ថៃ​ត្រូវ​ថ្កោល​ទោស​ថា​បាន​បាញ់​គ្រាប់បែក​ចង្កោម​មក​លើ​ទឹកដី​កម្ពុជា

បុរស​ថៃ​ម្នាក់​ដើរ​​ក្នុង​រណ្តៅ​គ្រាប់​ផ្លោង​នៅ​ជិត​​​ទី​ប្រជុំជន​ ស៊ីសាកេត​ក្នុង​ប្រទេស​ថៃ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ​ទិ​០៧​ខែកុម្ភៈ​ឆ្នាំ​២០១១។ ទាហាន​កម្ពុជា​និង​ថៃ​នៅ​តែ​បន្ត​ប៉ះ​ទង្គិច​គ្នា​នៅ​ឡើយ​​នៅ​ជិត​ប្រាសាទ​ ព្រះវិហារ​ស

ប្រទេស​ថៃ​ត្រូវ​បាន​ថ្កោល​ទោស​ពី​សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់បែក​ចង្កោម​ចំពោះ​ការ​បាញ់​ គ្រាប់បែក​ចង្កោម​មក​លើ​ទឹកដី​កម្ពុជា​នៅ​ក្នុង​ខែ​កុម្ភៈ​ ខណៈ​ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​ ប្រយុទ្ធ​គ្នា​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​ការ​បាញ់​គ្រាប់បែក​ចង្កោម​នេះ។​ ជន​រងគ្រោះ​កម្ពុជា​បាន​ទាមទារ​ឱ្យ​ថៃ​សង​ការ​ខូចខាត​ និង​ការ​បាត់បង់​ជីវិត​មនុស្ស។

សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់បែក​ចង្កោម​បាន​ថ្កោល​ទោល​ប្រទេស​ថៃ​ចំពោះ​ការ​បាញ់​គ្រាប់​ចង្កោម​មក​លើ​ប្រទេស​កម្ពុជា​ ដែល​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​សាទរ ​និង​បាន​ទាមទារ​ឱ្យ​ប្រទេស​ថៃ​សង​ការ​ខូចខាត​និង​ការ​បាត់បង់​អាយុ​ជីវិត​មនុស្ស។

តាម​ការ​ស៊ើប​អង្កេត​នៅ​លើ​តំបន់​ពីរ​ផ្សេង​គ្នា​ សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់​ចង្កោម​បាន​សន្និដ្ឋាន​ថា ​ថៃ​ បាន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​មក​លើ​ទឹកដី​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន​កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​២០១១​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។

សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់បែក​ចង្កោម​សូម​ធ្វើការ​ថ្កោល​ទោស​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ណា​ហើយ​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ប្រទេស​ថៃ ​និង​កម្ពុជា​ប្តេជ្ញា​ឈប់​ប្រើ​ជា​បន្ទាន់​ និង​ទទួល​យក​សន្ធិសញ្ញា​អន្តរ​ជាតិ​ស្តីពី​ការ​ហាមប្រាម​ការ​ប្រើប្រាស់​សព្វាវុធ​នេះ។

លោក​ Laura Cheeseman​ នាយក​សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់បែក​ចង្កោម ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ វា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់​ ដែល​ប្រទេស​ណាមួយ​បែរ​មក​ប្រើគ្រាប់​បែក​ចង្កោម​ដែល​ត្រូវ​បាន​ហាមឃាត់ ​និង​ប្រឆាំង​ដោយ​សហគមន៍​អន្តរជាតិ​នោះ។

លោក ​Laura Cheeseman ​បាន​បន្ថែម​ថា​ ប្រទេស​ថៃ​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ការ​ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដោយ​គ្មាន​រើសមុខ​និង​ធ្វើ​ឱ្យ​ជន​ស៊ីវិល​រង​របួស​ក្នុង​លក្ខណៈ​នេះ។

លោក​ឯក​អគ្គរាជ​ទូត​ថៃ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ បាន​ទទួល​ស្គាល់​ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ថា​ថៃ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ធំធុន​១៥៥មម ​ក្នុង​បំណង​បញ្ជូន​គ្រាប់បែក​ចង្កោម​សម្រាប់ កិច្ច​អន្តរាគមន៍​, បើតាម​សេចក្តីថ្លែងការណ៍។

លោក​ឯកអគ្គរាជទូត​ បាន​បន្តថា​ថៃ​ប្រើគ្រាប់​បែក​ចង្កោម ​'ក្នុង​កិច្ចស្វ័យ​ការពារ​ខ្លួន' ​ដោយ​ប្រើ​គោល ការណ៍​ស្តីពី ​'ភាព​ចាំបាច់​សមស្រប ​និង​អនុវត្តន៍​តាម​ក្រមប្រតិបត្តិការ​យោធា​ផងដែរ'។

លោក​ឯក​អគ្គរាជទូត​បាន​ចោទ​ប្រកាន់​កងទ័ព​កម្ពុជា​ពី​ការ​ប្រើគ្រាប់​រ៉ុក្កែត​ដ៏ច្រើន​ប្រឆាំង​លើ​គោលដៅជា​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​សាត់​ទិសុក​ ​ស្រុក​គោកខាន់​ ប្រទេស​ថៃ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ សមាជិក​សម្ព័ន្ធ​អង្គការ​គ្រាប់បែក​ចង្កោម​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​គ្រាប់​មិនទាន់​ផ្ទុះ​តូចៗ​ និង​សំណល់​គ្រាប់បែក​តូចៗ​ដែល​បាន​បណ្តាល​មកពី​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​ភូមិ​ស្វាយជ្រុំ ​និង​ភូមិ​សែនជ័យ​ ​ប្រទេស​កម្ពុជា។

លោក​ Atle Karlsen ​មកពី​អ​ង្គការ​ជំនួយ​របស់​ប្រជា​ពលរដ្ឋ​ណ័រវេស ​បាន​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ប្រហែល​៥០០០​នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​សែនជ័យ​ ប្រឈម​នឹង​ហានិភ័យ​ពី​គ្រាប់​មិនទាន់​ផ្ទុះ​ទាំង​នេះ។

លោក​ Atle Karlsen ​បាន​បន្ត​ថា ​ប្រទេស​ថៃ​ត្រូវតែ​ផ្តល់​ព័ត៌មាន​ដល់​កម្ពុជា​ដើម្បី​ជួយ​ដល់​ការ​បោស​ សម្អាត​ក្នុង​តំបន់​ដែល​ប៉ះពាល់​ និង​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​វិញ។

Denise Coghlan​ អ្នក​ដឹក​នាំ​សម្ព័ន្ធ​អង្គការ​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា ​បាន​ថ្លែង​ថា​ គ្រាប់បែក​ចង្កោម​នេះ​បាន​ឆក់​យក​ជីវិត​បុរស​ពីរនាក់​ និង​ពីរនាក់​ទៀត​បាន​បាត់បង់​ដៃ​របស់​គេ​ និង​ប្រាំ​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

លោក​សៅ ចិត្ត ​មេក្រុម​ដែល​មាន​កងទ័ព​៣០​នាក់​ប្រចាំ​នៅ​ភ្នំទ្រព្យ​ បាន​ថ្លែង​ថា​ លោក​ស្វាគមន៍ ​និង​គាំទ្រ​ការ​ថ្កោលទោស​របស់​សម្ព័ន្ធ​អង្គការ​ប្រឆាំង​គ្រាប់បែក​ចង្កោម​ ចំពោះ​ការ​បាញ់​គ្រាប់បែក​ចង្កោម​របស់​ប្រទេស​ថៃ​ចូល​ក្នុង​ទឹកដី​កម្ពុជា។

«ពិភព​លោក​បាន​ហាមប្រាម​ការ​ប្រើ​គ្រាប់បែក​ចង្កោម​នេះ។ ​ថៃ​បាន​បំពាន​មក​លើ​ខ្មែរ។​ អត់​ខុសទេ​ គេ​ថ្កោល​ទោស​វា​នេះ។ ​ខ្ញុំ​មាន​ការ​សប្បាយ​រីករាយ​ចំពោះ​ការ​ថ្កោល​ទោស​ប្រទេស​ថៃ»។

លោក​សៅ ចិត្ត ​ដែល​បាន​រង​របួស​ចិញ្ចើម​ខាងឆ្វេង​ដោយ​គ្រាប់បែក​ចង្កោម​ក្នុង​ខែកុម្ភៈ ​បាន​និយាយ​ថា ​កងទ័ព​កម្ពុជា​យ៉ាង​តិច​៧នាក់​បាន​រង​របួស។

លោក​ប្រាក់ ភី ​ប្រធាន​ភូមិ​ធម្មជាតិ​សម្តេច​ហ៊ុន សែន​ បាន​ថ្លែង​ថា​ អ្នកភូមិ​របស់​លោក​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ ​និង​ស្រូវ​អង្ករ​ដោយសារ​គ្រាប់បែក​ចង្កោម​របស់​ថៃ ​ប៉ុន្តែ​មិន​មាន​រង​របួស​ទេ។

លោក​ប្រាក់ ភី​បាន​បញ្ជាក់​ថា ​កងទ័ព​កម្ពុជា​បាន​ស្លាប់​ និង​រងរបួស​ពី​ការ​បាញ់គ្រាប់​បែក​ចង្កោម​របស់​ថៃ។

«គេ​ថ្កោលទោស​ទៅលើ​ប្រទេស​ថៃ​គឺជា​រឿង​ត្រឹមត្រូវ​ហើយ។ ​ខ្ញុំ​ទាមទារ​ឱ្យ​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាញ់​គ្រាប់បែក​ចង្កោម​មក​លើ​ទឹកដី​កម្ពុជា​នេះ។ ​ខ្ញុំ​ចង់​ឱ្យ​ថៃ​ឈប់​បាញ់​គ្រាប់បែក​ចង្កោម​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ​ហើយ​ចិត្ត​របស់​ខ្ញុំ ​ចង់​ឱ្យ​ថៃ​សង​ការ​ខូចខាត​ឆេះ​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ ​ស្រូវ​អង្ករ​របស់​ប្រជា​ពលរដ្ឋ ​នៅ​ភូមិ​ធម្មជាតិ ​ដោយ​អត់មាន​អ្វី​ហូប​ទេ»។

លោក​ Thani Thongphakdi ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ថៃ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ហេតុផល​របស់​ថៃ​ប្រើ​គ្រាប់បែក​ចង្កោម​នេះ​ គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ដល់​គោល​បំណង​ពិត​នៃ​គ្រាប់​ដែល​មាន​អនុញ្ញាត។

«យើង​ត្រូវតែ​ឆ្លើយតប​ក្នុង​កិច្ច​ស្វ័យ​ការពារ​ខ្លួន​ចំពោះ​ការប្រើគ្រាប់​រ៉ុក្កែត​ BM21 ដ៏ច្រើន​របស់​ប្រទេស​ កម្ពុជា ​គឺ​មាន​គ្រោះថ្នាក់​បំផុត​ដល់​ជន​ស៊ីវិល​ថៃ។ ​យើង​បាន​សំដៅ​ទៅ​រក​គោលដៅ​យោធា​ ប៉ុន្តែ​មិនមែន​គោលដៅ​ជន​ស៊ីវិល​ទេ»។

លោក​ Thani ​បាន​បន្ត​ថា​ យោធា​នៃ​ភាគី​ទាំងពីរ​ធ្វើ​ទំនាក់​ទំនង​គ្នា​ដើម្បី​ផ្តល់​ព័ត៌មាន​សម្រាប់​ទីតាំង​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ចង្កោម​នេះ។

ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​មិនទាន់​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ស្តីពី​ការ​ហាមឃាត់​ការ​ប្រើ ប្រាស់​គ្រាប់បែក​ចង្កោម​នេះ​នៅ​ឡើយ​ទេ៕