កម្មករ​រោងចក្រ​ត្រូវ​បញ្ឈប់​ពី​ការងារ ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ខ្មែរ​

រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងធ្វើការ នៅក្នុងរោងចក្រមួយ នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

កម្មការិនី​កាត់​ដេរ​នៅ​រោងចក្រមួយ​ក្នុង​ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​ អ្នកនាង​ ជា ស៊ីនុន​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​អ្នក​នាង​មិន​បាន​ធ្វើ​ការ​ជិត​មួយ​សប្តាហ៍ ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ។​

អ្នកនាង ​ជា ស៊ីនុន​ អាយុ​២២​ឆ្នាំ​ ជា​កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​ Bowker Garment Factory។​ អ្នកនាង​បាន​ត្រឡប់​ពី​ស្រុក​កំណើត​ក្នុង​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មាន​បំណង​ចូល​ធ្វើ​ការ​វិញ។​ ប៉ុន្តែ​ អ្នកនាង​ដែល​បម្រើ​ការ​នៅ​រោងចក្រ​នេះ ​តាំង​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។​ នេះ​បើ​យោង​តាម​ប័ណ្ណ​បើក​លុយ​របស់​កម្មករ​រូប​នោះ ​ដែល​មាន​រូប​ថត​ភ្ជាប់​ជាមួយ​ផង ​ហើយ​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។​

អ្នក​នាង​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«ពេល​ព្រឹក​ថ្ងៃ​ហ្នឹង​ ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុម​ទៅ ប្រធាន​នាំ​ទៅ​ជួប​ប្រធាន​ផ្នែក​ ជួប​រដ្ឋបាល​ អ៊ីចឹង​គេ​ថា​ គេ​បញ្ឈប់​ខ្ញុំ​ហើយ។ ខ្ញុំ​លើស​ថ្ងៃ​គេ​លើស​ពី​៦​ថ្ងៃ»។​

ស៊ីនុន ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​រាប់​ពាន់​នាក់​ទៀត ​ដែល​មិន​បាន​ធ្វើ​ការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ក្រោយ​រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក ​និង​តម្រូវ​ឲ្យ​កម្មករ​បន្ត​ធ្វើ​ការ​ទៀត ​ដើម្បី​បញ្ចៀស​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ​ហើយ​អាច​ឆ្លង​វីរុស​កូរ៉ូណា។

ស្រ្តី​មេម៉ាយ ​ដែល​មាន​កូន​ស្រី​តូចៗ​២​នាក់ ​ម្នាក់​អាយុ​៦​ឆ្នាំ​ និង​ម្នាក់​៣​ឆ្នាំ​ ហើយ​រស់​នៅ​ជាមួយ​យាយ​នៅ​ស្រុក​កំណើត​ មាន​ប្រសាសន៍​ថា ​អ្នក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ នៅ​ថ្ងៃ​ទី​៩​ ខែ​មេសា ​ បើ​ទោះ​ដឹង​ថារដ្ឋាភិបាល​ប្រកាស​មិន​ឲ្យ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។​ អ្នកនាង​និយាយ​ថា ​ចង់​ទៅ​លេង​កូន​ដែល​នៅ​ជាមួយ​ជីដូន។​

អ្នក​នាង​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹក​កូន ខ្ញុំ​ទៅ​លេង​កូន​មួយ​ថ្ងៃ​ពីរ​ ហើយ​ខ្ញុំ​ឡើង​មក​វិញ​ធ្វើ​ការ​ធម្មតា​វិញ ​ប៉ុន្តែ​ទទួល​គេ​បិទ​ផ្លូវ​ ខ្ញុំ​អត់​មាន​អី​មក​អ៊ីចឹង​ហើយ​ខ្ញុំ​តេ (ទូរស័ព្ទ)​ ប្រាប់​ Supervisor​ [ប្រធាន]​ ប្រាប់​ប្រធាន ​ប្រាប់​គេ​តាម​ហ្នឹង​ថា ​អត់​មាន​អី​មក ​គេ​បិទ​ផ្លូវ​អ៊ីចឹង​ទៅ»។​

ប៉ុន្តែ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ អ្នក​នាង​ត្រូវ​បាន​បញ្ឈប់ ​ហើយ​ក៏​មិន​បាន​តវ៉ា​អ្វី​ដែរ។​

អ្នក​នាង​រំឭក​ថា​ នៅ​ពេល​ទៅ​ដល់​ស្រុក​កំណើត​ដើម្បី​ជួប​កូន​ អ្នក​នាង​ចង់​ត្រឡប់​មក​ធ្វើ​ការ​វិញ​ តែ​នៅ​ថ្ងៃ​ទី​៩​ ខែ​មេសា​នោះ ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​កំហិត​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​កាត់​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ ធ្វើ​ឲ្យ​អ្នក​នាង​មិន​អាច​ត្រឡប់​មក​វិញ​ ដើម្បី​ធ្វើ​ការ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍។​

អ្នក​នាង​បាន​ថ្លែង​ថា៖​ «ចែ​[បងស្រី]​ខ្ញុំ គាត់​ថា ​ គាត់​តេ​(ទូរស័ព្ទ)​ ហៅ​ខ្ញុំ​ឡើង​មក​វិញ​មក ​មក​ធ្វើ​ការ​ ប្រយ័ត្ន​គេ​បញ្ឈប់។​ អ៊ីចឹង​ខ្ញុំ​រក​អី​មក​អត់​មាន​គេ​បិទ​ផ្លូវ»។​

បងស្រី​របស់​អ្នក​នាង​គឺ​អ្នក​នាង​ ជា ចាន់​នាត ​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ដែរ។ ​ប៉ុន្តែ​អ្នកនាង​មិន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ចូល​ឆ្នាំ​នោះ​ទេ។​

អ្នកនាង ​ស៊ីនុន ​បន្ត​ថា ​អ្នក​នាង​ពិបាក​រក​ការងារ​ធ្វើ​ក្រៅ​ពី​ការងារ​រោងចក្រ​នៅ​ពេល​នេះ។​

អ្នកនាង​និយាយ​ថា៖​ «ខ្ញុំ​អត់​ចង់​ឈប់​ដែរ​មិន​ដឹង​ថា​ម៉េច។​ បើ​គេ​ឲ្យ​ឈប់​ហើយ​មាន​តែ​ឈប់​តាម​ហ្នឹង​រក​ការងារ​ផ្សេង​ តែ​មិន​ដឹង​រក​ការងារ​អី។​ ប្រាប់​ម៉េច​ក៏​គេ​ នៅ​តែ​មិន​យោគ​យល់​ដែរ។ ​គេ​សរសេរ​ក្រដាស​ សរសេរ​អី​ឲ្យ​យើង​រួច​ហើយ»។​

អ្នក​នាង​កំពុង​ព្រួយ​អំពី​អនាគត​កូនស្រី​ពីរ​នាក់ ​ដែល​កំពុង​នៅ​ស្រុក​កំណើត។​

អ្នកនាង​និយាយ​ថា៖ ​«បារម្ភ​កូន​ហ្នឹង!​ កូន​នៅ​ផ្ទះ។​ បើ​មិន​ប្រឹង​រក​លុយ​ឲ្យ​កូន ​កូន​វា​ពិបាក។ ​ខ្ញុំ​បារម្ភ​អត់​លុយ​ឲ្យ​កូន​ ហើយ​ម៉ែ​ខ្ញុំ​អី​ហ្នឹង​គាត់​ពិបាក​ដែរ​ហ្នឹង។​ រាល់​ថ្ងៃ​បាន​ខ្ញុំ​ធ្វើ​ការ​ ផ្ញើ​លុយ​ឲ្យ​គាត់​អី​ហ្នឹង។​ ម៉ែ​គាត់​នៅ​មើល​កូន​ខ្ញុំ​ហ្នឹង​ ហើយ​រាល់​ខែ​បាន​ខ្ញុំ​ផ្ញើ​លុយ​ផ្ញើ​អី​ឲ្យ​គាត់»។​

អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា ​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា ​កម្មករ​ដែល​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​មិន​មក​ធ្វើ​ការ​ហើយ​ទៅ​ស្រុក​កំណើត ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤​ថ្ងៃ​ពេល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ ហើយ​នឹង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​១៤​ថ្ងៃ​ទេ។​

នៅ​ថ្ងៃ​ដដែល ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការងារ​លោក ​ហេង សួរ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ អ្នក​ឈប់​សម្រាក​ការងារ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នេះ ​គឺ​«អាច​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ ហើយ​ក្រុមហ៊ុន​អាច​បញ្ឈប់​ការងារ​ ដោយ​មិន​បាច់​ទូទាត់​សំណង»។

កម្មករ​ម្នាក់​ទៀត​អ្នកនាង​ ផាត ភួង​ អាយុ​២៤​ឆ្នាំ​ មក​ពី​ខេត្ត​បាត់ដំបង ​និង​ធ្វើ​ការ​នៅ​រោងចក្រ​ជា​មួយ​អ្នកនាង ​ស៊ីនុន ​ដែរ។​ អ្នក​នាង​ដែល​ធ្វើ​ការ​រោងចក្រ​នេះ​ជិត​១​ឆ្នាំ​ដែរ​ មាន​ប្រសាសន៍​ថា ​អ្នកនាង​បាន​សុំ​ច្បាប់​ឈប់​ពីរ​ថ្ងៃ​រួច​ហើយ​ នៅ​មុន​ពេល​ចូល​ឆ្នាំ​ ហើយ​នៅ​ពេល​ទៅ​ដល់​ខេត្ត ​អ្នកនាង​ចង់​ត្រឡប់​មក​វិញ​ ប៉ុន្តែ​ដោយសារ​គេ​បិទ​ផ្លូវ​ ទើប​អ្នកនាង​មិន​អាច​វិល​ត្រឡប់​មក​ធ្វើ​ការ។​

អ្នក​នាង​និយាយ​ថា៖​ «គេ​បិទ​ផ្លូវ​ថ្ងៃ​ទី​៩​(ខែ​មេសា) ​អ៊ីចឹង​ទៅ​ល្ងាច​ឡើង​ឡាន​គេ​មក​យក​ ក៏​ខ្ញុំ​តេ​(ទូរស័ព្ទ)​ប្រាប់​ប្រធាន​ខ្ញុំ​ថា​ បង​ខ្ញុំ​សុំ​ច្បាប់​ដាក់​ច្បាប់​ឲ្យ​ខ្ញុំ​ផង។​ អ៊ីចឹង​ទៅ ​គាត់​ថា​ចាំ​គាត់​សុំ​ឲ្យ»។​

អ្នកនាង​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​អ្នកនាង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដែរ​ ប៉ុន្តែ​ក្រោយ​មក​ រោងចក្រ​ថា​ឲ្យ​ឈប់ ​១៤​ថ្ងៃ​សិន​ ដោយសារ​គេ​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​១៤​ថ្ងៃ។​ ប៉ុន្តែ​អ្នក​នាង​មិន​ច្បាស់​នោះ​ទេ​ថា​ តើ​នាង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ធ្វើ​ការ​វិញ​ឬ​យ៉ាងណា។​

អ្នកនាង​មាន​ប្រសាសន៍​ថា៖ ​«បើ​ឲ្យ​ឈប់​ដល់​១៤​ថ្ងៃ​ យើង​មាន​លុយ​ឯណា​ចាយ​វាយ​នៅ​ហ្នឹង​បង។​ ណា​លុយ​ចាយ​ហូប​ចាយ​វាយ​រាល់​ថ្ងៃ។​ ១៤​ថ្ងៃ យើង​អត់​មាន​បាន​លុយ​ទេ។​ យើង​បាន​លុយ​ពីណា​ចាយ? ​បាន​លុយ​ពី​ណា​ហូប? ​១៤​ថ្ងៃ មិន​មែន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទេ»។​

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​រោងចក្រ​ Bowker Garment Factory ​លោក​ សៀង រដ្ឋា​ បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ដោយ​ច្រាន​ចោល​ការ​អះអាង​របស់​កម្មករ ​អំពី​ការ​បញ្ឈប់​ពី​ការងារ។​ លោក​បន្ត​ថា ​កម្មករ​ជាង ​១០០​នាក់​ ធ្វើ​ការ​នៅ​រោងចក្រ​របស់​លោក​បាន​ឈប់​ចូល​ឆ្នាំ​ខ្មែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អត់​ទេបង​ អាហ្នឹង​គឺ​ជា​ពាក្យ​ចចាម​អារ៉ាម​ទេ​បងគឺ​មិន​មែន​ទេ។​ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​បង​ថា ​រោងចក្រ​របស់​ខ្ញុំ​ធ្វើ​ Brand ​(ម៉ាក​)​ Adidas​ អ៊ីចឹង​នៅ​ខាង​ស្រុក​ខ្មែរ ​ក៏​គេ​មាន​Sourcing​ (ប្រភព​ទិញ)​ មើល​ការ​គ្រប់គ្រង​ដែរ។​ អ៊ីចឹង​អ្វី​ក៏​ដោយ​ក៏​គេ ​follow up​ (តាមដាន)​ គ្រប់​ជំហាន។​ អ៊ីចឹង​ចំពោះ​បញ្ហា​ហ្នឹង​ ខ្ញុំ​អាច​ជម្រាប​បង​ឯង​ថា វា​ជាករណី​បំផ្លើស​ទេ»។​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សហជីព​របស់​អ្នកស្រី​បាន​ដឹង​ថា ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ហើយ​អ្នកស្រី​កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​ការងារ។​ អ្នកស្រី​បញ្ជាក់​ថា ​រោងចក្រ​មួយ​ចំនួន​ប្រើប្រាស់​ការ​មិន​បាន​មក​ធ្វើ​ការ​នា​ពេល​ចូល​ឆ្នាំ ​ដើម្បី​បញ្ឈប់​កម្មករ​ពី​ការងារ។​

អ្នកស្រី​បន្ត​ថា​ ការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ជា​វិធានការ​មួយ​ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ​អ្នកស្រី​បារម្ភ​ពី​ជីវភាព​របស់​កម្មករ​ ប្រសិន​បើ​ពួកគេ​មិន​មាន​ការងារ​ធ្វើ​ ១៤​ថ្ងៃ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ប៉ុន្តែ​សំណួរ​សួរ​ថា​ តើ​ដោះស្រាយ​ឲ្យ​គាត់​យ៉ាង​ម៉េច ​ដើម្បី​ឲ្យ​គាត់​ទទួល​យក​បាន​ការ​ដែល​ដាក់​គាត់​ដោយ​ឡែក។​ ទីមួយ​ បើ​សិន​យើង​ដាក់​គាត់​ដោយ​ឡែក តើ​យើង​មាន​មូលហេតុ​អ្វី ប្រាប់​គាត់​ឲ្យ​គាត់​ទទួល​យក​បាន។​ ហើយ​បន្ទាប់​មក​ប្រាប់​គាត់​កុំ​មាន​ការ​ព្រួយ​បារម្ភ​ឧទាហរណ៍​ ដូច​ជា​ប្រាក់​ឈ្នួល​របស់​គាត់​ផ្ទះ​ជួល​របស់​គាត់​យ៉ាង​ម៉េច​វិញ ​អាហ្នឹង​ត្រូវ​ដោះស្រាយ​ជូន​ពួកគាត់​អ៊ីចឹង»។

លោក ​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កម្មករ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ទេ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​គឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤​ថ្ងៃ។

លោក​មាន​ប្រសាសន៍​ថា៖ ​«មិន​អាច​ចូល​ធ្វើ​ការ​ភ្លាមៗ​បាន​ទេ​ ព្រោះ​យើង​ត្រូវ​ការពារ​កម្មករ​ផ្សេងៗ​ដែល​អត់​បាន​ទៅ​សុ្រក​ ហើយ​ត្រូវ​ការ​ពារ​សុខភាព​កម្មករ​ដែល​នៅ​តែ​ធ្វើ​ការ»។

លោក​បន្ថែម​ថា​ កម្មករ​ដែល​ឈប់​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​រោងចក្រ​អំឡុង​ពេល​ចូល​ឆ្នាំ​ គឺ​រោងចក្រ​អាច​បញ្ឈប់​បាន​ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ប្រសិន​អត់​បាន​សុំ​ច្បាប់​ទេ​ គាត់​ទៅ​ខ្លួន​ឯង​អ៊ីចឹង​មាន​ន័យ​ថា​គាត់​អត់​បាន​ធ្វើ​ការ​ប៉ុន្មាន​ថ្ងៃ។​ ហើយ​ក្រសួង​ការងារ​ធ្លាប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា​ អាហ្នឹង​ចាត់​ទុក​ជា​កំហុស​ធ្ងន់​កំហុស​ធ្ងន់​មាន​ន័យ​ថា​យើង​មាន​សិទ្ធិ​បញ្ឈប់​ភ្លាមៗ»។​

លោក​បន្ត​ថា​ រោងចក្រ​ជា​ច្រើន​ទៀត​នឹង​អាច​ស្នើ​សុំ​ព្យួរ​កម្មករ​ឬ​ផ្អាក​ដំណើរ​ការ​នៅ​ខែ​ក្រោយ​ទៀត​ដោយសារ​ស្ថានភាព​កូរ៉ូណា​មិន​ទាន់​ធូរ​ស្បើយ​ និង​គ្មាន​អ្នក​បញ្ជា​ទិញ។

ត្រឡប់​ទៅ​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពីការងារ​វិញ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​កម្មការិនី​ ជា ​ស៊ីនុន​ បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ក្នុង​ឃុំ​រអាង ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម។ ​អ្នកនាង​មាន​ប្រសាសន៍​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ទៅ​ស្រុក​កំណើត​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​បារម្ភ​ទៀត​នោះ​ គឺការ​បង់​បំណុល​ម្តាយ​ដែល​ក្នុង​មួយ​ខែ ត្រូវ​ចំណាយ​ជាង​ ២០០​ដុល្លារ​ ហើយ​ត្រូវ​បង់​ជាង​៣​ឆ្នាំ​ទៀត។​ បំណុល​នេះ​ក៏​ត្រូវ​ចូល​រួម​បង់​ដោយ​ប្អូន​ប្រុស​របស់​អ្នកនាង​ ដែល​ជា​កម្មករ​សំណង់​ផង​ដែរ។​

អ្នកនាង​បាន​ថ្លែង​ថា៖​ «ឥឡូវ​មិន​ដឹង​ថា​នរណា​ជួយ​បង់​បំណុល​គេ​ ៣​ទៅ​៤​ឆ្នាំ​ទៀត​ទេ»៕​