ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​គ្លីនតុន​ផ្តល់​ជា​គំរូល្អ​ដល់​កម្ពុជា

លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton) ​(រូបឆ្វេង)​ និង​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ (Barack Obama)​ (រូបស្តាំ)​។

ភ្នំពេញៈ និស្សិត​ និង​មន្រ្តី​សង្គម​ស៊ីវិល​សង្កេត​ឃើញថា ​ប្រទេស​កម្ពុជា​ បាន​រៀនសូត្រ​គំរូ​នៃ​ការប្រមូលធនធាន​មនុស្ស​សម្រាប់​ធ្វើការ​ដឹកនាំ​ប្រទេស​ តាម​លំនាំ​នយោបាយ​របស់​សហរដ្ឋអាមេរិក​ខ្លះៗ​ ក៏ប៉ុន្តែ​ គណបក្ស​ក្នុង​រដ្ឋាភិបាល​មិនទាន់​មាន​វប្បធម៌​នយោបាយ​សម្របសម្រួល​គូ​ប្រជែង​នយោបាយ​ ដោយ​លក្ខណៈ​ប្រជា​ធិប​តេយ្យ​នៅឡើយ​ទេ​។

«នៅពេល​ដែល​គាត់​ស្នើសុំ​ឲ្យ​ខ្ញុំ​ធ្វើការ​នៅក្នុងរដ្ឋបាលរបស់​គាត់​ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ ហើយ​យើង​បាន សម្រេច​ចិត្តថា ​វាជា​ប្រការ​សំខាន់​ណាស់​ក្នុងការ​បង្ហាញ​ជូន​ប្រជាជាតិ​របស់​យើង។ ថាតើ​មនុស្ស​ពីរនាក់​ ដែល​ប្រឆាំង​គ្នា​នោះ​ តែ​បែរជា​មក​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ​នោះយ៉ាង​ណា»។

កាលពី​ថ្ងៃទី​០១ ​ខែវិច្ឆិកា ​នៅក្នុង​ជំនួប​ជាមួយ​និស្សិត​ខ្មែរ​ប្រមាណ​ជា​ ៥០០នាក់ ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ​បាន​រំលឹក​ឡើងវិញ​ពី​ការសម្រុះសម្រួល​គ្នា​រ​វាង​លោកស្រី​ជាមួយ​នឹង​លោក​ បារ៉ាក់ អូបាម៉ា (Barack Obama) ​ដែល​ជា​គូ​ប្រជែង​យ៉ាង​ខ្លាំងក្លា​ សម្រាប់​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុងសហរដ្ឋ​អាមេរិក​។

ថ្វី​ត្បិត​តែ​លោក​ស្រី គ្លីនតុន និង​លោក ​បារ៉ាក់ អូបាម៉ា​ស្ថិត​នៅ​ក្នុង​គណបក្ស​តែ​មួយ ​ក៏​ប៉ុន្តែ​ការប្រជែង​យក​ឈ្នះ​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​បាន​បង្កើត​ឲ្យ​មាន​ឆាកតស៊ូនយោបាយ​មួយយ៉ាង​ស្វិតស្វាញ​ជាមួយ​នឹង​គ្នា​ ក៏​ប៉ុន្តែ​នៅ​ទីបំផុត​គូ​ប្រជែង​ទាំងពីរ​បាន​ត្រឡប់​មក​ធ្វើការ​ជាមួយ​គ្នា​សម្រាប់​ការដឹកនាំ​ប្រទេស​អាមេរិក។

បន្ទាប់ពី​លោក​ បារ៉ាក់ អូបាម៉ា​ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ហើយ​លោក​ បាន​អញ្ជើ​ញ​លោកស្រី គ្លីនតុនឲ្យ​ធ្វើការ​ជាមួយ​ដោយ​តែងតាំង​លោកស្រី​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។

ថ្វី​បើ​ទិដ្ឋភាព​ប្រជែង​នេះ ​មិនសូវ​ដូចគ្នា​ទាំងស្រុង​ទៅ​នឹង​ការប្រជែង​របស់​គណបក្ស​នយោបាយ​ នានា​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​សម្រាប់​លោក​សុន ឆ័យ​ តំណាងរាស្រ្ត​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​ សម រង្ស៊ី ​ចង់​ឃើញ​វប្បធម៌​បែប​នេះ ​នៅក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស​កម្ពុជា។

«យើង​ឃើញ​គណបក្ស​កាន់​អំណាច​នៅតែ​រើសអើង​ នៅ​តែ​ប្រមូល​អំណាច​ ដែល​ក្រុម​ខ្លួន​នៅតែ​ប្រើ​ប្រាស់​ស្ថាប័ន​ជាតិ ​ទៅធ្វើ​បាប​គណបក្ស​ដទៃ​។ ទាំងអស់​នេះ​ហើយ​ ដែល​ធ្វើឲ្យ​មាន​ការលំបាក​ក្នុង​ការរួប​រួម​ជា​កម្លាំង​ជាតិ​។ យើង​ក៏​ចង់​ឃើញ​ដែរថា ​ត្រូវមាន​ការទំនាក់ទំនង​គ្នា​ មិនត្រូវ​ចាត់ទុក​គ្នា​ជា​សត្រូវ»។

កញ្ញា ​ផល សុខភារី​ និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំទី២​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន ការយល់ឃើញ​ប្រហាក់​ប្រហែល​លោក​សុន ឆ័យ ​ដែរ​ នៅក្នុង​ទិដ្ឋភាព​នយោបាយ​ខ្មែរ​។ ក៏ប៉ុន្តែ និស្សិត​ដដែល​នេះ ​ហាក់បី​ដូច​ជា​ ចាត់​ទុកថា​ ប្រទេស​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​មាន​សហការ​គ្នារវាង​គណបក្ស​ផ្សេងៗ ​នៅក្នុង​ការបំពេញ​ការងារ​នៅ​តាម​មូលដ្ឋាន​។

«ចង់​និយាយ​ថា ​ដូច​លោក​ហ៊ុន​សែន ​អញ្ចឹង​។ គាត់​ធ្វើការ ​ប៉ុន្តែ​គាត់​ធ្វើ​តែឯង​។ ហើយ​អត់​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ តែ​ក៏មាន​ខ្លះ​ដែរ​ មិនថា​ មិន​អត់​ទាំងអស់​នោះទេ​។ ហើយ​ក៏មាន​ខ្លះ​ដែរ​ គឺនៅ​តាម ភូមិ ​ឃុំ ​អញ្ចឹង​។ ​នៅក្នុង​ឃុំមួយ​ គេមាន​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ​មក​ពី​គណបក្ស​ផ្សេងៗ​ បញ្ចូល​គ្នា​ធ្វើការ​ ជាមួយ​គ្នា​រួមគ្នា​ដើម្បី​ ភូមិ ​ឃុំ ​អភិវឌ្ឍន៍​ទៅក្នុង​គោលបំណង​តែមួយ»។

ប្រទេស​កម្ពុជា ​បាន​ធ្វើការបោះឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​ជាលើក​ដំបូង​ កាលពី ខែ​ ឧសភា​ ឆ្នាំ១៩៩៣ ​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ។

នៅពេលនេះ ​ក្រុម​អ្នកនយោបាយ​សេរី ​នៅតែ​ចាត់ទុក​ថា​ ការអនុវត្តលទ្ធិ​ប្រជា​ធិបតេយ្យ​នៅ ក្នុង​ប្រទេស​កម្ពុជា​នៅតែ​ទន់ខ្សោយ​នៅ​ឡើយ។ ហើយ​ជួន​កាល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មាន​លក្ខណៈ​ផុយ​ស្រួយ​ទៀត​ផង។

ថ្លែង​ទៅកាន់​ក្រុម​និស្សិត​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​បាន​ជំរុញ​ឲ្យ​ពួកគេ​កសាង​អនាគត​ថ្មី​សម្រាប់​ ប្រទេស​កម្ពុជា​ ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ការសម្រប​សម្រួល​គ្នា​រវាង​លោកស្រី​ជាមួយនឹង​គូប្រជែង​នយោបាយ ​ គឺ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​ពន្យល់​ថា ​នេះ​ជាការ​ធ្វើ​នយោបាយ​សម្រាប់​ប្រជាជាតិ​របស់​សហរដ្ឋអាមេរិក​ទាំង​មូល​។

«នយោបាយ​ត្រូវ​បាន​សន្មត់ថា ​គឺ​ដើម្បី​ជ្រើសតាំង​អ្នកណា​ម្នាក់​ដែល​ចង់​ដោះស្រាយ​បញ្ហា ​ដើម្បី​ជួយ​ប្រជា ពលរដ្ឋ​នៅក្នុង​ប្រទេស​របស់ខ្លួន។ ហើយ​ប្រសិន​បើអ្នក​ជឿជាក់​លើ​បញ្ហានេះ ​លោកអ្នក​អាច​ធ្វើការ​ជាមួយ​ បុគ្គល​ ដែល​ធ្វើ​នយោបាយ​ប្រជែង​ជំទាស់​ជាមួយ​លោក​អ្នក​បាន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ផ្នែក​សុខា ភិបាល​ ឬ ​ផ្នែក​អប់រំ​ ឬ​ផ្នែក​សេដ្ឋកិច្ច ​និង​បញ្ហា​ជាច្រើន​ទៀត​។ នៅពេល​ដែល​លោក​អ្នកធ្វើ​នយោបាយ​ វា​មិនមែន​គ្រាន់​តែ ដើម្បី​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​និង​ ដើម្បី​ឈ្នះ​ឆ្នោត​នោះទេ​។ ប៉ុន្តែ​លោក​អ្នក​ធ្វើ នយោបាយ​ ដើម្បី​រក​វិធី​ផ្សេងៗ​ទៀត ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ»។

លោកស្រី​ជា វណ្ណាត ​អ្នក​វិភាគ​ឯករាជ្យ​លើ​នយោបាយ​ខ្មែរ ​មាន​ប្រសាសន៍​ថា ​គណបក្ស​ក្តោប​ក្តាប់​ អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ព្យាយាម​ប្រើប្រាស់​ធនធាន​មនុស្សថ្មីៗ​ ពី​ក្រុម​យុវជន ​និង​អ្នក ស័្មគ្រ​ចិត្ត​ដែល​ចាកចេញ​ពី​គណបក្ស​ផ្សេង​ៗ។

ក៏ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ នៅ​មិនទាន់​មាន​ឥរិយាបថ​ចេះ​សម្រប​សម្រួល​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ឡើយនៅ​ក្នុង​ការសម្រេចបញ្ហា​របស់​ប្រទេស​។

«យើង​មិនទាន់​ចេះ​និយាយ​គ្នា​ ដើម្បី​សម្រប​សម្រួល​ ដូច​លោក​ បារ៉ាក់ អូបាម៉ា ​ពេល​ដែល​លោក​បោះឆ្នោត​ទៅលើ​កម្មវិធី​សំខាន់ៗ ​ដូចជា​ កម្មវីធី​ការពារ​សុខភាព ​លោក​ត្រូវការ​ទៅ​អង្វរ​សមាជិក​គណបក្ស​ សាធារណៈរដ្ឋ ​ដើម្បី​ឲ្យ​គេ​ជួយ​គាំទ្រ​ធ្វើ​យ៉ាងណា ​ដើម្បី​ឲ្យ​ច្បាប់​ចេញ​ទៅបាន​រលូន​។ យល់​ឃើញថា​ ការ ដែល​ខំប្រឹង​ហ្នឹង​ វា​មាន​ផលប្រយោជន៍​ទៅ​ប្រទេស​ជាតិ»។

ប្រសិន​បើ​មានបញ្ហា ​ដូចការ​លើកឡើង​ខាងលើ​ លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជាអ្នកនាំ ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ចង្អុល​ទៅលើ​កំហុស​របស់​គណបក្ស​ជំទាស់។

«ករណី​នេះ​ ខុសគ្នា​ដាច់​ដោយឡែក ​ដូច្នេះ​គណបក្ស​ប្រឆាំង​ មិនបាន​ដើរតួ​នៅក្នុង​សាច់រឿង​នេះទេ រាល់​បញ្ចប់​នៃ​ការបោះឆ្នោត​ រាល់​ការទទួល​លទ្ធផល​នៃ​ឆន្ទៈប្រជាពលរដ្ឋ​ មិនដែល​គោរព​ ច្រើនតែ​ធ្វើ​ពហិការ មិន​ចូលរួម​។ ដូច្នេះ​វា​ជា​សញ្ញា​រួចស្រេច​ទៅ​ហើយ​ គឺថា​ គណបក្ស​ ​មិននៅ​ក្នុង​អំណាចមិនដែល​មាន គំនិត​ចង់​ចូលរួម​កសាង​ប្រទេស​ទេ ​ក្រៅពី​ការប្រឆាំង ​ដើម្បី​អំណាច​ខ្លួន​ឯង»។

លោក​ផៃ ស៊ីផាន​ លើក​ឡើងថា​បរិបទ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ខុសគ្នា​រវាង​ស្ថានភាព​នយោបាយ​ ទៅ​នឹង​ស្ថានភាព​នយោបាយ​របស់​លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក បារ៉ាក់ អូបាម៉ា។

យ៉ាងណា​ក៏ដោយ​លោក​ ហ៊ឹម យន់ ​អនុប្រធាន​សមាគម​យុវជន​ខ្មែរ ​មាន​ប្រសាសន៍​ថា ​គណបក្ស កាន់​អំណាច ​គួរតែ​ចាប់ផ្តើម​ចាប់ដៃ​គូ​ជាមួយ​នឹង​គណបក្ស​ប្រជែង​របស់​ខ្លួន។

«ឃើញ​ថា ​កាលណា​តែ​អ្នក​ប្រឆាំង​ ច្រើនតែ​ទុក​ឲ្យ​ប្រឆាំង​ទៅ ​ហើយ​អ្នក​ដែល​ធ្វើការ​ចេះតែ​ធ្វើការអញ្ចឹង ណាស់​។ ហើយ​អ្នក​នយោបាយ​ខ្មែរ​យើង​ គួរតែ​គិត​ដែរ​ថា​ តើអាច​សមាហរណកម្ម​រវាង​គ្នា​ និង​ គ្នា​បាន​ទេ ហើយ​គួរតែ​ធ្វើការ​ជាមួយ​គ្នា ​ដើម្បី​ជាតិ​យើង​បានទេ​ ត្រង់​ចំណុច​នេះ ​យើង​គួរតែ​ពិចារណាទៅ»។

លោក​ ហ៊ឹម យន់​ ​និយាយ​ជា​សរុបថា​ ការជជែក​ទល់មុខ​គ្នា​ជា​មួយ​ក្រុម​និស្សិត ​បាន​បង្ហាញ​គំរូ​ដឹក នាំ​របស់​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​ ហើយ​ក៏​ជា​ការចែក​រំលែក​នូវ​បទពិសោធន៍​យ៉ាង​ល្អ​ដល់​ក្រុម​យុវជន​កម្ពុជា៕