តុលាការជាន់ខ្ពស់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចកាត់ទោសដាក់ពន្ធនាគារបុរសម្នាក់រហូតដល់ទៅ ២៣ឆ្នាំ ១០ខែ ពីបទធ្វើជាមេក្លោងនៅពីក្រោយផែនការវាយប្រហារប៉ូលិសដោយដាក់គ្រាប់បែក ក្នុងអំឡុងពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនិងប្រឆាំងនឹងចិននៅក្នុងឆ្នាំ២០១៩ នៅទីក្រុងហុងកុង។
ជនរូបនោះឈ្មោះ Ng Chi-hung វ័យ២៨ឆ្នាំត្រូវបានកាត់ទោសពីបទ «ហាត់ឃាត់ប្រឆាំងនឹងការដាក់គ្រាប់បែកលើវត្ថុដែលបានកំណត់»តាមបញ្ញត្តិប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិនិងការរួមគំនិតប្រើប្រាស់គ្រឿងផ្ទុះនិងអាវុធដើម្បីបង្កគ្រោះថ្នាក់ដល់ជីវិត។
ចុងចោទមួយរូបទៀតឈ្មោះ Wong Chun-keung ជាមេដឹកនាំក្រុមមួយឈ្មោះថា«Dragon Slayers» ដែលមានភាពសកម្មក្នុងអំឡុងបាតុកម្មឆ្នាំ២០១៩ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ។
អ្នកស្រីចៅក្រម Judianna Barnes ក៏បានកាត់ទោសមនុស្ស៥នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារពីចន្លោះ៥ឆ្នាំ១០ខែដល់១២ឆ្នាំពីបទឧក្រិដ្ឋផ្សេងៗទៀតរួមបញ្ចូលទាំងការកាន់កាប់អាវុធនិងការចូលរួមផលិតគ្រឿងផ្ទុះជាដើម។
ការជាប់ពន្ធនាគាររយៈពេលវែងនេះកើតឡើងចំពេលដែលមានការគាបសង្កត់ផ្នែកសន្តិសុខជាតិដែលអូសបន្លាយរយៈពេលជាយូរមកហើយដោយចិននៅក្នុងមណ្ឌលហិរញ្ញវត្ថុសាកល ហើយជាលើកទីមួយដែលបញ្ញត្តិប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិត្រូវបានប្រើប្រាស់នៅហុងកុងតាំងពីឆ្នាំ២០០២ មក៕