អ្នកលក់សៀវភៅ និងក្រុមហ៊ុនបោះពុម្ពសៀវភៅនៅទីក្រុងហុងកុង ឥឡូវនេះស្ថិតក្រោមការគំរាមកំហែងធ្ងន់ធ្ងរ បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មីរបស់ចិនលើទីក្រុងហុងកុងត្រូវបានអនុម័តកាលពីខែកក្កដាមក។
ឥឡូវនេះអ្នកលក់សៀវភៅអាចល្មើសច្បាប់ដោយមិនដឹងខ្លួន ដែលមានការពិន័យធ្ងន់ធ្ងរក្រោមបទចោទប្រកាន់មិនច្បាស់លាស់ដូចជា «ការបំបែកបំបាក់ប្រទេសជាតិ» និង «វិទ្ធង្សនា» ជាដើម។
រោងពុម្ព Hillway Press ដែលជារោងពុម្ពឯករាជ្យមួយនៅក្នុងទីក្រុងហុងកុង បានបោះពុម្ពភាគច្រើនសៀវភៅរឿងប្រលោមលោក និងសៀវភៅសិក្សាផ្សេងៗទៀត។ បន្ទាប់ពីមានចលនាបាតុកម្មប្រឆាំងនឹងសំណើវិសោធនកម្មច្បាប់បត្យាប័នកាលពីឆ្នាំមុនមក រោងពុម្ពនេះបានចាប់ផ្ដើមបោះពុម្ពសៀវភៅអំពីបញ្ហាសង្គម។ រោងពុម្ពនេះបានបញ្ជាក់ថា អាជ្ញាធរកំពុងស្វែងរកលេសដើម្បីដាក់ទណ្ឌកម្មជាសាធារណៈលើអ្នកណាម្នាក់ជាឧទាហរណ៍សម្រាប់អ្នកផ្សេងៗទៀត។
អ្នកធ្វើការនៅរោងពុម្ព Hillway Press ដែលបានសំណូមពរសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «រោងពុម្ពនេះទទួលបានដំណឹងថា អ្នកនយោបាយកំពុងស្វែងរកក្រុមហ៊ុនណាដែលបោះពុម្ពសៀវភៅនយោបាយ ដើម្បីអារកមាន់គំរាមស្វា»។
លោកបាននិយាយថា ឥទ្ធិពលនៃការរឹតត្បិតនេះហាក់ដូចជាមានជាយូរមកហើយ គឺមុនការអនុម័តច្បាប់សន្តិសុខជាតិថ្មីនេះទៅទៀត។ សៀវភៅចុងក្រោយដែលរោងពុម្ពនេះបានចេញផ្សាយមានចំណងជើងថា «ឆ្ពោះទៅកាន់សេរីភាព (To Freedom)»។ សៀវភៅនេះមានអត្ថបទអំពីចលនាបាតុកម្មប្រឆាំងសំណើវិសោធនកម្មច្បាប់បត្យាប័ន ហើយវាត្រូវបានរោងពុម្ព ៦ បដិសេធមិនបោះពុម្ព។
ការរៀបគម្រោង និងព្រាងសៀវភៅនេះបានចាប់ផ្ដើមឡើងកាលពីខែមេសា។ នៅពេលដែលសំណៅព្រាងនៃសៀវភៅនេះត្រូវបានបញ្ចប់នៅខែឧសភា គណបក្សកុម្មុយនីស្តចិនបានដាក់ច្បាប់ស្ដីពីសន្តិសុខជាតិហុងកុងចូលទៅក្នុងរបៀបវារៈពិភាក្សារបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។
ក្រុមហ៊ុនដៃគូជាយូរមកហើយរបស់រោងពុម្ព Hillway Press បានប្ដូរចិត្តភ្លាមៗ និងបានបដិសេធមិនបោះពុម្ពសៀវភៅនេះ ដោយសារតែអត្ថន័យក្នុងសៀវភៅនេះមានបញ្ហាប្រទាំងប្រទើស។ ដោយសារតែហេតុដូច្នេះ រោងពុម្ព Hillway Press បានឲ្យក្រុមហ៊ុនបោះពុម្ពផ្សេងបោះពុម្ពផ្សាយសៀវភៅនេះ។
សៀវភៅ «ឆ្ពោះទៅកាន់សេរីភាព» នេះ មានពាក្យពេចន៍ជាច្រើនដែលរិះគន់គណបក្សកុម្មុយនីស្តចិន។ ដើម្បីការពារអ្នកផ្ដល់បទសម្ភាសន៍ និងដៃគូអាជីវកម្ម រោងពុម្ពនេះបានលុបចោលនូវឃ្លា ឬក៏ពាក្យពេចន៍ណាដែលមានបញ្ហាប្រទាំងប្រទើស។
តួយ៉ាង ពាក្យថា «រំដោះ» ត្រូវបានជំនួសដោយពាក្យ «សេរីភាព» និងពាក្យ «កសាងឡើងវិញ» ជាដើម។ ហើយឃ្លា «ប្រឆាំងគណបក្សកុម្មុយនីស្តចិន» ត្រូវបានលុបចោល។ កថាខណ្ឌណាដែលពិភាក្សាអំពី «ឯករាជ្យភាពរបស់ហុងកុង» ត្រូវបានលុបចោល ហើយការរចនានៃពាក្យថា «រំដោះហុងកុង» នៅលើគម្របសៀវភៅត្រូវបានគេធ្វើឲ្យមានលក្ខណៈព្រិលៗ។
អ្នកធ្វើការនៅរោងពុម្ព
ដែលបានសំណូមពរសុំមិនបញ្ចេញឈ្មោះខាងលើ បាននិយាយថា៖ «ខ្ញុំពិតជាមានការសោកសៅជាខ្លាំងចំពោះការបង្ខំចិត្តខ្លួនឯងឲ្យធ្វើបែបនេះ។ នៅក្រោមច្បាប់ថ្មីនេះ បញ្ហាចម្បងបំផុតរបស់វិស័យបោះពុម្ព គឺថាតើព្រំដែនកម្រិតណាដែលយើងអាចនិយាយបាន»។
និយមន័យច្បាប់ដែលស្រពិចស្រពិលនេះអាចបណ្ដាលមានការជិះជាន់លើអ្នកប្រឆាំងនឹងរដ្ឋអំណាច ដែលឈានទៅដល់ការសរសេរអំពីបញ្ហាសង្គមបានតិចតួចជាងមុន ដែលចុងក្រោយបណ្ដាលឲ្យមានសៀវភៅកាន់តែតិចទៅៗដែលអាចបោះពុម្ពបាន។ អ្នកធ្វើការនៅរោងពុម្ព Hillway Press ដែលសុំមិនបញ្ចេញឈ្មោះនេះ គិតថាវិស័យបោះពុម្ពនៅក្នុងទីក្រុងហុងកុងនឹងកាន់តែរួមតូចទៅៗ។
លោកបាននិយាយថា៖ «រឿងដែលគួរឲ្យខ្លាចបំផុតនៃច្បាប់សន្តិសុខជាតិថ្មីនេះគឺថា មិនមានការណែនាំជាផ្លូវការ ឬច្បាស់លាស់ណាមួយ ថាតើពាក្យណានិងប្រធានបទអ្វីដែលអាចបោះពុម្ពផ្សាយបាន ហើយអ្វីដែលមិនអាចផ្សាយបាន។ នៅក្នុងកាលៈទេសៈបែបនេះ យើងពិតជាមានក្ដីបារម្មណ៍ខ្លាំងណាស់ថាយើងអាចនឹងល្មើសច្បាប់ដោយអចេតនា»។
នៅថ្ងៃទី ៤ បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មីនេះបានចូលជាធរមាន បណ្ណាល័យសាធារណៈក្រុងហុងកុង បានដកភ្លាមៗនូវសៀវភៅនយោបាយយ៉ាងតិច ៩ ក្បាល ចេញពីធ្នើសៀវភៅរបស់ខ្លួន ដែលក្នុងនោះមានទាំងសៀវភៅដែលជាស្នាដៃរបស់លោកបញ្ញវន្ត Chen Yun សៀវភៅរបស់លោកសកម្មជន Joshua Wong និងសៀវភៅរបស់សមាជិករដ្ឋសភាហុងកុងអ្នកស្រី Tanya Chan ផងដែរ។
អ្នកដែលសុំមិនបញ្ចេញឈ្មោះនោះបានបន្ថែមថា៖ «ជាយូរមកហើយ អ្វីដែលឆ្លុះបញ្ចាំងល្អបំផុតអំពីសេរីភាពបញ្ចេញមតិនៅក្នុងទីក្រុងហុងកុង គឺសេរីភាពសារព័ត៌មាន។ ជាយូរមកហើយ ទីក្រុងហុងកុងគឺជាកន្លែងមួយ ដែលការបញ្ចេញមតិត្រូវបានលើកទឹកចិត្តដោយសេរី។ សៀវភៅណាដែលត្រូវបានហាមឃាត់នៅកោះតៃវ៉ាន់ និងចិនដីគោក គឺអាចរកទិញបាននៅហុងកុង។ នៅក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ ប្រធានបទមួយចំនួនមិនអាចត្រូវបានលើកយកមកពិភាក្សាទៀតទេ ហើយពាក្យពេចន៍ខ្លះក៏មិនអាចយកមកផ្សព្វផ្សាយបានដែរ»។
បណ្ណាគារ Hong Kong Reader គឺជាបណ្ណាគារឯករាជ្យមួយ ដែលលក់សៀវភៅអំពីបញ្ហាមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ដែលក្នុងនោះ សៀវភៅស្ដីពីនយោបាយមានប្រមាណ ៣០% នៃចំនួនសៀវភៅលក់ចេញសរុប។
លោក Daniel Lee អ្នកគ្រប់គ្រងបណ្ណាគារនេះបាននិយាយថា ចំណុចមិនល្អនៃច្បាប់សន្តិសុខជាតិថ្មីនេះគឺភាពមិនច្បាស់លាស់នៃព្រំដែនកំណត់។
លោក Lee លើកឡើងដូច្នេះថា៖ «ការអនុវត្តជាទូទៅនៅក្នុងទីក្រុងហុងកុងគឺថា ដរាបណារដ្ឋាភិបាលមិនកំណត់ឲ្យបានច្បាស់អំពីអ្វីដែលខុសច្បាប់ នោះយើងអាចធ្វើវាបាន។ ប៉ុន្តែចំពោះការអនុវត្តជាទូទៅនៅចិនដីគោកវិញគឺថា អ្នកមិនដឹងថាអ្នកបានល្មើសច្បាប់នោះទេ រហូតទាល់តែដល់ពេលដែលអ្នកត្រូវបានគេចាប់ខ្លួន»។
លោក Lee បានចង្អុលបង្ហាញថា ការណ៍ដែលមិនមានបញ្ជីច្បាស់លាស់អំពីចំណងជើងណាខ្លះដែលត្រូវបានហាមមិនឲ្យលក់នោះ បានបង្កឲ្យមានបញ្ហាដល់បណ្ណាគារនានា។
លោកបញ្ជាក់ដូច្នេះថា៖ «ប្រហែលជារហូតដល់ថ្ងៃដែលប៉ូលិសបង្ហាញខ្លួននៅបណ្ណាគារ នោះទើបយើងដឹងថា សៀវភៅណាមួយដែលត្រូវបានហាមឃាត់នោះ។ ប៉ុន្តែនៅពេលនោះ យើងអាចនឹងបានល្មើសច្បាប់ដោយអចេតនារួចទៅហើយ»។
លោក Lee បាននិយាយថា នៅពេលលោកបានបើកបណ្ណាគារនេះ លោកគ្រាន់តែចង់ផ្សព្វផ្សាយអំពីវប្បធម៌នៃការអាននៅក្នុងទីក្រុងហុងកុងតែប៉ុណ្ណោះ គឺមិនដែលគិតថាការលក់សៀវភៅដូចនេះអាចក្លាយជាបេសកកម្មនយោបាយនោះទេ។
លោកបញ្ជាក់ដូច្នេះថា៖ «យើងមិនបានជ្រើសរើសឈរនៅសមរភូមិមុខនៃសេរីភាពបញ្ចេញមតិនោះឡើយ។ ប៉ុន្តែនៅទីបំផុត សេរីភាពបញ្ចេញមតិនៅទីក្រុងហុងកុងកំពុងប្រឈមនឹងគ្រោះថ្នាក់ ហើយក្នុងនាមជាបណ្ណាគារ យើងបានក្លាយជាចំណុចស្នូលនៃបញ្ហានេះដោយមិនដឹងខ្លួន»៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា