លោកគង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធដារ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានកំណត់យកខែកញ្ញាជាឱសានវាទចុងក្រោយសម្រាប់ឲ្យប្រជាពលរដ្ឋបង់ពន្ធលើអចលនទ្រព្យ។
លោកបានមានប្រសាសន៍ទៀតថា ច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុបានកំណត់ថា តម្លៃផ្ទះល្វែងនៅទីក្រុងភ្នំពេញដែលមានជាន់ផ្ទាល់ដីត្រូវបង់ពន្ធពី១២០ដុល្លាររហូតដល់១៣០ដុល្លារ ចំណែកឯផ្ទះវីឡាត្រូវបង់ពន្ធពី៧០០ដុល្លាររហូតដល់៨០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ លោកថ្លែងថា៖ «ដើម្បីប្រមូលចំណូលជូនរដ្ឋ ទាំងពន្ធអចលនទ្រព្យ និងពន្ធប្រថាប់ត្រាផង»។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាគ្នាមួយរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ស្តីអំពីអចលនទ្រព្យនៅកម្ពុជា លោក គង់ វិបុល បានមានប្រសាសន៍ទៀតថា ជំហានទី១នៃការបង់ពន្ធលើអចលនទ្រព្យនេះបានចាប់ផ្ថើមធ្វើឡើងនៅទូទាំងខណ្ឌទាំងប្រាំបី និងក្រុងទាំង២៦ ហើយការផ្សព្វផ្សាយនេះមិនទាន់បានទូលំទូលាយនៅទូទាំងប្រទេសនៅឡើយទេ។
ក្រុមអ្នកជំនាញអចលនទ្រព្យបាននិយាយថា វិធានរបស់រដ្ឋាភិបាលសម្រាប់បង់ពន្ធអចលនទ្រព្យនេះហាក់បីដូចជាលឿនពេក។
លោកសិង្ហ ប៊ុនណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុនណ្ណារៀលធីគ្រុប និងជាប្រធានសមាគមន៍អ្នកវាយតម្លៃសេវាអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការអនុវត្តនេះហាក់ដូចជាឆាប់រហ័សពេក។
លោកបានមានប្រសាសន៍ទៀតថា នៅក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋចំនួន១០នាក់ មានតែបួននាក់ប៉ុណ្ណោះដែលបានដឹងដំណឹងអំពីការបង់ពន្ធលើអចលនទ្រព្យនេះ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ជាទស្សនៈរបស់ខ្ញុំ យើងគួរតែទុកពេលវេលាបន្តិចដើម្បីប្រកាសជាសាធារណៈឲ្យគាត់បានជា្របឲ្យបានច្រើនបន្តិច ទើបជាការប្រសើរ។ វាថ្មីពេកសម្រាប់ប្រជាពលរដ្ឋយើង ហើយការរៀបចំរបស់យើងគឺវាលឿនពេក។ យើងនឹកឃើញ យើងធ្វើ ហើយអនុវត្តភ្លាមៗតែម្តង»។
លោកបានមានប្រសាសន៍ទៀតថា ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋមានជីវភាពមិនសូវល្អប៉ុន្មានទេ ស្របពេលដែលកម្ពុជាទើបនឹងងើបចេញពីវិបត្តិសេដ្ឋកិច្ច។
ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា បាននិយាយដោយយសុំមិនបញ្ចេញឈ្មោះថា លោកមិនជំទាស់ការបង់ពន្ធលើអចលនទ្រព្យទេ ក៏ប៉ុន្តែចង់ឲ្យក្រសួងសេច្ចកិច្ច និងហិរញ្ញវត្តុបន្ថូរបន្ថយលើពន្ធ។ លោកបានមានប្រសាសន៍ទៀតថា តម្លៃដែលកំណត់នេះវាហាក់ដូចជាខ្ពស់ពេក។ លោកថ្លែងតាមសម្តីដើមយ៉ាងដូច្នេះថា៖
«ឲ្យទាបជាងនេះទៀត វារឹតតែល្អ ព្រោះថាឥឡូវវាស្ងាត់ដែរ។ ការរកស៊ីឥឡូវគឺយ៉ាប់ដែរ បានតែគ្រប់គ្រាន់ បន្តិចបន្តួច»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បាននិយាយថា ប្រទេសណាក៏ដោយចាំបាច់ត្រូវតែមានការបង់ពន្ធ ក៏ប៉ុន្តែរដ្ឋាភិបាលមានកាតព្វកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋវិញផងដែរ។
លោកបានមានប្រសាសន៍ផងដែរថា រដ្ឋាភិបាលមិនត្រូវយកលុយបង់ពន្ធទៅធ្វើផ្លូវ ស្ពានថ្នល់ ហើយថា ជាលុយរបស់គណបក្សខ្លួននោះទេ។
«ថារដ្ឋាភិបាល គណបក្សប្រជាជាជនជាអ្នកជួយនេះ ជួយនោះ ធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលា។ សុទ្ធតែថា រដ្ឋាភិបាល ក៏ប៉ុន្តែលុយនោះជាលុយពន្ធរបស់ប្រជាពលរដ្ឋ មិនមែនជាលុយរបស់គណបក្សកាន់អំណាចអ្នកធ្វើទេ»។
លោកកឹម សុខាបានមានប្រសាសន៍ទៀតថា លោកមិនជំទាស់នឹងការយកពន្ធអចលនទ្រព្យនោះទេ ក៏ប៉ុន្តែស្នើសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការផងដែរ៕