ក្រុមអង្គការសង្គមស៊ីវិលខ្មែរមួយចំនួន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជារៀបចំវិធានការត្រៀមជាស្រេច ដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុធ្លាយប្រេងជាយថាហេតុណាមួយ ខណៈដែលក្រុមហ៊ុនប្រេងនឹងចាប់ផ្តើមធ្វើអាជីវកម្មបូមយកប្រេង នៅក្នុងដែនសមុទ្រកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ធ្លាយប្រេងយ៉ាងធំសម្បើមមួយ នៅក្នុងសហរដ្ឋអាមេរិកដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន នឹងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក ពេជ្រ សំណាងរាយការណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញជូនដូចតទៅ៖
ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែល ធ្វើការងារតាមដានដំណើរការរុករកនឹងធ្វើអាជីវកម្មប្រេង នៅក្នុងប្រទេសកម្ពុជា បានទទូចស្នើឱ្យរដ្ឋាភិបាល រៀបចំយន្តការឆ្លើយតបទៅនឹងហានិភ័យ ឬគ្រោះថ្នាក់ធ្លាយប្រេងជាយថាហេតុណាមួយឱ្យបានរួចរាល់ជាមុនសិន មុននឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលកំពុងរុករកប្រេងនៅក្នុងដែនសមុទ្រខ្មែរ ចាប់ផ្តើមដំណើរការបូមយកប្រេងពីក្រោមបាតសមុទ្ររបស់កម្ពុជានោះ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុធ្លាយប្រេងដ៏ធំសម្បើមមួយរបស់ក្រុមហ៊ុនប្រេង BP នៅក្នុងឈូង សមុទ្រម៉ិកស៊ីកកាលពីខែមេសាកន្លងទៅនេះ។ ការធ្លាយប្រេងដែលអូសបន្លាយពេលអស់ជាង៦សប្តាហ៍មកហើយនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានដោយសារតែប្រេងចំនួន ជាង១ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃត្រូវគេប៉ាន់ប្រមាណថាបានហៀរ ចេញពីអណ្តូងប្រេងដែលធ្លាយនោះ។ ការហៀរប្រេងពាសពេញសមុទ្រនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព រស់នៅរបស់ពលរដ្ឋអាមេរិកកាំងនៅតាមបណ្តោយឆ្នេរសមុទ្រនោះ ជាពិសេស គឺនៅតាមបណ្តោយឆ្នេរសមុទ្ររដ្ឋ Louisiana តែម្តងដែលពួកគេភាគច្រើនពឹងផ្អែកទៅលើរបរនេសាទក្នុងសមុទ្រនោះ។
លោក ម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធភាពកម្ពុជាដើម្បី តម្លាភាពចំណូលធន ធាន ដែលបានតាមឃ្លាំមើលជាប្រចាំនូវដំណើរការវិនិយោគលើវិស័យឧស្សាហកម្ម និស្សារណកម្មឬ ការធ្វើអាជីវកម្មខាងឧស្ម័ន រ៉ែ នឹងប្រេងកាតនៅក្នុងប្រទេសកម្ពុជានេះ មានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាគួរតែបង្កើតស្ថាប័នទទួលខុសត្រូវលើ ការឆ្លើយតបទៅនឹងឧបទ្ទវហេតុធ្លាយប្រេងណាមួយ ខណៈដែលប្រទេសដ៏ក្រីក្រមួយនេះពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ ខាងឧស្សាហកម្មប្រេងនៅ ឡើយ ហើយដែលកំពុងត្រៀមខ្លួនទទួលផលពីការធ្វើអាជីវកម្មប្រេងនៅក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
“សម្រាប់ការរៀបចំឆ្លើយតប នៅពេលដែលមានការកំពប់ប្រេង រដ្ឋាភិបាលគួរតែពិចារណាឱ្យមាន អាជ្ញាធរឆ្នេរ ហើយនឹងអាជ្ញាធរសុវត្ថិភាពប្រេង ដែលអាជ្ញាធរហ្នឹងលោកអាចត្រួតពិនិត្យទៅលើសុវត្ថិភាពហើយនឹងសុខភាព ជាពិសេសលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រេងទាំងអស់ហ្នឹងបង្កើតឱ្យមាន សមាគមដើម្បីឆ្លើយតបនៅពេលណាមានកំពប់ប្រេងនៅពេលអនាគត”។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន គឺជាបណ្តុំអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន៥ ដែលរួបរួមគ្នាដើម្បីតាមដានមើលដំណើរការធ្វើអាជីវកម្មលើវិស័យ ប្រេង រ៉ែ នឹងឧស្ម័ននឹងការគ្រប់គ្រងចំណូលដែលបានមកពីការធ្វើអាជីវកម្មលើ វិស័យទាំងនេះ។
លោក ម៉ម សម្បត្តិ មានប្រសាសន៍បញ្ជាក់បន្ថែមថាអាជ្ញាធរដែលទទួលបន្ទុកឆ្លើយតបទៅនឹងគ្រោះថ្នាក់ប្រេងជាយថាហេតុនេះ ចាំបាច់ត្រូវតែបង្កើតឡើងដាច់ដោយឡែកពីអាជ្ញាធរប្រេងកាតជាតិកម្ពុជាដែលមានស្រាប់ ដើម្បីធានាខាងផ្នែកបច្ចេកទេសក្នុងការគ្រប់គ្រងការធ្លាយប្រេងរ ឬឧបទ្ទវហេតុគ្រោះថ្នាក់ប្រេងដទៃទៀត ប្រកបដោយប្រសិទ្ធិភាព។
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៣ បានទទួលសិទ្ធិរុករកប្រេងនៅកម្ពុជា ដោយក្រុមហ៊ុនខ្លះបានចាប់ផ្តើមនឹងកំពុងដំណើរការរុករករបស់ខ្លួន រួចស្រេចទៅហើយ។
គេរំពឹងថា ក្រុមហ៊ុនមួយចំនួនដោយរួមទាំងក្រុមហ៊ុន Chevron របស់អាមេរិកដែលបានទទួលសិទ្ធិរុករកប្រេងនៅក្នុងប្លុកA ក្នុង ដែនសមុទ្រកម្ពុជាផងដែរនោះ នឹងចាប់ផ្តើមធ្វើអាជីវកម្មបូមយកប្រេងនៅត្រឹមឆ្នាំ ២០១២ ឬ ២០១៣ ខាងមុខនេះ។
ការធ្វើអាជីវកម្មប្រេងនេះត្រូវគេប៉ាន់ ប្រមាណថានឹងអាចផលិតប្រេងបានចំនួនពី៤០០ទៅ៧០០លានធុងបារ៉ែល ដែលនឹងអាចធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលចំនួនពី៥០០លានទៅ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ពីផលិតកម្មឧស្ម័ននឹងប្រេងនេះ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០០៦ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានយ៉ាងជាប់លាប់នូវ និន្នាការវិវត្តន៍ខាងវិស័យប្រេង រ៉ែ នឹងឧស្ម័នផងដែរនេះ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែរៀបចំឱ្យមានកិច្ចព្រមព្រៀងជាក់លាក់ជាមួយក្រុមហ៊ុន រុករកប្រេងទាំងអស់ ដោយតម្រូវឱ្យក្រុមហ៊ុនទាំងនោះមានវិធានការណ៍គ្រប់គ្រាន់ដើម្បី បង្ការនឹងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះគ្រោះថា្នក់លេចឬធ្លាយ ប្រេងជាយថាហេតុណាមួយ។
"កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនណាមួយក៏ដោយ ក៏ត្រូវដាក់បន្ទុកហ្នឹងឱ្យក្រុមហ៊ុនក្នុងការរៀបគម្រោងបង្ការរបស់ខ្លួន ហើយបើគម្រោងបង្ការហ្នឹងមើលទៅវាមិនសមហេតុឬមិនគ្រប់គ្រាន់ អាហ្នឹងរដ្ឋាភិបាលអាចបដិសេធនូវគម្រោងមួយណាក៏បានដែរ។ អញ្ចឹង រដ្ឋាភិបាលអាចធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនមានគម្រោងលំអិតបង្ហាញចំពោះខ្លួន និងប្រជាពលរដ្ឋរបស់ខ្លួននូវគម្រោងការពារគ្រប់រូបភាពទាំងអស់"។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏គួរតែដាក់ពាក្យស្នើសុំចូលជាសមាជិកនៃអង្គការ "តម្លាភាពនៃឧស្សាហកម្មនិស្សារណកម្ម" ដែលភាសាអង់គ្លេសហៅថា Extractive Industry Transparency Initiative ឬហៅកាត់ថា EITI ផងដែរ ដើម្បីសិក្សាពីវិធីសាស្រ្តនឹងបទពិសោធន៍នានាពីប្រទេសផ្សេងទៀតក្នុងការគ្រប់គ្រងហានិភ័យនឹងចំណូលបានពីការធ្វើអាជីវកម្មប្រេងនេះជាដើម។
អង្គការ EITI គឺជាអង្គការអន្តរជាតិមួយមានមូលដ្ឋាននៅក្នុងទីក្រុង Oslo ប្រទេស ណ័រវេស ដែលធ្វើការងារបង្កើនតម្លាភាពនៃចំណូលនឹងចំណាយរបស់រដ្ឋាភិបាលនឹង ក្រុមហ៊ុនធ្វើអាជីវកម្មប្រេងនៅក្នុងប្រទេសជាង៣០ នៅទូទាំងពិភពលោក។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ការចូលជាសមាជិករបស់អង្គការ EITI ឬ ក៏ការបង្កើតស្ថាប័នបន្ថែមដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុធ្លាយ ប្រេងណាមួយនោះគឺពុំចាំបាច់ទេ ដោយលោកបញ្ជាក់ថារដ្ឋាភិបាលមានស្ថាប័ននឹងក្រសួងពាក់ព័ន្ធដែលមាន អ្នកជំនាញធំៗ ជាពិសេសគឺមានអាជ្ញាធរប្រេងកាតជាតិកម្ពុជារួចស្រេចហើយ។
“បង្កើតថែមទៀត នាំតែគេថាបង្កើតចំណាយលុយថែមទៀត ហើយក្រសួងនីមួយៗទទួលការខុសត្រូវរៀងខ្លួនបានហើយតើ” ។
មន្ត្រីនៃអាជ្ញាធរប្រេងកាតជាតិកម្ពុជាបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីយន្តការឆ្លើយតបចំពោះ ហានិភ័យដែលអាចបណ្តាលមកពីការធ្លាយប្រេងជាយថាហេតុណាមួយ នៅពេលមានការធ្វើអាជីវកម្មប្រេងនៅកម្ពុជានេះទេ។
តែទោះជាយ៉ាងនេះក្តី លោក ជាម យៀប សមាជិកសភាពីគណបក្សកាន់អំណាចមានប្រសាសន៍ថា ដោយមើលឃើញ ហេតុការណ៍ធ្លាយប្រេងដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនេះ រដ្ឋសភាជាតិកម្ពុជានឹងជំរុញឱ្យមានកិច្ចសន្យាដោយឡែកមួយ ជាមួយក្រុមហ៊ុនដែលកំពុងរុករកប្រេងនៅកម្ពុជា ដើម្បីធានាថា វិធានការឆ្លើយតបចំពោះឧបទ្ទវហេតុធ្លាយប្រេងណាមួយត្រូវមានរួចជាស្រេច មុននឹងក្រុមហ៊ុនទាំងនោះអាចចាប់ផ្តើមធ្វើអាជីវកម្មបូមប្រេងនៅកម្ពុជាបាន។
“យើងយកកត្តាហ្នឹងឬក៏យកបញ្ហាហ្នឹងធ្វើ ជាមូលដ្ឋានគ្រឹះសម្រាប់ពិភាក្សាគ្នាហើយសម្រាប់ធ្វើកិច្ចសន្យាដោយ ឡែកមួយជាមួយក្រុមហ៊ុនដែលត្រូវយកប្រេងដំបូងបំផុតនៅកម្ពុជាយើង គឺថាកុំឱ្យមាន ឧទាហរណ៍អាក្រក់ដូចជានៅឈូងសមុទ្រម៉ិកស៊ីកនោះ” ។
លោក យឹម សុវណ្ណ សមាជិកសភាពីគណបក្សប្រឆាំង សម រង្ស៊ី មានប្រសាសន៍ថា រដ្ឋសភាកម្ពុជាក៏ គួរតែបង្កើតច្បាប់គ្រប់គ្រងសុវត្ថិភាពនៃការធ្វើអាជីវកម្មប្រេង បន្ថែមទៀតហើយរដ្ឋសភាក៏ត្រូវជំរុញរដ្ឋាភិបាលឱ្យចូលជាសមាជិករបស់ អង្គការ EITI ផងដែរ ដើម្បីធានាឱ្យបាននូវតម្លាភាពនឹងគណនេយ្យភាពនៃចំណូលដែលបានមកពីប្រេងនៅកម្ពុជានេះ៕