ស្រ្តី​ខ្មែរ​អាមេរិកាំង​ចេញផ្សាយ​សៀវភៅ​ម្ហូប​ខ្មែរ​ដើម្បី​រៃអង្គាស​ប្រាក់​កសាង​សាលា​រៀន

ស្រ្តី​ខ្មែរ​អាមេរិកាំង​ចេញផ្សាយ​សៀវភៅ​ម្ហូប​ខ្មែរ​ដើម្បី​រៃអង្គាស​ប្រាក់​កសាង​សាលា​រៀន

ពិត​មែន​តែ​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​ជាតិ​យ៉ាងណា​ក៏​ដោយ​តែ​គំនិត​និង​មនោសញ្ចេតនា​នៅតែ​នឹក​អាឡោះ​អាល័យ​ស្រុក​កំណើត​របស់​ខ្លួន​ជានិច្ច។អ្នកស្រី ​ណារីន​ សេង​ ចេមសុន​ (Narin​ Seng ​Jameson​) ជនជាតិ​ខ្មែរ-អាមេរិកាំង​បាន​សរសេរ​សៀវភៅ​ម្ហូប​ខ្មែរ​មាន​ឈ្មោះ​ថា«​របៀប​ធ្វើ​ម្ហូប​ខ្មែរ» (Cooking​ the ​Cambodian​ Way)​ គោលបំណង​គឺ​ដើម្បី​ផ្សព្វ​ផ្សាយពី​ការធ្វើ​ម្ហូប​ខ្មែរ​និង​យក​ប្រាក់​ដើម្បី​ជួយ​អង្គការ Caring​ for ​Cambodia​ ជួយ​កសាង​សាលារៀន​សម្រាប់​សិស្ស​ខ្មែរ​នៅ​ខេត្ត​សៀមរាប។

ការ​ផ្សព្វផ្សាយ​សៀវភៅ​នេះបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធទី​៨ខែ​មិថុនា​ដើម​ខែ​នេះ ​នៅសមាគម​ ​Asia​ Society​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី​ណារីន ​សេង​ ចេមសុន​ (Narin Seng​ Jameson) ​ជា​អ្នក​និពន្ធ​សៀវភៅ​បាន​ប្រាប់​ VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ អ្នកស្រី​បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំដើម្បី​កត់​ត្រា​និង​សរសេរ​សៀវភៅ​នេះ។ អ្នកស្រី​មាន​ប្រសាសន៍​ថា​ ទោះបី​អ្នក​ស្រី​មាន​ស្វាមី​ជាអ្នក​ការទូត​ជាតិ​អាមេរិកាំង​ហើយ​អ្នកស្រី​និង​ស្វាមី​បានរស់​នៅ​ប្រ​ទេស​ជា​ច្រើន​ក៏ដោយ​ អ្នកស្រី ​តែងតែ​ធ្វើ​ម្ហូប​ខ្មែរ​ទទួល​ភ្ញៀវ​ដែល​ជា​មិត្តភក្តិ​របស់​គ្រួសារ​អ្នកស្រី​ជានិច្ច។

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ក្នុង​សៀវភៅ​ម្ហូប​ខ្មែ​ររបស់​អ្នកស្រី​នោះ​ មាន​មុខ​ម្ហូប​ចំនួន​៨៤​មុខ​ហើយ​មុខម្ហូប​និមួយ​ៗ​មាន​រូបថត​ដែល​សរសេរ​រៀបរាប់​ពី​គ្រឿង​ផ្សំ​និង​ពីវិធី​ធ្វើ​ម្ហូប​ហើយ​ក៏​មាន​និយាយ​ពីវប្បធម៌​ខ្មែរ​និង​ទេសចរណ៍​ខ្មែរ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

«ខ្ញុំ​ចូលចិត្ត​ម្ហូប​ណា​តាំង​បាយក្តាំង​ នាង​ឡាវ​ ណែម​ ចៀនចួន​ ប្រហុក​គ្រឿង​ សុទ្ធតែ​គ្រឿង​ខ្មែរ​សុទ្ធសាធ។ ហើយ​នៅក្នុង​សៀវភៅ​នោះ​ក៏​មាន​ម្ហូប​បារាំង​ខ្លះ​ដែរ​ពីព្រោះ​ខ្មែរ​យើង​ក៏​ចូលចិត្ត​ម្ហូប​បារាំង​ដែរ»។

លោក ​អាឌ្រាន ស្តូវឺ (Adrian ​Stover)​ ជា​អតីត​អ្នកធ្វើការ​ស្ម័គ្រចិត្ត​របស់​អង្គការ​ Peace ​Corps ​ក្នុង​ប្រទេស​កម្ពុជា​ពីឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១០​ ដែល​ជា​ទីកន្លែង​ដែល​លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសាអង់​គ្លេស​នៅក្នុង​ខេត្ត​សៀមរាប។

«ខ្ញុំ​ចូលចិត្ត​ម្ហូប​ខ្មែរ។ ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ឡុកឡាក់​ជាមួយ​បាយ​និង​ពង​មាន់។ម្ហូប​នេះ​ឆ្ងាញ់​ណាស់»។

ប្រាក់​ដែល​បាន​មកពី​ការលក់​សៀវភៅ​នេះ​គឺ​ផ្តល់ទៅ​ឲ្យ​អង្គការ ​Caring ​for​ Cambodia ​ដែល​ជា​អង្គការ​មួយ​ជួយ​សិស្ស​ក្រីក្រ​នៅក្នុង​ខេត្ត​សៀមរាប។

លោកស្រី​ ជេមមី អាមេលីអូ (Jamie ​Amelio)​ ប្រធាន​អង្គការ​ Caring ​for ​Cambodia​ បាន​ប្រាប់​អ្នកចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​សៀវភៅ​ថា​ លោកស្រី​បាន​ជួប​នឹង​ក្មេងស្រី​តូច​ម្នាក់នៅខេត្ត​សៀមរាប​មក​សុំ​ប្រាក់​លោកស្រី​មួយ​ដុល្លារ។

«ខ្ញុំ​មើល​ក្មេង​ស្រី​តូច​នោះ​ នាង​មិនមែន​សុំ​ប្រាក់​ខ្ញុំ​មួយ​ដុល្លារ​ទេ​ តាមពិត​នាង​សុំ​ខ្ញុំ​ឲ្យជួយ​នាង។​ សម្លៀក​បំពាក់​របស់​នាង​រហែក​រយ៉េរយ៉ៃ​ មុខ​ក្រៀម​ក្រំ​ហើយ​សក់​កន្ទ្រើង»។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​លោកស្រី​បាន​ទៅ​មើល​ថ្នាក់​រៀន​របស់​នាង​ ថ្នាក់​រៀន​នោះ​មាន​ស្ថានភាព​រញ៉េរញ៉ៃ ​សិស្ស​៤ ​ទៅ​៥​នាក់​អង្គុយ​លើ​កៅអី​មួយ។ ហើយ​ជួនកាល​គ្រូ​មក​បង្រៀន​ហើយ​ជួនកាល​មិន​មក​បង្រៀន​ទេ។

«ក្មេងស្រី​នោះ​បាន​ប្រាប់​ខ្ញុំ​ថា​ យើង​មាន​ខ្មៅដៃ​មួយ​ យើង​ត្រូវ​កាច់ចែក​គ្នា​សរសេរ។ ខ្ញុំ​ក៏​បាន​ឲ្យ​លុយ​ទៅ​នាង»។

លោកស្រី​បាន​វិល​ត្រឡប់​មកកាន់​ប្រទេសសឹង្ហបូរី​វិញ​ហើយ​បាន​និយាយ​ប្រាប់​មិត្តភក្តិ​របស់​លោកស្រី​ពី​ផែនការ​ជួយ​ក្មេង​ក្រីក្រ​ឲ្យ​បាន​ចូល​រៀន។​ ​បី បួន​ខែ​ក្រោយ​មក​ មិត្តភក្តិ​បាន​ផ្តល់​ជា​ខោអាវ ​ម៉ាស៊ីន​កំព្យូទ័រ​និង​ប្រាក់​សម្រាប់​អង្គការ​របស់​លោកស្រី។

សៀវភៅ​ «Cooking ​the ​Cambodia ​Way»​ លក់​បាន​ច្រើន​ជាង​ចំនួន​អ្នក​ចូល​រួម។

លោកស្រី​រស្មី ​ណូរីន ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ខ្មែរ ​រស់នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ សព្វថ្ងៃ​នេះ​លោកស្រី​ជា​មន្រ្តី​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អា​មេ​រិក​មាន​ប្រសាសន៍​ថា​លោកស្រី​បាន​ទិញ​សៀវភៅ​នេះ​ជា​ច្រើន​ក្បាល​គោល​បំណង​គឺ​ដើម្បី​រៀន​ពី​វិធី​ធ្វើ​ម្ហូបខ្មែរ​ហើយ​ម៉្យាងទៀត​គឺ​ដើម្បី​ផ្តល់​ប្រាក់​ជួយ​កសាង​សាលា​រៀន​ផង។

«ខ្ញុំ​ធ្វើ​ម្ហូប​ខ្មែរ​បង្ហាញ​ពួកម៉ាក​ ពីព្រោះ​អត់មាន​ភោជនីយដ្ឋាន​លក់​ម្ហូប​ខ្មែរ​នៅ​វ៉ាស៊ីនតោន​ទេ​ ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​ម្ហូប​ខ្មែរ​ ពីព្រោះ​មានតែ​ម្ហូប​ថៃ។ ថៃមាន​ភោជនីយដ្ឋាន​ច្រើន​ណាស់​ អត់​មាន​ភោជនីយដ្ឋាន​ខ្មែរ​សោះ​ ដូច្នេះ​ចង់​ធ្វើ​ខ្មែរ​ឲ្យ​គេ​ស្គាល់។ ហើយ​ម្ហូប​ដែល​ខ្ញុំ​ធ្វើ​គឺ​ស្រួល​ៗ​ដូចជា​ឆាខ្ញី​ ជាដើម»។

អ្នកស្រី​ណារីន​មាន​ប្រសាសន៍​ថា​ សៀវភៅ​ «Cooking ​the ​Cambodian Way»​ មាន​គ្រប់​នៅទីកន្លែង​ទាំងក្នុង​ប្រទេស​កម្ពុជា​ហើយ​ឥឡូវនេះ​ក៏​មាន​លក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិកផង​ដែរ។ អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​សៀវភៅ

នេះ​បាន​បោះពុម្ភ​ចំនួន​១.៥០០​ក្បាល។ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សៀវភៅ​នេះ​លក់​នៅ​បណ្ណាគារ​ និង​អាកាសយានដ្ឋាន​ជាដើម៕