ការ​ដោះលែង​អ្នក​ភូមិ​បឹងកក់​ និង​នីតិវិធី​តុលាការ (ហេឡូ​វីអូអេ ០៥ កក្កដា ២០១២)

អ្នក​ភូមិ​បឹងកក់​១៣​នាក់​ដែល​ត្រូវ​បាន​​ចាប់​និង​ដោះលែង​វិញ​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​ចាប់ខ្លួន​និង​កាត់ទោស​អ្នក​ភូមិ​បឹងកក់​១៣​នាក់​ដោយ​ភាព​មិន​ប្រក្រតី​គឺ​ឧទាហរណ៍​អាក្រក់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី៥​ ខែ​កក្កដា​ឆ្នាំ ២០១២​ស្តីអំពី ​«ការ​ដោះលែង​អ្នកភូមិ​បឹងកក់ ​និង​នីតិវិធី​តុលាការ»។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ

ទាំង​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ និង​លោក អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អះអាង​ថា​ ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​បឹងកក់​ថា​បាន​ចូល​ទៅ​កាន់​កាប់​អចលនទ្រព្យ​ខុស​ច្បាប់ ហើយ​ប្រឆាំង​នឹង​មន្ត្រី​សាធារណៈ​ គឺ​ជា​ការ​ខុស​ឆ្គង​ ដោយសារ​ទី​នោះ​ជា​ដី​របស់​ពលរដ្ឋ​ដែល​កំពុង​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ជូន​ បន្ទាប់​ពី​ការ​រិបអូស​និង​ការ​បណ្តេញ​ចេញ។​ ហើយ​មួយ​វិញ​ទៀត​ អ្នក​ភូមិ​មិន​បាន​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​ទេ​ គឺ​អាជ្ញាធរ​ទេ​ដែល​មក​បង្រ្កាប​ពលរដ្ឋ។ អ្នក​វិភាគ​ទាំងពីរ​បាន​អះអាង​ថា​ ការ​កាត់ទោស​ដ៏​ឆាប់​រហ័ស​របស់​តុលាការ​ទាំង​ពីរ​ថ្នាក់​ក្រោយ​ពី​មាន​សម្ពាធ​ឲ្យ​មាន​ការ​ដោះលែង​ជា​អន្តរជាតិ​នេះ​គឺ​ជា​រឿង​ប្រញាប់​ប្រញាល់​ដ៏​គួរ​ឲ្យ​ឆ្ងល់។