មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានជំទាស់ទៅនឹងការចេញរបាយការណ៍របស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សពីរ ដោយលើកឡើងថា វាជារបាយការណ៍មិនត្រឹមត្រូវ។ កាលពីដើមសប្ដាហ៍នេះ អង្គការ Human Rights Watch និងអង្គការ Freedom House របស់សហរដ្ឋអាមេរិកបានរិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុងរិតបន្តឹងសេរីភាពបញ្ចេញមតិ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១១ ក្រោមចំណងជើងថា ការត្រួតត្រាសេរីភាពជាមូលដ្ឋាននៅកម្ពុជាកាន់តែតឹងតែងឡើង។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានច្រានចោលរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការឃ្លំាមើលការរំលោភសិទ្ធិមនុស្សចំនួនពីររបស់សហរដ្ឋអាមេរិក ដោយនិយាយថា ជាការបង្ហាញមិនត្រឹមត្រូវ។
កាលពីថ្ងៃច័ន្ទ សប្តាហ៍មុននេះ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សពីរ ដែលមានឈ្មោះថា Human Rights Watch និងអង្គការ Freedom House របស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១១របស់ខ្លួន ដោយបានធ្វើការចោទប្រកាន់ថា សេរីភាពបញ្ចេញមតិនៅកម្ពុជាកំពុងរឹតបន្តឹង។
ការរឹតបន្តឹងសេរីភាពនេះ រាប់បញ្ចូលទាំងការរឹតបន្តឹងលើសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំធ្វើបាតុកម្មដោយអហិង្សា ការរឹតបន្តឹងលំហបរិយាកាសការងាររបស់អង្គការក្រៅរដ្ឋាភិបាល គួបផ្សំនឹងការប្រើប្រាស់ប្រព័ន្ធតុលាការ ការប្រើប្រាស់ច្បាប់ ក្រមព្រហ្មទណ្ឌថ្មី។ ការគំរាមចាប់ខ្លួននិងការប្រើប្រាស់វិធានការច្បាប់រឹតបន្តឹងសេរីភាពបញ្ចេញមតិ ចាប់ក្រុមអ្នករិះគន់ដាក់ពន្ធនាគារ បំបែកការតវ៉ារបស់ពលករ កសិករនិងការបិទសំឡេងក្រុមអ្នកប្រឆាំងជាដើម។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពីមុនយើងញ៉ាំគុយទាវគេ មិនគិតលុយ តែឥឡូវគេគិតលុយហើយ។
នៅក្នុងន័យនេះ លោកខៀវ កាញារិទ្ធនិយាយថា កាលពីមុន គេអាចរិះគន់បាន។ ឥឡូវនេះ មានច្បាប់ក្រមព្រហ្មទណ្ឌថ្មី ដើម្បីចាត់ការក្រុមអ្នករិះគន់ ដែលគ្មានមូលដ្ឋានច្បាប់។
«បើយើងឃើញតែអ្នកស្រែកប្រមាថ បើយើងសួរវិញថា តើអ្វីខ្លះដែលជាចំណុចសម្គាល់? គាត់អត់ធ្វើបានទេ ពីព្រោះគាត់មិនបានរៀនច្បាប់ពីមុន។ អញ្ចឹងគាត់អត់យល់ ហើយគាត់ធ្លាប់តែស៊ីគុយទាវ អត់ឲ្យលុយគេណា៎។ ឥឡូវគេគិតលុយ ហើយខឹងនឹងគេទារលុយម្ត៉េចកើត?»
លោកខៀវ កាញារិទ្ធបានមានប្រសាសន៍ទៀតថា បើប្រៀបធៀបជាមួយប្រទេសជិតខាង កម្ពុជាពុំបានបិទគេហទំព័រ ឬបិទការសែតដែលហ៊ានសរសេររិះគន់រដ្ឋាភិបាលនៅឡើយទេ។
«បើផ្ទឹមប្រទេសជាច្រើន គេបានបិទគេហទំព័រ សូម្បីសហរដ្ឋអាមេរិកក៏បានបិទដែរ។ យើងអត់មានបិទគេហទំព័រមួយទេ នេះជាចំណុចទីមួយ។ ទីពីរ យើងក៏អត់បានចាប់អ្នកកាសែតណាមួយក្នុងការសម្តែងមតិដែរ។ ការចាប់ខ្លួនឥឡូវនេះទាក់ទឹននឹងបញ្ហាក្រៅវិជ្ជាជីវៈទៅវិញទេ»។
លោក Phil Robertson នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកំពុងប្រើប្រាស់ច្បាប់នានាដើម្បីរិតបន្តឹងលំហនយោបាយ សម្រាប់សកម្មជន ដែលបញ្ចេញមិតដោយសន្តិវិធីប្រឆាំងទង្វើខុសឆ្គងរបស់រដ្ឋាភិបាល និងប្រឆាំងអំពើពុករលួយ។
លោក Robertson បានមានប្រសាសន៍ទៀតថា សហគមន៍អន្តរជាតិ ចាំបាច់ផ្តល់ឱវាទប្រកបទៅដោយកម្លាំងខ្លាំងក្លាថែមទៀតចំពោះការគោរពសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា អង្គការ Human Rights Watch បានបង្ហាញរបាយការណ៍ពិតអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា សេរីភាពបញ្ចេញមតិនៅកម្ពុជាមិនទាន់បានល្អប្រសើរឡើងទេ ហើយតុលាការត្រូវបានប្រើប្រាស់ដើម្បីបំបិទមាត់ក្រុមអ្នករិះគន់។
«ប្រសិនជាយើងមិនអាចផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់នៅក្នុងការទិតៀនមេដឹកនាំរបស់ខ្លួន ក៏ដូចជានៅក្នុងការការពារសិទ្ធិរបស់ខ្លួននៅពេលណាដែលអ្នកមានអំណាចរំលោភ បំពាននោះ គឺសង្គមយើងមិនអាចដើរទៅមុខបានទេ»។
លោកអំ សំអាត មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស LICADHO បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១០កន្លងទៅនេះ យ៉ាងតិចមានក្រុមអ្នករិះគន់ចំនួន៣៨នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ហើយមានអ្នកសារព័ត៌មានជាច្រើនផ្សេងទៀតកំពុងត្រូវបានប្តឹងនៅក្នុងតុលាការ និងកំពុងជាប់ពន្ធនាគារនៅឡើយ។
លោកបានមានប្រសាសន៍ទៀតថា ការរឹតបន្តឹងសិទ្ធិសេរីភាពនេះ ធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ សហជីព សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ៕