រដ្ឋាភិបាល​ចាប់​ផ្តើម​បង្រៀន​ពី​យេនឌ័រ​ឱ្យ​ទៅដល់​ជនបទ

ក្រសួង​កិច្ចការ​នារី​នៃ​ប្រទេស​កម្ពុជា​

ក្រសួង​កិច្ចការ​នារី​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​ក្រុម​និសិ្សត ដែល​អនាគត​នឹ​ងក្លាយ​ជា​គ្រូបង្រៀន​នៅតាម​វិទ្យាល័យ​នានា​ឱ្យ​ជួយ​ពង្រឹង​ការអប់រំ​ផ្នែក​យេនឌ័រ​ដល់ ​សិស្សា​នុសិស្ស​ជា​បន្ថែម​ទៀត។

លោកស្រី ​ឃឹម ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​មាន​ប្រសាសន៍​នៅក្នុង​វេទិកា​នេះ​ថា​គរុនិស្សិត​ប្រមាណ​ជា​២០០នាក់​ដែល​នឹង​ត្រូវ​បញ្ចប់​ការសិក្សា​នា​ពេល​ដ៏ខ្លី​ខាងមុខ​នេះ​ហើយ​នឹង​ក្លាយ​ជា​គ្រូបង្រៀន​ត្រូវធ្វើការ​អប់រំ​ផ្នែក​យេនឌ័រ​ដល់​សិស្សា​នុសិស្ស​នៅតាម​វិទ្យាល័យ​នានា​ ដែល​ខ្លួន​បាន​បង្រៀន​ ដើម្បី​លើក​កម្ពស់​ដល់​សមភាព​យេនឌ័រ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រីឃឹម ចំរើន ​បាន​បញ្ជាក់​ផង​ដែរថា​សមភាព​យេនឌ័រ​ក្នុង​ស្រទាប់​យុវវ័យ​នៅមាន​កម្រិត​នៅឡើយ​ ដូច្នេះ​ការផ្សព្វផ្សាយ​ចំណេះ​ដឹង​នេះ​ដល់​គរុនិស្សិត​គឺ​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​យក​ចំណេះដឹង​និង​បទពិសោធ​ទាំងនេះ​បន្ត​ដល់​ក្រុម​គ្រួសារ​ សហគមន៍​និង​សង្គម​ជាតិ​ទាំងមូល។

«វេទិកា​នេះ​ ក្នុងន័យ​ដើម្បី​ឲ្យ​យុវវ័យ​ ក៏​ដូចជា​ប្រជាពលរដ្ឋ​យើង​លោក​យល់​អំពី​តួនាទី​យេនឌ័រ។ ហើយ​កាលណា​បាន​យល់ដឹង​ហើយ​គឺគ្រួសារ​និង​ទទួល​បាន​នូវ​សុភមង្គល​ក្នុង​គ្រួសារ​គ្មាន​អំពើ​ហិង្សា គ្មាន​ការរើសអើង​លើ​ស្រ្តី។ ជាពិសេស​ទៅ​ទៀត ​អ្វី​ដែល​យើង​ចង់បាន​នោះ​ គឺ​ផ្តោត​ទៅលើ​យុវវ័យ​ ពីព្រោះ ​យុវវ័យ​ជាអ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត។ កាលណា​គាត់​យល់ច្បាស់ ​ហើយ​ជាពិសេស​ទាក់ទង​ទៅ​ នឹង គរុកោសល្យ​ថ្ងៃ​អនាគត ​លោក​ក្លាយ​ទៅ​ជាគ្រួ ​លោក​នឹង​អប់រំ​សិស្ស​បន្ត​ទៀត​ឲ្យ​យល់​បញ្ហា​យេនឌ័រ​នេះ»។

រដ្ឋាភិបាល​បានកំណត់​ថា នៅ​ឆ្នាំ២០១៥ ​មន្រ្តី​ជាប់​ឆ្នោត​ជា​ស្រ្តី​នៅ​ថ្នាក់​ជាតិ​យ៉ាង​តិច​៣០​ភាគរយ និង ថ្នាក់​ឃុំ​សង្កាត់​២៥​ភាគរយ។ ក៏ប៉ុន្តែ​យោងតាម​របាយការណ៍​របស់​ខុមហ្រ្វែល​ បាន​ឱ្យ​ដឹង​ដែរ​ថា ​កម្ពុជា ​មិនទាន់​មាន​សមភាព​យេនឌ័រ​នៃ​ការផ្តល់​អំណាច​ខាង​នយោបាយ​ ពិសេស​ភាព​ជា​អ្នក​តំណាង​អ្នក​បោះឆ្នោត​ជាប់ឆ្នោត​ ថ្វីបើ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាស្ត្រី​មាន​៥៣​ភាគរយ​ក៏ដោយ​ ជាក់ស្ដែង​តំណាង​រាស្រ្ត​ស្រ្តី មាន​ចំនួន​តែ​២២​ភាគរយ​សម្រាប់​អាណត្តិ​ទី៤​ ក្នុង​ចំណោម​តំណាងរាស្ដ្រ​សរុប​ចំនួន​១២៣​រូប។​ រីឯ​ស្រ្តី ដែល​កំពុងតែ​បម្រើការ​ក្នុង​ក្រុម​បឹ្រក្សា​ឃុំ-សង្កាត់​មាន ​ចំនួន​២០​ភាគរយ​សម្រាប់​អាណត្តិ​ទី២។

លោក​អ៊ិន ថេរ ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ ក៏បាន​ឱ្យ​ដឹង​នៅ​ក្នុងវេទិកា​នោះ​ផង​ដែរ​ថា​ចំណេះដឹង​ផ្នែក​សមភាព​យេនឌ័រ​ក្នុង​ស្រទាប់​យុវវ័យ​សម្រាប់​អ្នក​ដែល​បាន​បញ្ចប់​មធ្យម​សិក្សា​មាន​កម្រិត​ខ្ពស់​ក៏​ប៉ុន្តែ​នៅ​មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​តម្រូការ​សង្គម​នៅឡើយ​ ដូច្នេះ​ចំបាច់​ត្រូវតែ​មាន​ការបណ្តុះ​បណ្តាល​បន្ថែម​ទៀត។

«បញ្ហា​យេនឌ័រ​នៅក្នុង​យុវវ័យនេះ​ វា​ជា​បញ្ហា​សំខាន់​ណាស់​ ពីព្រោះ​យើង​ដឹង​ហើយ​ថា​កម្លាំង​ ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល​ ក៏ដូច​ជា​គ្រួសា​រទាំងមូល​វា​មិនមែន​ទៅ​ពឹងផ្អែក​តែ​លើ​កម្លាំង ​បុរស​ទេ​ គឺ​ស្រ្តី​ក៏ជា​កម្លាំង​ទាំងពីរ​នេះ​រួបរួម​គ្នា​ទើប​វា​អភិវឌ្ឍ​សង្គម​ជាតិ​បាន។ ដូច្នេះ​បើគេ​យល់ច្បាស់​អំពី ​យេនឌ័រ​នេះ​ទៅយើង​ឃើញ​ថា វា​អត់​មាន​បញ្ហា​ប្រឈម​ក្នុង​ការចាត់ចែង​ការងារ​រៀនសូត្រ​ ក៏ដូចជា ​បញ្ហា ​បំពេញ​ការងារ​ផ្សេងៗ ​ទៀត​របស់​យុវវ័យ​យើង»។

យោងតាម​របាយការណ៍​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​សិក្សា​២០០៩-២០១០ សិស្ស​នារី​ក្នុង​មធ្យម​សិក្សា​ទុតិយភូមិ​មាន​ប្រមាណ​ជាង​៤៧​ភាគរយ​ក្នុង​ចំណោម​សិស្ស​សរុប​៣៣៤.៧៣៤​នាក់​ បរិញ្ញាប័ត្រ​មាន​ប្រមាណ​ជា៤០​ភាគរយ​ក្នុង​ចំណោម​សិស្ស​១៧១.២៦៤​នាក់​ ហើយ​ការអប់​រំកាន់​តែខ្ពស់​ចំនួន​ស្រ្តី​កាន់តែមាន​ការថយចុះ។ ​ជាក់ស្តែង ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មាន​ស្រ្តីតែ​១៨​ភាគរយ ​ក្នុង​ចំណោម​១២០.៨៨៧​នាក់​ និង ថ្នាក់​បណ្ឌិត​មាន​ស្រ្តី​ប្រមាណ​ជា​៥​ភាគរយ​ក្នុង​ចំណោម​៩៨១​នាក់។

របាយការណ៍​របស់​ខុមហ្រ្វែល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ អ្នកនយោបាយ​កម្ពុជា​ភាគច្រើន​គឺជា​បុរស​រីឯ​ស្រ្តី​វិញ​មាន​ឱកាស​តិចតួច​ក្នុង​ការចូលរួម​ក្នុង​ឆាក​នយោបាយ។ផ្នែក​ខ្លះ​នៃប​ញ្ហានេះ​កើតឡើង​ដោយសារ​ទំនៀម​ទម្លាប់​អភិរក្ស​និយម​ និង​វប្បធម៌​ ដែល​ត្រូវបាន​គេសន្មត់​និង​ផ្តល់​តម្លៃ​ស្រ្តី​ទាបជាង​បុរស​នៅគ្រប់​វិស័យ​ក្នុង​សង្គម។ ជាង​នេះ​ទៅទៀត​ភាព​ក្រីក្រ​ អវិជ្ជា​ ការរើសអើង​ខ្វះ​ការលើកទឹក​ចិត្ត និង​ឱកាស ​និង​អវត្តមាន​នូវ​គោលនយោបាយ​ជាក់​លាក់​ក្នុង​ការលើក​កម្ពស់ ​និង​ការផ្តល់​ឱកាស​ដល់ស្រ្តី​គឺជា​បច្ច័យ ​ដែល​ក្លាយ​ ជា​ឧបសគ្គ​សម្រាប់​ស្រ្តី​ក្នុង​ការទទួល​បាន​នូវសមភាព​និង ផល​ចំណាយ​ពីការ​ចូលរួម​ក្នុង​វិស័យនយោបាយ​ និង​កិច្ចការ​សង្គម។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​គរុនិស្សិត​ មាស ពុទ្ធី ​បរិញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា​មកពី​ខេត្ត​តាកែវ​ ដែល បាន​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​ឱ្យដឹង​ដែរថា​ការបញ្ជៀប​ យេនឌ័រ​នេះ​នៅមាន​ការយឺតយ៉ាវ​នៅឡើយ​ជា ពិសេស​តំបន់​ដាច់ស្រយ៉ាល​នារី​ភាគច្រើន​ បាន​បោះបង់​ការសិក្សា​ជាហេតុ​ធ្វើឱ្យ​យេនឌ័រ​នៅតែ​ជា​បញ្ហា ​សម្រាប់​សង្គម​ដែល​ភាគច្រើន​ស្រ្តី​មិនបាន​ចូលរួម​និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការអភិវឌ្ឍ​ប្រទេស។

«ជាពិសេស​នារី ​ដូចថា​យល់​ដឹង​ពី​បញ្ហា​យេនឌ័រ​តិចតូច​ ដូច​ថា​ខ្លួន​ឯង​គ្មាន​សមត្ថភាព​ការងារ​ ធំដំ​មួយ​ចំនួន​ប្រគល់​ឲ្យ​បុរស​អ្នក​ធ្វើ​ប៉ះពាល់​ធ្វើ​ឲ្យ​ស្រ្តី ​និង​គឺ​អសមត្ថភាព ​គឺ​គេ​អត់​សូវ​មាន​ចំណេះ​ដឹង។ អញ្ចឹង​ស្រេចតែ​បុរស​ធ្វើអ្វី​ គឺ​ធ្វើ​ហ្នឹង​។ ទោះបី​បុរស​ប្រាប់​ឲ្យ​ទៅធ្វើ​ខុស​ក៏គេ​អត់ដឹង​ថា​ធ្វើ​ខុស​ដែរ ។ ខ្ញុំ​គិត​ថា នៅ​យឺតយ៉ាវ​នៅឡើយ ​ពីព្រោះ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ គឺថា​គឺអត់​ទាន់​យល់​ពី​បញ្ហា​ហ្នឹង។ ជា​ពិសេស​ ដូច​នៅ​ខាង​ម្តុំ​ភូមិខ្ញុំ ​មួយ​ចំនួន​គេ​គិតថា ​កូនស្រី​មិនបាច់​មក​រៀន​ខ្ពស់​ដូច​ពួកខ្ញុំ​ទេ​ ឲ្យ​រៀន​ល្មមៗ​បាន​ហើយ ដល់​ពេល​គេ​មាន​គ្រួសារ​ទៅ ​គ្រួសារ​គេ​រីកចម្រើន​ជាង​ពួក​ខ្ញុំ​អ្នករៀន​ទៀត។ គេ​គិត​ថា អញ្ចឹង​គេ​អត់ទាន់​យល់ ដឹង​ច្បាស់​នៅឡើយ​ទេ»។

និស្សិត​ ផេង មាសសក្តិ ​និស្សិត​ឆ្នាំ​ទី៣​ផ្នែក​សេដ្ឋកិច្ច​ក៏បាន​ឱ្យដឹង​ដែរថា​យុវវ័យ ​គួរតែ​យកចិត្ត​ទុក ដាក់​អំពីបញ្ហា​យេនឌ័រ​ជាពិសេស​ការសិក្សា​អប់រំ ​ពីព្រោះ​កាលណា​ស្រ្តី​មាន​ឱកាស​ទទួល​បាន​ការអប់​រំដូចជា​ បុរស ដូច្នេះ​ស្រ្តី​អាច​ទទួល​បាន​ការងារ​ក្នុង​រដ្ឋាភិបាល​ក៏ដូច​ជា​កិច្ច​ការ​សាធារណៈ​ផ្សេងៗ​ដូចជា​បុរស​ដែរ៕