អំពើ​ធ្វើ​ទារុណកម្ម​នៅតែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

ទម្រង់​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ផ្សេងៗ​ទៀត​របស់​ក្រុម​មន្ដ្រី​សាធារណៈ​របស់​ប្រទេស​កម្ពុជា​ ​មាន​ជាអាទិ៍​ការ​វាយ​ដំ​ ​ការ​ដាក់​ខ្នោះ​ដៃ​ ​ខ្នោះ​ជើង​ ​ការ​ឆក់​ខ្សែ​ភ្លើង​ ​ការគំរាម​កំហែង​ ​និង​បំភិត​បំភ័យ​ដល់​គ្រួសារ ​និង​មិត្

ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បរិហារនៅ​ថ្ងៃ​នេះ​ថា​ ​អំពើ​ធ្វើ​ទារុណ​កម្ម​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ការ​ប្រព្រឹត្ត​ជាទូទៅ​ធ្វើឡើង​ដោយ​ក្រុម​សមត្ថកិច្ច​ និង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​បាន​បរិហារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ប្រទេស​កម្ពុជា​មិន​មាន​វិធានការ​សមស្រប​នៅឡើយ​ ​ដើម្បី​ទប់ស្កាត់​ ​និង​ដាក់​ទោស​ឧក្រិដ្ឋ​កម្ម​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ ​ដែល​ពួក​គេ​រក​ឃើញ​ថា​ ​មន្ដ្រី​សាធារណៈ​គឺជា​អ្នក​ប្រព្រឹត្ត។​ សេចក្ដី​ថ្លែងការណ៍​នេះ ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​នឹង​គណៈ​កម្មការ​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​ ​បើក​កិច្ច​ប្រជុំ​ ដើម្បី​ពិនិត្យ​មើល​របាយ​ការណ៍​ស្រមោល​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដីពី​អំពើ​ទារុណ​កម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​។​ របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដោយ​អង្គការ​ក្នុងស្រុក​ចំនួន​ប្រាំ​ ដែល​ជាសមាជិក​របស់​គណៈ​កម្មាធិការ​ប្រព្រឹតិ្ត​កម្ម​ ​ហើយ​ត្រូវ​បាន​ផ្ញើ​ជូន​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​សប្ដាហ៍​មុន ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​គ្នា​ជាមួយ​របាយ​ការណ៍​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ​គណៈ​កម្មាធិការ​ប្រព្រឹតិ្ត​កម្ម​នៃ​អង្គការ ​និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​២៣​ ​បាន​លើកឡើង​ថា​ ​ករណី​ភាគច្រើន​នៃ​ការ​ធ្វើ​ទារុណ​កម្ម​កើត​ឡើង​នៅ​ក្នុង​ការិយា​ល័យ​របស់​នគរបាល​នៅ​ពេល​ដែល​ជន​សង្ស័យ​ត្រូវ​បាន​ដាក់​ក្នុង​ការ​ឃុំឃាំង​បណ្ដោះ​អាសន្ន​រយៈ​ពេល​ខ្លី​ ​ហើយ​ជាញឹកញាប់​នគរ​បាល​ធ្វើ​ទារុណ​កម្ម​ដើម្បី​ជំរិត​យក​ចម្លើយ​សារភាព​របស់​ជន​ត្រូវ​ចាប់​ខ្លួន។​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ដកស្រង់​ចេញ​ពី​របាយ​ការណ៍​ផ្ញើ​ជូន​អង្គការ​សហ​ប្រជាជាតិ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ទម្រង់​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ផ្សេងៗ​ទៀត​របស់​ក្រុម​មន្ដ្រី​សាធារណៈ​របស់​ប្រទេស​កម្ពុជា​ ​មាន​ជាអាទិ៍​ការ​វាយ​ដំ​ ​ការ​ដាក់​ខ្នោះ​ដៃ​ ​ខ្នោះ​ជើង​ ​ការ​ឆក់​ខ្សែ​ភ្លើង​ ​ការគំរាម​កំហែង​ ​និង​បំភិត​បំភ័យ​ដល់​គ្រួសារ ​និង​មិត្ត​ភ័ក្តិ​របស់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ជា​ដើម។

លោក​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ​អាដ​ហុក​ ​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​កាល​ពី​ព្រឹក​មិញ​ថា​ ​ការ​ធ្វើ​ទារុណ​កម្ម​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​របស់​ក្រុម​សមត្ថ​កិច្ច​កម្ពុជា។

«យើង​ឃើញ​ថា​ ​ភ្នាក់ងារ​រដ្ឋ​របស់​យើង​នៅតែ​ប្រើប្រាស់​វប្បធម៌​របស់​ខ្លួន​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​ប្រើ​អំពើ​ហិង្សា»។

លោក​អំ សំអាត​ ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​បង្ហាញ​ថា​ ​អង្គការ​របស់​លោក​បាន​រក​ឃើញ​ថា​ ​មាន​ការ​ធ្វើ​ទារុណ​កម្ម​ជា​ច្រើន​នៅ​តាម​មន្ទីរ​ឃុំឃាំង​ ​និង​នៅ​តាម​ការិយាល័យ​របស់​ក្រុម​ប៉ូលិស​យុត្តិធម៌។

«យើង​ឃើញ​ការ​ធ្វើ​ទារុណ​កម្ម ​១១៨​ករណី​ ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែល​អង្គការ​លីកាដូ ​បានឃ្លាំ​មើល។ ​ហើយ​នៅ​ក្នុង​នោះ​ទារុណកម្ម​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ប៉ុស្ដិ៍​ប៉ូលិស។​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​ គិត​មកត្រឹម​ខែ​១០​ ​យើង​មាន​១០១​ករណី​ ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន១៨​ ​ភាគ​ច្រើន​ក៏​ជា​ទារុណ​កម្ម​នៅ​ក្នុង​ប៉ុស្ដិ៍​មន្ដ្រី​នគរ​បាល​យុត្តិ​ធម៌ដែរ»។

ប្រទេស​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ស្ដីពី​ការ​ប្រឆាំង​នឹង​អំពើ​ទារុណ​កម្ម​កាល​ពី​ឆ្នាំ​១៩៩២។ ​ការ​ធ្វើ​ទារុណ​កម្ម​ ​បើ​តាម​និយម​ន័យ​របស់​អង្គការ​សហ​ប្រជាជាតិ គឺ​ចង់​សំដៅ​ទៅ​លើ​ការធ្វើ​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​ ​ឬ​ធ្វើ​ឲ្យ​មាន​ការ​រង​ទុក្ខ​ខ្លាំង​ ​ទាំង​ផ្លូវកាយ​ ឬ​ចិត្ត​ ​បង្ក​ដោយ​ចេតនាដើម​ទាញ​យក​ព័ត៌មាន​ ​ការ​ដាក់​ទណ្ឌ​កម្ម​ ​ការ​បំភិត​បំភ័យ​តាម​រូបភាព​រើសអើង​បង្ក​ដោយ​មន្ដ្រី​សាធារណៈ​ ឬ​ជន​ផ្សេង​ទៀត។

មាន​ប្រទេស​សរុប​ចំនួន​១៤៦​ ​ជា​ហត្ថលេខី​នៃ​សន្ធិ​សញ្ញា​នេះ។​ សន្ធិ​សញ្ញា​នេះ ត្រូវ​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ​ផ្ដល់​នូវ​សំណង​ចំពោះ​ការ​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​ និង​បញ្ចប់​នូវ​និទណ្ឌ​ភាព​ចំពោះ​ការ​ធ្វើ​ទារុណ​កម្ម។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​ ​គណៈ​កម្មាធិការ​ប្រព្រឹតិ្ត​កម្មសង្កត់​ធ្ងន់​ថា​ ​១៨​ឆ្នាំ​មក​នេះ​ ​ស្ថាន​ភាព​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ដោយ​ក្រុម​មន្ដ្រី​កម្ពុជា​នៅតែ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​ឧត្តម​សេនីយ៍ ​ខៀវ សុភក្ដ្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​ទុក​ថា​ ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​គ្រាន់​តែ​ជា​រូបភាព​មួយ​សម្រាប់​បង្ហាញ​ជូន​អង្គការ​សហ​ប្រជាជាតិ​តែ​ប៉ុណ្ណោះ។

«ខ្ញុំយល់ថា​ ​នេះ​គ្រាន់តែ​ជា​ការ​បំពង​សម្លេង​មុន​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ ​ហើយ​ដែល​យើង​ចាត់​ទុក​ថា​ ​យើង​មិន​សង្ឃឹម​ថា​ ​អង្គការ​ទាំង​អស់​នោះ​និយាយ​ល្អ​ពី​កម្ពុជា​ទេ»។

លោក​ ខៀវ សុភក្រ្ត​មាន​ប្រសាសន៍​ថា​ ​កម្ពុជា​បាន​បង្កើត​គណៈ​កម្មាធិការ​មួយ​ដើម្បី​ប្រឆាំង​នឹង​អំពើ​ធ្វើ​ទារុណ​កម្ម​ ​ប៉ុន្ដែ​លោក​សួន សារ៉េត​ ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ ​លើក​ឡើង​ថា​ ​នេះ​គ្រាន់​តែ​ជា​ការ​រីក​ចម្រើន​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ប្រទេស។ ​ជាមួយ​គ្នា​នេះ​ដែរ​ ​លោក​ហុង គឹមសួន​ ​មេធាវី​មួយ​រូប​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ​បញ្ជាក់​ថា​ ​កម្ពុជា​នៅ​ខ្វះ​ចន្លោះ​ផ្នែក​ច្បាប់​ក្នុង​ការ​ផ្ដន្ទា​ទោស​លើ​ជន​ប្រព្រឹត្ត​ការ​ធ្វើ​ទារុណ​កម្ម៕