ភ្នំពេញ៖ ធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេសកម្ពុជា នៅតែស្ទាក់ស្ទើរនៅឡើយក្នុងការផ្តល់ប្រាក់កម្ចីដល់សិស្សនិងនិស្សិតក្រីក្រ ដែលចង់បន្តការសិក្សាតទៅមុខទៀត ដោយសារតែទីផ្សារការងារមិនប្រាកដប្រជា និងកង្វះយន្តការបង្ការហានិភ័យដល់ធនាគារ និងស្ថាប័នទាំងនោះ។
ទីផ្សារការងារដែលមិនអាចទុកចិត្តបានសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា និងកង្វះយន្តការការពារហានិភ័យ ឬភាពប្រថុយប្រថានខ្ពស់សម្រាប់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ បានធ្វើឲ្យស្ថាប័នទាំងនេះ មិនចង់ផ្តល់ប្រាក់កម្ចីដល់សិស្សនិស្សិតក្រីក្រដែលប្រាថ្នាចង់បន្តការសិក្សារបស់ខ្លួនរហូតដល់ថ្នាក់ឧត្តមសិក្សានោះទេ។
អ្នកស្រីសូផន ណារី អនុប្រធាននាយកប្រតិបត្តិនៃធនាគារ Acleda មានប្រសាសន៍នៅថ្ងៃអង្គារទី២៤ ខែសីហានេះថា ការផ្តល់ប្រាក់កម្ចីដល់សិស្ស និស្សិត សម្រាប់បន្តការសិក្សារបស់ពួកគេនោះគឺនៅតែជាការប្រថុយប្រថានខ្ពស់នៅឡើយនៅក្នុងប្រទេសកម្ពុជា ដោយសារតែភាពមិនអាចទុកចិត្តបានចំពោះអនាគតនៃការសិក្សារបស់ពួកគេ។
«បើយើងធ្វើអាហ្នឹងវាមានហានិភ័យបន្តិច ហានិភ័យត្រង់ថា យើងអត់ដឹងថា ពេលណាគាត់ឈប់រៀនអីទៅ ឧទាហរណ៍អញ្ចឹង ជួលកាល រៀនបានកណ្តាលទីអីអញ្ចឹងទៅ»។
អ្នកស្រីសូផន ណារីមានប្រសាសន៍បន្តថា ធនាគាររបស់អ្នកស្រីអាចផ្តល់ប្រាក់កម្ចីដល់សិស្ស និស្សិត សម្រាប់បន្តការសិក្សាបាន តែល្គិកណាសិស្សនិស្សិតនោះអាចរកប្រាក់ចំណូលប្រចាំខែ ដើម្បីបង់រំលោះថ្លៃជំពាក់ធនាគារវិញបាន ឬល្គិកណានិស្សិតនោះមានអ្នកធានាត្រឹមត្រូវដើម្បីឲ្យប្រាកដថា ប្រាក់ដែលធនាគារឲ្យនិស្សិតខ្ចីនោះនឹងមិនត្រូវខាតបង់។
កញ្ញាហន រ៉ូហ្សាណា លេខានាយកប្រតិបត្តិនៃធនាគារភ្នំពេញពាណិជ្ជ បានថ្លែងឲ្យដឹងផងដែរថា សូម្បីមានអ្នកធានាត្រឹមត្រូវហើយក៏ដោយ ក៏ការឲ្យប្រាក់ដល់សិស្ស និស្សិតខ្ចីដើម្បីឲ្យពួកគេអាចបន្តការសិក្សាបាននេះ នៅតែជាការប្រថុយប្រថានខ្ពស់ដែរ។
«ជួនកាលនិស្សិតខ្លះជាកុមារកំព្រា ដូច្នេះយើងត្រូវគិតពីហានិភ័យចំពោះអ្នកធានារបស់គាត់ដែរ»។
សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានចំនួនជិត៤ម៉ឺននាក់ក្នុងឆ្នាំសិក្សា២០០៦-២០០៧ ហើយចំនួននេះបានបន្តកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ នេះបើយោងតាមស្ថិតិក្រសួងអប់រំ យុវជននិងកីឡា។
ប៉ុន្តែគេជឿថា មានសិស្សជាច្រើន ជាពិសេសនៅតាមតំបន់ជនបទ បានឈប់រៀនត្រឹមនេះ ឬឈប់នៅត្រឹមពាក់កណ្តាលទី នៅពេលដែលពួកគេបានឆ្លងចូលរៀននៅថ្នាក់ឧត្តមសិក្សាហើយនោះ ដោយសារតែការខ្វះលទ្ធភាពបង់ថ្លៃសាលា និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់ការបន្តការសិក្សារបស់ពួកគេជាដើម។
តម្លៃសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំសម្រាប់និស្សិតម្នាក់ជាមធ្យម គឺមានចំនួន១៦០០ដុល្លារអាមេរិកនៅក្នុងស្ថាប័នសិក្សាឯកជនដែលមានចំនួន៤៥ ក្នុងចំណោមស្ថាប័នឧត្តមសិក្សានៅកម្ពុជា សរុបចំនួន៦៣។
លោកជា ផល្លារិន អគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៍ថា ស្ថាប័នរបស់លោកនៅពេលនេះមិនទាន់ហ៊ានផ្តល់ប្រាក់កម្ចីដល់សិស្ស និស្សិតសម្រាប់ឲ្យពួកគេបន្តការសិក្សានោះទេ ដោយលោកលើកហេតុផលថា យន្តការដ៏សមស្របសម្រាប់ធានាថា និស្សិតនឹងសងប្រាក់មកស្ថាប័នរបស់លោកវិញនោះ នៅមិនទាន់មាននៅឡើយ។
«អត្តសញ្ញាណបុគ្គលម្នាក់ៗ គឺយើងមិនអាចតាមគាត់បាននៅក្នុងសង្គម។ គាត់ទៅណាមកណា យើងអត់ដឹង ដូចនៅអារ្យប្រទេសដែលគេគ្រប់គ្រងបាន។ ឧបមាថា គាត់ទៅធ្វើការនៅរតនៈគីរី ឬ ទៅប៉ោយប៉ែត ឬទៅខេត្តណាឆ្ងាយៗ យើងមិនដឹងគាត់ទៅនៅឯណា បើយើងទៅទារគាត់ មិនដឹងទៅទារគាត់នៅឯណា»។
លោកជា ផល្លារិន មានប្រសាសន៍បន្ថែមថា ស្ថាប័នរបស់លោកអាចផ្តល់ប្រាក់កម្ចីទៅសិស្ស និស្សិតបានតែតាមរយៈឪពុកម្តាយរបស់ពួកគេប៉ុណ្ណោះ ពោលគឺមិនអាចឲ្យពួកគេខ្ចីដោយផ្ទាល់នោះទេ ដោយសារតែភាពមិនប្រាកដប្រជាចំពោះលទ្ធភាពដែលពួកគេអាចសងមកស្ថាប័នរបស់លោកវិញនោះ។
នៅក្នុងបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិកជាដើម និស្សិតអាចខ្ចីប្រាក់ដោយផ្ទាល់ពីធនាគារដើម្បីបន្តការសិក្សារបស់ពួកគេ ហើយចាប់ផ្តើមសងប្រាក់ដែលពួកគេជំពាក់ ដោយបង់រំលោះទៅឲ្យធនាគារវិញ ក្រោយពេលដែលពួកគេរៀនចប់ និងរកការងារបានធ្វើហើយនោះ។
ប៉ុន្តែលោកគង់ ភាន មន្ត្រីអភិវឌ្ឍសាខានៃបណ្តាញសហភាពមីក្រូហិរញ្ញវត្ថុហៅកាត់ថាCMSC មានប្រសាសន៍ថា ទីផ្សារការងារមិនប្រាកដប្រជាសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា គឺជាឧបសគ្គចម្បងមួយដែលរារាំងធនាគារ និងស្ថាប័នផ្តល់ប្រាក់កម្ចីផ្សេងៗទៀតក្នុងការផ្តល់កម្ចីឲ្យនិស្សិត។
«វាអាចមានហានិភ័យកើតឡើង។ គាត់អាចអត់ការងារធ្វើ ក្រោយពីរៀនចប់ ឬគាត់អាចទៅនេះទៅនោះ ដូរទៅនេះទៅនោះបាត់ទៅ យើងនឹងមានបញ្ហា»។
លោកគង់ ភានមានប្រសាសន៍បន្ថែមថា បើទោះជាស្ថាប័នរបស់លោកបានផ្តល់ប្រាក់កម្ចីដល់និស្សិតបានចំនួន១៣នាក់មកដល់ពេលនេះ ដើម្បីឲ្យពួកគេមានលទ្ធភាពបន្តការសិក្សាក៏ដោយ ក៏ស្ថាប័នរបស់លោកផ្តល់ឲ្យតែនិស្សិតណាដែលមានសក្ដានុពលអាចសងបំណុលមកស្ថាប័នលោកវិញប៉ុណ្ណោះ ពោលគឺនិស្សិតដែលរៀនចាប់ពីឆ្នាំទី៣ឡើងទៅ ហើយត្រូវរៀននៅមហាវិទ្យាល័យដែលល្បីទៀតផង។
តែទោះជាយ៉ាងនេះក្តី កង្វះសេវាកម្មផ្តល់ប្រាក់កម្ចីដល់សិស្ស និស្សិតសម្រាប់ការសិក្សានេះ ក៏អាចបណ្តាលមកពីកង្វះតម្រូវការសេវានេះពីសំណាក់សិស្ស និស្សិតខ្លួនឯងផ្ទាល់ផងដែរ ពោលគឺពុំមានសិស្ស និស្សិតច្រើនទេ ដែលត្រូវការខ្វីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅផ្គត់ផ្តង់ការសិក្សារបស់ពួកគេនោះ នេះបើយោងតាមការបញ្ជាក់ប្រាប់របស់លោកប៊ុន មុនី ប្រធាននាយកប្រតិបត្តិស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីធីត។
លោកប៊ុន មុនីមានប្រសាសន៍ថា តម្លៃសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបល្មមសមរម្យ សម្រាប់ឲ្យឪពុក ម្តាយ សិស្ស និស្សិតភាគច្រើនអាចមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនៗពួកគេបាន ដោយមិនចាំបាច់ឲ្យកូនៗរបស់ពួកគេទៅខ្ចីប្រាក់ពីធនាគារ ដើម្បីបន្តការសិក្សានោះទេ។
«តម្លៃសិក្សាហ្នឹង វានៅក្នុងកម្រិតទាបល្មម ដែលគ្រួសារភាគច្រើនអាចប្រឹងប្រែងផ្តល់ដល់កូនគេបានចូលរៀនដែរ។ អាហ្នឹងវារួមផ្សំគ្នា។ អញ្ចឹងហើយបានជាតម្រូវការទុនសម្រាប់និស្សិតនោះ វានៅមិនទាន់មានឲ្យបានធំដំនៅឡើយ»។
ជាមួយគ្នានេះដែរ លោកម៉ក់ វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំក៏បានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតចំនួនពី៣០០០ទៅ៤០០០នាក់ក្នុងមួយឆ្នាំៗ ដើម្បីឲ្យពួកគេអាចបន្តការសិក្សារហូតដល់ចប់ថ្នាក់ឧត្តមសិក្សាបាន។
លោកម៉ក់ វ៉ាន់មានប្រសាសន៍បន្តទៀតថា ក្រសួងអប់រំក៏កំពុងពិចារណាបង្កើនចំនួនអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្របន្ថែមទៀត ដើម្បីឲ្យពួកគេអាចមានលទ្ធភាពបន្តការសិក្សាបាន ហើយក្រសួងក៏បានគិតគូរ ហើយនិងសិក្សាមើលពីលទ្ធភាពនៃសេវាផ្តល់ប្រាក់កម្ចីសម្រាប់សិស្ស និស្សិតក្រីក្រផងដែរ។
យ៉ាងណាក៏ដោយ លោកម៉ុក សុជាតិ និស្សិតដែលបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុCMSC សម្រាប់ទ្រទ្រង់ការសិក្សារបស់ខ្លួន បាននិយាយថា ថ្វីត្បិតតែលោកត្រូវបង់ការប្រាក់ជារៀងរាល់ខែក៏ដោយ ក៏ប្រាក់កម្ចីដែលលោកទទួលបានចំនួន៤០០ដុល្លារក្នុងមួយឆ្នាំនេះ បានជួយឲ្យលោកអាចបន្តការសិក្សាបានដែរ។
«ទោះបីជាយើងខាតការប្រាក់ ប៉ុន្តែវាអាចជួយយើងឲ្យបញ្ចប់ការសិក្សា ហើយឲ្យយើងឈានទៅចាប់គោលដៅដែលយើងប៉ងប្រាថ្នាបាន»។
លោកម៉ុក សុជាតិ ដែលទើបបញ្ចប់ការសិក្សា និងបានបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយ មានប្រសាសន៍បន្ថែមថា បើគ្មានប្រាក់កម្ចីសម្រាប់ឲ្យលោកបន្តការសិក្សាទេនោះ ម៉្លេះលោកប្រហែលជាមិនមានឱកាសបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើនោះទេ៕