អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ព័ត៌មាន​បន្ថែម​លើ​គេហទំព័រ​ថ្មី​ស្តី​ពី​ឥន្ធនៈ​

គេហទំព័រ​ថ្មី​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​ដែល​មាន​អាសយដ្ឋាន​ http://cnpa-cambodia.com បង្ហាញ​អំពី​ផែនទី​ភូគព្ភសាស្ត្រ​របស់​ប្រទេស​កម្ពុជា។

អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​បង្កើត​គេហទំព័រ​ថ្មី​មួយ​សំដៅ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ដល់​សាធារណៈជន​អំពី​ការ​វិវឌ្ឍ​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​នៅ​កម្ពុជា។​ គេហទំព័រ​ថ្មី​ http://www.cnpa-cambodia.com/ ​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​រួម​បញ្ចូល​ព័ត៌មាន​អំពី​ការវិវឌ្ឍ ​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​នៅ​កម្ពុជា​ និង​ភ្ជាប់ទៅ​គេហទំព័រ​ជាច្រើន​ទៀត​ដូចជាគេហទំព័រ​ http://www.crrt-cambodia.org/ ​របស់​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ច្បាប់​ ការ​បង្កើត​គោលនយោបាយ​ និង​ច្បាប់​ និង​ការ​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ។

លោក​ម៉ម​ សម្បត្តិ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​បញ្ជាក់​ថា​ ការ​ភ្ជាប់​គេហទំព័រ​របស់​សម្ព័ន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ទៅ​គេហទំព័រ​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​នេះ​គឺជា​សញ្ញា​ដ៏​ល្អ​ និង​ជា​ការ​ចំណុច​ចាប់ផ្តើម​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ធានា​តម្លាភាព ​និង​គណនេយ្យភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។​ លោក​ម៉ម​ សម្បត្តិ ​បាន​បន្ថែម​ថា លោក​សូម​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​លំអិត​អំពី​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​ ដោយសារ​វិស័យ​នេះ​ គឺ​មាន​សារសំខាន់​ចំពោះ​សាធារណជន ​និង​សង្គម​ស៊ីវិល ​ដើម្បី​ជ្រួតជ្រាប​ និង​ទទួល​បាន​ព័ត៌មាន​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​វិស័យ​នេះ។

សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​បាន​កោត​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បោះ​ជំហ៊ាន​ដ៏​សំខាន់​ទៅលើ​ការ​ពង្រឹង​តម្លាភាព​លើ​ការ​រាយការណ៍​លម្អិត​ដែល​ទាក់ទងនឹង​ក្រុមហ៊ុន​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​ នៅកម្ពុជា។​ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​បង្កើន​ កិច្ច​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ចំណូល​ និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​នេះ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ជូន​សាធារណជន​ខ្មែរ។

លោក​ប៊ុន​ ឆៃ​ តំណាង​ក្រុមហ៊ុន​រុករក​ប្រេង​ Metco ​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ថ្លែង​ថា​គេហទំព័រ​ថ្មី​នេះ​ជា​ជំហ៊ាន​វិជ្ជមាន​សម្រាប់​ការ​បើក​ព័ត៌មាន​ទូលំ​ទូលាយ​ និង​តម្លាភាព​ ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ​ផ្នែក​ប្រេង​ ឧស្ម័ន​ និង​រ៉ែ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​យល់​ថា​ វា (ការ​បង្កើត​គេហទំព័រ​ថ្មី​)​ ជា​ការផ្តល់​ឱកាស​មួយ​ដល់​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រ៉ែ ប្រេង​ និង​ហ្គាស។ ការបង្កើត​គេហទំព័រ​ថ្មី​នេះ​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគទុន​ដែល​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា។ វា​ជា​ព័ត៌មាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​ចាប់អារម្មណ៍»។

លោក​ព្រំ​ ដាធី​ ម្ចាស់​ស្ថានីយ​ប្រេងសាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​ គេហទ័ព័រ​នេះ​គ្រាន់​តែ​ជា​ការបង្ហាញ​ផ្លូវ​សម្រាប់​អ្នក​វិនិយោគ​ផ្នែក​ប្រេង​ និង​ឧស្ម័ន​ដែល​មាន​បំណងចង​មក​វិនិយោគ​ក្នុង​វិស័យ​នេះ។​ ប៉ុន្តែ​វា​មិន​អាច​ជួយ​ទាក់ទាញ ​ឬលើក​ទឹកចិត្ត​អ្នកវិនិយោគ​ទេ។

លោក​បាន​បន្ត​ថា វិធី​ប្រសើរ​បំផុត​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​គឺ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ ដើម្បី​ធានា​ឱ្យបាន​នូវ​ឱកាស​ ស្មើគ្នា​ និង​តម្លាភាព។ ​ប៉ុន្តែ​ឥឡូវនេះ​ យើង​មិន​អាច​និយាយ​បាន​ថា គេហទំព័រ​នេះ​បង្ហាញ​ពី​តម្លាភាព​នៅក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេងនិង​ឧស្ម័ននោះ​ទេ។

គេហទំព័រ​ថ្មី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ និង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​ដោយ​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង​ CHEVRON​ ដ៏ធំ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បើក​ការិយាល័យ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​ឧសភា។ មន្ត្រី​រដ្ឋាភិបាល​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​ការិយាល័យ​នេះ។

សេចក្តីថ្លែងការណ៏​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ CHEVRON​ បាន​អះអាង​ថា សេចក្តីសម្រេច​កាវិនិយោគ​នៅ​ឈូង​សមុទ្រ​ប្លុក​ A​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ។​ ការអនុញ្ញាត​ឱ្យ​ដំណើរ​ការ​ផលិតកម្ម​រយៈពេល​៣០​ឆ្នាំ​គ្រោង​នឹង​យល់ព្រម​ដោយ​រដ្ឋាភិបាល​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១១។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា​សង្ឃឹម​ថា នឹង​បាន​ឃើញ​ដំណក់​ប្រេង​លើក​ទី១​នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១២៕