សិស្សានុសិស្សជាង១១៧០០០នាក់នៅទូទាំងប្រទេសកម្ពុជាបានចូលអង្គុយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬប្រឡងបាក់ឌុបនៅថ្ងៃច័ន្ទនេះដែលជាជំហានមួយអនុញ្ញាតឲ្យពួកគេបន្តការសិក្សានៅកម្រិតឧត្តមសិក្សាបន្ដទៀត។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានលើកឡើងថា ភាពជោគជ័យរបស់បេក្ខជននីមួយៗគឺស្ថិតលើការប្រឹងប្រែងនិងសមត្ថភាពរបស់ពួកគេ ស្របទៅតាមពាក្យស្លោករបស់ក្រសួងអប់រំ យុវជននិងកីឡាថា«អ្នកចេះ ទើបជាប់»។
លោកបានថ្លែងថា៖
«ប៉ុន្តែបើយើងពិនិត្យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនដែលជាបេក្ខជនប្រឡងផ្ទាល់ យើងសង្ឃឹមថា ជោគជ័យនឹងឆ្លើយតបទៅតាមកិច្ចព្រមព្រៀងរបស់ប្អូនៗដូចជាការចូលរួមបង្រៀនផ្ទាល់ពីសំណាក់លោកគ្រូអ្នកគ្រូហើយនឹងគណៈគ្រប់គ្រងសាលារៀននៅកម្រិតទូទាំងប្រទេស បាទ»។
បេក្ខជនប្រឡងទាំងជាង១១៧០០០នាក់ក្នុងមណ្ឌលប្រឡងសរុបចំនួន២០២នៅទូទាំងប្រទេសកម្ពុជានឹងត្រូវប្រកួតប្រជែងរយៈពេលពីរថ្ងៃលើវិញ្ញាសារជាច្រើនដូចជាផែនដីនិងបរិស្ថានវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងសីលធម៌។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា។
ឯកសារផ្សេងៗ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតត្រូវហាមមិនឲ្យយកតាមខ្លួនចូលបន្ទប់ប្រឡងទេ។
ក្នុងពេលដែលលោកចុះត្រួតពិនិត្យមណ្ឌលប្រឡង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃច័ន្ទនេះថា បេក្ខជនប្រឡងដែលរកឃើញថា បានក្លែងបន្លំ នឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ។
លោក គីម វុទ្ធី អនុរក្សម្នាក់ក្នុងមណ្ឌលប្រឡងវិទ្យាល័យយុគន្ធរ បានប្រាប់VOA កាលពីរសៀលថ្ងៃច័ន្ទនេះថា មិនមានអ្វីមិនប្រក្រតីកើតឡើងនោះទេ ដោយសារស្ថានការណ៍ប្រឡងនៅព្រឹកនេះមានភាពល្អប្រសើរ ទោះមិនមានការចូលរួមត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ ACU ដែលធ្លាប់ចូលរួមត្រួតពិនិត្យលើបេក្ខជនប្រឡងចាប់តាំងពីឆ្នាំ២០១៣ ក៏ដោយ។
ប៉ុន្តែក្នុងឆ្នាំនេះ ក្រសួងអប់រំជំនួសមកវិញនូវការបង្កើនចំនួនអប្បមាទ ឬអ្នកអង្កេតការណ៍ដល់ចំនួន៦០៦នាក់និងជំនួយការនៃអប្បមាទរហូតដល់ជាង២០០០នាក់។
អប្បមាទទាំងនេះភាគច្រើនគឺជាក្រុមយុវជនដែលមានតួនាទីដើរត្រួតពិនិត្យ និងអង្កេតការណ៍ក្នុងបន្ទប់ប្រឡងក៏ដូចជានៅក្នុងមណ្ឌលប្រឡងផងដែរ។
នាង បូរិន ពិសី យុវតីអាយុ១៧ឆ្នាំដែលមកពីវិទ្យាល័យប៊ុនរ៉ានីវត្តភ្នំ កំពុងឈរចាំនៅខាងមុខរបងវិទ្យាល័យព្រះយុគន្ធរជាមួយម្តាយ កាលពីរសៀលថ្ងៃច័ន្ទដើម្បីចូលបន្ទប់ប្រឡងវគ្គទីពីរក្នុងថ្ងៃទីមួយនេះ។ នាង ពិសី សង្កេតឃើញថា ការរឹតបន្តឹងនេះនៅតែដូចឆ្នាំមុនៗដែរ។
នាងបាននិយាយថា៖
«ខាងក្រុម ACU គាត់អត់បានមកសហការជាមួយមែន ក៏ប៉ុន្តែនៅតែមានអ្នកត្រួតពិនិត្យអីច្បាស់លាស់ដដែលទេបង»។
បន្ទាប់ពីឃើញ ពិសី បានដើរចូលបន្ទប់ប្រឡងរួច អ្នកស្រី លាង ស៊ីវន ជាម្តាយយុវតី បូរិន ពិសី បាននិយាយប្រាប់ VOA ថា អ្នកស្រីមានភាពជឿជាក់លើកូនស្រីរបស់ខ្លួន ដោយបានសង្កេតឃើញថា នាងបានប្រឹងប្រែងខ្លាំង។
អ្នកស្រីបានមានប្រសាសន៍ថា៖
«យល់ឃើញថា ច្បាប់ទម្លាប់គេនៅនេះ វាគិតថា មានច្បាប់ទម្លាប់តឹងរ៉ឹង ដូចថា យើងអាចទទួលយកបាន។ ការគ្រប់គ្រងរបស់សាលាមានអ្នកឆែកអ្នកអីអ៊ីចឹង យើងអត់អាចយកស្អីចូលទៅបាន។ ចង់និយាយអ៊ីចឹងណា៎»។
នេះគឺជាឆ្នាំទី៦ហើយនៃការកែទម្រង់ការសិក្សា និងការប្រឡងក្នុងប្រទេសកម្ពុជា ដោយមានការរឹតបន្តឹងការប្រឡង ដើម្បីទទួលបានបេក្ខជនដែលមានសមត្ថភាពក្រោមពាក្យស្លោកថា«អ្នកចេះ ទើបជាប់»។ បេក្ខជនប្រមាណ៦៦ភាគរយក្នុងចំណោមបេក្ខជនសរុប១១៧០៦១ទទួលបានជោគជ័យកាលពីសម័យប្រឡងទុតិយភូមិឆ្នាំ២០១៨។ ក្នុងនោះបេក្ខជនចំនួន៤០៨នាក់ទទួលបានចំណាត់ថ្នាក់អេ (A)៕