ភ្នំពេញ៖ ប្រទេសកម្ពុជាមានច្បាប់សម្រាប់បង្កើតកងកម្លាំងយោធាបម្រុងរយៈពេល៥ឆ្នាំ បន្ទាប់ពីមន្ត្រីយោធាទាំងនោះសុំលាលែង ឬចូលនិវត្តពីកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើតក្របខ័ណ្ឌយោធាបម្រុងសម្រាប់ជាកម្លាំងបំពេញសេវាកម្មក្នុងអង្គភាពយោធាអាជីពនៃកងយោធពលខេមរភូមិន្ទ នៅពេលដែលមានតម្រូវការចាំបាច់របស់ប្រទេសជាតិ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានគាំទ្រច្បាប់នេះ ប៉ុន្តែសុំឱ្យក្រសួងការពារជាតិជួយបណ្តុះបណ្តាលអ្នកជាប់កាតព្វកិច្ចយោធា អំពីវិជ្ជាយោធា និងវិជ្ជាស៊ីវិលផ្សេងៗទៀត។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីយោធាបានថ្លែងនៅថ្ងៃច័ន្ទនេះថា អ្នកជាប់កាតព្វកិច្ចយោធា ដែលមានអាយុពី១៨ឆ្នាំដល់៣០ឆ្នាំនឹងត្រូវបានទទួលការហ្វឹកហ្វឺន ទាំងជំនាញយុទ្ធសាស្ត្រយោធា និងជំនាញឯកទេសស៊ីវិលផ្សេងៗ សម្រាប់ពង្រឹងស្មារតីទទួលខុសត្រូវនិងចេះធ្វើការងារជាក្រុម។
កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីបានអនុម័តព្រះរាជក្រឹត្យមួយតម្រូវឱ្យសមាជិកកងទ័ពចុះឈ្មោះជាកងទ័ពបម្រុងសម្រាប់រយៈពេល៥ឆ្នាំក្រោយពីចប់កាតព្វកិច្ចបម្រើទ័ព ហើយនិងអ្នកជាប់កាតព្វកិច្ចយោធា ត្រូវទទួលបានការបណ្តុះបណ្តាលជំនាញយោធាប្រចាំឆ្នាំ។
លោកសុខ សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា បើក្រសួងការពារជាតិធ្វើការហ្វឹកហ្វឺនអ្នកជាប់កាតព្វកិច្ចយោធាឱ្យបានត្រឹមត្រូវ នោះវានឹងមានប្រយោជន៍ច្រើនយ៉ាង ដូចជាសុខភាពរឹងមាំ ការយល់ដឹងពីយុទ្ធសាស្ត្រការពារជាតិ ការចេះធ្វើការជាក្រុមការពង្រឹងស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។
«ខ្ញុំយល់ថា មានសារៈសំខាន់ណាស់ ហើយការហ្វឹកហ្វឺននេះត្រូវមានគោលដៅនិងគោលការណ៍ច្បាស់លាស់។ កម្មវិធីហ្វឹកហ្វឺននេះគឺត្រូវមានលក្ខណៈសម្បត្តិឱ្យបានច្បាស់លាស់ មិនមែនហ្វឹកហ្វឺនដើម្បីគ្រាន់តែចេះលូន ក្រាប និងបាញ់កាំភ្លើងប៉ុណ្ណោះទេ»។
លោកឈិត សំអាត នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលមុខវិជ្ជាយោធានេះ ជាកិច្ចការសំខាន់សម្រាប់កងទ័ពថ្មី ប៉ុន្តែក្រសួងការពារជាតិត្រូវតែជួយបណ្តុះបណ្តាលចំណេះវិជ្ជា និងជំនាញផ្សេងៗទៀតសម្រាប់បង្កើតមុខរបរចិញ្ចឹមជីវិត និងធ្វើមនុស្សល្អ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធានោះ។
សេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថា ព្រះរាជក្រឹត្យនេះត្រូវបានព្រាងឡើង ដើម្បីបង្កើតក្របខ័ណ្ឌយោធាបម្រុងសម្រាប់ជាកម្លាំងបំពេញសេវាកម្មក្នុងអង្គភាពយោធាអាជីពនៃកងយោធពលខេមរភូមិន្ទ នៅពេលដែលមានតម្រូវការចាំបាច់របស់ប្រទេសជាតិ។
រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការកេណ្ឌទាហាននៅក្នុងខែតុលា ឆ្នាំ២០០៥ ដែលតម្រូវឱ្យប្រជាពលរដ្ឋខ្មែរចាប់ពីអាយុ១៨ឆ្នាំដល់៣០ឆ្នាំ ចុះឈ្មោះចូលបម្រើយោធារយៈពេល១៨ខែ បើមានការកោះហៅ។ ច្បាប់ស្តីពីការកេណ្ឌទាហានមិនទាន់ចូលជាធរមានទេ រហូតដល់គណៈរដ្ឋមន្ត្រីអនុម័តអនុក្រឹត្យ។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្រសួងការពារជាតិនឹងហ្វឹកហាត់អ្នកជាប់កាតព្វកិច្ចយោធាពីអាយុ ១៨ឆ្នាំ ដល់៣០ឆ្នាំ អំពីជំនាញយោធាស្តីពីយុទ្ធវិធីប្រយុទ្ធ និងយុទ្ធវិធីការពារបូរណភាពទឹកដី ជាមូលដ្ឋានគ្រឹះរួមផ្សំជាមួយជំនាញបច្ចេកទេសផ្សេងៗ ដូចជាវិស្វកម្មខាងការកសាងស្ពាន ថ្នល់ និងវិជ្ជាពេទ្យ។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបញ្ជាក់ថា យោធាដែលចូលនិវត្តន៍ យោធាកេណ្ឌ និងយោធាមិនមែនកម្លាំងប្រយុទ្ធ ដូចជាវិស្វករ បុគ្គលិកពេទ្យ និងអ្នកបើកបរជាដើម នឹងត្រូវបំពេញ កាតព្វកិច្ចជាកម្លាំងបម្រុងរយៈពេល៥ឆ្នាំ បន្ទាប់ពីសុំលាលែង ឬ ចូលនិវត្តពីកងយោធពលខេមរភូមិន្ទ។
«ព្រះរាជក្រឹត្យស្តីពីការចាត់ទុកកម្លាំងបម្រុងរបស់ប្រទេសជាតិនេះ គឺជាការរួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទផង និងត្រៀមបម្រុងកម្លាំងដើម្បីការពារបូរណភាពទឹកដីនៅពេលដែលយើងមានករណីចាំបាច់។ នេះជាយុទ្ធសាស្ត្រយូរអង្វែងរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមកម្លាំង ឬក៏សក្តានុពលខាងប្រជាពលរដ្ឋក្នុងការការពារជាតិមាតុភូមិ។ នេះជាច្បាប់យូរអង្វែងមិនមែនច្បាប់ចំពោះមុខទេ»។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិបានថ្លែងថា ព្រះរាជក្រឹត្យនេះមិនទាក់ទងនឹងសភាពការណ៍យោធានៅព្រំដែនកម្ពុជា និងថៃក្បែរតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជានោះទេ៕