រដ្ឋ​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង​២០០​ហិកតា​ទៀត​ឱ្យ​ក្រុម​ហ៊ុន​វ័នម៉រ

បុរស​ម្នាក់​អង្គុយ​ក្បែរ​បឹង​ក្នុង​ឧទ្យានជាតិ​គិរីរម្យ កាលពី​ខែកក្កដា ឆ្នាំ​២០២០។ (ទុំ ម្លិះ/វីអូអេ)

មុន​ចាក​ចេញ​ពី​តំណែង អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ផ្តល់​ដី​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​-កុសមៈ​គិរីរម្យ ប្រមាណ​២២០​ហិកតា ឱ្យ​ក្រុម​ហ៊ុន​វ័នម៉រ(One More Ltd.) ​ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី កូនស្រី​របស់​លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ ​និងលោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ដែល​វីអូអេ​ទទួល​បាន​។

ការ​ផ្តល់​ដី​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា​សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​។

អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ​ឆ្នាំ​២០២៣ បញ្ជាក់​ថា៖ «ត្រូវ​បាន​ធ្វើ​អនុប្បយោគ​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ លើ​ទំហំ​២២១,៩៤ ហិកតា​ ស្ថិត​នៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-​កុសមៈ ​«គិរីរម្យ»​ ភូមិសាស្ត្រ ​ឃុំ​ត្រែង​ត្រយឹង ស្រុកភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ ​ជាកម្មវត្ថុ​ ជួលអចិន្ត្រៃ​រយៈពេល​វែង​៥០​ឆ្នាំ​ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​របស់​ក្រុមហ៊ុន វ័នម៉រ (ONE MORE Ltd.) ដូចមានផែនទី​ និង​ចំណុច​និយាមកា ជា​ឧបសម្ព័ន្ធ​ភ្ជាប់​នៃ​អនុក្រឹត្យ​នេះ​»។

នេះ​ជា​លើក​ទី២​ដែលក្រុម​ហ៊ុន​ វ័នម៉រ ទទួល​បាន​ដី​នៅ​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​-កុសមៈ​«គិរីរម្យ»​នៅ​ក្នុង​ឃុំត្រែង​ត្រយឹង​ ស្រុកភ្នំស្រួច ខេត្ត​កំពង់​ស្ពឺនេះ។ កាល​ពី​លើក​ទីមួយ ក្រុម​ហ៊ុននេះ​ក៏ទ​ទួល​បាន​ដី​ទំហំ​ដូចគ្នា គឺ​ចំនួន​២២១,៩៤​ហិកតា ​ដែលត្រូវ​បាន​កំណត់​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២​។ នេះបើ​តាម​អនុក្រឹត្យ​ ចុះ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០២២ ​ដែល​វីអូអេ​ទទួល​បាន​។

បើ​គិត​ទាំង​អនុក្រឹត្យចុះ​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​ គឺ​ក្រុមហ៊ុនវ័នម៉រ របស់​អ្នកស្រី ជឹង សុគន្ធាវី ​បាន​ទទួល​ដី​សរុប​ប្រមាណ​៤៤៣​ហិកតា ​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-កុសមៈ​«គិរីរម្យ»​នោះ​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ប៊ុន​ឈឿន អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ និងអ្នកស្រី ជឹង សុគន្ធាវី និង​តំណាង​ខាង​ក្រុមហ៊ុន​One More តាម​ទូរស័ព្ទ​បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក ប៉ែន បូណា ​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ។

អ្នកស្រី

ជា​ដន្លង​ជាមួយរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធ​មុន្នីរ័ត្ន ដោយ​កូនស្រីរបស់អ្នកស្រី ជឹង សុគន្ធាវី ​បាន​រៀប​ការ​ជាមួយ​កូន​ប្រុស​របស់​លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​ឆ្នាំ២០២៣​។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា កត់​សម្គាល់​ថា​ ការ​កាត់​ឆ្វៀល​ទ្រព្យសម្បត្តិរដ្ឋ​ ​ឱ្យទៅ​ឯ​កជន ​ក្នុង​រូបភាព​ជួល និង​ផ្តល់ឱ្យ​ គឺ​នៅ​តែ​បន្ត​កើត​មាន​ច្រើន​ សូម្បី​តែ​តំបន់​ការពារ​ធម្មជាតិ ក៏​ត្រូវបាន​កាត់​ឆ្វៀលផង​ដែរ។ លោកបន្ត​ថា​នៅ​ពេល​ដែល​ទ្រព្យ​សម្បត្តិរដ្ឋ​ត្រូវ​បានឆ្វៀល ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ និង​ជជែក​ជាមួយ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ជា​សាធារណៈ និង​មិន​មាន​ការ​វាយ​តម្លៃដោយ​ចំហ និង​មិន​បង្ហាញ​អំពី​តម្លៃ​ដែល​ក្រុមហ៊ុន​ជួល ​បាន​ធ្វើ​ឱ្យ​ងឿង​ឆ្ងល់ និង​ព្រួយ​បារម្ភ​អំពី​តម្លាភាព និង​គណនេយ្យ​ភាព លើ​ការ​ចាត់​ចែង និង​គ្រប់គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ​។ ដូច្នេះ​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «​អ៊ីចឹង​បាន​ខ្ញុំ បាន​ជជែក​ថា​វា​ជា​ការ​ធ្វើ​សម្បទាន អនុប្ប​យោគ​ ឬការ​ជួល ដោយ​មិន​មាន​តម្លាភាព​។ យើង​ឃើញ​ថាអ្នក​ទទួល​ផល​ប្រយោជន៍​ពី​ការ​អនុប្ប​យោគ ​ជួល លក់​ ដោយ​រដ្ឋ​ ភាគ​ច្រើន​គឺជា​ក្រុមហ៊ុន​ធំៗ​ ដែល​មាន​ប្រតិបត្តិ​ការ​រួច​រាល់​ជា​ស្រេច​ ហើយ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋា​ភិបាល​ទៀត​ផង​»។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​«អនុប្បយោគ» ដើម្បី​ឱ្យ​ការ​អនុវត្ត​ការងារ​ស្រប​តាម​លក្ខខណ្ឌ​ច្បាប់​ និង​ដើម្បី​ងាយ​ស្រួល​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​ មុន​នឹង​ធ្វើ​អនុប្បយោគ​ឱ្យ​ទៅឯកជន​។

គួរបញ្ជាក់​ថា​ក្រុមហ៊ុន វ័នម៉រ ក៏​ធ្លាប់​ទទួល​បាន​ដីនៅ​តំបន់ផ្សេង​ទៀត ក្រៅ​ពី​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត-​កុសមៈ ​«គិរីរម្យ»នេះ។ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ក្រុមហ៊ុន​របស់​អ្នកស្រី ​ជឹង សុគន្ធាវី​ ទទួល​បាន​ដីទំហំ​២៩​ហិកតា​ ពី​តំបន់​ឧទ្យាន​ជាតិ​កែប ​ក្នុង​ខេត្ត​កែប និង​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​ទំហំ​៦៤៩​ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ឃុំក្តុល​សែនជ័យ ​និងឃុំ​ជៀប​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់​ឆ្នាំង ឱ្យ​ក្រុម​ហ៊ុននេះ​។ ​បន្ថែម​ពី​នេះ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋា​ភិបាល​ក៏​បាន​កាត់​ផ្ទៃ​ដី​ទំហំ​៧០​ហិកតា​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា​ ចំណុច​ទឹក​ធ្លាក់​ក្បាល​ព្រះ ​ភូមិ​ពូ​ត្រុំ ​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ​ខេត្ត​មណ្ឌល​គិរី ផ្តល់​ឱ្យ​ក្រុមហ៊ុន​One Prosperity ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​ផង​ដែរ​៕