ភ្នំពេញ — នាដើមឆ្នាំ២០២១ យុវតី គុណ ចាន់ទី រស់នៅក្នុងខេត្តកំពង់ធំ បានធ្វើដំណើរមកទីក្រុងភ្នំពេញជាមួយមិត្តភក្តិស្រីៗ ៥នាក់ទៀត តាមរថយន្តឈ្នួល ក្នុងគោលបំណងបន្តសិក្សានៅសាកលវិទ្យាល័យ។ ពួកគេសំដៅរកផ្ទះជួលមួយក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបងជីដូនមួយរបស់មិត្តភក្តិម្នាក់បានស្វែងរកឲ្យពួកគេស្នាក់នៅបណ្តោះអាសន្ន ក្នុងពេលស្វែងរកអាហារូបករណ៍សិក្សានៅតាមសាកលវិទ្យាល័យនានា។
នេះជាលើកទីមួយហើយដែល ចាន់ទី វ័យ១៩ឆ្នាំ មកទីក្រុងភ្នំពេញ ហើយបានឃើញទិដ្ឋភាពទីក្រុងដោយផ្ទាល់ភ្នែក។
ចាន់ទី ប្រាប់វីអូអេតាមទូរស័ព្ទថា៖ «មានអារម្មណ៍ថាប្លែកៗ ដោយសារតែធ្លាប់នៅតែជនបទអត់ដែលបានទៅទីក្រុង»។
ប៉ុន្តែភាពប្លែកភ្នែកដែលមកទីក្រុងលើកដំបូងនេះ ក៏មិនមែនធ្វើឲ្យនាងសប្បាយចិត្តតែមួយមុខនោះទេ នាង និងមិត្តភក្តិផ្សេងទៀត ក៏កំពុងជួបការលំបាកក្នុងការជ្រើសរើសជំនាញសិក្សា ដើម្បីចំណាយពេល៤ឆ្នាំនៃការសិក្សាទៅមុខទៀត មុននឹងឈានទៅរកការងារធ្វើ ដែលស្របនឹងចំណេះជំនាញរបស់ពួកគេ។
គុណ ចាន់ទី ដែលរស់នៅក្នុងភូមិសាន់គរឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងពេលកម្ពុជាជួបវិបត្តិកូវីដ១៩ ដោយក្រសួងអប់រំមិនបានរៀបចំការប្រឡងចាំបាច់នោះទេ ហើយឲ្យសិស្សជាង ១២ម៉ឺននាក់ ជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការកំណត់និទ្ទេស។
ចាន់ទី និយាយថា នាងកំពុងត្រៀមខ្លួនប្រឡងយកអាហារូបករណ៍មុខវិជ្ជាគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាដើមខែកុម្ភៈខាងមុខ។
ចាន់ទី ប្រាប់វីអូអេថា ក្រៅអំពីបញ្ហាជីវភាពផ្គត់ផ្គង់ការរស់នៅក្នុងទីក្រុងខ្លួននិងមិត្តភក្តិដទៃទៀតតែងតែជជែកគ្នាបង្ហាញការបារម្ភអំពីភាពស្រពេចស្រពិលថាខ្លួនមានទេពកោសល្យ ឬសមត្ថភាពផ្នែកអ្វីឬចូលចិត្តធ្វើអ្វីឲ្យពិតប្រាកដ ដើម្បីជ្រើសរើសជំនាញមួយត្រឹមត្រូវ។
កញ្ញានិយាយថា៖ «ដោយសារតែឆ្នាំ[សិក្សា]ខ្ញុំ អត់សូវបានទទួលព័ត៌មានប៉ុន្មានទេប៉ុន្តែបើឆ្នាំមុនៗពួកសិស្សច្បងអី ពេលដែលជិតប្រឡងបាក់ឌុបខាងសាលានីមួយៗគេមកផ្តលដំណឹងតាមសាលា ប៉ុន្តែដល់ពេលឆ្នាំខ្ញុំគឺស្ងាត់តែម្តង។ កូវីដអញ្ចឹងទៅខាងសាលានីមួយៗគេអត់មានបានមកផ្តល់ដំណឹងពីមុខជំនាញ ឬឯកទេសណាមួយណាទៅពិបាកដែរ»។
ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន ៥នាក់ និងឪពុកម្តាយជាកសិករ ចាន់ទី ជាសមាជិកដំបូងគេនៃគ្រួសារ ដែលរៀនចប់ថ្នាក់ទី១២ និងមានឱកាសសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ។
ចាន់ទី និយាយថា៖ «បងៗខ្ញុំអត់បានរៀនដល់សាកលទេបង។ មានតែខ្ញុំម្នាក់ហ្នឹងឯងដោយសារតែជីវភាពមិនសូវធូរធារ»។
ចំណែកយុវតីម្នាក់ទៀត កញ្ញា ខាន់ សុភ័ណ្ឌ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសុខអានលាយបូរ ក្នុងខេត្តតាកែវ ហើយរស់នៅជាមួយអ៊ុំស្រីដែលខ្លួនចាត់ទុកដូចជាម្តាយ ដោយសារតែនាងកំព្រាតាំងពីក្មេង។
កាលពីចុងឆ្នាំ២០២០ សុភ័ណ្ឌ បានមកនៅភ្នំពេញដើម្បីបន្តការសិក្សារបស់ខ្លួន។ សព្វថ្ងៃយុវតីរូបនេះស្នាក់នៅផ្ទះជួលជាមួយបងស្រី ដែលជាកម្មកររោងចក្រកាត់ដេរ។ សុភ័ណ្ឌបានដាក់ពាក្យត្រៀមប្រឡងយកអាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ថាសាលាតិចណូ ជំនាញស្ថាបត្យកម្ម ព្រោះខ្លួនចូលចិត្តខាងគូររូប។
យុវតីរូបនេះបានឲ្យដឹងថា ទោះដឹងថាខ្លួនចូលចិត្តការគូររូបពិតមែន ប៉ុន្តែនាងនៅមានភាពស្មុគស្មាញក្នុងការស្វែងរកព័ត៌មានអំពីការជ្រើសរើសមុខជំនាញឲ្យត្រូវតាមចំណង់ចំណូលចិត្តខ្លួន ហើយស្របតាមតម្រូវការសង្គម។ សុភ័ណ្ឌលើកឡើងថា កញ្ញាក្តាប់ព័ត៌មានមិនដិតដល់ ព្រោះទើបតែមានទូរស័ព្ទដៃទំនើបស្មាតហ្វូនផ្ទាល់ខ្លួនមួយគ្រឿងនៅអំឡុងពេលឡើងមកភ្នំពេញ ហើយទើបតែចេះប្រើវា ដើម្បីរកព័ត៌មានសិក្សា។
ក្រោយចំណាយពេលជាងមួយខែនៅទីក្រុង ដើម្បីស្រាវជ្រាវរកព័ត៌មានអំពីការសិក្សា យុវតីរូបនេះនិយាយថា នាងចង់ទៅសិក្សានៅបរទេសវិញហើយព្យាយាមស្វែងរកអាហារូបករណ៍ទៅក្រៅប្រទេស។
សុភ័ណ្ឌប្រាប់វីអូអេថា៖ «គម្រោងខ្ញុំ ខ្ញុំចង់បន្តការសិក្សានៅក្រៅប្រទេស។ ខ្ញុំចង់យកជំនាញហ្នឹងទៅរៀនជាមួយជនជាតិគេ ដើម្បីដោះដូរបទពិសោធន៍ថ្មីទៀត»។
សុភ័ណ្ឌយល់ថា ខ្លួនខ្សោយភាសាអង់គ្លេស ដើម្បីរៀនឲ្យទាន់គេនៅសាកលវិទ្យាល័យឬប្រឡងយកអាហារូបករណ៍ទៅសិក្សាទៅក្រៅប្រទេស។ យុវតីរូបនេះចង់ផ្តោតសំខាន់លើការបំប៉នភាសាអង់គ្លេស។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំត្រូវការប្រើវាជាយាន ដើម្បីបានទៅក្រៅប្រទេស។ ហើយកម្រិតភាសារបស់ខ្ញុំ ដូចថាយើងនៅស្រុកស្រែ ចឹងយើងអត់សូវបានរៀន»។
ទន្ទឹមនឹងនេះកត្តាជីវភាពជាឧបសគ្គមួយទៀត។ សុភ័ណ្ឌ មានកូនចិត្តថា ចង់ផ្អាកការសិក្សាសិនដើម្បីទៅធ្វើការនិងសន្សំលុយទុករៀនឆ្នាំក្រោយ បើសិននាងមិនអាចប្រឡងជាប់អាហារូបករណ៍ក្នុងឬក្រៅស្រុក។
សុភ័ណ្ឌ រៀបរាប់យ៉ាងដូច្នេះថា៖ «បើសិនអត់មានជំនួយអាហារូបករណ៍ខ្ញុំអាចធ្វើការបណ្តើររៀនបណ្តើរ ឬមិនចឹងខ្ញុំត្រូវខាតរយៈពេលមួយឆ្នាំឬពីរឆ្នាំដើម្បីសន្សំលុយបម្រុងទុកសម្រាប់រៀនជំនាញខ្ញុំពេញចិត្ត។ បើខ្ញុំបានអាហារូបករណ៍ [វា]អាចជួយសម្រាលខ្ញុំបានច្រើន។ ប៉ុន្តែបើអត់ទេ មានតែដើរផ្លូវហ្នឹង»។
សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ រំពឹងចង់ឃើញសិស្សវិទ្យាល័យអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការសម្រេចចិត្ត ទាក់ទងនឹងមុខវិជ្ជាសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ការត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងជីវិតរស់នៅសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងឱកាសការងារក្រោយបញ្ចប់ការសិក្សា។ ក្រៅពីសៀវភៅដាក់អាហារូបករណ៍ ពួកគេយល់ថា គួរមានការផ្តល់ការប្រឹក្សាទាក់ទងនឹងការជ្រើសរើសជំនាញ ដែលសមស្របនឹងទេពកោសល្យរបស់សិស្ស។
សុភ័ណ្ឌ លើកឡើងថា៖ «លក្ខណៈថាបើយើងជ្រើសរើសពេលហ្នឹងខុស គឺផ្លូវដើររបស់យើងសម្រាប់ទី១២ សម្រេចគោលដៅជីវិតយើង គឺពិបាកដើរ ដើរមិនដល់»។
អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ឲ្យដឹងថា ក្រសួងបានសហការជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជននៅវិទ្យាល័យនិងសាកលវិទ្យាល័យនានារួចហើយ ក្នុងការផ្តល់ព័ត៌មាននិងណែនាំសិស្សក្នុងការស្វែងរកជំនាញសិក្សានិងទទួលបានអាហារូបករណ៍។
លោកន្ថែមថា ក្រសួងក៏បានបោះពុម្ពផ្សាយសៀវភៅកម្រងព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ ឆ្នាំ២០២០-២០២១ រួចហើយដែរ។
ជារៀងរាល់ឆ្នាំ ក្នុងចំណោមសិស្សដែលប្រឡងជាប់បាក់ឌុប សិស្សប្រមាណ ៦០% ទៅ ៧០%បានចុះឈ្មោះចូលរៀនបន្តនៅសាកលវិទ្យាល័យ។ នេះបើតាមលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ លោករំពឹងថា ចំនួនសិស្សចុះឈ្មោះចូលរៀនសាកលវិទ្យាល័យឆ្នាំនេះកើនឡើងជាងឆ្នាំមុនៗ។
លោកប្រាប់វីអូអេថា៖ «អាចច្រើនជាង ដោយសារតែរាល់ឆ្នាំគាត់ចេញទៅក្រៅប្រទេសជាកម្មករទៅកូរ៉េ ទៅថៃអីទៅ។ ប៉ុន្តែ ដោយសារកូវីដចេញទៅអត់រួចទេ។ ប្រហែលគាត់អាចសម្រុកចូលសាលាវិញ»។
លោកបន្តថា បញ្ហាដែលសិស្សបារម្ភអំពីការរៀនមិនត្រូវជំនាញ ឬរៀនចប់ទៅធ្វើការងារខុសជំនាញជាដើម គឺជាបញ្ហាដែលកើតមានឡើងស្ទើរគ្រប់បណ្តាប្រទេសនានា មិនមែនតែកម្ពុជានោះទេ។
លោកថា ក្រសួងអប់រំក៏បានព្យាយាមផ្សព្វផ្សាយច្រើនអំពីការសិក្សានៅថ្នាក់ឧត្តមសិក្សា។ លោកជំរុញឲ្យសិស្សខ្លួនឯងផ្ទាល់ ត្រូវទម្លាប់ស្រាវជ្រាវបន្ថែមនិងស្វែងរកព័ត៌មានតាមទំព័របណ្តាញសង្គមរបស់គ្រឹះស្ថានអប់រំនានា និងសួរឲ្យបានច្រើនបើសិនជាមានចម្ងល់។
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងបានចងក្រងសៀវភៅអំពី «ទស្សនវិជ្ជាថ្នាក់បញ្ចប់» ជំនួយស្មារតីក្នុងការកំណត់គោលដៅជីវិត បានប្រាប់វីអូអេថា វាមិនមែនជារឿងថ្មីទេដែលសិស្សប្រឡងចប់សញ្ញាបត្រទុតិយភូមិរាល់ឆ្នាំពិបាកក្នុងការកំណត់គោលដៅសិក្សាជំនាញ នៅកម្រិតសាកលវិទ្យាល័យ ដោយសារពុំមានការជួយតម្រង់ទិសគ្រប់គ្រាន់ពីថ្នាក់វិទ្យាល័យមក។
លោកមានប្រសាសន៍ថា៖ «នៅស្រុកយើងនៅខ្វះខាតច្រើនណាស់ តាមរយៈបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅធ្វើជាវាគ្មិនក្នុងការណែនាំសិស្សនៅវិទ្យាល័យឲ្យយល់ដឹងពីរឿងហ្នឹង។ គឺសិស្សប្រហែលជាខ្ទង់៨០% ទៅ៨៥% ហើយអត់ដឹងថា ពេលដែលរៀនចប់ទៅ មិនទៅរៀនអី ធ្វើអីទេបាទ។ ទាល់តែយើងផ្តល់ព័ត៌មានឲ្យហើយជួយបំផុសគាត់ទៅបានគាត់ដឹងថា អូ! ប្រហែលអាចត្រូវរៀននៅទីនេះរៀនឯកទេសនេះ បើមិនអញ្ចឹងគាត់នៅអល់អែករារែកច្រើនណាស់ ជាពិសេសគឺសង្គមយើងប្រឈមទៅនឹងគំនាបពីគ្រួសារនិងមិត្តភក្តិមួយផ្នែកដែរ»។
ក៏ប៉ុន្តែឆ្នាំនេះ ពួកគេប្រឈមមុខនឹងការខ្វះព័ត៌មានថែមមួយកម្រិតទៀត។ នេះបើតាមលោក ប៉ា ចន្ទរឿន។
លោកបន្ថែមថា៖ «ប៉ុន្តែនៅពេលសម័យកូវីដនេះ វាផ្ទុះហ្នឹងវាពិបាកក្នុងការធ្វើដំណើរ ពិបាកក្នុងការកៀរគរ ក្នុងការជួបគ្នាជាក្រុម ហេតុនេះហើយប្អូនៗមួយចំនួនដែលទើបតែជាប់បាក់ឌុបដោយស្វ័យប្រវត្តិថ្មីៗហ្នឹង គាត់ប្រឈមមុខនឹងការខ្វះព័ត៌មានហើយពិបាកក្នុងការសម្រេចចិត្ត មិនដឹងថាត្រូវរៀនអីត្រូវរៀននៅឯណា ត្រូវរៀនយ៉ាងម៉េច»។
លោកបន្ថែមថា ក្រសួងអប់រំគួរតែបង្កើនការលើកកម្ពស់ចំណេះដឹងថ្នាក់វិទ្យាល័យឲ្យសិស្សចេះវាយតម្លៃខ្លួនឯងអំពីចំណង់ចំណូលចិត្ត លទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងការរើសមុខវិជ្ជាឯកទេសណាមួយដោយសមស្របសម្រាប់ពួកគេ។
លោកក៏ជំរុញឲ្យសិស្សានុសិស្ស គួរតែប្រឹងប្រែងស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីស្វែងយល់អំពីរបៀបរបបនៃការរៀនសូត្រថ្នាក់ឧត្តមសិក្សា និងស្វែងរកអ្នកមានបទពិសោធន៍តាមបណ្តាញអតីតសិស្សនៅសាលារៀន ឬសិស្សច្បងដែលរៀនចប់ ឬស្វែងរកក្រុមបញ្ញាវន្តណាមួយតាមរយៈបណ្តាញសង្គមព្យាយាមសាកសួរយោបល់ពីពួកគេឲ្យបានច្រើន ចៀសវាងការសម្រេចចិត្តដោយខ្វះព័ត៌មាន និងការប្រឹក្សាយោបល់៕