​ក្រសួង​សុខាភិបាល​ឱ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ជំងឺ​បណ្តាល​​ពី​អាកាស​ធាតុ​ត្រជាក់

រូបឯកសារ៖ ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​ទិញ​អាវ​រងារ​នៅ​តូប​មួយ​​នៅ​ផ្សារធំថ្មី​ រាជធានី ភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ​ ​ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន​ធម្មតា។​ ​ស្វែង​រក​ការ​ព្យាបាល​នៅ​គ្រឹះស្ថាន​សុខាភិបាល។​ ​បើ​មាន​ជំងឺ​ផ្តាសាយ​ ​ឬ​មិន​ស្រួល​ខ្លួន គួរ​ពន្យារ​ផែនការ​ធ្វើដំណើរ​ ​រហូត​មាន​សភាព​ល្អ​ប្រសើរ​ ​យ៉ាង​ហោច​ណាស់​២៤​ម៉ោង​ ​ក្រោយ​មាន​ជំងឺ។​ ​ហាម​ប្រើប្រាស់​ឱសថ​ប្រភេទ​អង់ទីប៊ីយោទិក​ដោយ​គ្មាន​វេជ្ជបញ្ជា។​

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​សប្តាហ៍​នេះ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាកាស​ធាតុ​ត្រជាក់​ ​ជាពិសេសត្រូវ​យកចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ​ចំពោះ​ទារក​ ​កុមារ​និង​មនុស្ស​វ័យ​ចំណាស់។​

ការ​ណែនាំ​នេះ​ធ្វើ​ ​ឡើង​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​កាលពី​សប្តាហ៍​មុន​ប្រកាស​ថា​ ​អាកាស​ធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ចាប់​ពី​ចុង​ធ្នូ​ ឆ្នាំ​២០១៨​នេះ​តទៅ។​

បើ​តាម​សេចក្តីណែនាំ​មួយ​របស់​ក្រសួង​សុខាភិបាល​និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ ​និង​គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នា​ថ្ងៃ​ទី​ ២៤ ខែ ធ្នូ​ ​ឆ្នាំ​២០១៨។ ​នេះ​បញ្ជាក់​ថា​ ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​សុខភាព​ផ្ទាល់ខ្លួន​ ​និង​ក្រុម​គ្រួសារ​ ​ដើម្បី​ជៀសផុត​ពី​ជំងឺ​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ​ដោយ​សារ​អាកាសធាតុ​មាន​ការ​ប្រែប្រួល​និង​ចុះ​ត្រជាក់។

ក្រសួង​បន្ថែម​ក្នុង​សេចក្តីណែនាំ​នោះ​ថា៖

«ក្នុង​ចំណោម​ជំងឺ​តាម​រដូវ​កាល​ដែល​ជួប​ប្រទះ​ញឹក​ញាប់​បំផុត​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ នៅ​ចន្លោះ​ពី​ខែ ធ្នូ ដល់​ខែ មករា​ គឺ​ភាគ​ច្រើន​មាន​ដូច​ជា​ ​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​មិន​ត្រូវ​នឹង​អាកាស​ធាតុ​ត្រជាក់​ ​ឬ​ជា​ប្រភេទ​អាល់លែកហ្ស៊ី​ ​និង​ជំងឺ​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី​វីរុស​ ​និង​មេរោគ​ស្រ្តិប​តូកូក​ ​ដែល​បង្ក​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ផ្តាសាយ​ ​ហៀរ​សំបោរ​ ​រលាក​បំពង់​ករ​ ​ក្អក​ ​និង​រលាក​ក្រពះ​ពោះវៀន​ ​ដោយ​ពពួក​វីរុស​ ​ជាដើម»។

សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ត្រជាក់។ (គេហទំព័រ​ផ្លូវការ​ក្រសួង​សុខាភិបាល)

ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ​ ​ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន​ធម្មតា។​ ​ស្វែង​រក​ការ​ព្យាបាល​នៅ​គ្រឹះស្ថាន​សុខាភិបាល។​ ​បើ​មាន​ជំងឺ​ផ្តាសាយ​ ​ឬ​មិន​ស្រួល​ខ្លួន គួរ​ពន្យារ​ផែនការ​ធ្វើដំណើរ​ ​រហូត​មាន​សភាព​ល្អ​ប្រសើរ​ ​យ៉ាង​ហោច​ណាស់​២៤​ម៉ោង​ ​ក្រោយ​មាន​ជំងឺ។​ ​ហាម​ប្រើប្រាស់​ឱសថ​ប្រភេទ​អង់ទីប៊ីយោទិក​ដោយ​គ្មាន​វេជ្ជបញ្ជា។​ ​រក្សា​អនាម័យ​ ​និង​ត្រូវ​ការពារ​ខ្លួន​ពេល​ទៅ​ក្បែរ​អ្នកជំងឺ។​

ក្នុង​សេចក្តីណែនាំ​ដដែល​ក៏​បាន​បញ្ជាក់​ថា​ទារក កុមារ និង​មនុស្ស​ចាស់ មាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ត្រជាក់ ដែល​ចាំបាច់​ត្រូវ​មាន​ជំនួយ​ត្រឹមត្រូវ​ក្នុង​ការ​ថែទាំ​បន្ថែម។​

ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​កាល​ពី​សប្តាហ៍មុន​ប្រកាសថា ​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ទី ​៣០ និង ​៣១​ ខែ ធ្នូ​ ឆ្នាំ​២០១៨ ​នេះ​តទៅ ហើយអាច​នឹង​ចុះ​ត្រជាក់​ខ្លាំង​ក្នុង​អំឡុង​ពាក់​កណ្តាល​ខែ ​មករា​ ​ឆ្នាំ ២០១៩​ ខាងមុខ​ ​ជា​ពិសេស​នៅ​តាម​តំបន់​ភ្នំ៕