ការ​​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​​ការរាតត្បាត​​ជំងឺកូវីដ​ប៉ះពាល់​ដល់​បញ្ហា​​សេរីភាព​ពលរដ្ឋ​ជា​មូល​ដ្ឋាន

រូបឯកសារ៖ មនុស្ស​ម្នានាំ​គ្នា​ដើរ​កាត់​ភោជនីយដ្ឋាន​នានា​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២១។

ក្រុមអ្នក​ជំនាញ​និយាយ​ថា​ការ​បង្អាក់​ជីវភាព​ប្រចាំ​ថ្ងៃដោយសារ​មានការ​រាតត្បាតដោយ​ជំងឺ​កូវីដ​១៩-ខ្លះដោយស្ម័គ្រ​ចិត្ត​ ខ្លះដោយ​ការតម្រូវរបស់រដ្ឋាភិបាល- បាន​បង្កើនការ​យល់ដឹង​របស់​ពលរដ្ឋ​អាមេរិកាំង​អំពីសេរីភាព​ជា​មូល​ដ្ឋានដែល​ពួក​គេ​មិនបាន​យកចិត្ត​ទុកដាក់​មុន​មាន​ការ​រាតត្បាត​នេះ។ ការណ៍​នេះបង្ខំ​ឱ្យ​ពលរដ្ឋ ​អ្នក​រៀបចំ​គោលនយោបាយនិងតុលាការ​ពិនិត្យមើល​ឡើងវិញ​នូវ​ការដោះដូរ​រវាងសុវត្ថិភាពរបស់​សង្គម​ទាំងមូលនិង​សេរីភាពរបស់​បុគ្គល។

លោក James Hodge នាយក​មជ្ឈមណ្ឌល​ច្បាប់​សុខភាព​សាធារណៈនិង​គោលនយោបាយនៅ​សាកលវិទ្យាល័យរដ្ឋ Arizonaបាន​ថ្លែង​ថា«ផល​ប៉ះពាល់​លើ​សេរីភាព​ស៊ីវិល​មាន​ច្រើន​ណាស់។​ រដ្ឋាភិបាលតម្រូវ​ឱ្យ​មានការរក្សាគម្លាតពីគ្នាគ្រប់បែបទាំង​អស់ជា​ការ​ឆ្លើយ​តប​នឹងការរាតត្បាត​ជំងឺ​កូវីដក្នុង​សហរដ្ឋ​អាមេរិក។ វិធានការ​ទាំង​នោះ​ជាច្រើន ​មិនបាន​ថ្លឹងថ្លែង​អំពី​អ្វី​ដែល​យើង​ធ្លាប់គិត​តាម​ទម្លាប់​ពី​មុនមក​ទេ»។

នៅ​ពេលអង្គការ​សុខភាព​ពិភពលោកបានប្រកាសអំពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩កាលពី​ថ្ងៃទី១១​ខែ​មីនា​២០២០ រដ្ឋបាលលោក​ Trump និងរដ្ឋទាំង​អស់​៥០ធ្វើ​តាមដោយ​មានសេចក្តី​ប្រកាសអំពីភាព​មានអាសន្នរបស់​ផង​ខ្លួន​ផ្ទាល់​ តម្រូវ​ឲ្យមនុស្ស​រក្សា​គម្លាត​ពីគ្នា​ដើម្បី​បន្ថយការ​រាលដាលនៃ​វីរុសកូរ៉ូណា ចេញបទបញ្ជាឱ្យ​ឋិត​នៅ​ក្នុង​ផ្ទះ បិទសាលារៀន​និង​ហាង​ជំនួញ ហាមប្រាម​មិន​ឱ្យ​មានការ​ជួបជុំគ្នា​តាម​កន្លែង​សាធារណៈ​ដោយមាន​មនុស្ស​ច្រើននាក់​ រឹតត្បិតលើ​ការ​ធ្វើ​ដំណើរ​និងតម្រូវ​ឱ្យ​ពាក់ម៉ាស់។ លោក Hodge បានបញ្ជាក់​ថា​ហេតុការណ៍​ទាំង​អស់​នេះ​មិន​ដែល​មាន​នៅក្នុង​ប្រវត្តិសាស្ត្រសហរដ្ឋ​អាមេរិកទេ។

នៅ​ពេល​ដែលក្រុម​មន្ត្រី​និង​ក្រុម​អ្នកជំនាញខាង​សុខភាព​សាធារណៈ​ការពារ​ការ​រឹតត្បិត​ទាំង​នេះ​ថា​ជាវិធានការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ក្រុម​សេរីនិយម អ្នក​អភិរក្ស​និយមនិង​ពលរដ្ឋ​អាមេរិកាំង​សាមញ្ញ​ជាច្រើន​បាន​រិះគន់វិធានការទាំង​នេះ​ថា​ជា​ការ​វាយប្រហារ​លើសេរីភាពពលរដ្ឋ​ដូច​ជាសេរីភាព​ខាងការ​ជួបជុំ​គ្នា​និង​ខាង​ការគោរព​សាសនាជា​ដើម។

មិនយូរ​ប៉ុន្មាន​ក្រោយមក អន្តរាគមន៍​ដើម្បី​សុខភាព​សាធារណៈនេះបានក្លាយ​ជារឿង​ចម្រូង​ចម្រាស​និងរឿង​នយោបាយធំមួយ នាំឱ្យ​អតីត​ប្រធានាធិបតី Donald Trump និង​សម្ព័ន្ធមិត្តក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​លោកខ្វែងគំនិត​ជា​មួយ​បណ្តា​អភិបាល​រដ្ឋ​និង​អភិបាល​ក្រុង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ រហូត​ដល់​នាំ​ឱ្យ​មានការពិភាក្សាថ្នាក់​ជាតិ​ថែម​ទៀត​ផង។

ដោយ​និយាយ​យោង​ដល់​ផលវិបាកធ្ងន់ធ្ងរនៃ​ជំងឺ​កូវីដ​លើ​វិស័យ​សេដ្ឋកិច្ច អភិបាល​រដ្ឋនៃគណបក្ស​សាធារណរដ្ឋដូច​ជា​លោក Ron DeSantis នៃ​រដ្ឋ​ Florida និង​លោកស្រី Kristi Noem នៃ​រដ្ឋ South Dakota ជំរុញ​ឱ្យ​មាន​ការ​បើក​សេដ្ឋកិច្ច​ក្នុងរដ្ឋពួក​គេជា​ថ្មី​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​បាន​។ ចំណែក​ឯក្រុម​អភិបាល​រដ្ឋ​ប្រជាធិបតេយ្យដូច​ជាលោក Gavin Newsom នៃរដ្ឋ California និង​លោកស្រី Gretchen Whitmer នៃរដ្ឋ Michigan ជា​ដើម​បាន​បិទ​រដ្ឋ​របស់​ពួក​គេ។ ការ​ពាក់ម៉ាស់​ឬ​មិន​ពាក់​បានក្លាយ​ទៅ​ជា​ការ​តទល់គ្នា​រវាងគោលជំហរ​នយោបាយ​ និង​វិធានការ​ជាក់ស្តែង​មួយ ដើម្បីកម្ចាត់វីរុស​កូរ៉ូណា។

រូបឯកសារ៖ អភិបាល​រដ្ឋ Florida លោក Ron DeSantis ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Tallahassee រដ្ឋ Florida ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ក៏​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះគឺ​ការ​រាតត្បាត​ជំងឺនេះ​បាន​បង្ខំ​តុលាការ​អាមេរិកាំង​ឱ្យ​សម្រេចអំពី​សំណួរថ្មីៗ​ពាក់ព័ន្ធ​នឹង​រដ្ឋធម្មនុញ្ញ​អំពីថា​តើរដ្ឋាភិបាល​-ក្នុងករណី​នេះគឺ​រដ្ឋ-អាច​កម្រិត​សេរីភាពបុគ្គល​ដល់​កំរិតណាក្នុង​គ្រា​មានអាសន្ន។ បន្ទាប់ពី​បាន​គាំទ្រ​ការ​ដាក់​បំរាម​របស់រដ្ឋ​នានា​ក្នុង​ពេល​ពីរបី​ខែ​ដំបូង​នៃ​ការ​រាតត្បាត ចៅក្រមទាំងឡាយ​បានចាប់​ផ្តើម​ច្រាន​ចោល​បំរាម​ទាំងនោះ ដោយធ្វើ​សេចក្តី​សម្រេច​ដែល​មាន​ផល​ប៉ះពាល់​រយៈពេល​វែងឆ្ងាយ​ដល់សេរីភាព​ពលរដ្ឋ​និង​អំណាចគ្រារ​បស់រដ្ឋាភិបាល​ក្នុងគ្រា​មាន​អាសន្ន​។ ឧទាហរណ៍​ សេរីភាព​ខាង​សាសនាមាន​ន័យ​ថ្មី​នៅ​ពេលដែលតុលាការ​កំពូលសម្រេចកាលពីខែ​វិច្ឆិកា​ថារដ្ឋ New York មិន​អាចបញ្ជា​អំពីចំនួន​មនុស្ស​ដែល​ចូល​រួម​ក្នុង​ពិធីសាសនា​ទេ។

សេចក្តី​សម្រេចនេះ​បានបើក​ផ្លូវ​ឱ្យមានសេចក្តី​សម្រេចស្រដៀង​គ្នា​នេះ​ដែរ​នៅក្នុង​តុលាការ​ថ្នាក់​ទាប។ កាល​ពី​ខែ​ធ្នូ ​ដោយ​លើកឡើងថាសេចក្តី​សម្រេច​របស់​តុលាការកំពូលជា​ការ​«ការកែប្រែខ្លាំង»មួយ​ក្នុង​ច្បាប់​ស្តីពី​សេរីភាព​ខាង​សាសនា តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មួយបាន​សម្រេច​ថា​ការកម្រិត​ចំនួន​មនុស្សចូល​រួម​ក្នុង​ពិធី​ខាង​សាសនា​ក្នុង​រដ្ឋ Nevada ​ក្នុងអាគារ​ ដែល​តឹងរ៉ឹង​ជាង​ការកម្រិត​ចំនួន​មនុស្ស​ក្នុង​កាស៊ីណូ​និង​កន្លែង​ឯ​ទៀត​នោះ ​ជា​ការ​មិនត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ទេ។

«ក្រោយករណី​រដ្ឋ​ New York តុលាការ​ឯទៀត​បាន​នាំគ្នា​ពិនិត្យ​មើលការ​តវ៉ាក្នុង​តុលាការ​ផ្សេងៗ​ជា​ច្រើនទៀត​ដែល​ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​ទី​មួយ»។ នេះ​ជា​សម្តី​របស់លោក Ryan Tucker ដែលជា​មេធាវី​ជាន់​ខ្ពស់នៃ​សម្ព័ន្ធភាព​ការពារ​សេរីភាព​ដែលជាក្រុម​ការពារ​សិទ្ធិ​ខាង​សាសនា​ដែល​បានដាក់​ករណីបណ្តឹងអំពី​បញ្ហា​នេះក្នុង​រដ្ឋ Nevada ក្នុង​នាមវិហារ​គ្រឹស្តសាសនា​មួយហើយ​បានដាក់​បណ្តឹងស្រដៀង​គ្នា​មួយ​ចំនួន​ក្នុង​ប្រទេស​អាមេរិក​ផង​ដែរ។

ករណី​ក្តីរបស់​រដ្ឋ New York និង​រដ្ឋ Nevada ឋិត​ក្នុង​ចំណោម​បណ្តឹងរាប់​រយ​ដាក់ក្នុង​តុលាការ​ដោយវិហារគ្រឹស្តសាសនា​ ក្រុមការពារ​សិទ្ធិកាន់​កាំភ្លើង​ ក្រុម​ការពារសិទ្ធិ​ខាង​ការ​ពន្លូត​កូននិង​អង្គការឯ​ទៀតៗ​ដែល​ជំទាស់​នឹង​វិធានការ​នានា​ខាង​សុខភាព​សាធារណៈនៅ​ពេល​មានការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩។

ទោះ​ណា​ជាការ​បិទភាគច្រើន​ត្រូវបានលុប​ចោល​វិញដោយ​រដ្ឋាភិបាលរដ្ឋ​និង​រដ្ឋាភិបាលមូលដ្ឋានក៏​ដោយហើយ​សាលារៀន​បានចាប់ផ្តើម​បើកការ​បង្រៀន​ក្នុង​ថ្នាក់ក៏​ដោយ ក៏វិធានការរក្សា​គម្លាត​ពីគ្នា​ជា​ច្រើន​ នៅ​តែ​ត្រូវ​អនុវត្តហើយការ​តវ៉ា​អំពី​សេរីភាព​ពលរដ្ឋ​ដែល​បាន​បណ្តាល​មក​ពី​ការ​រាត្បាត​ជំងឺ​នេះ​មិន​ទាន់ចប់​នៅ​ឡើយ​ទេ។

លោក Tucker បាន​ថ្លែង​ថា«នៅ​មានការ​តវ៉ា​ជាបន្ត»។

រូបឯកសារ៖ ប៉ូលិស​ឃាត់​ខ្លួន​បុរស​ម្នាក់ ខណៈ​ដែល​ពួកគេ​អនុវត្ត​បម្រាម​គោចរ​នៅម៉ោង ៨​ យប់​ក្នុង​អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ក្រុង Miami Beach រដ្ឋ Florida ថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០២១។

ការ​ប្រើ«អំណាចប៉ូលិស»ដោយ​រដ្ឋ​នៅ​ពេល​មាន​ការ​រាតត្បាតជំងឺ​កូវីដ១៩​

រឿងចម្រូង​ចម្រាស​ស្តី​ពី​សេរីភាព​ពលរដ្ឋ​នៅ​ពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩កើត​ចេញ​មក​ពីអំណាច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើអំណាច​គ្រា​មានអាសន្ន។

នៅ​សហរដ្ឋ​អាមេរិក​ទោះជា​រដ្ឋាភិបាលសហព័ន្ធ​មានអំណាច​ខ្លាំង​ក្នុងគ្រា​មាន​អាសន្ន​ក៏ដោយ ក៏​អំណាចខាង​ការចេញ​បទបញ្ញត្តិអំពីសុវត្ថិភាពនិង​សុខ​ភាព​របស់​សាធារណជន​អាស្រ័យ​លើ​អាជ្ញាធរ​រដ្ឋ​និងអាជ្ញាធរ​មូលដ្ឋាន​។ គេសម្គាល់អំណាច​នេះថា​ជា​អំណាចប៉ូលិសហើយ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់និយាយ​ថា​អំណាចនេះត្រូវបាន​ពង្រីកខ្លាំង​កាល​ពី​ប៉ុន្មានទសវត្សរ៍​កន្លង​ទៅ​នេះនៅពេល​អភិបាល​រដ្ឋបានទទួល​អំណាច​បន្ថែម​គ្រា​មានអាសន្ន។

ការរាត​ត្បាត​ជំងឺកូវីដ​១៩បាន​នាំ​ឱ្យ​មានការប្រើច្រើន​នូវអំណាច​ទូលំទូលាយទាំង​នេះ។ អភិបាល​រដ្ឋ​ទាំង​៥០​បាន​ប្រកាស​ភាព​មានអាសន្ន​សឹង​តែ​នៅពេលជា​មួយគ្នា​ ប្រកាស​បិទ​អាជីវកម្មនិង​សាលារៀន​ ដាក់​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​និងចាត់​វិធានការ​រក្សាគម្លាត​ពីគ្នា​ឯ​ទៀតៗ។

ពួកអ្នកការពារសិទ្ធិ​ខាងសាសនា​និង​ពួក​អ្នក​រិះគន់ឯ​ទៀតៗយល់​ថាការ​រឹតត្បិត​ខ្លះ​ជា​ការរើសអើងហើយ​មាន​លើស​ពីអំណាច​របស់​អភិបាល​រដ្ឋ។

លោក Tucker បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា​ក្នុង​ករណី​ជា​ច្រើន អភិបាល​រដ្ឋ​បានប្រើ​អំណាច​នេះ​ខុស​ពី​ការ​អាធ្យាស្រ័យ​ខ្លះ​ដែលសភា​របស់រដ្ឋបានផ្តល់​ឱ្យ​ពួក​គេ»។

ដោយ​ចោទប្រកាន់អភិបាល​រដ្ឋថា​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ហួស​ព្រំដែន​នៅ​ពេល​មានការ​រាតត្បាតជំងឺ​នេះ​ សភា​របស់​រដ្ឋរាប់​សិប​ដែល​គ្រប់គ្រងដោយ​គណបក្ស​សាធារណរដ្ឋបានស្វះស្វែង​ ដោយ​មានជោគជ័យ​ខ្លះ​ក្នុងការកាត់​បន្ថយ​អំណា​ច​គ្រាមាន​អាសន្ន​របស់​អភិបាលរដ្ឋ។

ក៏​ប៉ុន្តែ​អ្នក​ការពារអំណាចទាំង​នេះបាន​និយាយ​ថាទោះ​ជា​អំណាច​ក្នុងគ្រា​មាន​អាសន្ន​ទាំងនេះ មើលទៅ​មានភាព​តឹង​តែងក៏ដោយ​ ក៏​អំណាច​នេះ​ឋិត​នៅ​ក្នុង​អំណាច​របស់រដ្ឋាភិបាល​ដែរ។ ពួក​គេ​កត់​សម្គាល់​ថា​ដោយពិនិត្យ​មើលរយៈពេល​ដំបូងៗ​នៃ​ការបង្កើត​ប្រទេស​អាមេរិក ថា​តុលាការកំពូល​បានទទួល​ស្គាល់អំណាច​របស់​រដ្ឋ​ក្នុងការ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័កនិង​ការ​ដាក់វិធានការ​ខាងសុខភាព​សាធារណៈ​ឯ​ទៀតៗ​ដែរ។

លោក Eugene Volokh ​សាស្ត្រាចារ្យ​ច្បាប់​ផ្នែក​វិសោធនកម្ម​ទី​មួយ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ California នៅ ក្រុង Los Angeles បាននិយាយ​ថា​«ខ្ញុំ​យល់​ថាការ​រឹតត្បិតទាំង​នេះ​ជា​ទូទៅមានការអនុញ្ញាត​តាម​រដ្ឋធម្មនុញ្ញ​ពីព្រោះជា​សេចក្តី​ត្រូវការដើម្បី​ការពារជីវិត​ពលរដ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ហើយ​តុលាការក៏​យល់​ស្រប​ដែរ»។

លោក Volokh បាននិយាយ​ថាជាទូទៅ​ វិធានការទាំង​នេះមិន​ទាក់​ទិន​ជា​មួយការរំលោភរបស់​រដ្ឋាភិបាល​ទេ។​ គ្មានការ​បិទ​អាជីវកម្ម​ទាំង​ស្រុង​ទេហើយក៏​គ្មានការ​បិទ​សាលារៀនទាំង​ស្រុងដែរ។​ ហើយ​ក៏គ្មានការ​បិទ​ប្រទេសទាំង​ស្រុង​ឬ​ការ​ដាក់​កំហិត​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ដំណើ​រ​ពី​រដ្ឋមួយ​ទៅ​រដ្ឋ​មួយ​ទៀត​ដែរ។

លោក Volokh បាន​សរសេរ​ក្នុង​ email មួយ​ថា​ទស្សនៈ​របស់​តុលាការ​ចំពោះ​វិធានការ​តឹង​តែងខាងសុខភាព​សាធារណៈក្នុង​ពេល​អនាគត«នឹងអាស្រ័យ​លើ​លក្ខណៈ​នៃជំងឺ​ ​ជា​ពិសេស​អំពី​ថា​តើ​វា​រាលដាល​បែបណា​ហើយ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ច្រើន​បែបណា»។

នៅ​ពេលដែល​អ្នក​អភិរក្សនិយម​ខ្លះបារម្ភ​ថា​ការរឹតត្បិត​ដាក់កំហិត​ដោយ​រដ្ឋាភិបាល​អាច​ក្លាយ​ទៅ​ជាការធម្មតា​ថ្មី​មួយ លោក​ Volokh ដែល​ជា​អ្នក​សេរី​និយមបាន​និយាយ​ថា​លោក​មិនជឿថាវិធានការ​ទាំង​នេះ លើកលែង​ការ​ពាក់ម៉ាស់ខ្លះជា​សាធារណៈ​នឹងនៅ​មាន​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូវីដ​ទេ។

លោក​ Volokh បានពោល​ថា៖ «ការរឹតត្បិត​ទាំង​នេះ​ដាក់​បន្ទុក​យ៉ាងខ្លាំង​ខាងសេដ្ឋកិច្ច​និង​ខាង​សេរីភាពរបស់​ពលរដ្ឋ​ហើយ​អ្នក​បោះឆ្នោត​ទំនងជា​នឹងមិន​អត់ឱនដល់​វិធានការ​ទាំង​នេះ​តទៅទៀតទេ នៅពេល​ណា​ការ​រាតត្បាត​ជំងឺ​នេះ​ចប់»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ