Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ នៅពេលដែលសហគមន៍អន្តរជាតិប្រតិកម្មចំពោះការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិតាំងទីលំនៅក្នុងប្រទេសកម្ពុជា តំណាងជនរងគ្រោះនៅបឹងកក់និងបូរីកីឡាក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា សិទ្ធិតាំងលំនៅនិងសិទ្ធិរបស់ពួកគេត្រូវរំលោភបំពាន ហើយថារដ្ឋាភិបាលខកខានក្នុងការដោះស្រាយ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងថា៖ «រដ្ឋាភិបាលមានកាតព្វកិច្ចដោះស្រាយជូនពួកខ្ញុំ ក្នុងនាមពួកខ្ញុំជាប្រជាពលរដ្ឋ ម្ចាស់អំណាចមិនមែនទុកពួកខ្ញុំដូចជាកូនដែលតែលតោលដែលគ្មានអាណាព្យាបាលដូច្នេះទេ ព្រោះប្រទេសមានច្បាប់មានទម្លាប់ ហើយជាពិសេសប្រទេសកម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ»។
អ្នកស្រី ជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាបានអះអាងថា៖ «មកដល់ពេលនេះប្រជាពលរដ្ឋជាង១០០គ្រួសារហ្នឹងមិនទាន់បានទទួល សំណងពីក្រុមហ៊ុនទេ ពីរាជរដ្ឋាភិបាលទេ។ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ខ្ញុំគឺទឹកភ្នែក ទឹកសំបោរគ្រប់បែបយ៉ាង ហើយទទួលរងគ្រោះថ្នាក់គ្រប់បែបយ៉ាង»។
អ្នកស្រី ទេព វន្នី និងអ្នកស្រី ជុំ ង៉ាន់ថ្លែងដូច្នេះក្នុងពេលអញ្ជើញជាវាគ្មិន នៃកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។
ពលរដ្ឋបឹងកក់៦៤គ្រួសារហើយពលរដ្ឋនៅបូរីកីឡា១១០គ្រួសារ មិនត្រូវគេផ្តល់ កម្មសិទ្ធិជូនទេ ក្រោយពីមានការបណ្តេញចេញ។ ពលរដ្ឋទាំងនោះបានដាក់ញត្តិ នៅស្ថានទូតជាច្រើនដើម្បីឲ្យមានដំណោះស្រាយក្រោយពេលរដ្ឋាភិបាលមិន បានផ្តល់ការទាមទារដែលពួកគេអាចទទួលយកបាន។ ពួកគេបានទាមទារឲ្យមានការដោះលែងជនរងគ្រោះពីរនាក់ គឺអ្នកស្រី យ៉ោម បុប្ផា នៃបឹងកក់និងអ្នកស្រី ទឹម សាក់មុន្នី នៃភូមិបូរីកីឡា ដែលត្រូវចាប់ឃុំខ្លួនជាបន្តបន្ទាប់ថ្មីៗនេះ ដោយសារតែការតវ៉ារឿងផ្ទះសម្បែងដីធ្លីរបស់ពួកគេ។
លោក អំ សំអាត ដែលជាវាគ្មិនទីបីក្នុងកម្មវីធីហេឡូវីអូអេបានថ្លែងដែរថា រដ្ឋាភិបាលត្រូវបញ្ឈប់ការបណ្តេញចេញពីលំនៅដ្ឋាន ដោយគោរពច្បាប់ដែលរដ្ឋាភិបាលបានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស។
«អញ្ចឹងបើអនុវត្តទៅតាមគោលការណ៍ច្បាប់ គឺត្រូវរើសការតាំងទីលំនៅដោយ មានលំនៅដ្ឋានសមរម្យដូចខ្ញុំលើកឡើងថា ត្រូវតែគោរពសិទ្ធិរបស់ពលរដ្ឋនិង សិទ្ធិមានជម្រកសមរម្យ សេចក្តីថ្លៃថ្នូរនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»៕