកឡើង​ថា «មនុស្ស​ដឹង​ថា មាន​អ្នក​ចង់​លែង​សត្វ​លលក​ ដូច្នេះ​ពួកគេ​បាន​ប្រជែង​គ្នា​ចាប់សត្វ​លលក​ទាំងនោះ ហើយសត្វ​លលក​មួយ​ចំនួន​បាន​ងាប់​ដោយសារ​រឿង​នេះ»។

អ្នកស្រី Kit Magellan ដែល​ដឹកនាំ​ការ​សិក្សា​ពី​ការ​បន់ស្រន់​ដោយ​ការព្រលែង​សត្វកាល​ពី​ឆ្នាំ ២០១៩​នៅ​កម្ពុជា និង​វៀតណាម បាន​រំឭក​ពី​ការ​ឃើញ​មនុស្ស​ផ្កាប់ផ្ងារ​អង្រុន ​ទ្រុងដើម្បី​ «លែង» សត្វ​ចាប​ដែល​ជាប់​ក្នុង​ទ្រុង​ចុងក្រោយ​គេ។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ទីបំផុត​ ចាប​នោះបាន​ហើរ​ចេញ​ពី​ទ្រុង ប៉ុន្តែបានធ្លាក់​មក​ដី​វិញ ប្រមាណ​មួយ​ម៉ែត្រ​ពីទី​នោះ។ មនុស្ស​ម្នាបាន​ឃើញ​ដូច្នេះ ហើយ​សើច»។

នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ទីក្រុង ដែល​មាន​វាល​ស្មៅ​មួយ​ចន្លោះ​អាគារ​និង​សួន​បន្លែ លោក​ ជឿន លៀង (ឈ្មោះ​បាន​ផ្លាស់ប្តូរ) បាន​ដាក់​អន្ទាក់​ចាប់​ចាប។ លោក​បាន​ទាញ​សំណាញ់​ចន្លោះ​បង្គោល​ឬស្សី ដោយសំណាញ់​ម្ខាង​ចងភ្ជាប់​នឹង​បន្ទះដែក​ដាប់​ជាប់​នឹង​ដី ហើយ​បាន​ត្រឡប់​ទៅ​អង្គុយ​ចាំ​មើល​ចម្ងាយ​ពីរ​បី​ម៉ែត្រពី​នោះ។

នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ ចាបពូក ចាបស្រុក និងចាបចង្រ្កង់ ​ បានហើរទៅ​ហើរមក​ចន្លោះ​អន្ទាក់និង​ដើមឈើ​ក្បែរនោះ។ បន្ទាប់​មក​ បង្គោលឬស្សី​បាន​បត់​ត្រឡប់​ចូល​ក្នុង​ ហើយ​សត្វទាំង​នោះ​បាន​ជាប់​ក្នុង​សំណាញ់។

លោក​ ជឿន លៀង និយាយ​ក្នុង​សម្តី​ដើមថា៖​ «កាល​ពី​ថ្ងៃ​មុន ខ្ញុំលក់​ចាប​បាន​ ៤០០​ក្បាល ទៅ​ឱ្យ​អ្នក​ទិញបោះ​ដុំ​ជិត​ផ្ទះខ្ញុំ​ក្នុង​តម្លៃ មួយ​ក្បាល ១៥០០​ រៀល ​។ ថ្ងៃ​សីល​គឺ​ ចំថ្ងៃ​ពុធ។ តម្រូវការទិញ​ចាប​ដើម្បីលែង​កើន​ឡើង​នៅជិតថ្ងៃ​សីល នៅ​ពេល​មនុស្ស​ម្នា​នាំ​គ្នា​មក​បន់ស្រន់។

លោក ជឿន លៀង យកចាបចេញពីអន្ទាក់។ ជាទូទៅ លោកចាប់ចាបបានប្រមាណ ១៥០ក្បាលក្នុងមួយថ្ងៃ និងចាប់បានច្រើនជាងនេះ មុនថ្ងៃសីល ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

លោក​បន្តថា​ «ខ្ញុំលក់ចាបរាល់ថ្ងៃ និងអាច​រក​ប្រាក់​ចំណូលបាន​ជា​មធ្យម​ពី ២សែន រៀល ​ទៅ​ ២៥ម៉ឺនរៀលក្នុង​មួយ​ថ្ងៃ»។

លោក​ ជឿន លៀង​ លើកឡើង​ថា ប្រសិន​បើ​លោក​ធ្វើ​ការ​ជាអ្នកបើក​ម៉ូតូ​កង់បីឥណ្ឌា លោក​អាច​រក​ចំណូល​បានតែ ១៥​ដុល្លារ បន្ទាប់​ពីផាត់​ចំណាយ​លើ​សាំងរួច ។ លោកបាន​ចោទ​សួរ​ថា៖ «តើ៦ម៉ឺនរៀល​ចាយ​អ្វីគ្រាន់? គ្រាន់តែទិញ​អង្ករ ទឹក និងចំណាយ​កូន​ទៅរៀន​ មិនគ្រប់ផង»។

ការ​ចាប់​ចាបនៅជុំវិញ​ក្រុង​ភ្នំពេញ​និង​ជារឿយៗ​នៅតាម​ទីវាល​ខាងក្រៅឆ្ងាយពីទី​ក្រុង​ អ្នក​ចាប់​ចាប​ដូច​លោក ជឿន លៀង ជាដើម​ជាអ្នកធានាផ្គត់ផ្គង់​ចាប​ជា​ប្រចាំ​ទៅ​ដល់​អ្នក​លក់។

យាយ​ម៉ៅ (ឈ្មោះ​ត្រូវ​បាន​ផ្លាស់ប្តូរ) បាន​រស់​នៅ​តាម​ដងផ្លូវ​និង​ប្រមូល​អេតចាយ​ដើម្បី​លក់ មុន​ពេលគាត់​ចាប់​ផ្តើម​លក់ចាប​នៅ​ម្តុំ​មាត់​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ​ជា​ទីតាំង​មួយ​ទៀតដែល​គេ​និយម​ទិញ​ចាប​ដើម្បី​លែង។

នៅ​ថ្ងៃ​ធម្មតា យាយ​ម៉ៅ​វ័យ ៦២​ឆ្នាំ និយាយ​ថា គាត់​រក​ចំណូល​បាន​ប្រមាណ៤ម៉ឺន រៀល ដែល​ប្រហាក់ប្រហែល​នឹង​ប្រាក់ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។ ​ប៉ុន្តែ​ដូច​លោក​ ជឿន លៀង ប្រាក់​ចំណូល​មួយ​ភាគ​ធំ​របស់​គាត់​គឺ​រក​បាន​នៅ​ថ្ងៃ​សីល​ នៅ​ពេល​ចាប​មួយ​គូ​មាន​តម្លៃ​រហូត​ដល់​មួយ​ម៉ឺនរៀល (២.៥០​ដុល្លារ) ដែល​ស្មើ​នឹង​ពីរ​ដង​នៃ​ថ្លៃ​ដើម​ដែល​អ្នកស្រី​បាន​ទិញ ។ យាយម៉ៅ​និយាយ​ថា គាត់​អាចលក់​ចាប​បាន​រហូត​ដល់​ទៅ ១០០​គូ ​នៅ​ថ្ងៃ​សីល។

អ្នកលក់ចាបអង្គុយចាំអតិថិជនដែលមកបន់ស្រន់នៅ ព្រះអង្គដងកើក្នុងរាជធានីភ្នំពេញ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

អ្នក​លក់ចាប​តែងតែ​លើកឡើង​ថា ពួកគេ​មើល​ថែ​សត្វ​ចាប​បាន​ល្អ ដោយ​ឱ្យ​ចំណី សម្អាតទ្រុង ហើយ​ពេល​ខ្លះដាក់​បាយ​ទឹក​ឱ្យចាប​ទាំងនោះ។ បើ​ទោះ​បី​ជា​ដូច្នេះ​ក្តី សត្វ​ចាប​ទាំង​នោះ​ត្រូវ​ប្រឈម​នឹង​សំឡេង​ និង​ការ​លើកដាក់​ចុះឡើង​ធ្ងន់ៗ រហូត​ដល់​ល្ងាច។

ទ្រុង​ខ្លះ​គឺ​មិន​ត្រូវ​បាន​គ្រប​នោះ​ទេ សូម្បី​តែ​នៅ​ពេលថ្ងៃ​ត្រង់។ ហើយ​ចាប​ដែល​មិន​លក់​ដាច់​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កាត់​ចរាចរណ៍​ដ៏​មមាញឹក​ទៅវិញ​ពេល​ល្ងាច ហើយ​ដឹក​យក​មក​លក់​វិញ​នៅ​ពេល​ព្រឹក។

នៅ​ពេល​ព្រឹក​មួយ​ អំឡុងពេល​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ទិញ អ្នក​លក់​ម្នាក់​បាន​ចោល​ទ្រុង​ពេញ​ដោយ​សត្វចាប​ទៅ​នឹង​ដី។ ពិតណាស់ ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ចាប​ដាក់​លក់​មានស្ថានភាព​ទន់ខ្សោយ ដោយ​ចាប​មួយ​ចំនួន​ឈឺ​ ឬ​របួស។ យាយ​ម៉ៅ​និយាយ​ថា គាត់​ឃើញ​ចាប​បួន​ទៅ​ប្រាំ​មួយ​ក្បាល​ងាប់​ជា​រៀងរាល់​ថ្ងៃ ហើយ​អ្នក​លក់​លាក់​ចាប​ងាប់​ទាំងនោះ​ ដើម្បី​កុំ​ឱ្យ​អ្នក​ទិញ​ឃើញ។

អ្វី​ដូចនេះ​អាចត្រូវ​បាន​ឃើញ​ច្បាស់​អំឡុងពេល​បុណ្យ​វិសាខ​បូជា ​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ត្រាស់ដឹង និង​ចូលនិព្វាន ដែល​ប្រារព្ធធ្វើ​ឡើង​នៅ​ថ្ងៃ​ពេញបូណ៌មី ​នៅ​ដើម​ខែ​ឧសភា។ ថ្ងៃ​បុណ្យ​នេះ​គឺ​ជាថ្ងៃដែល​គេ​និយម​លែង​សត្វ​នៅ​កម្ពុជា។

បុរសម្នាក់យកចាបចេញពីដងឈើវែងមួយប៊ៀកនឹងកាវ ដែលប្រើសម្រាប់យកចាបកំពុងដេកចេញពីដើមឈើជិតអាស្រមព្រះអង្គដងកើ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

អ្នក​មាន​ជំនឿ​បាន​សម្រុក​ទៅ​អាស្រម​ព្រះអង្គដងកើ​ នៅ​មាត់​ទន្លេ ជា​ទី​ដែល​ពួកគេ​បាន​ទិញ និង​លែង​សត្វ​ចាប​ជា​ច្រើន​នៅ​ពេល​ល្ងាច។ សត្វ​ចាប​ខ្លះហត់​ពេល​ជាប់​ក្នុង​ទ្រុង ហើយ​មិន​អាច​ហើរ​ចេញ។ ចាប​ភាគច្រើន​ក៏​បាន​ទុំ​នៅ​លើដី​វិញ។

​ដោយ​ប្រើ​ដំបង​វែង​ប៊ៀក​នឹង​កាវ អ្នក​លក់​បាន​ចាប់សត្វ​ចាប​ទាំង​នោះ​ ខណៈ​កុមារ​តូចៗ​ដើរ​ស្វែង​រក​ចាប​គ្រប់​កន្លែង និង​ចាប់​កាន់​ចាប​ដោយ​ដៃ។ សត្វចាប​ត្រូវ​បាន​ចាប់ដាក់​ក្នុង​ទ្រុង​សារជាថ្មី ហើយ​ត្រៀម​ដាក់​លក់​សម្រាប់​ការ​លែងសត្វ​ម្តង​ទៀត​ដើម្បី​សុំ​សេចក្តី​សុខ ។

សត្វ​ចាប​រាប់រយ ឬ​អាច​ដល់​រាប់​ពាន់​ក្បាល ​ត្រូវ​បានចាប់ហើយ​លែង ម្តងហើយម្តងទៀតរហូត​ដល់​ងាប់​ ។

អ្នកស្រាវជ្រាវ​នៅ​ចិន​បាន​ព្យាយាម​ប៉ាន់ប្រមាណ​ចំនួន​សត្វចាប​ដែល​អាច​នៅ​រស់​ បន្ទាប់​ពី​ត្រូវ​បានលែង ហើយ​សន្និដ្ឋានថា អត្រា​ងាប់​មាន​ជា​អប្បបរមា​ពី​ ៥០​ទៅ​ ៩០​ភាគរយ។

អ្នកស្រី Christel Griffioen ដែល​ជានាយិកាជ្ឈ​មណ្ឌល​អង្គរសម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​ (ACCB) ដែល​ជា​អង្គការ​អភិរក្ស​ធម្មជាតិ​និង​សត្វព្រៃ​ជិត​ក្រុង​សៀមរាប បាន​ឆ្លើយ​តប​ក្នុង​សារអ៊ីម៉ែល​ថា៖ «សត្វភាគច្រើន​ដែល​ត្រូវ​បាន​ចាប់​សម្រាប់​លែងសុំសេចក្តីសុខ ​បាន​ងាប់​អំឡុងពេល​ដឹក ឬ​ភ្លាមៗ​បន្ទាប់​ពីត្រូវបាន​លែង។ ការ​ធ្វើ​ដូចនេះ​គឺ​ ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​បង្ក​ជា​រឿង​អាក្រក់​ច្រើន​ជាង​រឿង​ល្អ»។

អ្នកស្រី Magellan ប៉ាន់ប្រមាណ​ថា សត្វ​ចាប​យ៉ាង​ហោចណាស់ ៣​លាន​ក្បាល​ត្រូវ​បាន «ចាប់​ហើយលែង» ជា​រៀងរាល់​ឆ្នាំ​នៅ​កម្ពុជា ខណៈ​ត្រី​និង​អណ្តើក​ក៏​ជា​ប្រភេទ​សត្វ​ដែល​គេ​និយម​លែងផង​ដែរ។ អ្នក​ស្រី​បន្ត​ថា សរុប​មក «សត្វ​ប្រមាណ ១០​លាន​ក្បាល​ត្រូវ​បានចាប់​ហើយលែង​នៅ​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។ នេះ​ជា​ការ​ប៉ាន់ប្រមាណ​បែប​អភិរក្ស​មួយ ហើយ​តួលេខ​ពិតប្រាកដ​អាច​នឹងខ្ពស់​ជាង​នេះ»។

ស្រ្តីម្នាក់ព្រលែងត្រី ដែលជាសត្វគេនិយមព្រលែងដូចសត្វចាបនិងសត្វដទៃទៀត ចូលទៅក្នុងចំណុចប្រសព្វគ្នារវាងទន្លេសាប និងទន្លេមេគង្គ នៅថ្ងៃវិសាខបូជា។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

នៅ​វៀតណាម ជា​ទីដែល​ការ​លែង​សត្វក៏ជា​ការ​ពេញនិយម​ផងដែរ អ្នកស្រី​ Magellan រក​ឃើញ​ថា ​ចំនួន​គឺ​មាន​ច្រើន​ជាង​នេះ​ ដែល​មាន​សត្វ​ជាង ១៣០​លាន​ក្បាល​ត្រូវ​បាន​ចាប់ដើម្បីលែង​ក្នុង​មួយ​ឆ្នាំ ហើយ​មួយ​ភាគបី​គឺ​ សត្វ​ស្លាប។ តួលេខ​នេះ​គឺ ​គ្រាន់​តែ​មួយភាគ​តូច​ប៉ុណ្ណោះ​នៃ​ចំនួន​សរុប​នៅ​លើ​សាកលលោក។ នៅ​តៃវ៉ាន់ ការ​សិក្សា​កាល​ពី​ឆ្នាំ ២០០៩ រក​ឃើញ​ថា ពលរដ្ឋ​នៅ​ទី​នោះ​បាន​ចំណាយ​ជាង ៦​លាន​ដុល្លារ​ ដើម្បី​លែង​សត្វ​ជាង ២០០​លាន​ក្បាល​ជា​រៀងរាល់​ឆ្នាំ។

នៅ​តំបន់​អាស៊ីអាគ្នេយ៍ អ្នក​ជំនាញ​បក្សីសាស្រ្ត​បាន​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ពពួក​សត្វ​ស្លាប​មួយ​ចំនួន ដែល​ត្រូវ​បាន​ចាប់​ដើម្បី​យក​មក​ធ្វើ​ការ​បន់ស្រន់​ព្រលែង។

សត្វ​ចាប​ប្រភេទ ​ចាប​ពូកលឿង គឺ​ជា​សត្វ​ចាប​តូច​ឈ្មោល ដែល​មាន​រោម​ពណ៌​លឿង។ យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើឡើង​នៅ​ពាក់​កណ្តាលឆ្នាំ២០០០ ​ប្រភេទ​ចាប​ពូក​លឿង​នេះ ត្រូវ​បាន​ចាប់​ជាញឹកញយ​ដើម្បី​ព្រលែង​សុំ​សេចក្តី​សុខ​នៅ ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ចំនួន​នៃ​ការ​ចាប់ព្រលែង​នេះ​បង្ហាញ​ពី​បរិមាណ​ដ៏​ច្រើន​នៃ​ចំនួន​ចាប​ប្រភេទ​នេះ​ជា​សាកល។

ដោយ​ធ្វើ​សំបុក​ជា​ហ្វូង​នៅ​តាម​តំបន់​ដែល​មាន​ការ​ដាំស្រូវ សត្វ​ចាប​ប្រភេទ​នេះ​តែង​ងាយ​ត្រូវ​ចាប់​ដោយ​អ្នក​ចាប់​ចាប​ដើម្បី​លក់​ចំពោះ​ការ​លែង​សុំ​សេចក្តី​សុខ ។

​លោក Frédéric Goes អ្នក​ជំនាញបក្សី​សាស្រ្ត​និង​អ្នកនិពន្ធ​សៀវភៅ The Birds of Cambodia: An Annotated Checklist (2014) បាន​រក​ឃើញ​ថា ចំនួន​សត្វ​ចាប​ប្រភេទ ចាបពូកលឿង «បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងកន្លងទៅ» និង​បាន​ព្រមាន​ថា «ការ​ជួញដូរ​សត្វ​ចាប​សម្រាប់​ការ​លែងសុំសេចក្តីសុខ បង្ក​ជា​ការ​គំរាមកំហែងយ៉ាងខ្លាំងដល់សត្វ​ចាបប្រភេទ​នេះ​នៅ​កម្ពុជា»។

សត្វ​ចាប​ប្រភេទ​ចាបពូក​លឿង ត្រូវ​បាន​ចុះបញ្ជី​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​របស់​សាកលលោក។ ខណៈ​ចាបពូក​ផ្សេងទៀត ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ជិត​ផុត​ពូជ ក្នុង​ប្រទេស​កម្ពុជា ។ ចំនួន​សត្វ​ចាប​ដ៏​ច្រើន​ប្រភេទ​នេះ នៅ​តែ​ត្រូវ​បាន​ចាប់​ហើយលែង ដើម្បី​សុំ​សេចក្តី​សុខ ។

សត្វ​ចាប​ប្រភេទ​ចាបពូក​លឿង មិនមែន​ជា​ប្រភេទ​សត្វ​តែ​មួយ​ជិត​ផុត​ពូជ​នោះ​ទេ ។ ចាប​មាស​ដែល​ជា​ប្រភេទ​សត្វ​ចាប​តូច​មាន​រោម​ក្រហម​ភ្លឺ​ស្អាត​នៅ​រដូវ​បន្តពូជ ដែល​មាន​ឈ្មោះ​ក្នុង​បទចម្រៀង​ដ៏​ល្បីល្បាញ​របស់​អធិរាជ​សំឡេង​មាស​លោក​ ស៊ិន ស៊ី​សាមុត គឺ​ទំនួញ​ចាប​មាស ។ ចាបមាស​ត្រូវ​បាន​ចាប់​ហើយលែង​ដើម្បី​សុំ​សេចក្តី​សុខ​ផង​ដែរ ទោះ​បី​ជិតផុត​ពូជ​នៅ​កម្ពុជា​ក៏​ដោយ។

លោក Frédéric Goes បន្ត​ថា សត្វ​ចាប​ដែល​ត្រូវ​ចាប់ដាក់​នៅ​ក្នុង​ទ្រុង​មាន​ចំនួន​ខ្ពស់ ។ «ប្រសិន​បើយើង​បង្កើត​តារាង​ក្រហម​ប្រភេទ​សត្វ​ជិត​ពូជ​សម្រាប់​កម្ពុជា ឋានៈ​នៃ​ការ​អភិរក្ស​ប្រភេទ​សត្វ​នេះ​គឺ​ប្រហែល​នឹង​ជិត​ផុតពូជ​បំផុត»។

អ្នកលក់ចាបបោះដុំជិតអាស្រមមួយនៅក្រុងសៀមរាបលក់ចាបតាមប្រភេទពូជសត្វ ផ្សេងៗ ក្នុងនិងក្រៅស្រុក ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

នៅ​ក្រុង​សៀមរាប អ្នកលក់ក៏​មានលក់​សត្វ​ច្រើន​ប្រភេទ ដើម្បី​យកមកលែង​សុំ​សេចក្តីសុខ ដែល​គេ​មិនសូវ​ឃើញ​មាន​លក់​នៅ​ក្រុង​ភ្នំពេញ ។

អ្នក​ទិញ​អាច​ទិញ​សត្វ​ផ្សេងៗដើម្បីលែង​ដូចជា សារិកា​កែវ​ក្របី សត្វ​កញ្ចៀច គ្រលីង​គ្រលោង អណ្តើក​ស្រែ និង​សូម្បី​តែ​ប្រភេទ​សត្វ​ក្រៅ​ស្រុក​ដូចជា កន្ធាយ​ចិន​ចិញ្ចឹម សត្វ​សេក និង​សត្វ​លលក​ដែល​ចិញ្ចឹម​ក្រៅស្រុក ​ដើម្បី​លក់​និងរក្សាទុកជា​សត្វ​ចិញ្ចឹម​ផង​ដែរ។

​អ្នកស្រី Magellan រំពឹង​ថា ការ​លែង​សត្វ​ដែល​មិនមាន​ប្រភព​ដើម​នៅ​ក្នុង​តំបន់​នឹង​កើនឡើង​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច។ អ្នកស្រី​ថ្លែង​ថា៖ «នៅ​ពេល​មនុស្ស​មាន​លុយ​ច្រើន​ជាង​មុន ពួកគេ​នឹង​លែង​សត្វច្រើន​ជាង​មុន ប៉ុន្តែ​ពួកគេ​ក៏​នឹង​ចាប់​ហើយលែង​សត្វ​ដែល​មិនមាន​ប្រភព​ដើម​នៅ​ក្នុង​ស្រុក​ផង​ដែរ»។

ពិតណាស់ ការ​លែង​សត្វ​សេក​មួយ​គូ​នៅ​ថ្ងៃសីល​មាន​តម្លៃ​៨ម៉ឺន​រៀល ដែល​ថ្លៃ​ជាង​តម្លៃ​សត្វ​ចាប​មួយ​គូ១០​ដង​ ។

នៅ​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ ​ ប្រាសាទអង្គរវត្ត​បាន​រំលេច​រូបនៅ​ក្នុង​ស្រះ ដែល​ជា​កន្លែង​អ្នក​ទេសចរណ៍​និយមមក​មើល​ថ្ងៃ​រះ និង​ជា​ទី​ដែលគេ​ឃើញ​មានសត្វ​អណ្តើក​វារ​តាម​វាលស្មៅ។

អណ្តើកស្រែ ព្យាយាមវារចេញពីចានកន្ធន់មួយ។ អណ្តើកស្រែនេះត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជនៅលើសាកលលោក ប៉ុន្តែត្រូវបានចាប់ព្រលែងនៅកម្ពុជា ដើម្បីសុំសេចក្តីសុខ ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

ដោយ​មានឆ្នូត​ពណ៌​ក្រហម​លើ​ក្បាល​ អណ្តើកត្រចៀកក្រហម មាន​ប្រភព​ដើម​នៅ​តំបន់​កណ្តាល​ភាគ​ខាង​លិច​សហរដ្ឋអាមេរិក។ ហើយ​ដោយសារ​តែ​ការ​នាំ​ចេញ​រាប់​ទសវត្សរ៍​ដោយ​កសិដ្ឋាន​នៅ​អាមេរិក សត្វ​អណ្តើក​ប្រភេទ​នេះ​បាន​ក្លាយ​ជា​អណ្តើក​សម្រាប់យក​មក​ធ្វើ​ជា​សត្វ​ចិញ្ចឹម​ដ៏​មានប្រជាប្រិយភាព​លើសាកលលោក ។

ដោយ​អាច​រក​បាន​នៅ​តាម​ហាង​លក់​សត្វ​ចិញ្ចឹម អណ្តើក​ប្រភេទ​នេះ​គឺ​ ជាជម្រើស​ដ៏​ពេញនិយម​មួយសម្រាប់​លែងដើម្បី​សុំសេចក្តីសុខ ។ ប៉ុន្តែដោយ​ត្រូវ​ការពារ​ខ្លួន​នៅ​ក្នុង​បរិយាស​ថ្មី អណ្តើក​ប្រភេទ​នេះ​អាច សម្រប​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​អាច​យក​ឈ្នះ​ទៅ​លើ​សត្វ​អណ្តើត​ក្នុង​ស្រុក​ផងដែរ ។

នៅ​ទ្វីប​អាស៊ី ពពួក​សត្វ​អណ្តើកជាង​ពាក់កណ្តាល​ជិតផុត​ពូជ ។ អណ្តើក​ត្រចៀក​ក្រហម​នៅតំបន់​ខ្លះ​ក្នុងទ្វីប​អាស៊ី បាន​ក្លាយ​ជា ​អណ្តើក​ទឹកសាប​ច្រើន​ជាង​គេបំផុត​ ដែល​អណ្តើក​ប្រភេទ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​ចំណោម​ប្រភេទ​សត្វទាំង១០០ប្រភេទ ដែល​ឈ្លានពានដ៏​អាក្រក់​បំផុត។

នៅ​កោះតៃវ៉ាន់ សត្វ​អណ្តើកត្រចៀកក្រហម​ បាន​ក្លាយ​ជា​ប្រភេទ​សត្វ​អណ្តើក​ទឹកសាប​ច្រើន​ជាង​គេ​បង្អស់​ទីពីរ ។ ការលែងអណ្តើកដើម្បីសុំសេចក្តីសុខ គឺ​ជា​ដើមចម​ដែល​នាំ​ឱ្យ​មានសត្វ​អណ្តើក​ប្រភេទ​នេះឡើង ។

ងាកមក​តំបន់​មាត់ទន្លេ​ក្នុង​រាជធានីភ្នំពេញ​វិញ ស្រ្តី​ម្នាក់​ដើរ​កាត់​ទ្រុង​សត្វ​ចាបស្មៅ​មួយ ហើយ​សង្កេត​ឃើញ​ថា សត្វ​ចាប​ស្មៅ​មួយ​ក្នុងនោះរងរបួស។ ដោយ​ក្តីអាណិត ស្រ្តី​រូប​នេះ​បាន​ទិញ​សត្វ​ចាបស្មៅ​មួយ​គូ។ ងាក​ទៅ​កាន់​ទន្លេ អ្នកស្រី​ធ្វើការ​បន់ស្រន់មួយ​ស្របក់ ហើយក៏​លែង​ចាបស្មៅ​ទាំង​នោះ​ទៅ។

ចាបចង្រ្កង់ ចាបស្រុក និង ចាបស្មៅ ងាប់ត្រូវបានដាក់នៅក្នុងប្រអប់ជ័រមួយជិតទ្រុង ចាបដាក់លក់សម្រាប់ការបន់ស្រន់នៅក្រុងភ្នំពេញ។ (រូបផ្តល់ឱ្យដោយលោក Yann Bigant)

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​កើត​ឆ្នាំ​ថោះ។ ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ថោះ អីចឹង ​វា​មិន​ល្អ​សម្រាប់​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​បាន​ឮថា ​ព្រះអង្គ​ដងកើ​នៅ​ទីនេះ មានរឹទ្ធិអំណាច ។

អ្នកស្រីបន្តទៀតថា «​ខ្ញុំ​ចង់​ព្រលែង​ចាបហ្នឹង ដូចថា យើងគិតថា យើង​ព្រលែង​គ្រោះ​របស់​យើង​ចឹង​ដែរ​ទៅ​ណា»។

ព្រះ​សង្ឃព្រះនាម ធឹម ធា គង់នៅ​វត្ត​បទុមវត្តី​ក្នុង​ក្រុង​ភ្នំពេញ​ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ការ​បង្រៀន​ព្រះពុទ្ធសាសនា ហើយ​ ពេល​ខ្លះ លើកកម្ពស់​ការ​យល់ដឹង​អំពី​បញ្ហាបរិស្ថាន។ ព្រះអង្គមាន​អ្នកតាមដាន​ជិត​៤សែន​នាក់​នៅ​លើ​បណ្តាញ​សង្គម​ TikTok និង​ Facebook ។

ព្រះសង្ឃ​ ធឹម ធា មាន​សង្ឃដីកា​ថា៖ «អ្នក​ខ្លះ​ចង់​ព្រលែង​ចាប​ ពីព្រោះ​ពួកគេ​មាន​អារម្មណ៍​អាណិតអាសូរ​ដល់​សត្វ។ ប៉ុន្តែ​អ្នក​ផ្សេងទៀត ពួកគេទិញ​ចាប​ដើម្បី​ព្រលែង​ដើម្បី​សុំ​សេច​ក្តីសុខ​ផ្ទាល់ខ្លួន»។

ព្រះសង្ឃ​ ធឹម ធា មាន​សង្ឃដីកា​ថា៖ « មនុស្ស​ខ្លះ​ចង់​ព្រលែង​សត្វ​ហ្នឹង​ដោយ​សេចក្តី​អាណិត​ចេញ​ពី​ចិត្ត​មេត្តា​របស់​គាត់»។

«គាត់​ទិញ​សត្វហ្នឹង​ដើម្បី​ព្រលែង ដើម្បី​ខ្លួន​គាត់​ទេ ដើម្បី​បាន​សេចក្តី​សុខ​ខ្លួន​គាត់​ទេ ឬ​ក៏​សេរីភាព​ខ្លួន​គាត់​ទេ»…ព្រះសង្ឃ​ ធឹម ធា មាន​សង្ឃ​ដីកា​បន្តទៀតថា « ឬ​ធ្វើ​ឱ្យ​ការ​រកស៊ី​របស់​ពួកគេ​រីកចម្រើន»។

ព្រះតេជគុណ ហាក់ សៀងហៃ ដែល​ជា​ព្រះ​ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការ​អប់រំ​កម្ពុជានៅខេត្ត​បាត់ដំបង មាន​អ្នកតាម​ដាន​យ៉ាង​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ព្រះអង្គ។

ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ចេតនា​នៃ​ចិត្ត នោះ​គឺវា​សំខាន់​ណាស់​នៅ​ក្នុងច្បាប់​កម្មផល ។ យើង​មិនអាច​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​ចិត្ត​គំនិត ឬ ចេតនា​របស់​អ្នកទិញ​ឬ​អ្នក​ដែល​លែង​សត្វ​នោះ​ទេ។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា អ្នក​នោះ​មាន​ចេតនាល្អ នៅ​ពេល​ដែល​ពួកគេលែង​សត្វ ក៏ប៉ុន្តែ​ពួកគេ​ក៏​គួរតែ​ចេះ​គិត​ពិចារណា​ផងដែរ ។ យើង​តែងតែ​និយាយ​លើកឡើង​អំពី​ការធ្វើបុណ្យ​ដោយ​បញ្ញា ការ​ធ្វើកិច្ចការ​ល្អ​ផ្សេងៗ ប៉ុន្តែ គួរតែ​ស្រប​តាម​គំនិត​ដោយ​មាន​ការ​យល់​ដឹង​ដោយ​បញ្ញា ។ ជួនកាល​យើង​គិតថា​វាជា​រឿង​ល្អ ប៉ុន្តែ​ប្រសិន​បើ​វា​ប៉ះពាល់​អាក្រក់​ដល់​ជីវិត​របស់​អ្នក​ដទៃ​ឬ​សង្គម នោះ​យើង​មិន​គួរ​ប្រតិបត្តិ​វា​ទេ។

ព្រះតេជគុណ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា «អ្នកចាប់​យក​សត្វ​និង​អ្នក​លក់ គួរ​តែ​ស្វែងរក​មុខ​របរ​ចិញ្ចឹម​ជីវិត​ផ្សេង​ទៀត ។ ការជួញដូរ​សត្វ គឺ​វា​មិនមែន​ជាមុខរបរ​សមរម្យ សម្រាប់​អ្នក​ជឿ​លើ​ព្រះពុទ្ធ​សាសនា​ឡើយ»។

ក្រឡេក​ទៅ​មើល​សកម្មភាព​ផ្គត់ផ្គង់​វិញលោក ជឿន លៀង​ក៏បាន​ដឹង​អំពី​រឿងនេះ​ដែរ។ លោកថ្លែងថា៖ « វាអាណិត​គឺ​វាចេះ​តែ​អាណិត​ហើយ ប៉ុន្តែ​សំខាន់​គឺ​ក្រពះ ។ ប៉ុន្តែ​គ្រាន់តែថា យើងមិនមែនវាយវា ឬ​យក​ទៅ​សម្លាប់​ចោល​ទេ គ្រាន់តែ​ថា​យើង​ខ្ចី​ខ្លួនវា​ដើម្បី​យក​ទៅ​លក់​យក​លុយ​តែ​ប៉ុណ្ណោះ​ទេ»។

«ប៉ុន្តែគ្រាន់​តែ​ថា យើង​បាប វាបាប​ហើយ ។ វាមិនមែន​ថា វាមិនបាបទេ ដែល​យើង​បំបែក​បំបាក់​បងប្អូន​គ្រួសារ​គេ ។ តែ​សំខាន់ទីមួយ​គឺក្រពះ​ហ្មង ។ អ្នកណា​មិនខ្លាច​បាប»?

ព្រះតេជគុណ ថូ ធូរស់ ដែល​ជា​ព្រះប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន​ខេត្ត ឧត្តមានជ័យ​មានសង្ឃដីកា​ថា « អាត្មាភាព សូម​បញ្ជាក់​ថា ទង្វើ​ទាំងអស់​ហ្នឹង គួរតែ​បញ្ឈប់។ បើ​យើង​នៅតែ​បន្ត​ការ​ទិញ ហើយ​យក​ទៅ​ព្រលែង ហាក់​ដូចជា លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​លក់ហ្នឹង មាន​សកម្មភាព​យ៉ាង​គឃ្លើន​ទៅ​ទាក់​យក​សត្វហ្នឹង​ឯង​មក​លក់​បន្ត​ទៀត» ។

«សត្វស្លាប​ឬ​ក៏​សត្វ​ដទៃ វា​មាន​ការ​បំលាស់​ទី​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ។ សត្វខ្លះ រហូត​ដល់​ទៅ​ឆ្ងាយ អាចរាប់រយរាប់​ពាន់​គីឡូម៉ែត្រ ។ អ៊ីចឹង​វាអត់​មាន​ការ​ចាប់​យក​មក​ដាក់​ក្នុង​ទ្រុងទេ»។

យ៉ាងណាក្តី ការ​ផ្លាស់ប្តូរ​អាច​កើតមាន ប៉ុន្តែ​ត្រូវការពេល​យូរ។

អ្នកស្រី Griffioen ថ្លែង​ថា៖ «ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​សង្កត់​ធ្ងន់​ថា ការលែង​ចាបដើម្បី​សុំ​សេចក្តីសុខ​គឺ​ជាទំនៀមទម្លាប់បែប​ប្រពៃណី​និង​មិនមែន​ជា​ការប្រតិបត្តិ​តាម​បែប​សាសនា​នោះ​ទេ។ ពួកគេក៏ចង្អុល​បង្ហាញ​ដែរ​ថា ​ការ​ព្រលែង​សត្​វបែបនេះ​មិន​អាច​ចាត់ទុក​ជា​ការ​អាណិតអាសូរនោះ​ទេ ប្រសិន​បើ​ពួកគេ​សម្លាប់​សត្វច្រើនជា​ជាង​ជួយ​សត្វ​ទាំង​នោះ »។

មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ ACCBដែលមាន​អ្នកស្រី Griffioen ជាអ្នកដឹកនាំ បាន​បើក​សិក្ខាសាលា​ជាមួយ​សហគមន៍​សាសនា​ដើម្បី​ផ្តល់​ការ​អប់រំ​ស្តី​ពី​បញ្ហា​ការអភិរក្ស រួម​មាន​ការលែង​ចាប​ដើម្បី​សុំ​សេចក្តី​សុខ​ផងដែរ។

អ្នកស្រី​ Griffioen ថ្លែង​ថា៖ «សហគមន៍​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក​កំពុង​ធ្វើការតស៊ូមតិ​ឱ្យ​មាន​ជម្រើស​ផ្សេង​ជាជាង​ការចាប់​ដើម្បី​លែង​សត្វ។ ឧទាហរណ៍ជម្រើស​មួយប្រកប​ដោយ​និរន្តភាព ចំពោះការលែង​សត្វដើម្បីសុំ​សេចក្តី​សុខ​គឺ​អាច​ជាការ​បរិច្ចាគ​ថវិការ​មក​កាន់បណ្តា​អង្គការ​អភិរក្សនានា ​ដើម្បី​ជួយ​ជ្រោមជ្រែង​ការងារ​ដ៏​សំខាន់​របស់​ពួកគេ»។

អ្នកស្រី​បាន​បន្តទៀត​ថា៖ «ធ្វើបែបនេះ នឹង​អនុញ្ញាត​ឱ្យ​ពុទ្ធសាសនិក​ដែល​ចង់លែង​សត្វ ​បន្ត​រួមចំណែក​នៅ​ក្នុងការប្រតិបត្តិមួយ​ ដែល​ផ្តល់​ប្រយោជន៍​ដល់​សត្វព្រៃ​នៅ​កម្ពុជា​ជាជាង​ធ្វើ​ឱ្យ​សត្វព្រៃ​ទាំង​នោះ​ប្រឈម​នឹង​ហានិភ័យ»៕

អត្ថបទ​និង​រូបភាព​ទាំងនេះ​ត្រូវបាន​ចេញផ្សាយ​ដំបូង​នៅ​ក្នុង​ទស្សនាវដ្តី Post Magazine នៃ​សារព័ត៌មាន South China Morning Post។

​ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា