នារីវ័យក្មេងម្នាក់ដែលនៅចំចំណុចកណ្តាលនៃការចោទប្រកាន់លើលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានចេញមុខមកអះអាងថាការចោទប្រកាន់រឿងរ៉ាវអាស្រូវផ្លូវភេទដែលបានធ្វើឱ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមនិងក្នុងប្រទេសកម្ពុជាគឺជារឿងប្រឌិតមួយប៉ុណ្ណោះ។
កញ្ញា ខំ ចាន់ដារាទី ឬកញ្ញា ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា បានបង្ហាញខ្លួននៅថ្ងៃពុធនេះក្នុងការិយាល័យអង្គការសិទ្ធិមនុស្សអាដហុកដើម្បីបំភ្លឺករណីចោទប្រកាន់នេះ។
នាងបានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹង VOA ថា៖
«ខ្ញុំគិតថាគាត់(លោកកឹមសុខា) មានអាយុច្រើនជាងឱពុកម្តាយខ្ញុំទៅទៀត។ អីចឹងខ្ញុំអត់មានរឿងអីទៅគិតស្នេហាជាមួយគាត់ទេ។ ខ្ញុំអត់មានរឿងអីត្រូវទៅគិតអីចឹងទេ ហើយ គេថាស្រីកំណាន់របស់គាត់គឺខ្ញុំសូមបដិសេធថាខ្ញុំមិនមែនស្រីកំណាន់របស់គាត់ទេ»។
កញ្ញា ចាន់ដារាទី ទទួលស្គាល់ថានាងមានគណនីហ្វេសប៊ុកឈ្មោះ Mon Srey ក៏ប៉ុន្តែនាងបង្ហោះតែរូបថតទេព្រោះខ្លួនរៀនសូត្របានតែត្រឹមថ្នាក់ទី៤ហើយមិនចេះសរសរសារដែលមានខ្លឹមសារអ្វីឡើយ៖
«អ្វីដែលខ្ញុំផុសទៅគឺមានតែរូបភាពទេ។ ខ្ញុំអត់មានសមត្ថភាពណាទៅសរសេរអក្សរដែលមានអត្ថន័យថាគាត់មានស្នេហាជាមួយខ្ញុំហើយមានទំនាក់ទំនងជាមួយខ្ញុំហើយមិនទទួលខុសត្រូវជាមួយខ្ញុំគឺខ្ញុំអត់មានបានសរសេរទេ។ ហើយក៏អត់មានរឿងអ្វីកើតឡើងជាមួយខ្ញុំដែរ»។
បណ្តាញសង្គមនិងសារព័ត៌មានក្នុងប្រទេសកម្ពុជាបានដកស្រង់ការសន្ទនាតាមទូរស័ព្ទពីទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «រឿងពិត CNRP» ដែលគេចោទថាជាសំឡេងលោកកឹម សុខាសាសងស្នេហាជាមួយនឹងស្រ្តីដែលមានឈ្មោះមុំ។
នាង ចាន់ដារាទីបានបញ្ជាក់ថាលោកកឹម សុខាពិតជាធ្លាប់បានទូរស័ព្ទមកនាងក្នុងពេលកន្លងមកប៉ុន្តែគឺដើម្បីណាត់ពេលមកលាបថ្នាំសក់នៅហាងកាត់សក់ដែលនាងធ្វើការហើយក៏មានអតិថិជនជាច្រើននាក់ដែលមានលេខទូរស័ព្ទនាងនិងទូរស័ព្ទមកនាងក្នុងទំនាក់ទំនងការងារជាធម្មតាដែរ។
ហ្វេសប៊ុកដែលយកឈ្មោះនាងនិងដាក់រូបថតនាងប៉ុន្តែទើបបានបង្កើតតែក្នុងរយៈពេលពីរបីថ្ងៃមុនផ្ទុះរឿងអាស្រូវបានសរសេរចោទថាលោកកឹម សុខាបានធ្វើឱ្យនាងមានផ្ទៃពោះហើយមិនព្រមទទួលខុសត្រូវដោយលោកប្រែចិត្តសាវ៉ាទៅស្រឡាញ់នារីផ្សេងជាមិត្តភក្តិនាងវិញ។
នាង ចាន់ដារាទីបានបញ្ជាក់ថា៖
«អ្វីដែលគេសរសេរមកគឺខូចឈ្មោះរបស់ខ្ញុំអស់ហើយគឺកិត្តិយសរបស់ខ្ញុំបាត់បង់អស់ហើយ។ ....ខ្ញុំចង់បានកិត្តិយសខ្ញុំមកវិញព្រោះថាខ្ញុំខាតបង់ពេលវេលា។ ខាតបង់អ្នកដែលគេស្គាល់ខ្ញុំគេអត់ជឿជាក់លើខ្ញុំ»។
នៅពេលដែលបែកលេចចេញរឿងនោះដំបូង នាងបានបញ្ជាក់ថានាងចង់បកស្រាយរឿងហ្នឹងមួយរយៈដែរប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងណា។នាងបានបញ្ជាក់ថានាងស្លុតនៅពេលដែលរឿងរ៉ាវអាស្រូវនោះ ផ្ទុះឡើងហើយនាងបានរស់នៅដោយលាក់ខ្លួនដោយមានក្តីអាម៉ាស់។
ក្រសួងមហាបានកោះអញ្ជើញកញ្ញាចាន់ដារាទីឱ្យទៅបំភ្លឺនៅក្នុងបណ្តឹងរបស់សកម្មជនសង្គមវ័យក្មេងម្នាក់គឺនាង ធី សុវណ្ណថានៅថ្ងៃសុក្រខាងមុខ។ នាងធី សុវណ្ណថា បានដាក់ពាក្យបណ្តឹងដោយផ្អែកតាមខ្សែអាត់សំឡេងកន្លងមកដែលមានលក្ខណៈវាយប្រហារលើរូបនាង៕