ការ​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​កម្ពុជា​ក្នុង​សម័យ​​ខ្មែរ​ក្រហម​មាន​សភាព​ធ្ងន់ធ្ងរ

រូបភាព​​​ក្នុង​​​ភាពយន្ត​​មួយ​​មាន​​ចំណង​​ជើង​​ថា​​ «វាលស្រែ​​សម័យ​​ខ្មែរ​​ក្រហម​​» ជា​​រឿងរ៉ាវ​​របស់​​​ជន​រងគ្រោះ​​នៃ​​ការ​​រំលោភ​​ផ្លូវ​ភេទ​​​​ ផលិត​ដោយ លោក ​ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌល​ឯកសារកម្ពុជា។​ ​

ភ្នំពេញ៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ការ​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​កម្ពុជា​ក្នុង​សម័យ​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​មាន​សភាព​ធ្ងន់ធ្ងរ។ ​ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល ​បាន​ទទូច​នៅ​ថ្ងៃ​នេះ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដោយ​បទល្មើស​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ដ្រី​សង្គម​ស៊ីវិល​បាន​ទទូច​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ចាត់​បញ្ចូល​ការ​រំលោភ​ផ្លូវ​ភេទ​ជា​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មួយ​ ​ប្រយោជន៍ ​ដើម្បី​ផ្ដល់​សមភាព​នៅ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម។

ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្ដរ​ជាតិ​ស្ដីពី​យុត្តិ​ធម៌​ក្នុង​ទីក្រុង​ភ្នំពេញ​ ​លោកស្រី​ស៊ាល ស្ទូហ្ស៊ិនស្គី ​សហ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​មក​ពី​ទីភ្នាក់ងារ​អភិវឌ្ឈន៍​អាល្លឺម៉ង់ មាន​ប្រសាសន៍​ថា​ ​សាលាក្ដី​ខ្មែរក្រហម​ត្រូវតែ​ដោះស្រាយ​បញ្ហា​រំលោភ​ផ្លូវភេទ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

«ដើម្បី​បញ្ជាក់​អំពី​អំពើ​អយុត្តិធម៌ ​និង​ដើម្បី​បន្ដ​ការ​ប្រឆាំង​ទល់នឹង​និទណ្ឌភាព ​ ​ឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​ផ្លូវ​ភេទ​នេះ ​ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ ​និង​ដោយមាន​ការ​យោគ​យល់​នៅ​ក្នុង​ការ​ជំនុំជម្រះ​ក្ដី»។

លោក​ស្រី ស្ទូហ្ស៊ីនស្គី​ មាន​ប្រសាសន៍​ថា​ ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ខកខាន​មិន​បាន​ចោទ​ប្រកាន់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ ជន​ជាប់​ចោទ​ទាំង​ប្រាំ​នាក់​ ដែល​កំពុង​តែ​ជាប់​ឃុំ​ឃាំង។

«ខ្ញុំចង់​សន្និដ្ឋានថា​ ​នៅ​ក្នុង​ករណី​០០១ ​ ​សាលាក្ដី​ទាំង​មូល​ខកខាន​មិន​បាន​ដោះស្រាយ​បញ្ហា​ហិង្សា​ផ្លូវ​ភេទ​ទេ។​ សហ​ចៅក្រម​ស៊ើប​អង្កេត ​បាន​ខកខាន​ ​មិន​បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​នៅ​ក្នុង​ករណី​០០២​ អំពី​បទ​រំលោភ​សេពសន្ធវៈ ​និង​អំពើ​រំលោភ​ផ្លូវភេទ​ដទៃ​ទៀត​ ​ក្រៅ​ពី​ការ​រៀបការ​ដោយ​បង្ខំ​នោះ"។

មាន​អ្នកជំនាញ​ការ​ច្បាប់​មក​ពី​សហ​រដ្ឋ​អាមរិក​ បារាំង​ ជប៉ុន​ អង់គ្លេស​ ឥណ្ឌា​ ​ឥណ្ឌូណេស៊ី​ អូស្ដ្រាលី​ ​អាល្លឺម៉ង់ Rwanda​ និង​មកពី​ប្រទេស​អៀកឡង់​ខាងជើង​ ​បាន​ចូលរួម​ក្នុង​សន្និសីទ​អន្ដរ​ជាតិ​ស្ដីពី​យុត្តិធម៌​នេះ​ ​ដែល​រៀបចំ​ដោយ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ​ដើម្បីផ្ដោត​ជាសំខាន់​ទៅ​លើ​ការ​រំលោភ​ផ្លូវភេទ​ដល់​ជន​រងគ្រោះ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិប​តេយ្យ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោកស្រី ​កាស៊ូមិ ណាការហ្គាវ៉ា​ ​សាស្ដ្រាចារ្យ​នៃ​សកល​វិទ្យាល័យ​កម្ពុជា​ ​មក​ពី​ប្រទេស​ជប៉ុន​ ​បាន​ឲ្យដឹង​ថា​ ​ការ​រំលោភ​ផ្លូវ​ភេទ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ ​រួមមាន​ការ​រំលោភ​មិន​បាន​សម្រេច​ ​ការ​រំលោភ​ជាក្រុម​ ​ការចាប់​បង្ខំ​ឲ្យ​រៀបការ​ដោយ​គូស្វាម៉ី​ភរិយា​មិន​បាន​ស្គាល់​គ្នា​ជាមុន​ ​ឬ​ដោយ​មិន​បាន​ដឹង​ខ្លួន​ជាមុន​ និង​ការ​បង្ខំ​ឲ្យ​រួម​ភេទ​ ​ក្រោយពី​ការ​រៀបការ​ទាំង​ហ្វូង​ជាដើម។ ​ការ​កាត់​ប្រដាប់​ភេទ​ ​ការ​យក​ឧបករណ៍​ទៅ​ស៊ក​បញ្ចូល​ក្នុង​ប្រដាប់​ភេទ​ រួមទាំង​ការ​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ប្រាណ​របស់​ស្ដ្រី​ទៅ​ឲ្យ​កម្មាភិ​បាល​ខ្មែរ​ក្រហម​ដើម្បី​ប្ដូរ​នឹង​ស្បៀង​អាហារ​ ឬ​ថ្នាំ​សង្កូវសុទ្ធ​តែ​ត្រូវ​រាប់​បញ្ចូល​ក្នុង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ផង​ដែរ។

លោកស្រី​កាស៊ូមិ​បញ្ជាក់​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ជន​រងគ្រោះ​ចំនួន​២០០០០០​នាក់​ត្រូវ​ពួក​ខ្មែរក្រហម​បង្ខំ​ឲ្យ​រៀបការ​ ​ក្រោម​ការ​ត្រួតត្រា​អំណាច​របស់​ពួក​គេ​ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៦។

លោក​ឡាស អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ ​មាន​ប្រសាសន៍​ថា​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នូវ​បទឧក្រិដ្ឋ​ទាក់ទិន​ទៅនឹង​ការ​រំលោភ​សេពសន្ធវៈ​ និង​ការ​រៀប​ការ​ដោយ​បង្ខំ។​ ប៉ុន្ដែ​បទ​ល្មើស​នេះ​មិន​អាច​ចែង​នៅ​ក្នុង​បទ​ចោទ​បាន​នោះ​ទេ។

«យោង​តាម​សហ​ចៅក្រម​ស៊ើប​អង្កេត ​ ​ការរំលោភ​សេព​សន្ធវៈ​មិនបាន​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះទេ​ ​ព្រោះ​ថា​ ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ផ្ដន្ទា​ទោស​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ការរំលោភ​សេពសន្ធវៈ ។ ​ហេតុនេះ​ហើយ​បាន​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​មិន​អាច​ធ្វើការ​ចោទ​ប្រកាន់​ទៅលើ​ជន​ជាប់​ចោទ​ទាំង​បួន​នោះ​ទេ"។

របប​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ពួក​ខ្មែរក្រហមបាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​ចន្លោះ​ពី១,៧លាន​នាក់​ទៅ​២,២​លាន​នាក់។ ​ជន​ជាប់ចោទ​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ ​ក្នុង​នោះ​មាន​នួន ជា​ ​ខៀវ សំផន​ ​អៀង សារី​ ​អៀងធារិទ្ធ ​និង​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥ឆ្នាំ កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​ស្រឡាញ់​គ្នា​ដោយ​លួច​លាក់​ ឬ​ដោយមិនមាន​ការ​យល់​ព្រម​ពី​អង្គការ​របស់​ពួក​ខ្មែរក្រហម​ត្រូវ​ចាត់​ទុក​ជា​ខ្មាំង​ ឬ​ជា​ជន​ក្បត់​ ​ហើយ​ជា​ទូទៅ​ជន​រងគ្រោះ​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ចោល៕