ភ្នំពេញ៖ សវនាការផ្ទាល់មាត់ចំពោះសំណុំរឿងប្រាសាទព្រះវិហារបានចាប់ផ្តើមហើយនៅថ្ងៃច័ន្ទនេះនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេប្រទេសហូឡង់។ សវនាការនេះគ្រោងនឹងធ្វើឡើងរយៈពេល៥ថ្ងៃហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៩ខាងមុខ។
ប្រទេសកម្ពុជាក្នុងនាមជាដើមបណ្តឹងត្រូវបានអនុញ្ញាតឱ្យថ្លែងការពារមុនប្រទេសថៃ។
សវនាការផ្ទាល់មាត់នេះត្រូវបានផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងពេលសវនាការនេះចាប់ផ្តើម។
ចៅក្រមដែលបានចូលរួមស្តាប់ការការពារជុំវិញសំណុំរឿងប្រាសាទព្រះវិហារមានចំនួន១៧រូបព្រម ទាំងមានវត្តមានទាំងភាគីកម្ពុជានិងភាគីថៃដោយបូករួមទាំងមេធាវីការពារក្តីនៃប្រទេសទាំងពីរ។
ថ្លែងបើកសវនាការលោកប្រធានចៅក្រមនៃតុលាការយុត្តិធម៌ក្រុងឡាអេបាននិយាយថាលោកនឹងខិតខំស្វែងរកយុត្តិធម៌ដល់ភាគីទាំងពីរគឺកម្ពុជានិងប្រទេសថៃ។
លោកបាននិយាយថាយើងគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព សន្តិសុខ និងយុត្តិធម៌អន្តរជាតិនៅចំពោះមុខតុលាការនេះ ដើម្បីអាចជួយកាត់បន្ថយជម្លោះរវាងរដ្ឋភាគីនិងចុងក្រោយជួយពង្រឹង នីតិរដ្ឋក្នុងបរិបទអន្តរជាតិ។
លោកបាននិយាយថាយើងគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព សន្តិសុខ និងយុត្តិធម៌អន្តរជាតិនៅចំពោះមុខតុលាការនេះ ដើម្បីអាចជួយកាត់បន្ថយជម្លោះរវាងរដ្ឋភាគីនិងចុងក្រោយជួយពង្រឹង នីតិរដ្ឋក្នុងបរិបទអន្តរជាតិ។
លោកបាននិយាយថាវាជាក់ច្បាស់ណាស់ថា វិធាននេះបានបញ្ចប់ជម្លោះជាប្រវត្តិសាស្ត្រក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយបានបន្តក្លាយជាចំណុចស្នូលនៃសេចក្តីសម្រេចក្តីប្រកបដោយភាពរហ័សទាន់ពេលវេលា មានហេតុផលសមរម្យ និងយុត្តិធម៌ក្នុងតុលាការទីក្រុងឡាអេនេះ»។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងសុន្ទរកថាជាភាសាបារាំងក៏ប៉ុន្តែត្រូវបានក្រសួងការបរទេសបានបកប្រែថាពេលនេះគឺជាការបិទនីតិក្រមដែលនាំឱ្យតុលាការធ្វើសេចក្តីសម្រេចជាចុងក្រោយលើរឿងក្តីប្រសាទព្រះវិហារដែលធ្វើឱ្យយើងមានការកង្វល់ទាំងអស់គ្នា។
លោកបាននិយាយប្រាប់អង្គសវនាការថាហេតុអ្វីបានជាកម្ពុជាវិលមករកយុត្តិធម៌អន្តរជាតិជាថ្មីក្រោយពី៥០ឆ្នាំបន្ទាប់ពីសាលក្រមកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ចំពោះកម្ពុជាវាមិនមែនជានីតិវិធីអត់បានការនោះទេ តែវាជាការចាំបាច់ដែលតម្រូវឱ្យវិលមករកតុលាការសារជាថ្មី។
លោកហោ ណាំហុងបាននិយាយថាភាពចាំបាច់នេះចេញមកពីការឈ្លានពានដោយយោធាថៃមកលើកម្ពុជាដែលកាលនោះដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវ៉ា។នៅតាមព្រំប្រទល់ដែននៃប្រទេសទាំងពីរនៅលើតំបន់ប្រាសាទព្រះវិហារពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ចាប់ពីពេលដែលកម្ពុជាបានទទួលជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីរបស់បេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ។
លោកបាននិយាយទៀតថាចំណុចចាប់ផ្តើមនៃឧបទ្ទវហេតុផ្ទុះអាវុធអស់ទាំងនេះគឺជាចំណុចចាប់ផ្តើមនៃការទាមទារដី៤,៦គមនៅតំបន់ក្បែរប្រសាទព្រះវិហារ។លោកបានបញ្ជាក់ថាប្រទេសថៃហាក់បីដូចជាភ្លេចពីការវាយប្រហារផ្នែកយោធាទាំងអស់មកលើកម្ពុជាដែលមានអាវុធអន់ខ្សោយពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ដែលបានបង្កវិនាសកម្ម ធ្វើឱ្យខូចខាតលើតួរប្រាសាទ ក៏ដូចជាបង្កឱ្យមានរបួសការបាត់បង់អាយុជីវិតមនុស្សក្រោយពីការឈ្លានពានដោយយោធាទាំងអស់នេះ។
មេធាវីសញ្ជាតិបារាំងដែលបានការពារក្តីខាងភាគីកម្ពុជាគឺលោក ហ្សង់ ម៉ាកសូរ៉ែល បាននិយាយថា
ក្នុងសម័យនេះកំហុសមិនគួរបន្តអូសបន្លាយដោយសេចក្តីសម្រេចដែលបានកំណត់យ៉ាងច្បាស់ពីព្រំប្រទល់ប្រាសាទ ហើយប្រទេសថៃហាក់ដូចជាមិនបានសើរើរឿងនេះមុនឆ្នាំ២០០៧នោះឡើយ។
លោកបាននិយាយថាប្រទេសថៃមិនបាននិយាយអ្វីទាំងអស់មុនពេលឧបទ្ទវហេតុប្រដាប់អាវុធដែលប្រទេសនេះបង្កឡើងជាការសងសឹកនៅពេលប្រាសាទនេះត្រូវបានដាក់ ចូលក្នុងបេតិកភណ្ឌ
ពិភពលោករបស់អង្គការយូណេស្កូ។
លោកបានបញ្ជាក់ថា«ការឈ្លានពានទាំងអស់នេះគឺជាបុព្វហេតុពីក្រោយការសម្រេចចិត្តរបស់កម្ពុជា ក្នុងការស្នើឱ្យតុលាការបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២ឡើងវិញ ដែលបានឆ្លុះបញ្ចាំងពីវិធានការបណ្តោះអាសន្នដែលបានដាក់ចេញដោយតុលាការនេះ»។