ក្រុមហ៊ុនស៊ូកាគូអ៊ីន បានចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍បឹងកក់ហើយនៅថ្ងៃច័ន្ទនេះ ខណៈដែលសាលារាជធានីភ្នំពេញបានបដិសេធសំណើសុំផ្ទះល្វែងទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ របស់អ្នកភូមិបឹងកក់ដែលប្រឈមនឹងការបណ្តេញចេញ។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីអ្នកភូមិបឹងកក់បានធ្វើការតវ៉ាអំពីការអភិវឌ្ឍបឹងកក់ ដោយរួមមានដាក់ញត្តិទៅស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស សហគមន៍អឺរ៉ុបជាបន្តបន្ទាប់ ដើម្បីសុំឱ្យជួយគាំទ្រនៅក្នុងជម្លោះដីធ្លីរបស់ពួកគាត់ជាមួយសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនអភិវឌ្ឍន៍។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាចំពោះសំណើសុំផ្ទះល្វែងដែលមានចំនួនជាង១.០០០ល្វែងនោះពុំមានលទ្ធភាពដោះស្រាយជូនទេ។
អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បាននិយាយថា សហគមន៍បឹងកក់មានការរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែក្រឡាស់របស់សាលាក្រុងភ្នំពេញនេះ។
«ខ្ញុំនៅតែជំរុញឱ្យខាងសាលាក្រុងគិតពិចារណាឱ្យបានល្អិតល្អន់ម្តងទៀតដើម្បីរកដំណោះស្រាយអ្វីដែលប្រជាពលរដ្ឋស្នើសុំផ្ទះល្វែង៤ម៉ែត្រគុណ១៦ម៉ែត្រកន្លងមកបន្តទៀត»។
លោកស៊ូ សុផល អាយុ៣៣ឆ្នាំ រស់នៅភូមិ២០ក្នុងសហគមន៍បឹងកក់បានបញ្ជាក់ថា លោកបានសម្តែងនូវការអស់ជំនឿចិត្តទៅលើរដ្ឋាភិបាលនិងអាជ្ញាធរ។
«ខ្ញុំមានអារម្មណ៍ខកចិត្ត ចំពោះអាជ្ញាធរដែនដី ដែលពួកខ្ញុំជានិច្ចកាលតែងតែមានទំនុកចិត្តទៅលើគាត់ក្នុងការដោះស្រាយវែកញែកឱ្យពួកខ្ញុំ។ ឥឡូវ គាត់ឆ្លើយបដិសេធគ្រប់សំណើរបស់ពួកខ្ញុំ។ ខ្ញុំអស់មានជំនឿចិត្តហើយៗ ក្នុងចិត្តខ្ញុំក៏មិនដឹងថារត់ទៅចង់ពឹងអ្នកណាទេ ដើម្បីឱ្យគេជួយដោះស្រាយ បញ្ហានេះឱ្យខ្ញុំ»។
អ្នកស្រី ប៉ុល ស្រីពៅ អាយុ៣៦ឆ្នាំ រស់នៅភូមិ២៤ក្នុងសហគមន៍បឹងកក់ បានថ្លែងថា អាជ្ញាធរបានធ្វើឱ្យអ្នកស្រីមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបដិសេធសំណើសុំផ្ទះល្វែង នេះ ហើយនេះជាការមិនទទួលខុសត្រូវរបស់អាជ្ញាធរ។
«ខ្ញុំយល់ថាទង្វើរបស់គាត់នេះល្មើសនឹងច្បាប់ភូមិបាលទាំងស្រុងដែលខ្ញុំជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ គាត់អភិវឌ្ឍតែជាមួយអ្នកមានទេ ចំណែកពួកខ្ញុំអ្នកក្រ គាត់បដិសេធចោលទាំងអស់។ ខ្ញុំយល់ថា គាត់គ្មានភាពយុត្តិធម៌ ចំពោះខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋផ្ទាល់។ វាគ្មានតម្លាភាពទាល់តែសោះក្នុងការអភិវឌ្ឍនេះ»។
សេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ បាននិយាយថា សាលារាជធានីភ្នំពេញនឹងធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការឱ្យបងប្អូនរស់នៅនឹងកន្លែង ក្រោយពេលក្រុមមន្ត្រីជំនាញសាលារាជធានីភ្នំពេញបញ្ចប់ការវាស់វែង។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ថា សាលារាជធានីភ្នំពេញមិនបានធ្វើអ្វីខុសពីការដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្តែសាលារាជធានីភ្នំពេញទទួលស្គាល់ថា មានបញ្ហាដែលសាលារាជធានីកំពុងដោះស្រាយ។
«ការចាក់បំពេញបឹងកក់មិនមែនជារឿងចម្លែកនិងរឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ យើងទទួលស្គាល់ថាប្រាកដជាមានបញ្ហា។ បញ្ហាដែលយើងត្រូវដោះស្រាយហើយយើងបានដោះស្រាយស្ទើររួចរាល់។ យើងនឹងបន្តដោះស្រាយនៅសល់បញ្ហាមួយចំនួនជាមួយបងប្អូនទៀត។ ខ្ញុំនិងមន្ត្រីរបស់ខ្ញុំមិនបានធ្វើអ្វីខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលឡើយ »។
លោកឡាវ វ៉ាន់ តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ថា ការដោះស្រាយផលប៉ះពាល់អស់រយៈពេលបួនឆ្នាំចាប់ពីឆ្នាំ២០០៧ រហូតដល់ ពិធីសម្ពោធបើកការដ្ឋានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍បឹងកក់នៅថ្ងៃនេះ។
«ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍តាមផែនការមេ រួមមានអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលសន្និសីទ មណ្ឌលកម្សាន្ត ក្លឹបកម្សាន្ត សណ្ឋាគារ សាកលវិទ្យាល័យ មន្ទីរពហុព្យាបាល លំនៅដ្ឋាន រមណីយដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ»។
រដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល៩៩ឆ្នាំនិងមានទឹកប្រាក់ចំនួន៧៩លានដុល្លារអាមេរិក៕