តំបន់ទឹកជ្រៅក្នុងសមុទ្រដែលស្ថិតនៅភូមិគីឡូ ១២ ជាកន្លែងដែលអ្នកស្រី ប៊ូ ទាប និងប្រជានេសាទផ្សេងទៀត តែងប្រកបរបរនេសាទគ្រឿងសមុទ្រ ដូចជាត្រី ក្តាម បង្គារជាដើម។ ប៉ុន្តែចាប់តាំងពីពេលដែលកំពង់ផែពហុបំណងកំពតចាប់ផ្តើមចាក់ដីលុប និងសាងសង់លើតំបន់នោះក្នុងរយៈពេលជាង ១០ ឆ្នាំមក ការនេសាទរបស់អ្នកនេសាទវ័យ ៤៩ ឆ្នាំរូបនេះ មិនអាចទទួលបានទិន្នផលដូចពីមុននោះទេ។
កំពុងអង្គុយលើទូកដោះសំរាមចេញពីមង អ្នកស្រីនិយាយថា៖ «គេចាក់ដីវាលុបខ្លុយ លុបខោស អស់កន្លែងវាកើត [សត្វសមុទ្រ] ដល់អ៊ីចឹងហើយ វាអត់មានកន្លែងកើត វាយ [មង] មិនបាន អត់អ៊ីចឹង។ យើងទៅទឹកជ្រៅៗ ទៅវាយ [មង] ដូចថាកន្លែងតូច វាយ [មង] គ្នាច្រើន»។
ស្ថិតក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២។ កំពង់ផែនេះ គឺជាគម្រោងវិនិយោគដែលមានតម្លៃ ១,៥០០ លានដុល្លារ លើផ្ទៃដីគោក ២០៧ ហិកតា និងផ្ទៃទឹក ៦៧៨ ហិកតា និងត្រូវបានចាប់ផ្តើមសម្ពោធសាងសង់កាលពីខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីបានចាក់ដីចូលសមុទ្រអស់ជាច្រើនឆ្នាំ។
ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋាភិបាលអះអាងថា កំពង់ផែពហុបំណងកំពតនេះនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា នៅក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។ ប៉ុន្តែសម្រាប់អ្នកនេសាទដូចជាអ្នកស្រី ប៊ូ ទាប កំពង់ផែនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើការនេសាទ។
ដៃទាញមងទាំងដកដង្ហើមធំម្តងៗ អ្នកស្រី ប៊ូ ទាប បន្ថែមថា ការបាត់បង់ជម្រកត្រី និងកន្លែងនេសាទ ធ្វើឱ្យអ្នកស្រី និងអ្នកនេសាទផ្សេងទៀត ត្រូវចំណាយកាន់តែច្រើនក្នុងការចេញទៅនេសាទនៅតំបន់ឆ្ងាយៗ ហើយអ្នកនេសាទខ្លះទៀតធ្វើចំណាកស្រុក និងខ្លះខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីដោះស្រាយជីវភាព ដោយសារការនេសាទខាតបង់។
អ្នកស្រីបញ្ជាក់ថា៖ «ពីមុនមក យើងមិនទៅរកស៊ីមួយខែក៏យើងមានលុយ យើងអត់ជំពាក់ធនាគារ។ ពេលមងដាច់ ពេលមងបាត់ ពេលម៉ាស៊ីនខូច យើងមានលុយខ្លួនឯងសម្រាប់ធ្វើ។ ដល់ពេលយើងរកមិនបាន ធ្លាក់ចុះអ៊ីចឹង ពេលបាត់មងបាត់ ពេលម៉ាស៊ីនខូចអ៊ីចឹង យើងទៅចងការគេ ចុង [ការប្រាក់] ឡើងមួយតង់ទៀតអ៊ីចឹងទៅ»។
ស្រដៀងនឹងអ្នកស្រី ប៊ូ ទាប ដែរ អ្នកនេសាទម្នាក់ទៀត លោក នាក់ ធី និយាយថា តំបន់សមុទ្រដែលក្រុមហ៊ុនចាក់ដីលុបដើម្បីសង់កំពង់ផែ ជាជម្រកត្រី បង្គា និងក្តាមពង បម្រើឱ្យអ្នកនេសាទនៅតំបន់នោះអាស្រ័យផលបានស្រួល។ អ្នកនេសាទរូបនេះបន្ថែមថា មុនពេលមានក្រុមហ៊ុនចាក់ដីសង់កំពង់ផែ លោកអាចរកចំណូលបានពីការនេសាទប្រមាណជា ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនចាក់លុបដី ចំណូលលោកធ្លាក់ចុះជាង ៦០ ភាគរយ។ លោក នាក់ ធី បានធ្វើចំណាកស្រុកពីភូមិគីឡូលេខ ១២ ទីដែលលោកតែងនេសាទកាលពីជាង ១០ ឆ្នាំមុន ទៅនេសាទនៅទីក្រុងព្រះសីហនុវិញ។
កំពុងអង្គុយនិយាយលើទូកនេសាទបណ្តើរដៃចង្អុលទៅទីតាំងដែលកំពុងសង់កំពង់ផែបណ្តើរ លោក នាក់ ធី និយាយថា៖ «អាហ្នឹង [កំពង់ផែ] កន្លែងនេសាទទាំងអស់ កន្លែងយើងរកទាំងអស់ បើកន្លែងផែនេះកន្លែងហ្វូងក្តាម ហ្វូងក្តាមកើត តែឥលូវគេចាក់លុបបាត់ហើយ។ យើងបោះតែលបមួយ ក្តាមមួយគីឡូ ពីរគីឡូក៏មានដែរ ដល់ឥលូវលែងមាន គេចាក់លុបអស់។ ពីមុនយើងមានកន្លែងហ្វូងវាច្រើនណាស់ តែឥលូវគេលុបអស់ហើយ អត់មានទេ»។
លោក នាក់ ធី បន្ថែមថា ការថយចុះផលនេសាទធ្វើឱ្យអ្នកនេសាទមួយចំនួនដូចជារូបលោកត្រូវខ្ចីធនាគារ និងចំណាកស្រុកទៅនេសាទនៅតំបន់ផ្សេងវិញ។
និយាយទាំងភ្នែកកំពុងសម្លឹងមើលទៅឆ្ងាយ លោកនិយាយថា៖ «ពីមុនយើងរក [នេសាទ] យើងអត់យកលុយគេ [ខ្ចីលុយ] តែឥលូវពេលគេចាក់ផែ យើងជាប់អង្គការ លុយរាប់ លុយចងការ លុយអីៗ ចេះតែមក ចេះតែយក។ ធ្វើម៉េចបើយើងអត់មានអីរកស៊ី យើងអត់ដឹងរកអី។ ដល់អ៊ីចឹងយើងចេះតែយកគេទិញរបស់របរ ទិញអី ដល់រកមិនបាន យើងចេះតែខាតទៅៗ ដល់អត់មានលុយសងគេ យើងគេចខ្លះ រត់ចោលស្រុក ចោលអី មិនដឹងទៅណាទៅណីអស់»។
បើតាមអនុក្រឹត្យស្តីពីការបង្កើតកំពង់ផែពហុបំណងកំពត ចេញកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កំពង់ផែនេះមានជម្រៅទឹក១៣ម៉ែត្រ ដែលអាចឱ្យនាវាប្រហែលជា១០ម៉ឺនតោនចូលចតបាន ហើយកំពង់ផែនេះអាចទទួលលើកដាក់ទំនិញបាន ៨០០ ពាន់ TEU ។
លោក Matthew Owen អនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារនៃ Eurocham កម្ពុជាប្រាប់វីអូអេថា កំពង់ផែដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា មិនថាជាវិស័យឯកជន ឬវិស័យសាធារណៈ។
លោកលើកឡើងតាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រសម្រួលជាភាសាខ្មែរថា៖ «ការជំរុញសមត្ថភាពរបស់កម្ពុជាក្នុងការទទួលយកកប៉ាល់ធំៗ បង្កើនពាណិជ្ជកម្មជាមួយប្រទេសជិតខាង និងបរទេស។ នេះនឹងជួយជំរុញការនាំចេញកសិផលរបស់កម្ពុជា បង្កើនការងារ និងពាណិជ្ជកម្មសេដ្ឋកិច្ចជាមួយពិភពលោក ធ្វើឱ្យកម្ពុជាក្លាយជាអ្នកលេងនៅលើឆាកដ៏សំខាន់»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី ១ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា កំពង់ផែពហុបំណងនេះ គឺជាកំពង់ផែដែលមានកម្រិតស្តង់ដារអន្តរជាតិទី ១ មុនគេនៅកម្ពុជា ដែលនឹងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្ថែមថា ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ។ លោកថា កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀត។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់វីអូអេជាសារអក្សរតាមបណ្តាញសង្គមតេឡេក្រាមថា កំពង់ផែពហុបំណងកំពត រួមទាំងតំបន់សេដ្ឋកិច្ចពិសេស នឹងមានរោងចក្រ សហគ្រាស អាចផ្តល់ការងារច្រើនជូនដល់ប្រជាពលរដ្ឋ។ លោកថា បច្ចុប្បន្នមានប្រជាពលរដ្ឋដែលរស់នៅតំបន់នោះប្រមាណជា២០០នាក់ កំពុងធ្វើការឱ្យក្រុមហ៊ុនរបស់កំពង់ផែ។
លោកបន្ថែមក្នុងន័យដើមថា៖ «កម្មករនេសាទដែលមានកម្លាំងរឹងមាំ អាយុមិនចាស់ពេក មួយចំនួន គាត់បានមកធ្វើការជាមួយក្រុមហ៊ុនកំពង់ផែ នាំឱ្យជីវភាពគាត់មានស្ថិរភាព រស់នៅមានលំនឹង»។
ក្នុងចំណោមពលរដ្ឋប្រមាណ ២០០ នាក់ អាចរួមមានលោក រ័ត្ន វុត្ថា អ្នកនេសាទរស់នៅភូមិគីឡូ ១២ ផងដែរ។ លោកបានប្រាប់វីអូអេថា លោកធ្វើជាអ្នកបើករថយន្តដឹកទំនិញនៅកំពង់ផែដោយទទួលបានប្រាក់ខែចន្លោះពី ២០០ទៅ២៥០ដុល្លារ ដែលតិចជាងចំណូលដែលលោកធ្លាប់រកបានពីការនេសាទមុនមានកំពង់ផែ ដែលជាមធ្យមបានពី ៥០០ ទៅ ៦០០ ដុល្លារក្នុងមួយខែឯណោះ។
លោកបញ្ជាក់ថា៖ «កាលមុនអត់ផែយើងអាចស្រួលរកស៊ី រកស៊ីគ្រាន់បាន ដល់ពេលមានផែអត់សូវមានដីរកស៊ី គេចាក់លុបអស់។ ណាមួយបើយើងធ្វើការលើ ប្រាក់ខែវាចាយអត់គ្រប់ ពិបាក។ ការងារផ្តល់ដោយផែប្រាក់ខែវាថោក វាអត់សូវបានថ្លៃ បើប្រាក់ខែបានថ្លៃវាអត់អីទេ។
ដោយសារប្រាក់ខែពីកំពង់ផែមិនគ្រប់សម្រាប់ចំណាយ លោក រ័ត្ន វុត្ថា ឆ្លៀតនេសាទបន្ថែមនៅថ្ងៃឈប់សម្រាក ដើម្បីផ្តត់ផ្គង់ជីវភាព។
ក្នុងសាលាកប័ត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្តីពីសហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ចេញកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា គម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងខេត្តកំពត នៅតែបន្តគំរាមកំហែងដល់អត្ថិភាពនៃសហគមន៍នេសាទនៅតំបន់ឆ្នេរ ដោយសារតំបន់ដែលពួកគេពឹងអាស្រ័យសម្រាប់ចិញ្ចឹមជីវិតកំពុងរងការបំពាន និងបំផ្លិចបំផ្លាញ។
សាលាកប័ត្រនោះបន្ថែមថា តាមរយៈការទន្រ្ទានយកដែននេសាទ ដែលសហគមន៍នេសាទពឹងអាស្រ័យផលដើម្បីទ្រទ្រង់ជីវភាព បានរារាំងសហគមន៍ពីការនេសាទ និងបានបំផ្លាញបរិស្ថាន ដែលជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះការរស់រានមានជីវិត និងបែបផែនរស់នៅរបស់សហគមន៍នេសាទ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងនៅកម្ពុជា។
ចំណែករបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពីគម្រោងអភិវឌ្ឍន៍លើធនធានបរិស្ថានសមុទ្រនៅខេត្តកំពត និងកែប របស់អង្គការ Action Aid មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា បានបង្ហាញថា ស្មៅសមុទ្រក្នុងខេត្តកំពតក្នុងនោះរួមទាំងតំបន់នៃការសាងសង់កំពង់ផែពហុបំណងកំពត គឺជាប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រដ៏សំខាន់ដោយផ្តល់កន្លែងពងកូន និងកន្លែងលូតលាស់សម្រាប់សត្វជាច្រើនប្រភេទ ព្រមទាំងកាត់បន្ថយកាបូន និងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ជីវភាពរស់នៅក្នុងស្រុក។
វីអូអេបានព្យាយាមទាក់ទងទៅឧកញ៉ា វិញ ហ៊ួរ ជាម្ចាស់ក្រុមហ៊ុនកំពតឡូជីស្ទីក អេនផត ដែលមានលេខទំនាក់ទំនងលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែអ្នកទទួលទូរស័ព្ទថាច្រឡំលេខ។
ក្រៅពីបាត់បង់ទិន្នផលត្រី និងប្រព័ន្ធអេកូឡូស៊ីដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពអ្នកនេសាទ ក្រុមប្រជាពលរដ្ឋរស់នៅក្បែរកំពង់ផែពហុបំណងកំពត ក៏ត្អូញត្អែរថា ធ្យូងថ្មដែលស្តុកនៅកំពង់ផែធ្វើឱ្យប៉ះពាល់ដល់ការរស់នៅផងដែរ។
ពលរដ្ឋដែលរស់នៅជិតកន្លែងស្តុកធ្យូងថ្ម ថ្លែងដោយមិនបញ្ចេញឈ្មោះថា ជារៀងរាល់ពេលមានខ្យល់បក់ពីទិសខាងត្បូង កម្ទេចខ្មៅរបស់ធ្យូងថ្មតែងហុយលើដំបូលផ្ទះរបស់ពួកគេ។
បើតាមគេហទំព័រក្រុមប្រឹក្សាអាកាសធាតុអូស្រ្តាលី ធ្យូងថ្មអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្សដែលរស់នៅក្បែរនោះ ដូចជា ជំងឺហឺតក្នុងវ័យកុមារ ជំងឺបេះដូង និងសួត និងជំងឺមហារីកមួយចំនួន។
ក្រុមមន្រ្តីរដ្ឋាភិបាល និងអាជ្ញាធរខេត្ត មិនឆ្លើយតបលម្អិតនឹងសំណួររបស់វីអូអេជុំវិញការលើកឡើងអំពីផលប៉ះពាល់របស់អ្នកនេសាទ និងមិនផ្តល់របាយការណ៍ពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ពាក់ព័ន្ធនឹងកំពង់ផែពហុបំណងកំពត។
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពត លោក ឃុន ឧសភា ប្រាប់ឱ្យសួរទៅអភិបាលរង លោក អ៊ឹង ឆាយ ប៉ុន្តែលោក អ៊ឹង ឆាយ មិនឆ្លើយតបនឹងសំណួររបស់វីអូអេ។
ចំណែកលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់វីអូអេយ៉ាងខ្លីថា លោកនឹងពិនិត្យមើលលើរឿងនេះ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់ដែលបណ្តាលមកពីធ្យូងថ្មនៅលើកំពង់ផែនោះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់ថា៖ «ក្រុមហ៊ុនបានការពារ ប្រយ័ត្នប្រយែងលើបញ្ហានេះ មានការគ្របការពារក្នុងពេលដឹកជញ្ជូនជាដើម»។
លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដែលតែងសកម្មពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ប្រាប់វីអូអេថា ការអភិវឌ្ឍ ឬអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនណាមួយអភិវឌ្ឍន៍ដើម្បីជំរុញសេដ្ឋកិច្ច គឺជារឿងល្អ ប៉ុន្តែលោកថា រាល់ការអភិឌ្ឍគួរតែមានការគិតគូរពីផលប៉ះពាល់ប្រជាពលរដ្ឋ និងបរិស្ថាន។
លោកនិយាយថា៖ «ដើម្បីបញ្ចៀសកុំឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌ពីការអភិវឌ្ឍ ហើយកាត់បន្ថយទៅលើការបំផ្លាញជីវៈចម្រុះ ឬក៏ការធ្វើឱ្យខូចខាតទៅដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ មានតែការសិក្សាស្រាវជ្រាវវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធានាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ផង ពីសំណាក់ដៃគូអភិវឌ្ឍន៍ផង ជាពិសេសគឺភាគីក្រុមហ៊ុនជាមួយនឹងរាជរដ្ឋាភិបាល គឺត្រូវធ្វើកិច្ចការរួមគ្នា ធ្វើយ៉ាងណាបង្ហាញពីតម្លាភាព បង្ហាញពីសុក្រឹត្យភាពនៃគម្រោងអភិវឌ្ឍន៍នោះ»។
ងាកមកអ្នកស្រី ប៊ូ ទាប ដែលកំពុងត្រៀមឧបករណ៍សម្រាប់ចេញទៅនេសាទនិយាយថា កំពង់ផែក៏សង់រួចជាបន្តបន្ទាប់ ចំណែកអ្នកស្រីក៏នៅបន្តធ្វើនេសាទតាមតំបន់ឆ្ងាយៗមួយថ្ងៃគិតមួយថ្ងៃ បើទោះបីត្រូវជំពាក់ធនាគារ និងប្រឈមនឹងការរកផលនេសាទមិនបានច្រើនដូចមុនក្តី៕