កម្មករ​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​អំពី​កំហិត​ធ្វើ​ដំណើរ ​ខណៈ​ពួកគេត្រៀម​សែន​ចូល​ឆ្នាំ​នៅ​បន្ទប់​ជួល

រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការ នៅក្នុងរោងចក្រមួយ នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

កញ្ញា យស់​ សុធានី​ អង្គុយ​កាន់​ដើម​រាសី​មួយ​ដើម​នៅ​ចំណត​រថយន្ត​ក្រុង​មួយ ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ ក្នុង​សង្កាត់​ចោមចៅ​ទី​២​ ខ័ណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ។​ កម្មការិនី​រោងចក្រ​កាត់​ដេរ វ័យ​២០​ឆ្នាំ​រូប​នោះ​ កំពុង​អង្គុយ​រង់ចាំ​មិត្ត​រួម​ការងារ​របស់​កញ្ញា​ម្នាក់​ទៀត។​ នៅ​ឆ្នាំ​នេះ​កញ្ញា​មិន​បាន​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ចាម​ដូច​ឆ្នាំ​មុន​ទេ​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​លុបចោល​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ។

កញ្ញា​បាន​ថ្លែង​ប្រាប់ ​VOA​ ថា៖​ «ខុស​គ្នា​ត្រង់​ថា​អត់​ឈប់។ ​អត់​បាន​ទៅ​លេង​ស្រុក​ត្រង់​ថា​ មួយ​ឆ្នាំ​បាន​ទៅម្តង​រួច​បែរ​ជា​អត់​ទៅ​វិញ»។​

នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង​កាល​ពី​ថ្ងៃ​អាទិត្យ​ ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​និង​ម៉ូតូ ​មិន​សូវ​មមា​ញឹក​ហើយ​កម្មករ​មួយ​ចំនួន​បាន​ចេញ​មក​ទិញ​ផ្លែ​ឈើ​យក​ទៅ​ទុក​សែន​ចូល​ឆ្នាំ​ខ្មែរ​ ឬ​ក៏​ទុក​សម្រាប់​ទទួល​ទាន​ប្រចាំ​ថ្ងៃ។​ ភាព​មិន​សូវ​មមា​ញឹក​នៃ​ចរាចរណ៍​កើត​ឡើង នៅ​ចំពេល​រដ្ឋាភិបាល​កំហិត​ការ​ធ្វើ​ដំណើរ​រវាង​ទី​ក្រុង​ភ្នំពេញ​ និង​បណ្តា​ខេត្ត​នានា​លើក​លែង​តែ​ខេត្ត​កណ្តាល​ ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​តំបន់​ភូមិសាស្ត្រ​ជាមួយ​ទីក្រុង​ភ្នំពេញ។​

កម្មករ​រោងចក្រ​នៅ​តំបន់​ផ្លូវ​វេងស្រេង​មួយ​ចំនួន ​ដែល​ផ្តល់​បទសម្ភាសន៍​ដល់​ VOA ​មិន​បាន​ជំទាស់​នឹង​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​នេះ​ទេ។​ កម្មករ​មួយ​ចំនួន​លើក​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែង​ថា ​ពួកគេ​គ្រាន់​តែ​ខក​បំណង​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​របស់​ពួកគេ​ ហើយ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ចេញ​មក​លឿន​និង​មិន​បាន​រំពឹង​ទុក​ជាមុន​។

កញ្ញា​ យស់​ សុធានី ​យួរ​ថង់​បា្លស្ទិក​មួយ​ដែល​មាន​ទឹក​ផ្លែឈើ​ពីរ​បី​កំប៉ុង​សម្រាប់​ជា​ដង្វាយ​ដល់​ទេវព្តា​ឆ្នាំ​ថ្មី។​ កម្មការិនី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​នេះ ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ដាក់​បម្រាម​មិន​ឲ្យ​កម្មករ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ ជា​វិធាន​ការ​ត្រឹមត្រូវ​តែ​របៀប​ចាត់​ការ​នេះ​លឿន​ពេក​ ដែល​កម្មករ​ត្រៀម​ខ្លួន​មិន​ទាន់។

«វាលឿន​ពេក!​នៅតែ​បីថ្ងៃ​ទៀត​គេ​ ខាងរោង​ចក្រ​គេ​ចេញ​ច្បាប់​ឲ្យ​ហើយ​បែរ​ជា​គាត់​អត់​ឲ្យ​នេះ​វិញ»។​

កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ចរាចរណ៍​ ដោយ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ព្រហស្បតិ៍។​

ការ​បិទផ្លូវ​នេះ​នឹង​ផុត​សុពល​ភាព​នៅ​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៦​ ខែ​មេសា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​មិន​ឲ្យ​ប្រារព្ធ​ជា​សាធារណៈ។​

អ្នកស្រី​ ផន សុភា​ អាយុ​៣៦​ឆ្នាំ ​កម្មការិនី​ម្នាក់​មក​ពីខេត្ត​ព្រៃវែង ​បាន​និយាយ​ថា​ អ្នកស្រី​ខកខាន​មិន​បាន​ទៅ​ជួប​កូនប្រុស​ម្នាក់​របស់​គាត់​នៅ​ឯ​ស្រុក​កំណើត​ដូច​រាល់​ឆ្នាំ​ទេ។​ អ្នកស្រី​យល់​ថា​ ការ​សម្រេច​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​អំពី​ការ​ហាមឃាត់​លើ​ការ​ធ្វើ​ដំណើរ​គឺ​មាន​ភាព​ប្រញាប់​ប្រញាល់។​ យ៉ាង​ណាក្តី​ អ្នក​ស្រីថា​ ទោះ​មិន​បាន​ទៅ​ស្រុក​ពេលចូលឆ្នាំ​នៅ​ឆ្នាំ​នេះ​ ក៏​អ្នកស្រី​អាច​ជួប​មុខ​កូន​តាម​ការ​ខល​ហ្វេសប៊ុក​ដែរ។

«រៀបចំ​ថា​ទៅ​ផ្ទះ​ហើយ​តែ​ដល់​ពេល​នេះ ​គាត់​ចេញ​ច្បាប់​មក​អីចឹង​វា​គេ​មាន​អន់​ចិត្ត​ដែរ​ហ្នឹង​ក្នុង​រោងចក្រ​ គ្រាន់​តែ​ថា​គាត់​គិត​អ៊ីចឹង​គាត់​ត្រូវ​ហើយ​ក៏ល្អ​ម្យ៉ាង​ដែរ​... មិន​ឲ្យ​ទៅ​ក៏​ល្អ​ដែរ»។​

កម្មការិនី​ដែល​បម្រើ​ការ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ប្រមាណ​៨​ឆ្នាំ​មក​នេះ​និយាយ​ថា​ ទោះបី​ទៅ​ស្រុក​ក៏​ចិត្ត​មិន​សប្បាយ​ដូច​ឆ្នាំ​មុន​ដែរ។​

«ឆ្នាំ​មុន​ថា​សប្បាយ​ ឆ្នាំ​នេះ... ដល់​ឆ្នាំ​ហ្នឹង​សោះ​កក្រោះ​ហ្នឹង​វា​ពិបាក»។​

អង្គុយ​នៅ​លើម៉ូតូ​រង់ចំា​ប្រពន្ធ​ដែល​កំពុង​ទិញ​ផ្លែ​ឈើ​នៅ​រឺម៉ក​លក់​ចល័ត​មួយ​លើ​កំណាត់​ផ្លូវ​វេងស្រេង​លោក ​ផុន សុខណាល់​ ជា​កម្មករ​ម្នាក់​ទៀត​មិន​ប្រឆាំង​នឹង​ការដាក់​កំហិត​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ទេ​ដោយ​លោក​យល់​ថា ​ ការ​ដាក់​កំហិត​នេះ​ជា​វិធានការ​សមស្រប​ដើម្បី​ទប់​ស្កាត់​ការ​រីកសាយ​ភាយ​នៃការ​ឆ្លង​មេរោគ​កូរ៉ូណា។​

កម្មករ​វ័យ​២៣​ឆ្នាំ​រូប​នោះ​លើក​ឡើង​ថា​ បើ​ទៅ​ស្រុក​កំណើត​របស់​លោក ​ដែល​នៅ​ឯ​ខេត្ត​ត្បូង​ឃ្មុំ​នោះ​ក៏​មិន​រីករាយ​ដែរ​ ដោយ​ហេតុ​តែ​គ្មាន​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​សាធារណៈ។

«បាទ​យើង​អត់​ទៅ​ស្រុក​អត់​អី​ទេ។​ វា​កុំ​ឲ្យ​ឆ្លងគេ​ឆ្លង​ឯង។​យើង​ការពារ​ខ្លួន​យើង​ណា​មួយ ​វា​អត់​សប្បាយ​ព្រោះ​អត់​មាន​ចូល​ឆ្នាំ​ផង»។​

ពលរដ្ឋកម្ពុជាកំពុងធ្វើដំណើរតាមម៉ូតូ នៅតាមកំណាត់​ផ្លូវ​វេង ស្រេង​ ក្នុង​សង្កាត់ចោមចៅទី២ ខ័ណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ឧស្សាហកម្ម​កាត់​ដេរ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង ​៧៥០.០០០​នាក់។​ ភាគ​ច្រើន​គឺ​ជា​ស្ត្រី​វ័យ​ក្មេង​ដែល​មក​ពី​ជនបទ។​ កម្មករ​ជា​ស្ត្រី​ដែល​មក​ពី​ជនបទ ​ហើយ​បម្រើការ​ក្នុង​រោងចក្រ​កាត់​ដេរ​បាន​ជួល​បន្ទប់​សម្រាប់​រស់​នៅ​ក្នុង​ទី​ប្រជុំ​ជន​ ឬ​ក៏​តំបន់​ដែល​ជាប់​នឹង​រោងចក្រ​តែម្តង​ ហើយ​ពួក​គេ​កម្រ​បាន​ទៅ​ស្រុក​កំណើត​លើក​លែង​ តែ​មាន​ពិធី​បុណ្យ​ផ្លូវ​ការ​ធំៗ​ ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​

លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ VOA​ ថា​ កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ចំនួន​ប្រមាណ​ បួន​ម៉ឺន​ទៅ​ប្រាំ​ម៉ឺន​នាក់ ​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ នៅ​មុន​ការ​ចេញ​បទ​បញ្ជា​របស់​រដ្ឋាភិបាល ​ដែល​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​រាជធានី​ និង​ខេត្ត។​

មេដឹកនាំ​សហជីព​រូបនេះ​បន្ត​ថា​កម្មករ​ដទៃ​ទៀត ​ដែល​នៅ​មាន​ការ​ងារ​ធ្វើ​នៅ​ឡើយ​ក៏​បាន​ត្រៀម​ទៅ​ផ្ទះ​ ហើយ​ពួកគេ​ចាប់​ផ្តើម​ជ្រួល​ច្របល់​ពេល​ទទួល​បាន​ដំណឹង​នៃ​បទ​បញ្ជា​នេះ។​ ទោះ​យ៉ាង​ណា​ លោក​ថា​កម្មករ​គ្មាន​ជម្រើស​តែ​ត្រូវ​អនុវត្ត​បទ​បញ្ជា​របស់​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​អាទិត្យ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទស​រៀបចំ​ទទួល​ទេព្តា​ឆ្នាំ​ថ្មី​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន។​

លោក​បាន​ពន្យល់​បន្ថែម​ពី​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ថា៖​ «ដោយ​សារ​ជំងឺ​កូវីដ​១៩​នេះ​ងាយ​ឆ្លង​លឿន​សាហាវ​ពេក​ ទើប​រាជ​រដ្ឋាភិបាល​សម្រេច​ដាក់​បម្រាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ និង​បាន​លើក​ថ្ងៃ​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ​២០២០​ ទៅ​ពេល​ក្រោយ​ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់​សម្រាក​ប្រាំ​(៥)​ថ្ងៃ​មក​វិញ​ នៅ​ពេល​ណា​ដែល​ប្រទេស​ជាតិ​វិល​ត្រឡប់​មក​កាន់​ស្ថានភាព​ធម្មតា​គ្មាន​ជំងឺ​កូវីដ១៩»។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​លោក​ ហ៊ុន សែន​ ក៏​បាន​ចេញ​សារ​ដាច់​ដោយ​ឡែក​មួយ​ទៀត​សុំ​ការ​យោគ​យល់​ពី​កម្មករ​ផង​ដែរ។​

ទោះ​ជាយ៉ាងណា​សហជីព​ និង​កម្មករ​កាត់​ដេរ​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា​ ពួក​គេ​មាន​ក្តី​បារម្ភ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​ពេល​បន្ត​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ។​

ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក ​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ រដ្ឋាភិបាល​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ក្នុង​ចំណោម​កម្មករ​ ទើប​ឈាន​ដល់​ការ​រាំងខ្ទប់​កម្មករ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​និង​ស្នើ​ឲ្យពួក​គេ​បន្ត​ការងារ​ជា​ធម្មតា។​

«ដូច្នេះ​បាន​រាជ​រដ្ឋាភិបាល​ហាម​ឃាត់​ឲ្យ​នៅ​កន្លែង​ ធ្វើការ​ងារ​នេះ។ ​ចូល​ឆ្នាំ​នេះ​ធ្វើការ​បាន​លុយ​ទៀត​ហើយ​សុវត្ថិភាព​ទៀត​ពីព្រោះ​មនុស្ស​ដដែលៗ​ធ្វើការ​ជាមួយ​គ្នា​ស្ថានភាព​សុខភាព​នៃ​កម្មករ​របស់​យើង​បាន​នឹង​នរ​អស់​ហើយ។​ ដូច្នេះ ​កុំ​ទៅ​ភូមិ​ទៅ​ឃុំ​ដើម្បី​យក​មេរោគ​មក​ឲ្យ​ចូល​នៅ​ក្នុង​ខ្លួន​យើង​ហើយ​ចម្លង​ទៅ​មិត្តភក្តិ​របស់​យើង​ជា​កម្មករ​ដូច​គ្នា​ ហើយ​ទៅ​ក្នុង​រោង​ចក្រ​សហគ្រាស​របស់​យើង​ដែល​បង្ក​ហានិភ័យ​ខ្ពស់»។​

លោក​បាន​បន្ថែម​ថា​ កម្មករណា​ដែល​រំលោភ​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ ហើយ​ត្រូវ​នៅ​ឲ្យ​ដាច់​ដោយឡែក​ពីគេ​ឯង​ចំនួន ​១៤​ថ្ងៃ ​ពេល​ដែល​ត្រឡប់​ចូល​មក​ធ្វើការ​វិញ។​

ត្រឡប់​ទៅ​កញ្ញា​ យស់ ​សុធានី ​ដែល​កំពុង​ទិញ​ផ្លែ​ឈើ​ចម្រុះ​ជាមួយ​មិត្តរួម​ការងារ គឺ​អ្នកស្រី ​ផឹម សុផា​ អាយុ​៤១​ឆ្នាំ​ ដែល​ជា​កម្មករ​រោងចក្រ​ដូច​គ្នា​សម្រាប់​ទទួល​ទេព្តា​ឆ្នាំ​ថ្មី នៅ​ពេល​ពួកគេ​ខក​ខាន​មិន​បាន​ទៅស្រុក​កំណើត​នៅខេត្ត​កំពង់​ចាម ​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ។​

ដ្បិត​ថា​ឆ្នាំ​នេះ​មិន​បាន​ជួប​ជុំបង​ប្អូន​ជា​ច្រើន​នាក់​នៅ​ខេត្ត​កំពង់ចាម​ កញ្ញា ​យស់​ សុធានី​ មិន​អន់​ចិត្ត​នោះ​ទេ​ហើយ​បាន​ត្រៀម​រៀបចំ​សែន​ដង្វាយ​ទទួល​ទេព្តា​ជាមួយអ្នកស្រី​ ផឹម សុផា​ ដែល​ជួល​បន្ទប់​ជាប់គ្នា។​

អ្នកស្រី​ ផឹម សុផា ​និយាយថា៖​ «ទិញ​ទៅដាក់​ក្នុង​បន្ទប់​អ៊ីចឹង​គោរព​ចូល​ឆ្នាំ​ហ្នឹង​គេ​ទៅ!ទៅ​ធ្វើ​ការ​អ៊ីចឹង​ទៅ»៕