ខណៈ​ជំងឺ​កូវីដ​១៩ ​និង​ EBA​ ប៉ះពាល់​ដល់​ការងារ​កម្មករ​នោះ​ ​សេដ្ឋកិច្ច​អាជីវករ​ក៏​ប៉ះពាល់​ផង​ដែរ​

ទិដ្ឋភាព​ដែល​មាន​សភាព​ស្ងប់ស្ងាត់នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​​​​ស្ថិត​នៅ​តាម​បណ្តោយ​ដង​​មហាវិថី​វេងស្រេង នៅ​ក្រុង​ភ្នំពេញ នា​ពេល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​មីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

នៅ​ថ្ងៃ​ព្រហស្បតិ៍​មួយ​កាល​ពី​ដើម​ខែ​មីនានេះ​ ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​ដែល​មាន​រោង​ចក្រ​ច្រើន​ស្ថិត​នៅ​លើ​ដងមហា​វិថី​វេងស្រេង​មាន​សភាព​ស្ងប់​ស្ងាត់។ ​

សួន​ឧស្សាហកម្ម​នេះ​ជា​កន្លែង​ដែល​អតិថិជន​ភាគ​ច្រើន​ជា​កម្មករ​រាប់​ពាន់​នាក់​ធ្លាប់​ដើរ​ចុះ​ដើរ​ឡើង​ដើម្បី​ទិញ​ម្ហូប​អាហារ​ និង​ឥវ៉ាន់​សម្រាប់​ប្រើ​ប្រចាំ​ថ្ងៃ​ក្រោយ​ពួក​គេ​ចេញ​ពី​ធ្វើការ​ ​ ប៉ុន្តែ​ថ្ងៃនេះ​មាន​តែ​អាជីវករកំពុង​តែ​អង្គុយ​រង់ចាំ​អតិថិជន​ដែល​ពួក​គេ​សង្ឃឹម​ថា​ មក​ទិញ​របស់​របរ​របស់​ពួក​គេ។​

កំពុង​អង្គុយ​ឱប​កូនស្រីលើ​អង្រឹង​ក្នុង​តូប​ ​អ្នកស្រី​ ឡេង ស៊ីនួន ​អាយុ​៣៧​ឆ្នាំ​ជា​អាជីវករ​លក់​សម្លៀក​បំពាក់​សម្រាប់​ស្ត្រី​នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា។​ អ្នកស្រី​ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ចាមមាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក។​ អ្នក​ស្រី​ថា ​អ្នកស្រី​បាន​ប្រកប​អាជីវកម្ម​លក់​សម្លៀក​បំពាក់​នេះ​តាំង​ពី​ឆ្នាំ២០០៦​ មក​ម៉្លេះ​ ហើយអ្នក​ស្រី​ផ្លាស់​មក​ក្រុង​ភ្នំពេញដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​និងឲ្យ​ក្រុម​គ្រួសារ​អ្នក​ស្រី​មាន​អនាគត​ល្អ។​

ពីមុន​ អាជីវកម្ម​របស់​អ្នកស្រីមាន​អតិថិជន​មក​ទិញ​ចំនួន​ពី​៥០ទៅ​៦០​នាក់​ក្នុង​មួយ​ថ្ងៃ​ ដោយ​ជួយ​ឲ្យ​អ្នកស្រី​មាន​ចំណូលប្រមាណ​មួយ​រយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ​ប៉ុន្តែ​ឥឡូវ​នេះ​ អតិថិជនមាន​តែ​បួន​ដប់​នាក់​ប៉ុណ្ណោះ ​ហើយចំណូល​បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ៣០ទៅ​៤០​ដុល្លារ។ ​ប្រាក់​ដែល​បាន​មក​នេះគឺ​អ្នកស្រី​យក​មក​ផ្គត់ផ្គង់​លើ​ការ​ហូបចុក​ប្រចាំ​ថ្ងៃ​ ខណៈ​អ្នក​ស្រី​ត្រូវ​រ៉ាប់​រង​ចំណាយ​លើ​កូនស្រី​អាយុ​២​ឆ្នាំ​ ប្រមាណ១០០​ដុល្លារ​ក្នុង​មួយ​ខែ​ផង​ដែរ។​

ដោយ​សារ​តែ​ប្រាក់​ចំណូលធ្លាក់​ចុះ​ អ្នកស្រី​ត្រូវ​បន្ថយ​ចំណាយ​លើ​ការ​ទិញ​ម្ហូប​ហូប​ចុក​ពី​១ម៉ឺន​រៀលក្នុង​មួយ​ថ្ងៃ​មក​ត្រឹម៥​ពាន់​រៀល​តែ​ប៉ុណ្ណោះ។​

«វា​និយាយ​រួម​ទៅ​ ​មក​ពី​រោងចក្រ​ ​គ្នា​អត់សូវ​មាន​ការងារ​ធ្វើ។​ ខ្លះ​ទៅ​ ​ប្រាក់​ខែ​បាន​តិច ​ពី​ព្រោះ​ផ្សារ​ហ្នឹង​ រោងចក្រ​ វា​អត់​មាន​ប្រជាជន​អី​ច្រើន​ទេ ​ច្រើន​រោង​ចក្រ»។​

អ្នកស្រី​បន្ថែម​ថា៖​

«កម្មករ​ភាគ​ខ្លះ​គាត់​ថា ​ ប្រាក់ខែ​គាត់​អត់​គ្រប់​អី​អ៊ីចឹង។ ​បាន​ផ្គត់ផ្គង់​ជីវភាព​របស់​គាត់​អត់​គ្រប់ ​បាន​គាត់​អត់​សូវ​ទិញ​ឥវ៉ាន់​អី​អ៊ីចឹង​ណា៎»។​

ទិដ្ឋភាព​ដែល​មាន​សភាព​ស្ងប់ស្ងាត់នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ាស្ថិត​នៅ​តាម​បណ្តោយ​ដងមហាវិថី​វេងស្រេង នៅ​ក្រុង​ភ្នំពេញ នា​ពេល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​មីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី​ឡេង ស៊ីនួន​គឺ​ជា​អាជីវករ​ម្នាក់​ក្នុង​ចំណោម​អាជីវករ​រាប់​ម៉ឺន​នាក់​ទៀត​ដែល​រង​ប៉ះពាល់​ជីវភាព ​ពេល​ដែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម ​ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​បន្ទុក​ពន្ធ​លើ​ការ​នាំចេញ​ទៅ​កាន់​បស្ចឹម​លោក​ ​បន្ទាប់​ពីអឺរ៉ុប​បាន​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ២០ភាគ​រយ​ទៅ​លើ​ទំនិញ​ខ្លះ។​

រោងចក្រ​សហគ្រាស​ជិត២០០អាច​ខ្វះ​វត្ថុ​ធាតុ​ដើម​ក្នុង​សង្វាក់​ផលិត​កម្ម​ដែល​ធ្វើ​ឲ្យ​កម្មករ​ជាង​១៦​ម៉ឺន​នាក់ប្រឈម​ការ​បាត់បង់​ការងារ​ នា​ដើម​ខែ​មីនា។​ នេះ​បើ​យោង​តាមក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

លោក​ ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា​ រោងចក្រ​សហ​គ្រាស​ប្រឈម​បញ្ហា​ព្យួរ​ការងារ​ ដោយ​សារ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​ COVID-19។​

លោក​បន្ថែម​ថា​ ​មក​ទល់ពេលនេះ​ មាន​រោង​ចក្រ​ជាង​១០​បាន​ស្នើ​សុំ​ព្យួរ​សង្វាក់​ផលិត​កម្ម​តាម​ផ្នែក​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង៣០០០​នាក់។​

បញ្ហានេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ទៅ​លើ​កម្មករ​បម្រើ​ការងារ​តាម​រោងចក្រ​ប៉ុណ្ណោះ​ទេ ​តែវា​ប៉ះពាល់​ចំណូល​និងការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អាជីវករ​នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ​កាត់ដេរ​ដែល​ចំណូល​របស់​ពួក​គាត់​បាន​មក​ពី​ទំហំ​នៃ​ការ​ចំណាយ​របស់​កម្មករ​រោងចក្រ​ទាំងនេះ។​ អ្នកស្រីឡេង ស៊ីនួន​និង​អាជីវករ​ទាំង​នេះ​កំពុង​ព្រឈម​នឹង​ការ​ខ្វះខាត​ការ​ចំណាយ​ទៅ​លើ​ថ្នាំ​សង្កូវ​ ថ្លៃផ្ទះជួល​ និង​ម្ហូប​អាហារ​ជា​ដើម។​

ទិដ្ឋភាព​ដែល​មាន​សភាព​ស្ងប់ស្ងាត់នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ាស្ថិត​នៅ​តាម​បណ្តោយ​ដងមហាវិថី​វេងស្រេង នៅ​ក្រុង​ភ្នំពេញ នា​ពេល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​មីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

កំពុង​អង្គុយ​លេង​ជាមួយ​នឹង​កូនស្រី​អាយុ​ពីរ​ឆ្នាំ​នៅ​មុខ​តូប ​ខណៈ​ពេល​រង់ចាំ​អតិថិជន​ ​អ្នកស្រី​ សៀក ចំរើនក៏ជា​អាជីវករ​លក់គ្រឿង​សម្អាង ​និង​សម្លៀក​បំពាក់​ទារក​ និង​កូនក្មេង​នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​នេះ​ដែរ។​

អ្នកស្រី​ចំរើន​ ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ក្រចេះ ​បាន​ប្រកប​មុខ​របរ​នេះ​អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ។​

អ្នក​ស្រី​បាន​ប្រាប់ ​VOA ​ថា ​ពី​មុន​ អ្នកស្រី​អាច​រក​ចំណូល​បាន​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ តែ​ឥឡូវ​នេះ​អ្នកស្រី​រក​បាន​ត្រឹមតែ១០​ម៉ឺនរៀល​ប៉ុណ្ណោះ។​

អ្នកស្រី​ចំរើន​បាន​លើក​ឡើង​ថា ​ អ្នកស្រី​ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង់នោម​ និង​ថ្នាំ​ពេទ្យ​ប្រមាណ១០០​ដុល្លារ​ក្នុង​មួយ​ខែ​ ស្រប​ពេល​ដែល​អ្នកស្រី​មិន​បាន​បន្ថយ​ចំណាយ​ទូទៅ ​និង​ត្រូវ​បង់ថ្លៃ​ផ្ទះ​ជួល​ប្រមាណ​ជាង៥០​ដុល្លារ​ក្នុង​មួយ​ខែ។​

អាជីវកម្ម​របស់​អ្នកស្រី​គឺ​ជា​ប្រភព​ជួយ​ផ្គង់ផ្គង់សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នកស្រី។​

អ្នកស្រី​ចំរើន​បាន​ប្រាប់ ​VOA ​ថា ​ អ្នកដែល​មក​ទិញ​ឥវ៉ាន់​នៅ​តូប​អ្នកស្រី​ប្រាប់​អ្នកស្រី​ថា ​រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ​ដោយសារ​តែ​ខ្វះខាត​វត្ថុ​ធាតុ​ដើម ​ហើយ​រោងចក្រ​មួយ​ចំនួន​ទៀត​ត្រូវ​ប្តូរ​ទីតាំង។​

អ្នកស្រី សៀក ចំរើន អ្នក​លក់​គ្រឿងសម្អាង​ និង​សម្លៀកបំពាក់​កូនក្មេង​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នៅ​ក្រុង​ភ្នំពេញ​ នា​ពេល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​មីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី ​សុខ បុប្ឆា ​អាយុ៣៦​ឆ្នាំ​ ជា​ជាង​អ៊ុតសក់ ​នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា។​ អ្នកស្រី​ប្រកប​របរនេះអស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​បន្តថា ​ អាជីវកម្ម​អ៊ុតសក់​របស់​អ្នក​ស្រី​ជា​អាជីវកម្ម​គោល​ដែល​ផ្គត់ផ្គង់​លើ​ជីវភាព​គ្រួសារ​អ្នកស្រី ​ដែល​មាន​ស្វាមី ​និង​កូន​ពីរ​នាក់។​

អ្នកស្រី​បុប្ឆាបាន​ប្រាប់​ VOA ​ថា​ ​នា​ពេល​បច្ចុប្បន្ន​ ចំណូល​អាជីវកម្ម​របស់​អ្នកស្រី​ក៏​បាន​ធ្លាក់​ផង​ដែរ​គឺ​ចុះ​ពី៥០ដុល្លារ​ក្នុង​មួយ​ថ្ងៃ​មក​ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃដោយសារ​ភ្ញៀវ​មក​អ៊ុតសក់​មាន​តិច​ជាង​១០​នាក់​ក្នុង​មួយថ្ងៃ ​ធៀប​នឹង​គ្រា​មុនៗ​ ដែល​មាន​ភ្ញៀវ​ពី២០ទៅ​៣០​នាក់។​

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ ​ភ្ញៀវ​មក​អ៊ុតសក់បាន​ប្រាប់​អ្នក​ស្រី​ថា​ ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រាក់​ខែ ​ ដោយសារ​រោងចក្រ​កំពុង​ខ្វះ​វត្ថុធាតុ​ដើម​ដែល​តម្រូវ​ឲ្យ​ផ្អាក​ផលិតកម្ម​មួយ​រយៈ។

«អត់​ដឹង​ដែរ​ការងារ​របស់​គាត់។ ​គាត់​ថា ​ឥវ៉ាន់​អីអត់​យក​ចូល​អី ​អត់​មាន​ការងារ​ធ្វើ​ហ្មង»។ ​

អ្នកស្រី ​សេង ជូហៀង ​អាយុ​៣០​ឆ្នាំ ​ជា​កម្មករ​រោងចក្រ មាន​ស្រុក​កំណើត​មក​ពី​ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម។​ សព្វថ្ងៃ ​អ្នកស្រី​បាន​រៀបការ​ និង​មាន​កូន​ម្នាក់​នៅ​ក្នុង​បន្ទុក។​

អ្នកស្រី​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​នៅ​តាម​ផ្លូវ​វេងស្រេង​ ដោយសារ​តែ​រោងចក្រ​ដែល​អ្នកស្រី​ធ្វើ​ការ​ពី​មុន​បាន​បិទ។ ​សព្វថ្ងៃ​អ្នកស្រី​មក​ធ្វើ​ការ​ជា​កម្មករស៊ី​ឈ្នួល​ប្រាក់​ថ្ងៃ។​

អ្នកស្រី​ ជូហៀង ​បាន​ប្រាប់ ​VOA​ ថា ​ អ្នក​ស្រី​កំពុង​តែ​ជួប​ការ​លំបាក​ដោយសារផ្ទះ​ជួល​និង​ចំណាយ​ផ្សេងៗ​ឡើង​ថ្លៃ ​ខណៈ​ដែល​ការងារ​របស់​អ្នកស្រី​ត្រូវ​ប្រឈម​នឹង​ការកាត់​បន្ថយ​ ដែល​នេះ​មាន​ន័យ​ថា ​ ប្រាក់​ចំណូល​ក៏​អាច​ថយ​ចុះ​ដែរ។​

«ផ្ទះ​ជួល​ផង ​ឥវ៉ាន់​ឥឡូវ​ឡើង​ថ្លៃ​គ្រប់​មុខ។ ​ អ៊ីចឹង​ទៅ​ វា​ពិបាក»។​

អ្នកស្រី​ សេង ជូហៀង ជា​កម្មករ​ស៊ីឈ្នួល​ប្រាក់​ថ្ងៃ​ម្នាក់​នៅ​រោងចក្រ​មួយនៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ាស្ថិត​នៅ​តាម​បណ្តោយ​ដងមហាវិថី​វេងស្រេង នៅ​ក្រុង​ភ្នំពេញ នា​ពេល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​មីនា ឆ្នាំ២០២០។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី​ ជូហៀង ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ចំណូល​ដែល​រក​បាន​គឺ​មិន​មាន​សល់​នោះ​ទេ ​ហើយ​មាន​កម្មករ​មួយ​ចំនួន​ចង​ការ​គេ​ដើម្បី​ការ​ចំណាយ​ចាំ​បាច់ផ្សេងៗ​ផង​ដែរ។​

«ពិបាក​ដែរ​បង​ ​បើ​គេ​ប្រកាស​ថា ​ បិទៗគ្រប់​រោងចក្រ​អ៊ីចឹង!​ ពិបាក​សំណូម​ពរ​ណាស់»។

សហភាព​អឺរ៉ុប​បាន​សម្រេច​បន្ថយ​២០%​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ឬ​ “Everything But Arms” ​(EBA) ​ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ពី​កម្ពុជា​ ហើយវានឹង​ប៉ះពាល់ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ បន្ទាប់ពីសហភាព​អឺរ៉ុប​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ។

ក្រុម​សហជីព​និង​សហភាព​ការងារ​កម្ពុជាយល់​ឃើញ​ថា​ ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​គឺ​មិន​អាច​ចៀស​បាន​ ​ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ ​ដោយសារ​ឆាប់​ពេក​មិន​ទាន់​អាច​ទស្សន៍​ទាយ​បាន។​

អាជីវករ​ផ្សេង​ទៀត​ និង​អ្នកស្រីឡេង ស៊ីនួន​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​រោងចក្រ​បិទ​ ​ ហើយ​ឲ្យ​កម្មករ​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា។​

«ចង់​សំណូម​ពរ​ឲ្យ​ផ្សារ​យើង​ហ្នឹង​ធ្វើ​ម៉េច​ ជួយ​ឲ្យ​លក់​ដាច់​ជាង​មុន​អ៊ីចឹង។​ ចង់​ឲ្យ​រោងចក្រ​មាន​កម្មករ​ហ្នឹង​ច្រើន​នៅ​ប្លុក​ហ្នឹង​ មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​អី​អ៊ី​ចឹង។​ រោងចក្រ​កុំ​ឲ្យ​បិទ​អី​អ៊ីចឹង​ណា៎។ ​កុំ​ឲ្យ​ផ្អាក​ ​កុំ​ឲ្យ​អី​ អ៊ីចឹង​ណា៎»៕