សៀវភៅ​គំនូរ​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​ឡើងវិញ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​អំពើ​ទាសភាព​សម័យ​ទំនើប

លោក ព្រហ្ម វណ្ណៈអាណន្ត អ្នក​និពន្ធ​សៀវភៅ​គំនូរ​ ធ្វើ​បទបង្ហាញ​ពី​សៀវភៅ​របស់​លោក​នៅ​បណ្ណាគារ​ Kramerbooks and Afterwords Cafe ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

លោក ព្រហ្ម វណ្ណៈអាណន្ត និង​អ្នកស្រី Jocelyn Pederick សហ​​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «‍The Dead Eye and The Deep Blue Sea» ឬ «‍ពិភព​អន្ធការ​​លើ​មហា​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ» ​បាន​លាត​ត្រដាង​អំពើ​ទាសភាព​សម័យ​ទំនើប​ដ៏​សាហាវ​ឃោរឃៅ​តាម​រយៈ​សៀវភៅ​គំនូរ​​មួយ​ក្បាល​របស់​លោក​និង​អ្នក​ស្រី​។

សៀវភៅ​គំនូរដែល​រៀបរាប់​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួនរបស់​លោក ព្រហ្ម វណ្ណៈអាណន្ត​ ហៅ​វណ្ណៈ ដែល​ជា​អតីត​ទាសករ​ខ្មែរ​ម្នាក់​លើ​ទូក​នេសាទ​ថៃ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​ឡើងវិញ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ អំពី​អំពើ​ទាសភាព​សម័យ​ទំនើប​និង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​នៅ​ជុំវិញ​ពិភពលោក​ ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

​អ្នក​ស្រី Martina E. Vandenberg ​នាយិកា​មជ្ឈមណ្ឌល​ច្បាប់សម្រាប់​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស The Human Trafficking Legal Center​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​និង​ចុះ​ហត្ថលេខា​លើ​សៀវភៅ​គំនូរ​របស់​លោក ព្រហ្ម វណ្ណៈអាណន្ត ​នៅ​បណ្ណាគារ Kramerbooks and Afterwords Cafe ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា មាន​ប្រសាសន៍​ថា អ្នក​ស្រី​មក​គាំទ្រ​ស្នាដៃ​របស់​លោក​វណ្ណៈ គឺ​ដោយ​សារ​តែ​អ្នក​ស្រី​ចាប់​អារម្មណ៍​ពី​ទេពកោសល្យ​របស់​លោក​ក្នុង​ការ​រៀបរាប់​រឿងរ៉ាវ​ដែល​លោក​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់។

«‍ដោយ​សារ​តែ​របៀប​ដែល​លោក​អាច​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្ដែង​នូវ​ទិដ្ឋភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​និង​ពលកម្ម​ដោយ​បង្ខំ ចេញ​ពី​ខ្សែ​ភ្នែក​ជន​រងគ្រោះ​ដោយ​ផ្ទាល់។ ហើយ​វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការ​រក​បាន​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ទាំង​នោះ ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​រូបភាព​អំពី​អ្វី​ដែល​បាន​កើតឡើង​នោះ»។​

គម្របសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)

សៀវភៅ​គំនូរ​នេះ​ដែល​មាន​ចំណង​ជើង​ថា «‍The Dead Eye and The Deep Blue Sea» ឬ «‍ពិភព​អន្ធការលើ​មហា​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ» ​ គឺ​ជា​ស្នាដៃ​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​គូរអស់​រយៈ​ពេល​៣​ឆ្នាំ​ដោយ​លោក ព្រហ្ម វណ្ណៈអាណន្ត ​ដែល​ចេះ​គូរ​រូបភាគច្រើន​ដោយសារ​លោក​រៀន​គូរ​រូប​ដោយខ្លួន​ឯង។

លោក វណ្ណៈ គឺ​ជា​អតីត​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​កម្មករ​នេសាទ​ប្រមាណ​៨​សែន​នាក់​នៅ​ជុំវិញ​ពិភព​លោក​ដែលជាប់​ផុង​ខ្លួន​ក្នុង​អំពើ​ទាសភាព​ដោយ​បង្ខំ​នៅ​លើ​ទូក​នេសាទ​នានា។ នេះ​បើ​យោង​តាម​អ្នក​ស្រី Martina E. Vandenberg។

​លោក ​វណ្ណៈ បាន​ជាប់​ក្នុង​អំពើ​ទាសភាព​សម័យ​ទំនើប ក្នុង​នាម​ជា​កម្មករ​នៅ​លើ​ទូក​នេសាទ​ថៃ​អស់​រយៈពេល​៣​ឆ្នាំ​ ៧​ខែ គឺចាប់​ពី​ឆ្នាំ​២០០៦​ រហូត​ដល់​ពេល​ដែល​លោក​បាន​រួច​ខ្លួន​ផុត​ពី​អំពើ​ទាសភាពនិង​បាន​វិល​ត្រឡប់​មក​ជួបជុំ​ប្រពន្ធ​កូន​វិញ​នៅ​ឆ្នាំ​២០១០។

លោក ព្រហ្ម វណ្ណៈអាណន្ត អ្នកនិពន្ធសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” លើកបង្ហាញសៀវភៅរបស់លោកដល់អ្នកចូលរួមនៅមហាវិទ្យាល័យElliott School of International Affairsនៃសាកលវិទ្យាល័យGeorge Washington University ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

​សៀវភៅ​គំនូរ​នេះ​រៀបរាប់​យ៉ាង​លម្អិត​អំពី​របៀប​ដែល​លោក​បាន​ចាញ់បោក​មេខ្យល់ នៅ​ពេល​ដែល​លោក​បាន​សម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ រហូត​ដល់​ពេល​ដែល​លោក​បាន​ធ្លាក់​ខ្លួន​ជា​កម្មករ​នេសាទ​នៅ​លើ​ទូកថៃ និង​ក្រោយ​ពី​គេច​ខ្លួន​បាន​ចេញ​ពី​លើ​ទូក​ថៃ​នោះ ក៏​បាន​ក្លាយ​ធ្លាក់​ខ្លួន​ជា​កម្មករ​ចម្ការ​ដូង​ប្រេង​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​មួយ​លើក​ទៀតនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក​ វណ្ណៈ មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOAថា៖​

«‍ដើម្បី​ឱ្យ​អង្គការ​នៅ​តាម​គ្រប់​ប្រទេស ដូច​អង្គការ​ខាង​ជួយ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ ហើយ​និង​មន្ត្រី​រាជការ ឱ្យ​គាត់​រួម​ដៃ​គ្នា​ទប់ស្កាត់ ឱ្យ​គាត់​បាន​ដឹង ដូចថា​នៅ​ប្រទេស​នីមួយ​ៗ មាន​ការ​ជួញដូរ​និង​ប្រទេស​ណាខ្លះ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត ជា​ពិសេស​គឺ​ប្រទេស​ខ្មែរ​យើង»។

អ្នកនាង Jocelyn Pederick (ឆ្វេង) និងលោករហ្ម វណ្ណៈអាណន្ត សហអ្នកនិពន្ធសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” នៅក្នុងកម្មវិធីបង្ហាញសៀវភៅដល់អ្នកចូលរួមនៅមហាវិទ្យាល័យElliott School of International Affairsនៃសាកលវិទ្យាល័យGeorge Washington University ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

អ្នកនាង ចស្សលីន ភីឌឺរីក (Jocelyn Pederick) ​គឺ​ជា​អ្នក​ផលិត​ភាពយន្ត​សញ្ជាតិ​អូស្ត្រាលី ដែល​បានថត​ខ្សែ​ភាពយន្ត​អំពី​ជីវិត​របស់​លោក​វណ្ណៈ និង​បាន​ជួយ​ជ្រោមជ្រែង​លោក វណ្ណៈ​ក្នុង​ការ​និពន្ធ​សៀវភៅ​គំនូរ​នេះ​ដែរ។

«‍នេះ​ជា​សៀវភៅ​ដែល​ប្លែក​ខុស​គេ ដែល​មិន​ដែល​មាន​ពី​មុន​មក​ទេ។ វា​មិន​មែន​គ្រាន់តែ​រៀបរាប់​ប្រាប់​យើង​ពី​រឿងរ៉ាវ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​បង្ហាញ​យើង​ឱ្យ​ឃើញ​ជាក់ស្ដែង​តែ​ម្ដង​ថា​តើ​កម្មករ​ជា​ទាសករ​ហ្នឹង មាន​សណ្ឋាន​យ៉ាងម៉េច។ ហើយ​មួយ​វិញ​ទៀត លោក វណ្ណៈ អាច​បង្ហាញ​យ៉ាង​លម្អិតអំពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​រូប​លោក ដែល​ហួស​ពី​ការ​រៀបរាប់​របស់ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​យើង​ធ្លាប់​ឮ»។

រូប​គំនូរ​មួយ​ក្នុង​សៀវភៅ​របស់​លោក​វណ្ណៈ បង្ហាញ​ពី​អំពើ​អមនុស្សធម៌​និង​សាហាវ​ឃោរឃៅ​ជាច្រើន​រួម​ទាំង​អំពើ​កាត់​ក្បាល​មនុស្ស​ដែល​ជា​កម្មករ​នេសាទ​ម្នាក់​រួច​ទម្លាក់​ចូល​ក្នុង​សមុទ្រ និង​រូប​មួយ​ទៀត បង្ហាញ​ពី​សាកសព​មនុស្ស​ដែល​គ្មាន​ក្បាល ដែល​ជាប់​មង​ក្នុង​ទូក​នេសាទ​ថៃ​លោក ​វណ្ណៈ​ ធ្លាប់​បាន​ធ្វើ​ការ​នៅ​លើ​នោះ​ផងដែរ។

រូបមួយក្នុងសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” (សាយ មុន្នី/VOA)

​លោក Dan Southerland គឺ​ជា​អ្នក​កាសែត​ឯករាជ្យ​ឥត​ចំណុះ​ស្ថាប័នម្នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បង្ហាញ​និង​ចុះ​ហត្ថលេខា​លើ​សៀវភៅ​របស់​លោក​វណ្ណៈ នៅ​បណ្ណាគារ Kramerbooks and Afterwords Cafeក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា។

«‍យើង​ដឹង​ថា ក្នុង​ចំណោម​កម្មករ​លើ​ទូក​នេសាទ​ខ្លះ មក​ពី​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​ភូមា និង​កម្ពុជា​ជាដើម ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ ក្លាយ​ជា​បញ្ហា​អន្តរជាតិ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​ពាក់ព័ន្ធ​ពី​រដ្ឋាភិបាល​នានា»។

លោក Dan Southerland បន្ត​ថា ក្រសួង​ការ​បរទេស​អាមេរិក កន្លង​មក​បាន​សិក្សា​អំពី​បញ្ហា​ជួញដូរ​មនុស្ស​និង​អំពើ​ទាសភាព​នេះ និង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​ល្អ​ហើយ ប៉ុន្តែ លោក​បន្ថែម​ថា៖

«បញ្ហា​នេះ ត្រូវ​ការ​ការ​ផ្សព្វផ្សាយ​ច្រើន​ថែម​ទៀត និង​ការ​ដាក់​សម្ពាធ​ថែម​ទៀត​ ហើយ​គ្រប់គ្នា​ត្រូវ​ធ្វើ​ការ​ច្រើន​ថែម​ទៀត ដើម្បី​បញ្ឈប់​អំពើ​ទាសភាព​និង​ការ​ជួញដូរ​មនុស្ស​ដែល​នៅ​តែ​កំពុង​បន្ត​កើត​មាន​ដោយ​មាន​ភស្តុតាង​បង្ហាញ​ស្រាប់​នេះ»។

កាល​ពី​ឆ្នាំ​២០១២ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​ពាន់​រង្វាន់​កិត្តិយស​ជា​«វីរបុរស​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស» ជូន​លោក វណ្ណៈ ចំពោះ​ការ​ប្រែក្លាយ​បទ​ពិសោធន៍​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​របស់​លោក​ទៅ​ជា​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ទាសភាព​និង​ការ​ជួញដូរ​មនុស្ស​នេះ​វិញ។

កញ្ញា ម៉ូនីកា លជ Monica Lerch គឺ​ជា​ប្រធាន​ផ្នែក​រៀបចំ​ព្រឹត្តិការណ៍​នៃ​បណ្ណាគារ Kramerbooks and Afterwords Cafeក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

«‍វា​សំខាន់​ណាស់ ពីព្រោះ​ថា មិន​មានមនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​រឿង​នេះ។ សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​ដឹង​រឿង​ច្រើន​ទេ​អំពី​បញ្ហា​នេះ ដូច្នេះ ការ​បង្ហាញ​ស្នាដៃ​សៀវភៅ​នេះ គឺ​ជួយ​បង្ហាញ​មុខ​មនុស្ស​ និង​ឈ្មោះ​មនុស្ស​ផ្ទាល់​នៅ​ក្នុង​រឿង​នោះ ហើយ​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​នោះ ត្រូវ​បាន​គេ​ឃើញ​ ហើយ​មនុស្ស​កាន់តែ​ច្រើន​បាន​ដឹង​អំពី​រឿង​នោះ​ដែរ»។

អ្នក​ស្រី Christina Kiritz គឺ​ជា​នាយិកា​អង្គការ​បង្ការ​ការ​ជួញដូរ​មនុស្ស​មួយ​ឈ្មោះ Prevent Human Trafficking ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ស្រី​បាន​ចូលរួម​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក ​វណ្ណៈ នៅ​មហាវិទ្យាល័យ Elliott ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សកលវិទ្យាល័យ George Washington University​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

«‍រឿង​របស់​លោក វណ្ណៈ គឺ​ជា​រឿង​ពិត​និង​ជា​រឿង​ដែល​ធ្វើ​ឱ្យ​រំជួលចិត្ត​យ៉ាង​ខ្លាំង​បំផុត​មួយ​ដែល​ខ្ញុំ​មិន​ដែល​បាន​ជួប​ប្រទះ​សោះ​ក្នុង​រយៈពេល​២០​ឆ្នាំ ដែល​ខ្ញុំ​ធ្វើការងារ​ខាង​វិស័យ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នេះ។ គ្រប់​គ្នា​ដែល​បាន​អាន​សៀវភៅ​របស់​គាត់ សុទ្ធ​តែ​និយាយ​ថា​ រឿង​របស់​គាត់ ធ្វើ​ឱ្យ​ពួកគេ មាន​សេចក្ដី​ក្លាហាន​ ទោះបីជា​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ខ្មៅ​ងងឹត​យ៉ាង​ណា​ក៏​ដោយ។ លោក​វណ្ណៈ បាន​រក​ឃើញ​អ្វី​មួយ​ដែល​ខ្លាំង​ជាង​ភាព​អស់សង្ឃឹម​របស់​គាត់ នោះ​គឺ​គាត់​នៅ​តែ​រក្សា​ក្តី​សង្ឃឹម​ជានិច្ច»។

អ្នក​ស្រី Christina Kiritz បន្ត​ថា៖

«‍អ្នក​ដែល​ទទួល​ទាន​អាហារ​សមុទ្រ គួរ​តែ​ដឹង​អំពី​ដំណើរការ​ទាំង​អស់​នៃ​ការ​ផលិត​អាហារ​សមុទ្រ​ទាំង​នោះ​ថា​តើ​វា​មាន​ប្រភព​មក​ពី​ណា ដើម្បី​ឱ្យ​ពួកគេ​ដឹង​ប្រាកដ​ថា ពួកគេ​ចំណាយ​លុយ​ទៅលើ​តែ​ក្រុម​ហ៊ុន​ណា ដែល​មិន​មាន​អំពើ​ទាសភាព​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ»

កញ្ញា Sarah Rose-Jensen គឺ​ជា​គ្រូ​ឧទ្ទេសនាម​ម្នាក់ នៃ​មហាវិទ្យាល័យ Elliott ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សកលវិទ្យាល័យ George Washington University ដែល​បាន​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​ពី​សៀវភៅ​របស់​លោក​វណ្ណៈ​ នៅ​សកលវិទ្យាល័យ George Washington University​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ដែរ។​

«‍ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​បស្ចិម​លោក ពួក​យើង​ទទួល​ទាន​ត្រី និង​អាហារ​សមុទ្រ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ជា​អ្នក​ប្រើប្រាស់​ដូង​ប្រេង​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដឹង​រឿងរ៉ាវ​នេះ ពីព្រោះ​ថា​ផលិតផល​ទាំង​នេះ អាច​កើត​ចេញ​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ទាសភាព។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក ពួក​យើង​អាច​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន ដើម្បី​ឱ្យ​កែ​លម្អ​របៀប​ធ្វើ​ជំនួញ​របស់​ពួកគេ‍»។‍

កញ្ញា Sarah បន្ថែម​ថា៖

«រឿង​រ៉ាវ​ដូចជា​រឿង​របស់​លោក​វណ្ណៈ អាច​មិន​ត្រូវ​បាន​ដឹង​ឮ​សុះសាយ​នោះ​ឡើយ ដូច្នេះ ការ​បង្ហាញ​រឿងរ៉ាវ​របស់​គាត់​ក្នុង​សហរដ្ឋ​អាមេរិក​ ក្នុង​មហាវិទ្យាល័យ​Elloit ​ខាង​កិច្ចការ​អន្តរជាតិ​នេះ អាច​នាំ​សារ​របស់​គាត់​ ឱ្យ​ពិភពលោក​ដឹងបាន»។

រូបគំនូរមួយនៅក្នុងសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)

​ក្រោយ​ពី​ដើរ​ផ្សព្វផ្សាយ​សៀវភៅ​គំនូរ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ញូយ៉ក​និង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មក​ហើយ​នោះ លោក​ ព្រហ្ម វណ្ណៈអាណន្ត និង​អ្នកនាង Jocelyn Pederick នឹង​បន្តដំណើរ​ផ្សព្វផ្សាយសៀវភៅ​គំនូរ​របស់​លោក​និង​អ្នកនាង​នៅ​ទីក្រុង​Los Angeles នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ទៀត​ ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១​ខែ​ឧសភា មុន​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។

លោក​ វណ្ណៈ មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា ថ្ងៃ​ណាមួយ លោក​នឹង​មាន​ឱកាស​ចុះ​ទៅ​ថត​ទិដ្ឋភាព​ផ្ទាល់​នៅ​លើ​ទូក​នេសាទ​ម្ដង​ទៀត ដើម្បី​ផ្ដិត​យក​រូបភាព​នៃ​អំពើ​ទាសភាព​ដែល​នៅ​បន្ត​កើត​មាន​លើ​ទូក​នេសាទ​នានា យក​មក​ផ្សព្វ​ផ្សាយ​ឱ្យ​ពិភពលោក​ បាន​ឃើញ​បន្ថែម​ទៀត៕