សិស្ស​ថ្នាក់​ទី១២​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ប្រឡង​បាក់ឌុប​នា​ពេល​ខាង​មុខ

រូបឯកសារ៖ សិស្សានុសិស្ស​ពាក់ម៉ាស់​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ មុន​ពេល​ពួកគេ​ចូល​រៀន​វេន​ព្រឹក​នៅ​វិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​អង្គារ ទី២៨ ខែមករា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

ទោះ​បី​ជា​ការ​សិក្សា​នៅ​ក្នុង​ការ​សាលា​ត្រូវ​បាន​ផ្អាក​ដោយសារ​បញ្ហា​ជំងឺ​កូវីដ ១៩​ក៏ដោយ​យុវជន​ ហេង សេងហួត​ ដែល​ជា​សិស្ស​ថ្នាក់​ទី១២ ​នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​តែ​ត្រៀម​ចិត្ត និង​ប្តេជ្ញា​ថា​ នឹង​ប្រឹងប្រែង​រហូត​ដល់​ប្រឡង​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ។​

យុវជន​អាយុ​១៨​ឆ្នាំ​រូប​នេះ​ ដែល​មាន​បំណង​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ខ្លួន​កំពុង​ជួប​ប្រទះ​ការ​លំបាក​ខ្លះ​នៅ​ក្នុង​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ ​យុវជន និង​កីឡា។​

«ខ្ញុំ​រៀន​ជា​មួយ​លោក​គ្រូ​នោះ ​ ​រៀន​ផ្សេង។ ​ហើយ​ខ្ញុំ​រៀន​ជាមួយ​គ្រូ​តាម​ E-learning ​រៀន​ផ្សេង។​អ៊ីចឹង​ពេល​ខ្លះ​ ខ្ញុំ​អត់​យល់​តែ​ម្តង។ ​មិន​ត្រឹម​តែ​ថា ​ រាង​ស្រពិច​ស្រពិល​ទេ ​គឺ​អត់​យល់​តែ​ម្តង»។​

យុវជន​រូប​នេះ​បន្ថែម​ទៀត​ថា៖ «អារម្មណ៍​របស់​ខ្ញុំ​ផ្ទាល់​នៅ​ពេល​ដែល​ជិត​ឈាន​ទៅ​ដល់​ថ្ងៃ​ប្រឡង​បាក់ឌុប​ហ្នឹង​ វា​ពិត​ជា​មាន​អារម្មណ៍​ភ័យ​ព្រួយ​ខ្លះ​ដែរ​ ព្រោះ​យើង​រៀន​មិន​បាន​ដិត​ដល់»។​

ខណៈ​ដែល​គ្រឹះស្ថាន​សិក្សា​នៅ​បិទ​ទ្វារដោយសារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ សិស្ស​ថ្នាក់​ទី១២​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​ជា ​ការ​សិក្សា​ពី​ចម្ងាយ​មាន​ការ​លំបាក​ បញ្ហា​ក្នុង​ការ​ទាក់ទង​ទៅ​គ្រូ​បង្រៀន​ផ្ទាល់ ​ ការ​ឆ្លើយតប​យឺតយ៉ាវ​ពី​គ្រឹះស្ថាន​សិក្សា​ ឬ​គ្រូ​បង្រៀន​ និង​កង្វះ​ខាត​សម្ភារៈ​បច្ចេកទេស​សម្រាប់​គ្រូ​បង្រៀន​នៅ​តាម​ខេត្ត​ជា​ដើម។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ សេងហួត ​បាន​លើក​ឡើង​ថា ​កម្មវិធី​បង្រៀន​ផ្សាយ​វីដេអូ​បង្រៀន​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ដើម្បី​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ​អាច​ត្រៀម​លក្ខណៈ​បាន​ពេញលេញ​សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ។ ​

យុវជន​ ហេង សេងហួត ជា​សិស្ស​ថ្នាក់​ទី​ ១២​ នៅ​វិទ្យាល័យ​ព្រះយុគន្ធរ​ក្នុង​ក្រុង​ភ្នំពេញ។ (Courtesy Photo)

សេងហួត​ថា​ មិត្តភក្តិ​មួយ​ចំនួន​របស់​ខ្លួន​ក៏​មាន​ការ​បារម្ភ​ចំពោះ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ​ដែរ​ ដោយសារ​ការ​រៀបចំ​រៀន​សូត្រ​មិន​ទាន់​បាន​ដិតដល់​នៅ​ឡើយ។​

យុវជន​ សេងហួត ​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ពន្យារ​ពេល​ការ​ប្រឡង​ផង​ដែរ ​ដើម្បី​ឲ្យ​ខ្លួន​អាច​សិក្សា​បន្ថែម ​និង​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់។​

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​សាលា​គ្រប់​កម្រិត​មួយ​រយៈ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ​ជា​កិច្ច​ការពារ​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។​

យុវតី ​ខាត់ ស្រីណា ​ជា​សិស្ស​ថ្នាក់​ទី ១២​ នៅ​វិទ្យាល័យ​សិរីមង្គល ​នៅឃុំ​រកា​កោង ស្រុក​មុខ​កំពូល​ ខេត្តកណ្តាល។​

ស្រីណា​ អាយុ​ ១៨​ឆ្នាំ​បាន​ប្រាប់​ VOA​ ថា ​នា​ពេល​បច្ចុប្បន្ន​ ខ្លួន​កំពុង​សិក្សា​ជាមួយ​គ្រូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​នៅ​ពេល​រាត្រី។​

ទោះ​បី​ជា​នាង​អាច​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ដោយ ក៏មេរៀន​ដែល​នាង​អាច​រៀន​បាន​នោះ​គឺ​ បាន​តែ​មុខ​វិជ្ជា​គណិតវិទ្យា​តែ​ប៉ុណ្ណោះ​តាម​ប្រព័ន្ធ​ Zoom ​គឺ​កម្មវិធី​ប្រជុំ​ជា​វីដេអូ​ តែ​សម្រាប់​មុខវិជ្ជា​ផ្សេង​ទៀត​គ្រូ​បាន​ត្រឹម​ផ្ញើ​លំហាត់​មក​ឲ្យ​ធ្វើ​តែ​ប៉ុណ្ណោះ។ ​

ស្រីណា​បាន​បង្ហាញ​ក្តី​កង្វល់​ពី​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយហេតុ​ថា នាង​មាន​ការ​ពិបាក​ទាក់ទង​ទៅ​សួរ​គ្រូ ​និង​មិន​ទទួល​បាន​ការ​ឆ្លើយតប​ភ្លាមៗ​ទេ​នៅ​ពេល​នាង​មាន​ចម្ងល់។​ ហើយ​នៅ​ពេល​ដែល​នាង​មាន​ចម្ងល់​ស្រី​ណា​សម្រេច​កត់ទុក​នូវ​ចម្ងល់​ទាំង​នោះ ​ ហើយ​ងាក​ទៅ​សួរ​ទៅ​មិត្ត​ភក្តិ​របស់​នាង​វិញ។ ​

នៅ​ពេល​សួរ​ថា​នាង​រំពឹង​ថា ​ ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​ស្រីណា​បាន​ប្រាប់​ VOA​ ថា ​ នាង​មិន​ប្រាកដ​នោះ​ទេ ​ ព្រោះ​មាន​ចំណុច​សិក្សា​ជា​ច្រើន​ដែល​នាង​គិត​ថា​ពិបាក​សម្រាប់​នាង។ ​

«ពិបាក​និយាយ​ដែរ​បង​ អាហ្នឹង។វា​អត់​ប្រាកដ​អ៊ីចឹង​ណា៎​បង​ ព្រោះ​ថា​វា​មាន​ចំណុច​ខ្លះ​ពិបាក​ច្រើន​ដែរ​។ អ៊ីចឹង​ណា៎​បង»។

យុវតី ខាត់ ស្រីណា ជា​សិស្ស​ថ្នាក់​ទី ១២ នៅវិទ្យាល័យ​សិរីមង្គល នៅឃុំរកាកោង ស្រុក​មុខ​កំពូល ខេត្តកណ្តាល។ (Courtesy Photo)

ស្រី​ណា​បាន​ប្រាប់​ VOA​ បន្ត​ទៀត​ថា ​ មិត្តភក្តិ​មួយ​ចំនួន​របស់​នាង​ក៏​ជួប​ការ​លំបាក​ផង​ដែរ​ដោយសារ​តែ​ពួកគេ​មិន​អាច​រៀន​ទាន់​ និង​មិន​យល់​ឲ្យ​បាន​ច្បាស់​ តាម​រយៈ​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

«ខ្ញុំ​គិត​ថា​អាច​ជួយ​បាន​តែ​មនុស្ស​មួយ​ចំនួន​ទេ​បង​ ​ ព្រោះ​ថា​ ខ្ញុំ​រៀន​ផ្ទាល់​ជាមួយ​ពួក​គាត់​តែ​ហ្មង​នៅ​សាលា​ បង។ ​ ហ្នឹង​ខ្ញុំ​និយាយ​តាម​ត្រង់ ​ លោក​គ្រូ​គាត់​ដាក់​កំហិត​ផង​អី​ផង​នៅ​មាន​អ្នក​ខ្លះ​គាត់​រាង​យ៉ាប់​អ៊ីចឹង​ហ្អា»។​

បន្ថែម​ពី​នេះ​ទៀត​ ស្រីណា​គិត​ថា​ប្រសិន​បើ​សាលារៀន​បើកទ្វារ​ឡើង​វិញ​ជា​ការ​ប្រសើរ​ព្រោះ​នាង​អាច​មាន​លទ្ធភាព​ទៅ​រៀនគួរ​បន្ថែម។​

យុវតី លី​លីហួរ​ ជា​សិស្ស​ថ្នាក់​ទី១២​ មួយ​រូប​ទៀត​នៅ​សាលា​ឯកជន​ប៊ែលធី​សាខា​ឫស្សី​កែវ ​ក្នុង​ក្រុង​ភ្នំពេញ។​

លី ហួរ​ បាន​ប្រាប់​ VOA ​ថា ​ ការ​រៀនសូត្រ​របស់​នាង​កំពុង​ប្រឈម​នឹង​ការ​លំបាក ​ដោយសារ​តែ​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ឆ្ងាយ​ពី​គ្រូ។ ​ ដូច្នេះ ​នាង​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទាក់ទង​សួរ​គ្រូ​ ​ប្រសិន​បើ​នាង​ជួប​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​មេរៀន។​

«ចំពោះ​ការ​រៀន​ វា​ពិបាក​បន្តិច​ហើយ​បង​ព្រោះ​ដោយសារ​តែ​យើង​នៅ​ឆ្ងាយ​ពី​គ្រូ។ ​ ហើយ​យើង​មាន​កត្តា​ជា​ច្រើន​ដែល​យើង​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ ព្រោះ ​ធម្មតា​ទេ ​ បើ​យើង​នៅ​រាង​ឆ្ងាយ​ពី​គ្រូ​អត់​មាន​គ្រូ​នាំ​មុខ​អាហ្នឹង​វា​ពិបាក​ចំពោះ​ខ្លួន​ឯង​ហើយ»។​

ខុស​ពី​ស្រីណា ​ ទោះ​បី​ជា​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ដោយ​យុវត្តី​លីហួរ​ដែល​កំពុង​រៀន​នៅ​សាលា​ឯកជន​ ទទួល​បាន​ការ​បង្រៀន​គ្រប់មុខ​វិជ្ជា​ទាំងអស់​តាម​ប្រព័ន្ធ​កម្មវីធី​ផ្ញើសារ​ Telegram ​ និង​កម្មវិធី​ Zoom ​លើក​លែង​តែ​មុខវិជ្ជា​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ។ ​ ហើយ​នាង​រៀន​ពី​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ​ ចាប់​ពី​ម៉ោង​៧​កន្លះ​ដល់​ម៉ោង​១១​ព្រឹក។​

ពី​ដំបូង​ឡើយ​ លីហួរ​ មាន​សង្ឃឹម​ខ្លាំង​នៅ​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ចំពោះ​ការ​ប្រឡង​ថ្នាក់​ទី១២​ខាង​មុខ។ ​យ៉ាង​ណា​ក្តី ​នាង​នៅ​តែ​មាន​ការ​បារម្ភ​ចំពោះ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ ​ដោយសារ​តែ​មុខ​វិជ្ជា​ខ្លះ​តម្រូវ​ឲ្យ​នាង​រៀន​គួរ​បន្ថែម។​

«ដំបូង​ឡើយ​ ខ្ញុំ​រាង​សង្ឃឹម​រាង​ខ្លាំង​ព្រោះ​កាល​ឆមាស​ទី​មួយ​គឺ​ អាហ្នឹង​បាន​ល្អ។​ នៅ​ពេល​ដែល​យើង​រៀន​បាន​ដិត​ដល់​រៀន​បាន​ជាប់​ជាមួយ​គ្រូ ​នៅ​ជិត​គ្រូយើង​មាន​ការ​យល់​ច្បាស់​ពី​មេរៀន។ ​ដល់​ពេល​ចាប់​ពី​គេ​ឈប់​មក ​គឺ​ អីៗ​វា​ដូច​មិន​សូវ​អំណោយ​ផល​ទេ​បង»។​

ស្រប​ពេល​ដូច​គ្នា​នេះ​នាង​បាន​ប្រាប់ ​VOA​ ថា​នាង​មិន​មាន​ពេល​គ្រប់គ្រាន់​ ដើម្បី​មើល​វីដេអូ​បង្រៀន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​នោះ​ទេ​ព្រោះ​ជាន់​ពេលវេលា​ដែល​នាង​ត្រូវ​ជួយ​ម្តាយ​មីង​ក្នុង​ហាង​អ៊ុតសក់។​

លីហួរ​រៀន​ខ្សោយ​ផ្នែក​ភាសាខ្មែរ។ ​ប៉ុន្តែ​នៅ​ពេល​រៀន​ជាមួយ​គ្រូ​ផ្ទាល់ ​លីហួរ​ សង្កេត​ឃើញ​ថា​ការ​រៀន​របស់​នាង​បាន​ប្រសើរ​ឡើង​ជាមុន។​យ៉ាង​ណាក៏​ដោយ​ មួយ​រយៈ​នេះ​ការ​សិក្សា​ផ្នែក​ភាសា​ខ្មែរ​របស់​នាង​ហាក់​ដូច​ជា​ថមថយ​ទៅ​វិញ។​

បន្ថែម​ពី​លើ​នេះ​ទៀត ​យុវតី លី ហួរ​ បាន​និយាយ​ថា ​ មិត្ត​ភក្តិ​របស់​នាង​សឹង​តែ​គ្រប់​គ្នា​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​សិក្សា​ដូច​នាង​ផង​ដែរ​ដូច​ជា​ ការ​រៀន​មិន​បាន​ដិត​ដល់​ ​ ការ​រៀន​មិន​ទាន់​ និង​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ទៅ​អ្នក​ដទៃ​នៅ​ពេល​មាន​ចម្ងល់​ក្នុង​លំហាត់។​

យុវតី លី​ លីហួរ ជា​សិស្ស​ថ្នាក់​ទី១២ នៅ​សាលាឯកជន​ប៊ែលធី​សាខាឬស្សី​កែវ ក្នុង​ភូមិ​គ្រួស សង្កាត់​សំរោង​ ខណ្ឌ​ព្រែកព្នៅ ក្រុង​ភ្នំពេញ។ (Courtesy Photo)

គ្រូ​បង្រៀន​ជា​ច្រើន​យល់​អំពី​ការ​លំបាក​និង​ការ​ប្រឈម​ដែល​សិស្ស​មិន​ធ្លាប់​ជួប​ប្រទះ។​ យ៉ាង​ណាក្តី​ ពួក​គាត់​នៅ​តែ​បន្ត​ខិតខំ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​បន្ត​ខិតខំ​សិក្សា​រៀន​សូត្រ។ ​

អ្នក​គ្រូ ​គឹម សុត្ថារី ​ជា​គ្រូ​មួយ​រូប​នៅ​សាលារៀន​ជំនាន់​ថ្មី​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​ក្រុង​ភ្នំពេញ។​អ្នកគ្រូ​បាន​បង្រៀន​មុខវិជ្ជា​ជីវវិទ្យា​នៅ​សាលារៀន​ជំនាន់​ថ្មី​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ។​

នៅ​ខណៈ​ពេល​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ អ្នក​គ្រូ​បាន​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​នៅ​ផ្ទះ ​ហើយ​អំពាវនាវ​ឲ្យ​ឪពុកម្តាយ​លើក​ទឹកចិត្ត​ និង​ផ្តល់​ឱកាស​ឲ្យ​កូន​របស់​ខ្លួន​អាច​រៀន​សូត្រ​នៅ​ផ្ទះ។

នា​ពេល​បច្ចុប្បន្ន ​អ្នក​គ្រូ ​សុត្ថារី​ បាន​ឲ្យ​ដឹង​ថា ​ អ្នកគ្រូ​បាន​ប្រើប្រាស់​កម្មវិធី​ផ្ញើសារ ​ Telegram ​និង​កម្មវិធី​ប្រជុំ​ជា​វីដេអូ​ Zoom ​ដើម្បី​ធ្វើការ​បង្រៀន។ ​ អ្នកគ្រូ​បាន​បន្ត​ថា ​ នៅ​ពេល​ដែល​កូន​សិស្ស​មាន​បញ្ហា ​ អ្នកគ្រូ​នឹង​ធ្វើ​ការ​ទាក់ទង​ទៅ​កូន​សិស្ស​ផ្ទាល់​ ហើយ​ក្នុង​ករណី​ដែល​កូន​សិស្ស​តាម​មិនទាន់​ អ្នកគ្រូ​បាន​ធ្វើ​ការ​ពន្យល់​ជា​លក្ខណៈ​ឯកជន​ផង​ដែរ។​

«ចា៎​ ទាក់ទង​នឹង​កូន​សិស្ស​ដែល​តាម​អត់ទាន់​ អ៊ីចឹង ​ខ្ញុំ​អាច​ពន្យល់​គាត់​ជា​លក្ខណៈ​ឯកជន​ មាន​ន័យ​ថាដូចជា​តាម​កម្មវិធី​ Telegram ​អ៊ីចឹង។​ ពេល​ដែល​គាត់​មើល​វីដអូ​អ៊ីចឹង គាត់​តាម​អត់​ទាន់​គាត់​នឹង​ Chat​ (ផ្ញើសារ)​ ឯកជន​មក​ខ្ញុំ​ហើយ។ ​ អ៊ីចឹង​ខ្ញុំ​អាច​ពន្យល់​គាត់​អាច​ជា​សូរ​សំឡេង ​ឬ​ក៏​ថត​ជា​ វីដេអូ ​ឬ​ក៏​តេ​ទៅ​គាត់​ផ្ទាល់​តែ​ម្តង​ហើយ​ និយាយ​ជាមួយ​គាត់​ ពន្យល់​គាត់​អ៊ីចឹង»។​

យ៉ាង​ណា​ក្តី​អ្នកគ្រូ​ សុត្ថារី​ បាន​ទទួល​ស្គាល់​ថា​ការ​បង្រៀន​នៅ​សាលា ​និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ដូច​គ្នា​នោះ​ទេ ​ ប៉ុន្តែ​យ៉ាង​ហោចណាស់​ វា​ជួយ​ឲ្យ​គ្រូ​បង្រៀន​អាច​បន្ត​ការ​បង្រៀន​របស់​ខ្លួន ​និង​មិន​បោះបង់​ការ​បង្រៀន។​

អំឡុង​ពេល​រដ្ឋាភិបាល​ផ្អាក​ការ​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​នានា​នៅ​ប្រទេស​កម្ពុជា ​ លោក ​ទូច រដ្ឋានី ​ដែល​ជា​គ្រូ​បង្រៀន​គណិត​វិទ្យា​ម្នាក់​ នៅ​វិទ្យាល័យ​ព្រះ​កុសុមៈ​ ក្នុង​ទី​រួម​ខេត្ត​ក្រចេះ​បាន ​សម្រេច​ចិត្ត​ថត​វីដេអូ​បង្រៀន​បង្ហោះ​តាម​កម្មវិធី​ YouTube ​ ដើម្បី​ឲ្យ​សិស្ស​អាច​ចូល​មើល ​និង​សិក្សា​បាន។​

ក្រៅ​ពី​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សិស្ស​ទាំងអស់ ​លោក​គ្រូ ​រដ្ឋានី ​បាន​លើក​ឡើង​ផង​ដែរ​ថា​នា​ពេល​បច្ចុប្បន្ន ​លោក​ និង​គ្រូ​បង្រៀន​មួយ​ចំនួន​ទៀត​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​សម្ភារៈ ​និង​សុំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ផង​ដែរ។​

«ចំពោះ​ការ​បង្រៀន​នៅ​តាមឡាញ ​ឬ​ផេក​របស់​គ្រូ​ជួប​ការ​លំបាក​ខ្លះ​ដូច​ជា​ បញ្ហា​ការ​ថត។​ ការ​ថត​យើង​ខ្វះ​សម្ភារៈ​បច្ចេកទេស​ផ្ទាល់​ខ្លួន។ ​ ចំពោះ​ក្រសួង​គាត់​មាន​សម្ភារៈ​របស់​គាត់​ហើយ។​ តែ​ចំពោះ​ផ្ទាល់​ខ្លួន​របស់​គ្រូៗ​រាង​ពិបាក​បន្តិច​ដែរ»។​

គ្រូ​គណិត​វិទ្យា ​រូប​នេះ​ដែល​បាន​បង្រៀន​អស់​រយៈពេល​ជាង​ ៣០​ឆ្នាំ​កន្លង​មក​នេះ ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សិស្ស​ផង​ដែរ​ដូចជា​ សិស្ស​ក្រីក្រ​មិន​អាច​មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ស្មាតហ្វូន​យក​មក​ប្រើប្រាស់​ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។​លើសពី​នេះ​ទៀត ​សិស្ស​មួយ​ចំនួន​មិន​យល់​ និង​មិន​អាច​ដោះស្រាយ​លំហាត់ ​ដែល​លោក​ដាក់​ឲ្យ​ នៅ​ពេល​ត្រូវ​រៀន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ ​

លោក​គ្រូ​រដ្ឋានី​យល់​ថា​សិស្ស​ថ្នាក់​ទី១២​មួយ​ចំនួន​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​ចំពោះ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ។​

«បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ខ្ញុំ​ឃើញ​ថា ​យើង​ប្រហែល​មិន​បាន​ប្រសើរ​ទេ​ ព្រោះ​ថា ​បើ​យើង​នៅ​បង្រៀន​ផ្ទាល់ ​យើង​អាច​ដឹក​ដៃ​សិស្ស។​ បើសិស្ស​ហ្នឹង​មិន​យល់​ យើង​អាច​ណែនាំ​ជំរុញ​សិស្ស​ហ្នឹង​បាន។​ បើ​សិន​ជា​ប្រយោល​អ៊ីចឹង​ យើង​រាង​ពិបាក​ដែរ»។​

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​លោក​ រដ្ឋានី​ ក៏​បាន​សំណូមពរ​ឲ្យ​ក្រសួង​បង្កើន​កម្មវិធី​ផ្សព្វផ្សាយ​អំពី​ការ​បង្រៀន ​និង​ផ្តល់​ជា​ការ​លើកទឹក​ចិត្ត​ដល់​គ្រូ​បង្រៀន​ដែល​បាន​ចំណាយ​ពេល​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។​

រូបឯកសារ៖ សិស្សានុសិស្ស​ពាក់ម៉ាស់​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ មុន​ពេល​ពួកគេ​ចូល​រៀន​វេន​ព្រឹក​នៅ​វិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​អង្គារ ទី២៨ ខែមករា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

លោក​ រស់ សុវាចា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រាប់​ VOA ​ថា ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​បាន​ដឹង​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ពី​ចម្ងាយ។​

លោក​ សុវាចា ​បាន​លើក​ឡើង​ថា​ចំពោះ​បញ្ហា​សិស្ស​គ្មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ស្មាតហ្វូន ​ឬ​មិន​មាន​ទូរទស្សន៍ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​អំពាវនាវ​ឲ្យ​សិស្ស​សុំ​មើល​ទូរទស្សន៍​ពី​សំណាក់​អ្នក​ជិតខាង​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​សិន ​ស្រប​ពេល​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា​ផង​ដែរ។​

«ហើយ​ចំពោះ​សិស្សានុសិស្ស​ ដែល​មិន​ទាន់​មាន​លទ្ធភាព​ មាន​ទូរទស្សន៍​នៅ​តាម​គេហដ្ឋាន​របស់​គាត់ ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​លើក​ទឹកចិត្ត​ឲ្យ​គាត់​ទស្សនា​ទូរទស្សន៍ ​ទទក ២​ ដែល​ជា​ ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ស្តីពី​ការ​អប់រំ​ ដែល​មាន​នៅ​តាម​ ...​ជាមួយ​អ្នក​ជិតខាង​របស់​គាត់​សិន»។

ខណៈ​ពេល​ដូចគ្នា​នេះ​ដែរ ​លោក​ សុវាចា​ ក៏​បាន​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​ពី​គ្រូ​បង្រៀន​តាម​មូលដ្ឋាន​ដើម្បី​ជួយ​ទៅ​ដល់​សិស្ស​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​នៅ​ក្នុង​ការ​រៀន​សូត្រ​ពី​ចម្ងាយ។ ​

កាល​ពី​ដើម​ខែ​មិថុនា​នេះ ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​សម្រេច​ឲ្យ​មាន​ការ​ប្រឡង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំពោះ​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា ​និង​ការ​ប្រឡង​ចូល​ថ្នាក់​ឧត្តម​សិក្សា​ ខណៈ​កាល​បរិច្ឆេទ​ប្រឡង​នឹង​ត្រូវ​កំណត់​ឡើង​វិញ​នា​ពេល​ក្រោយ។​

ជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយ​ទៅ​លើ​ការ​ផ្អាក​ការ​សិក្សា​នៅ​តាម​សាលារៀន ​ នា​ពេល​បច្ចុប្បន្ន​ ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​ជំរុញ​លើ​ការ​សិក្សា​ពី​ចម្ងាយ​ ដោយ​មាន​ការ​ចាក់​ផ្សាយ​វីដេអូ​បង្រៀន​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​និង​តាម​កម្មវិធី​ (APP) ​សិក្សា​ ដែល​ទាញ​យក​បាន​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​ផង​ដែរ។ ​

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ ​នៅ​ក្នុង​សន្នីសិទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ខែ​ឧសភា ​លោក​ ហង់​ ជួនណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​បាន​និយាយ​ថា​ក្រសួង​កំពុង​ពិចារណា​លុប​ចោល​ការ​ចេញ​លទ្ធផល​ប្រឡង​ជា​និទ្ទេស​សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពោល​គឺ​លទ្ធផល​មាន​តែ​ជាប់​ ឬ​ធ្លាក់​តែ​ប៉ុណ្ណោះ។​

យុវជន​ហេង សេង ហួត ​ដែល​ចង់​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​កំពុង​បារម្ភ​នឹង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ពេល​ខាង​មុខ​នេះ។​ សេតហួត​ក៏​មាន​ក្តី​កង្វល់​ផង​ដែរ​ក្នុង​ការ​ត្រៀម​លក្ខណៈ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ប្រឡង​ជាប់​ដើម្បី​ចូលរៀន​ពេទ្យ​ ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន។ ​

«ការ​តាំង​ចិត្ត​វា​រាង​ខ្ពស់​តែ​ដោយសារ​តែ​បរិយាកាស​សង្គម​វា​ត្រូវ​បាន​រអាក់​រអួល​ដោយសារ​កូវីដ១៩ ​បាន​វាយ​លុក​ចូល​ក្នុង​ពិភពលោក​យើង​ហ្នឹង ​ដូច​ជា ប្រទេស​កម្ពុជា​ជា​ដើម​ធ្វើ​ឲ្យ​ការ​សិក្សា​តាម​មុខវិជ្ជា​មួយៗ​របស់​ខ្ញុំ​ហ្នឹង​នៅ​មាន​កម្រិត»៕