មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ព្រមានថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលចូលរួមក្នុងយុទ្ធនាការបោះឆ្នោតនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម និងពិន័យ។ នេះជាការអះអាងរបស់លោក កែវ ផល្លា ប្រធាននាយកដ្ឋានច្បាប់និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេពិសេសកាលពីយប់ថ្ងៃសុក្រទី២៥ ខែឧសភា ឆ្នាំ២០១២។
«បើសិនជាយើងស្រាវជ្រាវឃើញថា គាត់ជាមន្ត្រីរាជការឬក៏កងកម្លាំងប្រដាប់ អាវុធហើយចូលរួមសកម្មភាពសកម្មក្នុងនយោបាយ ឬក៏ឃោសនាហ្នឹងគឺថា គ.ជ.ប.មានសមត្ថកិច្ចក្នុងការផាកពិន័យ។ ហើយយើងអាចជូនឈ្មោះទៅស្ថាប័នរបស់គាត់ដើម្បីដាក់ពិន័យទណ្ឌកម្មបន្ត។ ពីព្រោះយើងមានសមត្ថកិច្ចតាមច្បាប់។ ហើយបើសិនគាត់ប្រព្រឹត្តបទល្មើសទាក់ទងនឹងបណ្តឹងអាជ្ញាដូចជាព្រហ្មទណ្ឌអី អាហ្នឹងទៅតុលាការយោធា បើសិនជាកងកម្លាំងឬតុលាការធម្មតាអញ្ចឹងទៅ បើសិនជាមន្ត្រីរាជការ»។
តែលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្រែល បានថ្លែងថា បញ្ហាគឺរឿងអនុវត្តកិច្ចការទប់ស្តាត់និងវិធានការ ផ្សេងៗប្រឆាំងនឹងមន្ត្រីរាជការដែលមិនស្ថិតនៅជាអព្យាក្រឹត្យជារឿងពិបាក។លោកអះអាងថានៅមានមន្ត្រីខ្លះចូលរួមក្នុងយុទ្ធនាការបោះឆ្នោតសកម្មភាពនយោបាយប្រឆាំងនឹងបក្សមួយទៀត។
«ហើយដូចមន្ត្រីរាជការ រឿងការរំលោភច្បាប់បោះឆ្នោត ច្បាប់គណបក្ស ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ច្បាប់សហលក្ខខន្តិក:កងយោធពលខេមរភូមិន្ទ នៅតែមានការរំលោភអញ្ចឹង។ តែយើងរកឃើញថា អត់មានអ្នកចាត់វិធានការលើមន្ត្រីនគរបាល កងយោធពលខេមរភូមិន្ទដែលចេញ ទៅឃោសនាប្រឆាំងនឹងគណបក្សផ្សេងទេ។ វាអត់អាចឃើញមានការដោះស្រាយ។ ទាំងហ្នឹងដែល ជាបញ្ហានៅជាទំនាស់នៅមានជាបណ្តឹង។ ហើយវាប៉ះពាល់ដល់ភាពស្មើភាពគ្នានិង យុត្តិធម៌ក្នុងការបោះឆ្នោត បើអត់មានការដោះស្រាយរឿងហ្នឹងទេ»។
មាន៣៥បណ្តឹងដែលកើតឡើងក្នុងពេលឃោសនាបោះឆ្នោត។ ៨បណ្តឹងជា បណ្តឹងទាក់ទងនឹងការគំរាមកំហែងដែលបានដោះស្រាយចប់៕
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com