ម្ចាស់ហាងលក់មាសមួយចំនួនក្នុងទីក្រុងភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នប្រជាជនកម្ពុជាហាក់មិនសូវនាំគ្នាទិញមាសទុកដូចពេលមុនទេ បន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រី លី ហ៊ួ ម្ចាស់ហាងប្តូរប្រាក់ និងលក់មាស លី ហ៊ួ នៅលើផ្លូវ Charles De Gaulle កណ្ដាលក្រុងភ្នំពេញ មានប្រសាសន៍ប្រាប់វីអូអេ នៅថ្ងៃអង្គារថា សព្វថ្ងៃមានតែអ្នកលក់ ប៉ុន្តែស្ទើរតែគ្មានអ្នកទិញ ដោយសារតម្លៃមាសកាន់តែកើនឡើងខ្ពស់កប់ពពក។ អ្នកស្រីបានថ្លែងដូច្នេះថា៖
«បើមាសវាឡើងថ្លៃអញ្ចឹង អ្នកលក់វាច្រើនជាង អ្នកទិញគេមកសួរអញ្ចឹង គេថាហ្អឺ វារាងថ្លៃបន្តិចគេថាចាំចុះសិន។»
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងពីចំនួនតិចជាង៧០០ដុល្លារអាមេរិកក្នុងមួយអោន ឬស្នើនឹងជាង១តម្លឹង នៅឆ្នាំ២០០៧ រហូតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺចំនួន១.២៦៤,៩០ដុល្លារអាមេរិកក្នុងមួយអោនកាលពីខែមិថុនាឆ្នាំ២០១០នេះ។ តម្លៃនេះហាក់នៅថេរ ក្នុងរង្វង់ជាង១.២០០ដុល្លារអាមេរិកដដែលក្នុងមួយអោនរហូតមកដល់ដើមសប្ដាហ៍នេះ។
ដោយឡែក យោងតាមអត្រាហាងមាសក្នុងស្រុកដែលប្រែប្រួលទៅតាមទីផ្សារអន្តរជាតិនោះ តម្លៃលក់ចេញ មាសគីឡូ១តម្លឹងស្មើនឹង១.៤៧០ដុល្លារអាមេរិកនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ គឺកើនឡើង១០ដុល្លារបន្ថែមទៀត បើធៀបនឹងតម្លៃមាសកាលពីថ្ងៃច័ន្ទ។
ការកើនឡើងនូវតម្លៃមាសនៅលើទីផ្សារអន្តរជាតិនេះត្រូវគេរាយការណ៍ថា គឺដោយសារអ្នកវិនិយោគទុនធំៗជាពិសេសនៅបស្ចឹមប្រទេសចាប់ផ្តើមប្រមួលទិញមាសទុក សម្រាប់ជាការស្តុកតម្លៃ ដោយភ័យខ្លាចអំពីវិបត្តិហិរញ្ញវត្ថុនៃសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើរូបិយប័ណ្ណជាក្រដាសប្រាក់ ដូចដែលបានកើតឡើងកាលពីឆ្នាំ២០០៨កន្លងមក។
ដោយឡែក ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានទម្លាប់ទិញមាសទុក ក្នុងរូបភាពជាគ្រឿងអលង្ការដូចជាខ្សែករ ខ្សែដៃ ឬ ចិញ្ចៀនជាដើម ដើម្បីពាក់លម្អខ្លួនប្រាណផង និងជាពិសេសគឺដើម្បីរក្សាទុក សម្រាប់ដោះដូរជាលុយកាក់នៅពេលពួកគេមានតម្រូវការចាំបាច់ណាមួយនៅក្នុងគ្រួសារផង។
ជាងនេះទៀត ប្រជាពលរដ្ឋខ្មែរខ្លះក៏មានទម្លាប់ទិញមាសទុក ដើម្បីបង្កើនទ្រព្យសន្សំរបស់ខ្លួន ដោយសារពួកគេគិតថា បើពួកគេទុកលុយសុទ្ធនោះពួកគេចេះតែមានទំនោរចង់ដកលុយនោះយកទៅចាយវាយផ្សេងៗ។
ប៉ុន្តែ អ្នកស្រី ជា លី ប្រជាពលរដ្ឋម្នាក់រស់នៅជាប់នឹងផ្សារដើមគរក្នុងទីក្រុងភ្នំពេញ មានប្រសាសន៍ថា នៅពេលនេះ ទាំងអ្នកស្រីព្រមទាំងប្រជាជនខ្មែរជាច្រើនទៀត មិនត្រឹមតែមិនចង់ទិញមាសទុកប៉ុណ្ណោះទេ តែពួកគេបែរជាចង់លក់មាសដែលពួកគេរក្សាទុកថែមទៀតផង ដោយសារមាស មិនអាចចរាចរណ៍ឲ្យបានទូលំទូលាយនៅលើទីផ្សារក្នុងស្រុកនោះទេ។ អ្នកស្រីបន្តថា៖
«ខ្មែរយើងឥឡូវមានតែលក់មាសវិញ ម្នាក់ៗគ្មាននរណាទិញបានទេ ព្រោះអីលុយច្រើនពេក ម្នាក់ៗរកលុយអត់បានទេ លុយហ្នឹងគេទុកទិញស្អីផ្សេងៗទៀត គេអត់ចង់ទិញមាសទេ។ កាលមុនគេត្រូវប៉ាន់ដី ត្រូវអី គេចេះតែនេះទៅ ឥឡូវគ្នាអត់ត្រូវផង អត់អីផង ទិញម្តេចបាន។»
ថ្វីត្បិតតែនៅពេលនេះ ប្រជាពលរដ្ឋកម្ពុជាហាក់មិនសូវទិញមាសទុក ដោយសារតែតម្លៃថ្លៃនិងការបារម្ភថាតម្លៃមាសអាចនឹងធ្លាក់ចុះវិញក៏ដោយ ក៏ពួកគេភាគច្រើនមិនបានលក់មាសរបស់ខ្លួនចេញវិញដែរ។ នេះបើផ្អែកតាមម្ចាស់ហាងលក់មាសមួយចំនួន។
អ្នកស្រី នាង ចាន់នួន ម្ចាស់ហាងលក់មាស និងគ្រឿងអលង្ការនៅម្តុំផ្សារអូរឬស្សីក្រុងភ្នំពេញ មានប្រសាសន៍ថា អតិថិជនរបស់អ្នកស្រីមួយចំនួននៅតែសម្រេចចិត្តរក្សាមាសរបស់ពួកគេទុក បើទោះជាតម្លៃមាសបានឡើងថ្លៃខ្ពស់ក៏ដោយ ដោយសារពួកគេរំពឹងថា តម្លៃមាសនឹងអាចឡើងថ្លៃខ្ពស់ជាងនេះទៀត។ អ្នកស្រីមនិយាយថា៖
«ខ្លះគេនឹកឃើញថាឡើងទៅមុខទៀតអញ្ចឹង គេមិនទាន់យកមកលក់ ព្រោះគេអត់ទាន់ត្រូវការលុយ ។ អ្នកខ្លះទិញពីមុនថោកមែន ប៉ុន្តែអត់ទាន់យកមកលក់ទេ គេនឹកឃើញថា ក្រែងលោវាឡើងទៀត។»
អ្នកស្រី នាង ចាន់នួន មានប្រសាសន៍បន្ថែមថា ប្រសិនបើតម្លៃមាសចេះតែបន្តកើនឡើងទៀតនោះ នោះប្រជាជនកម្ពុជាអាចនឹងផ្លាស់ប្តូរទម្លាប់ក្នុងការទិញមាសទុក ហើយអាចនឹងយកប្រាក់របស់ពួកគេទៅសន្សំឬ វិនិយោគតាមរបៀបផ្សេងវិញ។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា វាជាការល្អប្រសើរ ប្រសិនបើប្រជាជនខ្មែរសន្សំប្រាក់នៅក្នុងធនាគារ ជាជាងសន្សំមាសទុក ដោយសារពួកគេអាចចំណេញការប្រាក់ពីធនាគារ។ ប៉ុន្តែ លោក ចាន់ សុផល បានប្រមើលមើលថា ទម្លាប់នៃការសន្សំមាសទុករបស់ប្រជាជនខ្មែរទំនងជានឹងនៅតែបន្តទៀត បើទោះជាតម្លៃមាសឡើងថ្លៃខ្ពស់ជាងនេះក៏ដោយ ដោយលោកលើកហេតុផលថាមាសគឺជារូបីប័ណ្ណដែលគួរឲ្យទុកចិត្តបំផុតក្នុងគ្រប់របបនៃសង្គមខ្មែរ។