Hello VOA៖ លោក សុន ឆ័យ ថាជំទប់ឃុំគណបក្សភ្លើងទៀនជិត៤០ភាគរយមិនទាន់មានបន្ទប់ធ្វើការត្រឹមត្រូវនៅឡើយ
Your browser doesn’t support HTML5
សមាជិកគណបក្សភ្លើងទៀនដែលបានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២១៩៨ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ភាគច្រើនបានទទួលតំណែងត្រឹមជាជំទប់ទី២ និងជាសមាជិក។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសដល់វីអូអេ។ លោកបញ្ជាក់ថា ប្រមាណជាងមួយខែ ដែលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សភ្លើងទៀន ចូលកាន់តំណែងរៀងៗខ្លួន ពួកគេបានរាយការណ៍ថា នៅជួបការលំបាកមួយចំនួន ដូចជាភាពយឺតយ៉ាវនៃការរៀបចំឲ្យមានបន្ទប់ធ្វើការងារ និងការផ្តល់ឯកសណ្ឋានជាដើម ដែលអាចនាំឲ្យប៉ះពាល់ដល់ការបំពេញភារកិច្ច និងបង្ហាញវប្បធម៌រើសអើងនៅតាមថ្នាក់មូលដ្ឋាន។ លោកបន្តទៀតថា មកដល់ពេលនេះគណបក្សភ្លើងទៀន នៅមិនទាន់គិតគូរនៅឡើយ ថាតើគណបក្សខ្លួននឹងជ្រើសរើសបុគ្គលណាមួយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខ។ លោកថា អ្វីដែលជាអទិភាពគឺការការរៀបរចនាសម្ព័ន្ធនៅថ្នាក់ក្រោមអោយរឹងមាំ និងការដាក់ចេញគោលនយោបាយសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ៕