ភ្នំពេញ៖ អង្គការសង្គមស៊ីវិលនៅកម្ពុជា ចង់បានការចរចា និងពិគ្រោះយោបល់ប្រកបដោយន័យស្ថាបនា អំពីច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាមួយរដ្ឋាភិបាលទាក់ទងនឹងតួនាទីរបស់អង្គការនៅក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ក្រសួងមហាផ្ទៃបានប្រកាសឱ្យអង្គការសង្គមស៊ីវិលជួយផ្តល់យោបល់លើសេចក្តីព្រាងច្បាប់កាលពីខែកន្លងទៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា រាល់កង្វល់និងការយកចិត្តទុកដាក់លើសេចក្តីព្រាងច្បាប់របស់អង្គការសង្គមស៊ីវិលនេះ គឺជាការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ប៉ុន្តែគួរតែអនុវត្តទៅតាមស្មារតីនៃនីតិរដ្ឋ។
តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិបានស្វែងរកការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអំពីសេចក្តីព្រាងសម្រាប់គ្រប់គ្រងអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដើម្បីធ្វើឱ្យច្បាប់នេះកាន់តែមានអត្ថន័យប្រសើរ។
ក្រសួងមហាផ្ទៃកំពុងតាក់តែងសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលមិនទាន់បាន ដឹងពីអត្ថន័យនៅក្នុងសេចក្តីព្រាងច្បាប់នេះនៅឡើយទេ។
អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន៦៦ កាលពីថ្ងៃព្រហស្បតិ៍បានស្នើឲ្យរាជរដ្ឋាភិបាលទទួលយកដំណើរការប្រកបដោយន័យស្ថាបនាទៅវិញទៅមក និងបានព្រមព្រៀងគ្នាដែល អនុញ្ញាតឱ្យមានការដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ប្រកបដោយអត្ថន័យ និងធ្វើសេចក្តីព្រាងច្បាប់ដែលប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គការសង្គមស៊ីវិល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាស្វាគមន៍ឱកាសជំរុញការចរចាប្រកបដោយន័យស្ថាបនាជាមួយរដ្ឋាភិបាលទាក់ទងនឹង តួនាទីរបស់អង្គការនៅក្នុងការអភិវឌ្ឍសង្គមកម្ពុជាជាវិជ្ជមាន។
សេចក្តីថ្លែងការណ៍បានបន្តថា អង្គការមិនមែនរដ្ឋាភិបាលជួយជំរុញច្បាប់ដែលជួយកាត់បន្ថយ សកម្មភាពអសីលធម៌ សកម្មភាពខុសច្បាប់ និងសកម្មភាពមិនទទួលខុសត្រូវ ហើយអង្គការសង្គមស៊ីវិលស្វាគមន៍ឱកាសពិភាក្សាធាតុសំខាន់ៗជាច្រើននៃច្បាប់នេះ និងមាតិកាដែលមានសារៈសំខាន់នៃច្បាប់។
សេចក្តីថ្លែងការណ៍បានសរសេរថា យើងស្វាគមន៍ឱកាសសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងការពិគ្រោះយោបល់ប្រកបដោយន័យស្ថាបនាទាក់ទងនឹងច្បាប់ ដើម្បីធានាថាសេចក្តីអត្ថាធិប្បាយ និងកង្វល់នានាពីអង្គការសង្គមស៊ីវិលត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលនៅពេលពិចារណា ប្រសិទ្ធិភាពនៃច្បាប់ស្តីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលថ្មី។
លោក ឈិត សំអាត នាយកវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថានេះជាយន្តការដ៏ល្អ ដើម្បីផ្លាស់ប្តូរទស្សនៈ និងកង្វល់រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីធ្វើឱ្យច្បាប់នេះកាន់តែមានអត្ថន័យ។
«រាជរដ្ឋាភិបាលផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់អង្គការសង្គមស៊ីវិល ដើម្បីផ្តល់មតិយោបល់ដល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការឱ្យបានទូលំទូលាយ។ អង្គការសង្គមស៊ីវិលមានឱកាស ក្នុងការផ្តល់មតិយោបល់ ដើម្បីធានាថាច្បាប់នេះគឺល្អដែលអាចអនុវត្តទៅបាន»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលត្រូវការពេលយ៉ាងតិចមួយខែសម្រាប់ដំណើរការពិគ្រោះយោបល់ដោយមានអត្ថន័យដែលទទួលយកការព្រមព្រៀងរបស់អង្គការសង្គមស៊ីវិលទូទាំងប្រទេសយ៉ាងពេញលេញ និងគ្រប់ផ្នែកទាំងអស់នៃសង្គមតាមរយៈការផ្សព្វផ្សាយនិងការប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍បានបន្តថា នេះនឹងអាចជួយឱ្យយើងផ្តល់ការឆ្លើយតបដ៏ទូលំទូលាយ និងជាប់លាប់ចំពោះច្បាប់។ នេះក៏នឹងអាចជួយយើងមើលឃើញពីភាពស្មុគស្មាញយ៉ាងពេញលេញនៃច្បាប់និងប្រសិទ្ធិភាពរបស់ច្បាប់លើផ្នែកនានាក្នុងសង្គម។
លោកស្រីពង្ស ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថាប្រទេសកម្ពុជា មានច្បាប់គ្រប់គ្រាន់ ដើម្បីគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ហើយបើសមាជិកអង្គការសង្គមស៊ីវិលណាប្រព្រឹត្តល្មើសនឹងច្បាប់ ប្រទេសកម្ពុជាមានច្បាប់គ្រប់គ្រាន់ ដើម្បីផ្តន្ទាទោសជននោះ ដូចមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយជាដើម។
«អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកនេះមិនសូវចង់បានច្បាប់ស្តីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនេះទេ។ បើរដ្ឋាភិបាលនៅតែចង់ធ្វើច្បាប់នេះ ដើម្បីគ្រប់គ្រងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុក យើងចង់ឱ្យរដ្ឋាភិបាលចំណាយពេលបន្តិច ដើម្បីជជែកជាមួយអង្គការនៅក្នុងស្រុក និងក្រៅស្រុក»។
ក្រុមមន្ត្រីក្រសួងមហាផ្ទៃមិនអាចធ្វើទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយទេ។ ប៉ុនែ្តក្រសួងមហាផ្ទៃធ្លាប់ជូនដំណឹងទៅអង្គការសង្គមស៊ីវិលឱ្យជួយផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ កាលពីខែកន្លងទៅ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់កង្វល់ និងការយកចិត្តទុកដាក់លើសេចក្តីព្រាងច្បាប់របស់អង្គការសង្គមស៊ីវិលនេះ គឺជាការវាយ តម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ប៉ុន្តែគួរតែអនុវត្តទៅតាមអ្វីដែលជាស្មារតីនៃនីតិរដ្ឋ។
«ច្បាប់នេះ ជាការផ្តល់សេវាកម្មល្អប្រសើរដល់អង្គការសង្គមស៊ីវិល ដែលរក្សាភាពជាដៃគូក្នុងការ កសាងសង្គម។ អង្គការសង្គមស៊ីវិល គួរតែផ្តល់រាល់ឯកសារអនុសាសន៍ ឬ បំណងរបស់ខ្លួនដល់ ក្រសួងមហាផ្ទៃ មុននឹងសេចក្តីព្រាងច្បាប់មកដល់ទីស្តីការគណៈរដ្ឋមន្ត្រី។ អង្គការសង្គមស៊ីវិលគួរ តែទទួលបានច្បាប់មួយសម្រាប់ការគ្រប់គ្រងកិច្ចការពារសកម្មភាពនិង សេរីភាពរបស់អង្គការសង្គម ស៊ីវិល ដើម្បីឆ្លើយតបទៅនឹងនីតិរដ្ឋ»។
សហគមន៍អង្គការមិនមែនរដ្ឋាភិបាល ផ្តល់អនុសាសន៍ថាប្រទេសផ្តល់ជំនួយភ្នាក់ងារ និងការិយាល័យការទូតគាំទ្រដំណើរការនេះ ដែលទទួលស្គាល់សេចក្តីត្រូវការសម្រាប់ការវិភាគលើផលប៉ះពាល់មិនទាន់ឃើញស្តែងនៃច្បាប់ស្តីពី ការគ្រប់គ្រងអង្គការសង្គមស៊ីវិលទាំងមូល៕