អ្នក​ផ្តល់​សេវា​សុខភាព​តាម​ភូមិ​​រាប់​រយ​នាក់​​ត្រូវ​បង្ខំចិត្ត​ឈប់​ផ្តល់​សេវា​ ក្រោយ​រដ្ឋាភិបាល​ចាត់​​វិធាន​ការ​ផ្លូវ​ច្បាប់

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបីចៅ ខណៈដែលមន្ត្រីសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មូស និងដង្កូវទឹក នៅ​គេហដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​បង្ក្រាប​អ្នក​ផ្តល់​សេវា​សុខភាព​​មិន​ផ្លូវការ​តាម​ភូមិ​ដើម្បី​ទប់ស្កាត់​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​​នោះ​ អ្នក​ផ្តល់​សេវា​សុខ​ភាព​តាម​ភូមិ​មួយ​ចំនួន​ ដែល​បានបានផ្តល់សេវាកម្មសុខភាពនេះតាំងពីឆ្នាំ១៩៨០ បង្ហាញ​ការ​អាក់​អន់​ចិត្តចំពោះ​វិធានការនេះ។

ភ្នំពេញ — អ្នកស្រី​ម៉ៅ សាវី ​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្តល់​សេវា​កម្មសុខភាព​តាំង​ពី​អ្នកស្រី​នៅ​វ័យ​១៨​ឆ្នាំ​ នៅ​មណ្ឌល​សុខភាព​តាសួស នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ដែល​ជា​ទី​កំណើត​របស់​អ្នកស្រី។​ អ្នកស្រី​យល់​ថា ការងារ​នេះ​អាច​ជួយ​ជីវិត​អ្នក​ភូមិ​របស់​អ្នកស្រី។​

អ្នកស្រី​ សាវី ដែល​ជា​មន្ត្រី​ជាប់​ក្រប​ខណ្ឌបម្រើ​ការ​នៅផ្នែក​ផ្តល់​ថ្នាំ​បង្ការ​ និង​សម្រាល​កូន​ បាន​ចាប់​ផ្តើម​ពី​ការងារ​ជា​អ្នក​ចាក់​ថ្នាំ​បង្ការ​ជូន​អ្នក​ភូមិ។ ក្រោយ​មក​អ្នកស្រី​អនុវត្ត​ផ្នែក​សម្រាល​កូន​អស់​រយៈពេល១០ ​ឆ្នាំ​ទៀត។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នកស្រី សាវី​ ដែល​បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ​ បាន​ទទួល​ដំណឹង​ថា ​អ្នកស្រី​មាន​ឈ្មោះ​នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះមនុស្ស​ ៣៩៣ ​នាក់​ដែល​ជា​«អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិត​អនុញ្ញាត​ និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល»​ ដែលត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។​

អ្នក​ស្រី​ សាវី ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​អ្នក​រួម​ការងារ​នៅ​ឯ​មណ្ឌល​សុខភាព​បាន​ប្រាប់​វីអូអេ​ថា៖​

«គេ​អត់​មាន​ប្រាប់​មុន​ថា​ បញ្ជូន​ឈ្មោះ​អី​ទេ​ ស្រាប់​តែ​ចេញ​អ៊ីចឹងមក។​ ខ្ញុំ​ខក​ចិត្ត​ហ្មង។​ ខ្ញុំ​ចង់​គាំង​បេះ​ដូង»។​

មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​ឈ្មោះ​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន​ជាង​ ១០០០ នាក់​ត្រូវ​បាន​មន្ត្រី​សុខាភិល​បាល​ដាក់​ចូល​ក្នុង​បញ្ជី​អ្នក​បម្រើ​សេវា​សុខភាព​មិន​ស្រប​ច្បាប់។​

នៅ​ក្នុង​ខែ​ឧសភា​នេះ មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ចាប់​ផ្តើម​ប្រមូល​បញ្ជី​ឈ្មោះ​«អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិតអនុញ្ញាត​ និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល»។ ក្រុម​មន្ត្រី​មន្ទីរ​សុខាភិបាល​ថា ​ក្រសួង​រឹត​បន្តឹង​ច្បាប់​នេះ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​សារ​ការ​ចាក់​ថ្នាំ ដោយ​ពេទ្យ​មិន​ស្រប​ច្បាប់។

កាល​ពី​ដើម​ខែ​ឧសភា​ ​នៅ​ខេត្ត​ស្វាយរៀង​ គិលានុបដ្ឋាយិកា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លោក​ធ្វើ​ការ​ចាក់ថ្នាំ​ព្យាបាល​ជំងឺបុរស​ម្នាក់ ​ដែល​ក្រោយ​មក​បណ្តាល​ឲ្យ​អ្នក​ជំងឺ​នោះ​ស្លាប់។​ ហេតុ​ការណ៍​នេះ​នាំ​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​បញ្ជូន​បញ្ជី​ឈ្មោះ​ក្រុម​គ្រូពេទ្យ​តាម​មូលដ្ឋាន​ចំនួន ៣៩៣​ នាក់​ទៅ​តុលាការ។

ឯ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ​ សប្តាហ៍​នេះ​ ​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន ​១៧ ​នាក់​ត្រូវ​បាន​សាលា​ដំបូង​កោះ​ហៅ​ឲ្យ​ចូលឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ពាក់​ព័ន្ធ​រឿង​ប្រកប​មុខ​របរ​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ។ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ បញ្ជី​ឈ្មោះ​គ្រូ​ពេទ្យ​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន ១៤៨ នាក់។​

ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង​ ប្រធាន​មន្ទីរ​សុខាភិបាល​លោក​ប្រាក់ វុន​ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ ២០១៨ ​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន​៩​ ករណីទាក់​ទិន​នឹងក្រុម​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដែល​លោក​ថា​ ​បាន​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់។​ ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បញ្ជាក់​ថា​ មុន​ឆ្នាំ​២០១៧​ ខេត្ត​របស់​លោកមាន​អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​រហូត​ដល់​ជាង​ ៦០០ ​នាក់។

លោក​ ប្រាក់ វុន ប្រាប់​វីអូអេ​ថា៖

«ធម្មតា​អ្នក​ប្រព្រឹត្ត​អ៊ី​ចឹងច្រើន​តែ​កើត​ឡើង​វិញ។ ​យើង​ធ្លាប់​មាន​ យើង​ធ្លាប់​លុប​អស់​ហើយ។ ​តែ​ជួន​ណា​ ​ពេល​យើង​ក្តាប់​មិន​បាន​គ្រាប់​ជ្រុង​ជ្រោយ គាត់ចេញ​ប្រព្រឹត្ត​ឡើង​វិញ។​ ពេល​យើង​ដឹង​ យើង​មាន​តែ​ប្តឹង​ទេ ​លែង​មាន​ណែនាំ​ ឬ​កិច្ច​សន្យា​ទៀត​ទេ‍»។​

មន្ត្រី​សុខាភិបាល​យល់​ថា ការ​រឹត​បន្តឹង​ផ្នែក​ច្បាប់​យ៉ាងដូច្នេះអាច​ទប់​ស្កាត់​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​សារ​ការ​ទទួល​សេវា​កម្ម​សុខភាព​គ្មាន​គុណភាព​ និង​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​ ដែល​កន្លង​មក​ជា​វិស័យ​មួយ​ដែល​មាន​ការ​រិះគន់​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ។​

រូបឯកសារ៖ អ្នកជំងឺកំពុងទទួល​ការ​ព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ (REUTERS/Samrang Pring)

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ ​២៧ ​ខែ​ឧសភា​នេះ​ បាន​បង្គាប់​ឲ្យ​គ្រប់​មន្ទីរ​សុខាភិបាល​នៅ​ខេត្ត​ផ្សេង​ទៀត​ បន្ត​រៀបចំ​ពាក្យ​បណ្តឹង​ដូច​គ្នា​នេះ​ទូទាំង​ប្រទេស។​

លោក​ លី សូវ៉ាន់ អ្នក​នាំពាក្យក្រសួង​សុខាភិបាល​ អំពាវ​នាវ​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ ស្វែង​រក​ឯកសារ​ផ្លូវ​ច្បាប់​ដើម្បី​ពួកគេ​អាច​បន្ត​ការងារ​ទៅ​មុខ​ទៀត។​

«ចំពោះ​អ្នក​ដែល​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​ គួរតែ​មក​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ មក​ ដើម្បី​បើក​ ​បើ​អត់​ទេ​ យើង​ហ្នឹង​ប្តឹង​ទៅ​តុលាការ»។​

ចំពោះ​ផ្នែក​បម្រើ​សេវា​កម្ម​សុខភាព​ជា​ឯកជន លោក​លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវ​មាន​សញ្ញាប័ត្រ​ដែល​មាន​ការ​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​សមាជិក​គណៈ​នៃ​វិជ្ជាជីវៈ​ណា​មួយ​ និង​ក្រោយ​មក​ទៅ​ចុះ​បញ្ជី​ដើម្បី​ទទួល​បាន​អាជ្ញា​បណ្ណ​បើក​អាជីវកម្ម​ និង​ប្រកប​របរ​នេះ​ជា​លក្ខណៈ​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ។

«យើង​ទុកឱកាស​ឲ្យ​គាត់​ជិត​ ១០ ​ឆ្នាំ​ទៅ​ហើយ​ ដូច្នេះ​គួរ​ជា​ដំណាក់​កាល​មួយ​រួម​គ្នា​បំបាត់​ហើយ ​គួរ​តែ​ដល់​ដំណាក់​កាល​មួយ​ដែល​យើង​ត្រូវ​អនុវត្ត​ការងារ​ហ្នឹង​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ហើយ»។​

លោក​ហាស់ ស៊ុន វ័យ​៦៨ ​ជា​អតីតមន្ត្រី​ជាប់​ក្របខណ្ឌ​នៅ​មណ្ឌល​សុខភាព​អង្គតាសូ នៅ​ខេត្ត​ស្វាយរៀង។ បច្ចុប្បន្ន​លោក​ចូល​និវត្តន៍។​ លោក​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ដឹង​ថា ​លោក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដែរ​នោះ។ លោក​មាន​ប្រសាសន៍​ថា​ លោក​ផ្តល់​សេវា​សុខភាព​ដោយ​សារ​ការ​អណិត​អាសូរ​របស់​លោក​ចំពោះ​ប្រជាជន​ក្រ​ខ្សត់​ខ្សោយ។

លោក​និយាយ​ថា៖​

«បង​ប្អូន​អ្នក​ស្រុក​ គាត់​ចេះ​តែ​ជឿ​ជាក់​ខ្ញុំ ចេះ​តែ​មក​រក​ មក​ពឹង​ឲ្យ​មើល​ជំងឺ​គេ​អ៊ីចឹង​ទៅ​ណា៎។ ​ហើយ​យើង​ក៏ចេះ​តែ​សុខ​សប្បាយ​ទៅ។​ ខ្ញុំ​ចេះ​តែ​ដើរ​ទៅ​ចាក់​ទី​នេះ​ទីនោះ​ ឬ​បង​ប្អូន​គេ​មក​ផ្ទះ​អ៊ីចឹង​ទៅ។ ​ហើយ​បើ​អ្នក​ណា​គេ​មក​មិន​រួច​ក៏​មិន​ដឹង​ផ្តាច់​មនោសញ្ចេតនា​ថា​ម៉េច​ បើ​ប្រជាជន​ស្រឡាញ់​យើង​ធ្លាប់​ព្យាបាល​ធ្លាប់​មើល​ជំងឺ»។​

លោក​បន្ត​ថា៖​

«ខ្ញុំ​អត់​មាន​ប្រឆាំង​អី​ទេ​ ព្រោះ​នេះ​ជា​ច្បាប់​ ហើយ​ខ្ញុំ​ក៏​ត្រូវតែ​គោរព​ច្បាប់‍»។​

លោក​ហាស់ ស៊ុន ​ចូល​ស្ម័គ្រ​ចិត្ត​បម្រើ​ជា​ពេទ្យ​ទាហាន​នៅ​ឆ្នាំ​ ១៩៧២ ​នៅ​ពេល​លោក​មាន​វ័យ​ជាង ​២០​ឆ្នាំ។ ក្រោយ​ឆ្នាំ ​១៩៧៩ ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​គិលានដ្ឋានតាម​ភូមិ​ ឃុំ​ ជា​ពេលដំបូងដែល​លោកបាន​ទទួល​ការ​បណ្តុះ​បណ្តាលលើ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​នៅ​វិក្រឹត្យការ​ខេត្ត។​

លោក​ហាស់ ស៊ុន ​យល់​ស្រប​ចំពោះ​ចំណាត់​ការ​តឹងរ៉ឹង​ផ្លូវច្បាប់ ផ្តល់​យុត្តិធម៌ត្រឹម​ត្រូវ​ និង​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​នៅ​ពេល​ខាង​មុខ។​ ទោះ​ជា​យ៉ាងណា លោក​សម្តែង​ការ​អាក់​អន់ចិត្ត​ ដោយ​លោក​យល់​ថា​ កន្លង​មក​លោក​បម្រើ​សេវា​សុខាភិបាល​នេះ​ដោយបទ​ពិសោធន៍ ​និង​ឆន្ទៈ​របស់​លោក។​

លោក​បន្ថែម​ថា ​លោក​មាន​ត្រឹម​តែ​សញ្ញាប័ត្រ​គិលានុបដ្ឋា​យិកា​បឋម​កាល​ពី​អំឡុង​ឆ្នាំ​១៩៨០ ​ដែល​មិន​អាច​សុំ​អាជ្ញាប័ណ្ណ​បាន​ទេ។​

លោក​និយាយ​ថា៖​

«គោរព​ច្បាប់​ត្រឹមត្រូវ​ហ្នឹង គេ​ធ្វើ​ឲ្យ​មាន​រចនា​សម្ព័ន្ធ​បាន​ហើយ​ ឬ​នៅ​តាម​មូលដ្ឋាន?​ គេ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ​ ព្រោះ​ពេទ្យ​គេ​នេះ​ គេ​ម៉េច​ហ្នឹង​មក​នៅ​តាម​មូលដ្ឋាន​ នៅ​តាម​ជនបទ​អ៊ីចឹង។ គេ​នៅ​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​អ៊ីចឹង​ហ្នឹង។​ គេ​មិន​អាច​រៀប​សេណារីយ៉ូ​ឲ្យ​មាន​ពេទ្យ​ឲ្យ​គ្រប់គ្រាន់​តាម​មូលដ្ឋាន​បាន​ទេ»។

រូបឯកសារ៖ មណ្ឌលសុខភាពមេសថ្ងក ស្ថិតក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

រូបឯកសារ៖ ស្រ្តីម្នាក់អង្គុយខាងមុខបន្ទប់សម្រាលកូននៅមណ្ឌលសុខភាពមេសថ្ងក ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

​ថ្វីបើ​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ព្យាយាមលុប​បំបាត់​ក្រុម​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក៏​ដោយ​ ការ​ស្ម័គ្រ​ចិត្ត​របស់​ពេទ្យ​ដែល​មាន​ក្របខ័ណ្ឌ​ទៅ​បម្រើ​ការងារ​សុខភាព​តាម​ខេត្ត ​និង​តំបន់​ដាច់​ស្រយាល​នៅ​មាន​ចំនួន​តិច​តួច។ដូច្នេះ​ហើយ​អ្នក​ភូមិ​នៅតែ​បន្ត​ងាក​ទៅ​រក​សេវា​សុខភាព​ពី​ក្រុម​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់។​

លោក​កែរ រដ្ឋា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ​បាន​ប្រាប់​វីអូអេ​ដែរ​ថា ប្រជាជន​នៅ​និយម​ប្រើ​ប្រាស់​សេវា​ពេទ្យ​តាម​មូលដ្ឋាន​ ឬ​គេ​ហៅ​ពេទ្យភូមិ។​

លោក​និយាយ​ថា៖​

«និយាយ​រួម​ទៅ ពេទ្យ​អស់​ហ្នឹង​គាត់​ចាក់​ថ្នាំ ​ចាក់​អី​អាច​ជំពាក់​បាន​អ៊ីចឹង​ទៅ! អ្នក​ខ្លះ​ព្យាបាល​ទៅដល់​រដូវ​ស្រែ​ ​រដូវ​ច្រូត​អ៊ីចឹង​ទៅ​ បាន​គាត់​សង​ជា​ស្រូវ​ ជា​អី​អ៊ីចឹង​ទៅ ​ឬ​ក៏​លក់​ស្រូវ​យក​លុយ​កាក់​យក​មក​សង​ថ្លៃ​ព្យាបាល​ហ្នឹង‍»។​

លោក​បន្ត​ថា៖​

«អា​ហ្នឹង​មក​ពី​ប្រជា​ពលរដ្ឋ​យើង​ដែរ​ នៅ​មិន​ទាន់​យល់​ដឹង​ច្បាស់។ ​គាត់​ដឹង​តែ​ពេទ្យៗ​ មិន​ដឹង​ពេទ្យ​ណា​មាន​សញ្ញាប័ត្រ​ ពេទ្យ​ណា​មិន​មាន​សញ្ញាប័ត្រ។​ ​ហើយ​ជា​ទម្លាប់​ដែល​គាត់​ធ្លាប់​ព្យាបាល​ពី​មុនៗ​មក ចេះ​តែ​ទម្លាប់​ព្យាបាល​ជាមួយ​ពេទ្យ​អស់ៗ​ហ្នឹង។​ វា​ពិបាក​ដែរ​ ​មនុស្ស តែ​ទម្លាប់ វា​ពិបាក​កែ​ទម្លាប់​ដែរ‍»។​

អ្នក​ស្រី​ម៉ៅ សាវី ​យល់​ថា ការងារ​ជា​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដូច​ជា​អ្នក​ស្រី​គឺ​ជា​ការងារ​ត្រូវ​ការ​ជំនាញ ​ហើយ​អ្នក​ស្រី​យល់​ថា ​ជំនាញ​របស់​អ្នកស្រី​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​បន្ថែម។ អ្នកស្រី​ថា អ្នកស្រី​មិន​អាច​បន្ត​យក​សញ្ញាប័ត្រ​ឲ្យ​ត្រូវ​កម្រិត ដោយសារ​តែ​កត្តា​ជីវភាព។

អ្នកស្រី​យល់​ថា ​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ខ្វះ​អ្នក​ជំនាញ​សុខភាព​ដែល​មាន​ក្របខ័ណ្ឌ​ ​ដោយ​សារ​ពេទ្យ​មាន​ជំនាញ​ភាគ​ច្រើនប្រមូល​ផ្តុំ​ធ្វើការ​នៅ​ទី​ក្រុង។

«អូ! ​គេ​មិន​ចង់​ទេ​ អ្នកគ្រូ។ គេ​មិន​ចង់​ទៅ​ជនបទ​ទេ។ អស់​ជម្រើស​ហើយ​ គ្មាន​អ្នក​ណា​គេ​មក​ហ្នឹង​ទេ​ បាន​ជា​ហៅ​ពួក​ខ្ញុំ​ទៅ​ប្រើ​ហ្នឹង។ ប្រើ​ហើយ​ជិត​ដល់​គោលដៅ គេ​ធ្វើ​អ៊ីចឹង។ ខ្ញុំ​យល់​ថា​អ៊ីចឹង»។​

អ្នកស្រី​ម៉ៅ សាវី បន្ថែម​ដោយ​អស់​សង្ឃឹម​ថា ការងារ​បម្រើ​សេវាកម្ម​សុខភាព​តាម​ភូមិ​ជាង​២០​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ ដោយ​ឈ្មោះ​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។

«ខ្ញុំ​ធ្វើការ​២១​ឆ្នាំ​ហើយ​ អត់​មាន​គុណ​សម្បត្តិ​សោះ ​ប្រឈម​នឹង​មុខ​ច្បាប់»៕