ភ្នំពេញ — ជីវិតរបស់លោក កែវ សុមុនី បានចាប់ផ្តើមប្រែប្រួល នៅពេលដែលលោកជិតបានចូលកាន់តំណែងថ្មីជាចៅសង្កាត់រងទី ២ នៅសង្កាត់ច្បារអំពៅទី ១ រាជធានីភ្នំពេញ។
ក្រោយការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ លោក កែវ សុមុនី ដែលជាមន្ត្រីមួយរូបបានធ្វើការនៅក្រសួងសុខាភិបាលដ៏យូរឆ្នាំ បានក្លាយជាសមាជិកក្រុមប្រឹក្សាតែមួយគត់របស់គណបក្សភ្លើងទៀននៅសង្កាត់ច្បារអំពៅទី ១ នេះ។
ប៉ុន្តែនៅរសៀលថ្ងៃទី ២១ ខែមិថុនា ប្រាំថ្ងៃមុនពេលលទ្ធផលបោះឆ្នោតឃុំសង្កាត់ផ្លូវការបានប្រកាស អនុប្រធានមួយរូបនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានប្រាប់ឲ្យលោក សុមុនី ទៅនិយាយលាលោកប្រធានរបស់លោក។
លោក សុមុនី ក៏ដើរចូលទៅការិយាល័យលោកប្រធាននាយកដ្ឋាន ឈិត សុផល ហើយបានឃើញស្រោមសំបុត្រពណ៌គគីរមួយនៅលើតុទល់មុខលោក។ លិខិតនោះបានប្រកាសថា លោក កែវ សុមុនី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងសុខាភិបាល ដោយយោងលើហេតុផល «វិធានការខាងវិន័យ»។ ការលុបនេះត្រូវបានអនុម័តចាប់ពីថ្ងៃទី ១៤ ខែមិថុនាតទៅ ដោយមានការចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង។
ក្រោយពីទទួលដំណឹងថាលោក កែវ សុមុនី ត្រូវបានគេបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ ភរិយានិងកូនៗរបស់លោក កែវ សុមុនី ក៏បានចាកចេញទៅរស់នៅគេហដ្ឋានផ្សេងប៉ុន្មានសប្តាហ៍ក្រោយមក។ លោក សុមុនី បន្តស្នាក់នៅផ្ទះនៅក្រុងតាខ្មៅតែម្នាក់ឯង។ លោកបានប្រាប់វីអូអេថា គ្រួសាររបស់លោកធ្លាប់ទទូចឲ្យលោកឈប់ប្រឡូកសកម្មភាពនយោបាយ។ ក៏ប៉ុន្តែ លោកមិនបានស្តាប់តាមពួកគេ។ ដូច្នេះលោកព្រមទទួលយករឿង ដែលបានកើតឡើងទាំងអស់នេះ។
ពេលនេះ លោក សុមុនី កំពុងបន្តទទូចទាមទារឲ្យក្រសួងសុខាភិបាល ផ្តល់ការពន្យល់បកស្រាយលើវិធានការលុបឈ្មោះរបស់លោកពីក្រមខណ្ឌរាជការ ពីព្រោះថារូបលោកបានបម្រើការងារនៅទីនោះអស់រយៈពេល ២៧ ឆ្នាំមកហើយ។
លោក កែវ សុមុនី ប្រាប់វីអូអេថា៖ «ខ្ញុំយល់ថា វាជាការរើសអើងនយោបាយ ជាជាងការអនុវត្តច្បាប់»។
លោកបានថ្លែងទៀតថា៖ «បាទ...វាអាចថាឥលូវនរណាហ៊ានចេញ(មុខ) នឹងអាចមានវាសនាដូចខ្ញុំ»។
យ៉ាងហោចណាស់មានមន្ត្រីរាជការបីនាក់ ដែលជាសមាជិករបស់គណបក្សប្រឆាំងត្រូវបានបណ្តេញចេញពីមុខតំណែងពីក្រមខណ្ឌរដ្ឋ នៅក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីនៃគណបក្សភ្លើងទៀន។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល តម្រូវឲ្យក្រសួងនានាផ្តល់លទ្ធភាពឲ្យមន្ត្រីរាជការមានសិទ្ធិទទួលបានការពន្យល់ចំពោះការលុបឈ្មោះពីក្របខណ្ឌរដ្ឋ ជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់។ ច្បាប់នេះក៏បញ្ជាក់ដែរថា ក្រុមប្រឹក្សាវិន័យមានកាតព្វកិច្ចប្រាប់ទៅអ្នករាជការជាប់ចោទនូវសិទ្ធិរបស់អ្នករាជការ ដោយពួកគេមានសិទ្ធិ និងឱកាសពិនិត្យមើលឯកសារសំណុំរឿងផ្ទាល់ខ្លួន សិទ្ធិសំអាងសាក្សី សិទ្ធិជ្រើសរើសតំណាងការពារខ្លួន សិទ្ធិពន្យល់ដោះសាជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់។
លោក កែវ សុមុនី បានបញ្ជាក់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ ឬប្រមូលយកឯកសារនានារបស់លោកពីក្នុងការិយាល័យនោះទេ ភ្លាមៗបន្ទាប់ពីទទួលបានលិខិតដែលលុបឈ្មោះលោកចេញពីក្របខណ្ឌរាជការ ហើយក្រសួងក៏មិនទាន់ផ្តល់ការពន្យល់ដល់លោក ឬដល់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ។
នៅពេលវីអូអេបានទាក់ទងតាមទូរស័ព្ទទៅកាន់ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោក ឈិត សុផល បានបដិសេធផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីលោក កែវ សុមុនី។ មុនចុចបិទទូរស័ព្ទ លោកបាននិយាយថា៖ «ខ្ញុំអត់មានយោបល់អីទេ។ ខ្ញុំអត់មាននៅក្នុងក្រុមប្រឹក្សាវិន័យអីផង។ ខ្ញុំសុំទោស សុំអធ្យាស្រ័យចុះណា។ ខ្ញុំរវល់ការងារបន្តិច»។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកទូរស័ព្ទ រួចក៏បានចុចបិទទូរស័ព្ទវិញ បន្ទាប់ពីអ្នកសារព័ត៌មានវីអូអេបានណែនាំខ្លួន ហើយផ្តើមសួរសំណួរ។
មន្ត្រីក្រសួងសុខាភិបាលម្នាក់ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចប៉ះពាល់ដល់ការងារខ្លួន បាននិយាយថា លោក «សោកស្ដាយយ៉ាងខ្លាំង» ចំពោះការសម្រេចរបស់ក្រសួង ហើយលោកយល់ថា ក្រសួងគួរបកស្រាយអំពីទោសកំហុសដែលធ្វើឲ្យ លោក កែវ សុមុនី ត្រូវបានបណ្តេញចេញពីការងារ។
មន្ត្រីរូបនេះបានថ្លែងបន្ថែមថា៖ «អត់ដឹងធ្វើម៉េចទេ ព្រោះអីយើងមិនមែនជាថា្នក់ដឹកនាំ ហើយយើងក៏មិនដឹងផ្ទៃក្នុងយ៉ាងម៉េចៗ រឿងរ៉ាវគាត់ពីក្រោយយ៉ាងម៉េច យើងអត់ដឹង»។
ព័ត៌មានទាក់ទង៖ មន្ត្រីគណបក្សភ្លើងទៀនម្នាក់បន្តទាមទារក្រសួងសុខាភិបាល ឱ្យបញ្ជាក់មូលហេតុនៃការលុបឈ្មោះខ្លួនចេញពីក្របខណ្ឌរដ្ឋ
«អត់មានអ្នកហ៊ាន»
ជិត ៣០ ឆ្នាំហើយដែល លោក កែវ សុមុនី បានសាងអាជីពនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ កើតនៅឆ្នាំ ១៩៧០ នៅស្រុកកោះធំ ខេត្តកណ្តាល លោកចង់ធ្វើជាគ្រូបង្រៀន។ ក៏ប៉ុន្តែលោកបានខកខានក្នុងការដាក់ពាក្យចូលរៀននៅសាលាគរុកោសល្យ។ ដូច្នេះ នៅឆ្នាំ ១៩៩១ លោកក៏បង្វែរមកដាក់ពាក្យចូលរៀននៅសាលាកម្មាភិបាលសុខាភិបាលមជ្ឈឹមជំនួសវិញ ដែលក្រោយមកសាលានេះបានប្តូរឈ្មោះមកជាសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ស្ថិតនៅក្រោមសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសព្វថ្ងៃនេះ។
ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា នៅឆ្នាំ ១៩៩៥ លោកត្រូវបានជ្រើសរើសឲ្យបម្រើការងារនៅក្នុងក្របខណ្ឌនៃក្រសួងសុខាភិបាល។ លោកបានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជាច្រើននៅតាមបណ្តាខេត្តនានា ហើយបានបន្តការសិក្សាដោយទទួលបានជំនាញបន្ថែមផ្នែកសុខភាពផ្លូវចិត្ត។ នាឆ្នាំ ២០០០ លោកបានចុះកម្មសិក្សានៅនៅមន្ទីរពេទ្យរដ្ឋហ្វីលីពីនឈ្មោះ Philippines General Hospital នៅឯទីក្រុងម៉ានីឡា។ នៅទីនោះ លោកបានបំពេញការងារផ្នែកព្យាបាលសុខភាពផ្លូវចិត្ត។ ពេលត្រឡប់មកកម្ពុជាវិញ លោក កែវ សុមុនី បានបន្តបម្រើការងារនៅក្រសួងសុខាភិបាល ហើយបានចូលសិក្សាថ្នាក់អនុបណ្ឌិតជំនាញចិត្តវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតការសិក្សាលើការប៉ះទង្គិចផ្លូវចិត្ត។
គុណវុឌ្ឍិបានពីជំនាញសុខភាពផ្លូវចិត្តនេះហើយដែលអាចឲ្យលោកស្នើផ្លាស់ការងារទៅនាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលនៅឆ្នាំ ២០១៤ ហើយបន្តធ្វើការងារផ្នែកនេះបាន ៨ ឆ្នាំ មកទល់ថ្ងៃគេបណ្តេញលោកចេញពីចេញពីក្របខណ្ឌរាជការ។ នៅទីនោះ លោក កែវ សុមុនី ថា លោកទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែជាង ១ លាន ៦ សែនរៀល ឬជាង ៤០០ ដុល្លារអាមេរិក។
ខណៈដែលលោក សុមុនី ជាមន្ត្រីនៅក្រសួងសុខាភិបាល នៅឆ្នាំ ២០១២ ភរិយារបស់លោកបានជាប់ឆ្នោតកាន់តំណែងជាចៅសង្កាត់រងទី ២ មកពីគណបក្ស សម រង្ស៊ី ប្រចាំសង្កាត់ច្បារអំពៅទី ១។ ហើយបន្ទាប់មក នៅឆ្នាំ ២០១៧ អ្នកស្រីបានឈ្នះតំណែងដដែលម្តងទៀត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ ដែលពេលនោះអ្នកស្រីជាបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ។ អ្នកស្រីបានបម្រើការងារនេះរហូតដល់ថ្ងៃដែលតុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ ២០១៧ ដដែល។ អ្នកស្រីក៏បានសម្រេចចិត្តឈប់ពីសកម្មភាពនយោបាយដោយសារតែលំហសេរីភាពនយោបាយសម្រាប់សមាជិកគណបក្សប្រឆាំងនៅកម្ពុជាកាន់តែរួមតូច ហើយកូនប្រុសនិងកូនស្រីរបស់អ្នកស្រី យល់ស្របថា ពួកគេមិនចង់ឲ្យឪពុកម្តាយរបស់ពួកគេប្រឡូកក្នុងវិស័យនយោបាយដែរ ដោយសារកត្តាសុវត្ថិភាព។
ចាប់តាំងពីឆ្នាំ ២០១៧ មក សកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ត្រូវបានកាត់ទោសជាបន្តបន្ទាប់ ក្រោយគណបក្សពួកគេត្រូវបានរំលាយ ហើយអ្នករិះគន់រដ្ឋាភិបាលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារក្រោមបទល្មើសនានា ដោយសារតែសកម្មភាពរបស់ពួកគេ រាប់ចាប់ពីការរៀបចំការតវ៉ា រហូតដល់ការបង្ហោះសារ «ប្រមាថ» ឬ «ញុះញង់» នៅលើបណ្តាញសង្គមហ្វេសប៊ុកជាដើម។
លោក កែវ សុមុនី បានចូលរួមសកម្មភាពជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំមកហើយដែរ។ លោកក៏ជាអ្នកគាំទ្រនិងដើរតាមលោក សម រង្ស៊ី តាំងពីពេលដែល លោក រង្ស៊ី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៥ លោក សុមុនី បានចូលរួមនឹងគណបក្សជាតិខ្មែរ ដែលលោក សម រង្ស៊ី បានបង្កើតឡើង ហើយប៉ុន្មានឆ្នាំក្រោយមក លោក សុមុនី ត្រូវបានតែងតាំងជា ថ្នាក់ដឹកនាំបណ្តាញរបស់គណបក្សនេះតាមមូលដ្ឋានសម្រាប់សង្កាត់ច្បារអំពៅទី ១។ ប៉ុន្តែ លោក សុមុនី មិនសូវចេញមុខប៉ុន្មានទេ។ លោកថា លោកគ្រាន់តែអនុវត្តសកម្មភាពនយោបាយរបស់លោក «ដោយប្រយោល» តែប៉ុណ្ណោះ ។
ទោះជាយ៉ាងនេះក្តី ភក្តីភាពស្មោះស្ម័គ្ររបស់លោកទៅនឹងគណបក្សប្រឆាំង មិនអាចបិទបាំងជិតពីកែវភ្នែកថ្នាក់លើនៅឯក្រសួងនោះទេ។ ភ្លាមៗក្រោយការរំលាយគណបក្សសង្គ្រោះជាតិលោក សុមុនី ត្រូវបានថ្នាក់ដឹកនាំខ្លួននៅក្នុងក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យចុះចូលជាមួយគណបក្សកាន់អំណាច។ លោក សុមុនី បានបដិសេធ។
ផ្ទុយទៅវិញ លោកបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនចៅសង្កាត់តាមរយៈគណបក្សភ្លើងទៀន ជំនួសភរិយារបស់លោក។ គណបក្សភ្លើងទៀន បានចាប់ផ្តើមសកម្មភាពនយោបាយសាជាថ្មីកាលពីឆ្នាំ ២០២១ ដោយមានការចូលរួមពីអតីតមន្ត្រីគណបក្សប្រឆាំងត្រលប់មកធ្វើនយោបាយវិញ។
លោក កែវ សុមុនី បានប្រាប់វីអូអេថា៖ «ខ្ញុំចង់ឲ្យនៅសង្កាត់ច្បារអំពៅទី ១ ហ្នឹង មានការប្រកួតប្រជែងដោយមានគណបក្សចម្រុះ ពិសេសការងារក្រុមប្រឹក្សា ដើម្បីអាចបំពេញការងារ[ជូន]ប្រជាជនបានដោយរលូន។ បើសិនមានតែគណបក្សតែមួយ អ៊ីចឹងការបម្រើសេវាជូនប្រជាពលរដ្ឋវាអាចមិនសូវបានរលូនប៉ុន្មានទេ ដោយសារអត់មានមតិផ្ទុយ។ ដើម្បីឲ្យមានសេវាចម្រុះ ឬមតិចម្រុះនៅមូលដ្ឋាន ខ្ញុំក៏មកឈរ[ឈ្មោះ]ទៅ»។
លោកបានថ្លែងបន្ថែមថា៖ «នៅសង្កាត់ច្បារអំពៅទី ១ នេះ បើខ្ញុំអត់ឈរជាបេក្ខជនចៅសង្កាត់ទេ អត់មាននរណាហ៊ានឈរទេ»។
លោក លី ណេ ចៅសង្កាត់រងទី ២ នៃសង្កាត់និរោធ ជាសង្កាត់ក្បែរខាងនឹងសង្កាត់ច្បារអំពៅទី ១ បានប្រាប់វីអូអេថា លោក កែវ សុមុនី បានធ្វើតាមលំណែនាំផ្លូវការដែលតម្រូវឲ្យមន្ត្រីរាជការដែលចង់ប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នេះ ដាក់ពាក្យសុំច្បាប់ពិសេស ហើយនៅលិខិតសុំច្បាប់ពិសេសនោះមានការយល់ព្រមពីប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តរបស់លោក គឺលោក ឈិត សុផល។ លោក លី ណេ យល់ថា ការបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការដោយពុំមានការពន្យល់លម្អិតអំពីកំហុសបែបនេះ ជារឿងអយុត្តិធម៌ បើទោះបីមានការបំពេញបែបបទត្រឹមត្រូវក្តី។
លោក លី ណេ ប្រាប់វីអូអេថា លោក សុមុនី បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតក្នុងគោលបំណងដើម្បីឲ្យការបោះឆ្នោតនេះមានលក្ខណៈប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «នៅក្នុងសង្កាត់ច្បារអំពៅទី ១ និយាយឲ្យចំ បើសិនគ្រួសារ [ភរិយា] គាត់ គុយ ឃីម ហ្នឹង សម្រាកអ៊ីចឹងទៅ អ្នកផ្សេងៗ គឺគាត់អត់ធ្វើការចូលរួមអ៊ីចឹងទៅ។ ហើយក៏ កែវ សុមុនី ហ្នឹង ចូលជំនួសគ្រួសារគាត់ ដើម្បីលើកស្ទួយសង្កាត់ច្បារអំពៅទី ១ ដើម្បីកុំឲ្យអត់មានគណបក្សភ្លើងទៀនចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត។ គាត់មិនចង់ឲ្យថា មិនមានការប្រកួតប្រជែង។ [ដូច្នេះ] ដើម្បីឲ្យមានការប្រកួតប្រជែង គឺគាត់ឈ្មុសឈ្មុល ស្ទុះស្ទា ដើម្បីរកបេក្ខភាពផ្សេងៗទៀត ដើម្បីចូលរួមឈរនៅក្នុងគណបក្សភ្លើងទៀនហ្នឹង»។
ការតស៊ូ និងទាមទារនៅតែបន្ត
អ្នកវិភាគនយោបាយកម្ពុជាមួយរូបគឺ លោក មាស នី បានប្រាប់វីអូអេថា ករណីបណ្តេញលោក កែវ សុមុនី ពីក្របខណ្ឌនេះ ហាក់ដូចជាករណីជាក់ស្តែងមួយនៃការរើសអើងនយោបាយ។
លោកបានមានប្រសាសន៍ថា៖ «ឲ្យតែអ្នកហ្នឹងឯងត្រូវបានគេសង្ស័យថាជាអ្នកពាក់ព័ន្ធជាមួយគណបក្សប្រឆាំង ឬមួយគ្រាន់តែមិនច្បាស់លាស់អីទេ ប៉ុន្តែដោយសារអ្នកហ្នឹងឯងមាត់ធំពេក ចេះតែរិះគន់គេ ក៏អាចគេចាត់ទុកជាអ្នកក្នុងគណបក្ស អ្នកប្រឆាំងដែរ នោះច្រើនតែមិនសូវមានសំណាងក្នុងការឲ្យងារ ឲ្យបុណ្យសក្តិ ឬទទួលតួនាទីអ្វីសំខាន់ទេ នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ។ ដោយឡែកយើងសង្កេតឃើញមានអ្នកខ្លះគ្រាន់តែបង្ហាញពីរឿងចាក់ចេក ចាក់ស្ករឲ្យគណបក្សអីតិចតួចក៏បានឡើងបុណ្យសក្តិ ឡើងលាភសំណាង»។
លោកបានលើកឡើងបន្ថែមថា គណបក្សភ្លើងទៀន មិនអាចធ្វើអ្វីបានច្រើនទេអំពីរឿងនេះ។
លោកថ្លែងថា៖ «បើយើងនិយាយឲ្យស្រួលទៅ ថាគណបក្សនយោបាយហ្នឹងគួរតែមានស្អីទៅជួយគាត់ ក៏ប៉ុន្តែរឿងហ្នឹងវាមិនមែនជាដំណោះស្រាយមួយសម្រាប់រយៈពេលយូរអង្វែងទេ ព្រោះយើងដឹងហើយថា គណបក្សដែលក្រៅពីគណបក្សកាន់អំណាច គ្នាមិនមានមធ្យោបាយអីធំធេងសម្រាប់ចិញ្ចឹមមនុស្សទេ។ បើគណបក្សកាន់អំណាច គាត់មាន។ ប៉ុន្តែរឿងសំខាន់បំផុត គឺយុត្តិធម៌ យុត្តិធម៌សង្គមសម្រាប់គ្នាដែលចូលធ្វើនយោបាយ»។
នាពេលបច្ចុប្បន្ននេះ លោក កែវ សុមុនី បានឲ្យដឹងថា លោកកំពុងធ្វើការតស៊ូបន្តទៀតតាមផ្លូវតុលាការ។ លោកប្រាប់វីអូអេថា ពេលនេះលោកបានដាក់ពាក្យបណ្តឹង ស្នើឲ្យមានការលុបចោលប្រកាសស្តីអំពីការលុបឈ្មោះលោកជាមន្ត្រីរាជការចេញពីក្របខណ្ឌ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សភ្លើងទៀនបានបញ្ជាក់ថា គណបក្សមិនទាន់មានការពិភាក្សា ឬកិច្ចអន្តរាគមន៍ណាមួយនៅឡើយជាមួយនឹងក្រសួងសុខាភិបាល ក្នុងករណីនេះទេ។ ប៉ុន្តែគណបក្សនេះនឹងព្យាយាមជួយលោក កែវ សុមុនី ដោយផ្តល់ការគាំពារជាមេធាវី ឬការប្រឹក្សាផ្នែកនីតិវិធី ប្រសិនបើលោកត្រូវការ។
លោកមេធាវី សេក សោភ័ណ្ឌ បានប្រាប់វីអូអេថា លោកមិនអាចពន្យល់ដោយឡែកបានទេទៅលើករណីលោក កែវ សុមុនី។ ប៉ុន្តែ លោកបាននិយាយជារួមថា បើតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ការលុបឈ្មោះចេញក្របខណ្ឌនេះចាំបាច់ណាស់ត្រូវឆ្លងកាត់នូវការព្រមានជាផ្លូវការ ដោយលាយលក្ខណ៍ ឬដោយផ្ទាល់មាត់ អំពីទោសកំហុស ឬបទល្មើសដែលបុគ្គលរាជការត្រូវចោទនោះបានប្រព្រឹត្ត ។
លោក សេក សោភ័ណ្ឌ បានថ្លែងបន្ថែមថា៖ «ប្រសិនបើជាគាត់អត់មានកំហុសទេ ការលុបហ្នឹងអាចមានកំហុស»។
លោក កែវ សុមុនី កំពុងបន្តការងារក្នុងតំណែងជាចៅសង្កាត់រង ឬជំទប់ទី ២ នៃសង្កាត់ច្បារអំពៅទី ១ ដែលជាអតីតតំណែងរបស់ភរិយាលោក បើទោះបីភរិយាលោកពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុននាឆ្នាំ ២០១៧ អតីតគណបក្សសង្គ្រោះជាតិបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាចំនួន ៤ អាសនៈ ក្នុងចំណោម ៩ អាសនៈ។ ប៉ុន្តែឥឡូវនេះ គឺមានតែអាសនៈរបស់លោក កែវ សុមុនី តែមួួយគត់ដែលបានពីសំឡេងឆ្នោតគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។ ក្រៅពីនោះ ៨ អាសនៈ ទៀតជាក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា។
ចៅសង្កាត់ច្បារអំពៅទី ១ លោក ហួត ពៅ មានប្រសាសន៍ថា ការងារក្រុមប្រឹក្សាឃុំសង្កាត់មិនមានអ្វីខុសគ្នាពីអាណត្តិមុនៗទេ ទោះមាន ឬគ្មានគណបក្សប្រឆាំង។ លោក ហួត ពៅ ជាសមាជិកគណបក្សកាន់អំណាច បានប្រាប់វីអូអេថា លោកគ្មានយោបល់អ្វីទាក់ទិននឹងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលលើការលុបក្របខណ្ឌរាជការរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់លោកនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «គ្រាន់តែពូយល់អ៊ីចឹង គឺយល់ថា បុគ្គលម្នាក់មិនអាចទទួលប្រាក់ខែ ឬប្រាក់ឧបត្ថម្ភពីរដ្ឋពីរកន្លែងទេ។ ដោយសារគាត់មានតួនាទីពីរ អ៊ីចឹងមិនអាចនេះបានទេ ត្រូវតែចោល [តួនាទី] មួយ»។
បច្ចុប្បន្ននេះលោក កែវ សុមុនី ព្យាយាមធ្វើយ៉ាងណាឲ្យរូបលោករវល់នឹងការងារ និងកំពុងរង់ចាំប្រាក់ឧបត្ថម្ភប្រមាណ ៨០ ម៉ឺនរៀល ឬ ២០០ ដុល្លារអាមេរិក ជាប្រាក់បៀវត្សរ៍ប្រចាំដែដំបូងពីការងារថ្មីជាចៅសង្កាត់រងទី ២ ដែលរៀបនឹងបើកបាននៅចុងខែ សីហានេះ។
ថ្មីៗនេះ លោកត្រូវបានចាត់ឲ្យដោះស្រាយជម្លោះរវាងអ្នកជិតខាងពីរនាក់។ នៅក្នុងជម្លោះនេះ ប្រជាពលរដ្ឋម្នាក់ជួសជុលផ្ទះរបស់ខ្លួន ហើយចង់ដាក់កុងទ័រភ្លើងនៅជាប់ផ្ទះអ្នកជិតខាង ដោយបង្កឲ្យមានការខឹងសម្បារពីម្ចាស់ផ្ទះជាអ្នកជិតខាងនោះ។
លោក កែវ សុមុនី បានលើកឡើងថា លោកបានដោះស្រាយជម្លោះនេះរួចរាល់ និងបានជោគជ័យដោយប្រើយុទ្ធសាស្ត្រ ដែលលោកបានរៀនពីផ្នែកចិត្តវិទ្យា ហើយជាអ្វីដែលក្រុមប្រឹក្សាឃុំសង្កាត់មុនៗ មិនអាចធ្វើបានដោយរហ័ស បើទោះបីជាពួកគេបានព្យាយាមដោះស្រាយរឿងនេះអស់រយៈពេលជាង ៦ ខែហើយក៏ដោយ។
លោកបានថ្លែងថា៖ «ការងារហ្នឹង វាថ្មីដែរសម្រាប់ខ្ញុំ ព្រោះកន្លងមក ខ្ញុំអត់ដែលធ្វើការងារហ្នឹងដែរ។ ប៉ុន្តែទាក់ទងនឹងការសម្របសម្រួល ដោះស្រាយទំនាស់អ្វីទាំងអស់នេះ វាទាក់ទងនឹងរឿងផ្លូវចិត្តដែរ ប្រើកត្តាចិត្តសាស្ត្រដែរ»៕