បីឆ្នាំចុងក្រោយនេះ នៅពេលដែលក្រុងព្រះសីហនុ ចាប់ផ្តើមទទួលស្វាគមន៍លំហូរជនជាតិចិន ដែលមកធ្វើអាជីវកម្មនិងបើកកាស៊ីណូនៅទីនោះ លោក ឈិន អេង ដែលផ្លាស់មករស់នៅទីក្រុងឆ្នេរសមុទ្រមួយនេះ តាំងពីឆ្នាំ ២០០៥ បានចាប់ប្រកបរបរជាអ្នករត់តាក់ស៊ី។ លោកបររថយន្តម៉ាក Lexus RX-300 ពណ៌សរបស់លោកទៅវិញទៅមកជាប្រចាំរវាងក្រុងព្រះសីហនុ និងអាកាសយានដ្ឋានកងកេង ដែលមានចម្ងាយប្រមាណ ៣ ០គីឡូម៉ែត្រ។
លោក ឈិន អេង អាយុ ៣៧ ឆ្នាំ មានកូនពីរនាក់ បានប្រាប់ VOA ថា៖ «កាលពីចិនមក ដឹកចិនម្ង៉ៃៗគ្មានឈប់ដែរហ្នឹងណា។ សម្បូរដែរតាក់ស៊ី។ និយាយរួមរត់ម្ង៉ៃៗបានចំណូលជិត ១០០ ដុល្លារដែរ»។
ប៉ុន្តែពេលនេះ នៅខេត្តព្រះសីហនុការរីកដុះដាលអគារខ្ពស់ៗ និងការរកស៊ីរបស់ចិនជាច្រើនកំពុងប្រែជាស្ងប់ស្ងាត់ ហើយគេមិនអាចទស្សន៍ទាយទេ អំពីស្ថានភាពទៅថ្ងៃខាងមុខ ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩។
កាលពីឆ្នាំមុន នៅពេលដែលលំហូរចូលនៃអាជីវកម្ម និងកាស៊ីណូរបស់ជនជាតិចិនកើនឡើងយ៉ាងគំហុកនោះ អាកាសយានដ្ឋានអន្តរជាតិកងកេងទទួលជើងយន្តហោះ ដែលមកពីទីក្រុងជាង ២០ ពីប្រទេសចិនជារៀងរាល់ថ្ងៃ។ ពេលនោះ មុខរបរជាអ្នករត់តាក់ស៊ីដូច លោក ឈិន អេង ក៏មានភាពល្អប្រសើរផងដែរ។
នៅពាក់កណ្តាលខែឧសភា លោក ឈិន អេង បានបន្តរត់តាក់ស៊ីឡើងវិញ ក្រោយពីលោកបានផ្អាករត់អស់ជិតពីរខែ ក្នុងអំឡុងពេលមានការឆ្លងរីករាលដាលជំងឺកូវីដ។
លោក ឈិន អេង និយាយថា៖ «ខ្ញុំមកថ្ងៃហ្នឹងខ្ញុំមកចាំដឹកភ្ញៀវ។ ខ្ញុំខានមកយូរហើយ។ ឆែកមើលទៅឃើញយន្តហោះមក ថាមកមើលក្រែងដឹកបានមួយជើង»។
លោកឈរពីមុខច្រកអ្នកដំណើរមកដល់នៅស្ថានីយនេះ ដើម្បីរកម៉ូយ ក៏ប៉ុន្តែភ្ញៀវជនជាតិចិនដែលចេញមកបានឡើងរថយន្តក្រុង ដែលភ្នាក់ងារទេសចរណ៍ចិនកក់រួចស្រេច ចាំដឹកពួកគាត់។
លោកធ្វើដំណើរទៅផ្ទះវិញ ពេលរសៀល តាមដងផ្លូវជាតិលេខ ៤ សំដៅទៅក្នុងទីក្រុង ដែលលោក និងអ្នកធ្វើដំណើរដទៃទៀតអាចមើលឃើញសំណង់អគារខ្ពស់ៗ មិនទាន់សង់រួច។ អគារទាំងនោះត្រូវបានសម្រុកសាងសង់ឡើង កាលពីអំឡុងពេលដែលមានលំហូរចូលជនជាតិចិន ដែលជាអ្នកជំនួញខា្នតតូច អ្នកលេងល្បែងស៊ីសងកាស៊ីណូ អ្នករកស៊ីទិញដូរអចលនទ្រព្យនិងទេសចរ។
តាមដងផ្លូវនានានៅក្នុងទីក្រុងនេះ អាជីវកម្ម ហាងនិងកាស៊ីណូ ជាច្រើនបិទទ្វារ និងមានស្លាកសរសេរជាភាសាចិនព្យួរនៅពីមុខខ្លោងទ្វារហាង បញ្ជាក់អំពីការបិទអាជីវកម្មទាំងនេះ ដើម្បីចូលរួមយន្តការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ។ សកម្មភាពការដ្ឋានសំណង់អគារមួយចំនួនត្រូវបានផ្អាក ការដ្ឋានផ្លូវថ្នល់មានសភាពស្ងប់ស្ងាត់ អគារខុនដូទទេគ្មានមនុស្សរស់នៅ និងចរាចរណ៍តាមដងផ្លូវមិនសូវមមាញឹក។នេះគឺទិដ្ឋភាពបច្ចុប្បន្ន នៅក្នុងទីក្រុងកំពង់ផែនាភាគនិរតីនៃប្រទេសកម្ពុជានេះ។
ក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៦ ជនជាតិចិនជាច្រើនបានមកតាំងទីរស់នៅលើទឹកដីក្រុងព្រះសីហនុជាបន្តបន្ទាប់។
ក្នុងចំណោមពួកគេទាំងនោះ មានលោក ឡៅ ជឺ វ័យ ៥០ ឆ្នាំ។ នៅក្នុងខេត្តព្រះសីហនុ លោក ជឺ ជាជនជាតិចិនដែលពីខេត្តជឺជាំង (Zhejiang) ធ្វើការជាអ្នកជួយសម្របសម្រួល រត់ការជួសមុខក្រុមអ្នកជំនួញជនជាតិចិនដទៃទៀត លើផ្នែកឯកសាររដ្ឋបាលនានា។ លោកស្នាក់នៅជាយក្រុងព្រះសីហនុជាមួយភរិយាជាជនជាតិខ្មែរ វ័យ៣០ឆ្នាំ មកពីខេត្តតាកែវ។
ក្នុងដៃលោក ឡៅ ជឺ គឺជាឯកសារជាភាសាខ្មែរមួយកម្រាស់ ដែលមានកិច្ចសន្យាជួលដីជាដើម។លោកឈរអែបម្ខាងនៅចិញ្ចើមផ្លូវជាតិលេខ៤ មុខទីស្នាក់ការលក់ខុនដូមួយ ដែលអគារខុនដូទល់មុខគ្នានោះមិនទាន់សង់រួចនៅឡើយ។
លោកឡៅ ជឺ ប្រាប់ VOA ថា៖ «យ៉ាងហោចណាស់ [ជនជាតិចិន] ជាង ៣០ ម៉ឺននាក់ បានមកទីនេះ។ ពួកគេមករស់នៅទីនេះ រកស៊ីជួលផ្ទះ ឬជួលផ្ទះសំណាក់ ឬជួលសណ្ឋាគារ ដូច្នេះ កាលពីមុន ការរកស៊ីនៅទីនេះល្អណាស់សម្រាប់អ្នកជំនួញ»។
លោកបន្តថា៖ «ប៉ុន្តែដោយគ្មានកាស៊ីណូអនឡាញមនុស្សជាង ៣០ ម៉ឺននាក់នោះ ត្រឡប់ទៅវិញយ៉ាងគំហុក។ ដូច្នេះការរកស៊ីវាមិនល្អដូចមុនទៀតទេ»។
ចាប់ពីឆ្នាំ ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ លំហូរចូលនៃការវិនិយោគរបស់ចិនក្នុងក្រុងព្រះសីហនុ បានកើនឡើងដល់ប្រមាណ ២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ស្របពេលមានលំហូរចូលនៃក្រុមអ្នកលេងល្បែងកាស៊ីណូ និងអ្នករកស៊ីជនជាតិចិន កំណើនឧក្រិដ្ឋកម្មនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ ក៏កាន់តែច្រើនជាប់ពាក់ព័ន្ធនឹងជនជាតិចិន។ វាបង្កើនការព្រួយបារម្ភដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលមើលឃើញថា ការណ៍នេះវាអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលខ្លួន។
កាលពីដើមខែសីហាឆ្នាំមុន ស្ថានទូតចិននៅរាជធានីភ្នំពេញ បានព្រមានអំពីរឿងនេះទៅប្រជាជនរបស់ខ្លួន។ នៅក្នុងសេចក្តីជូនដំណឹងមួយចុះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថានទូតចិនបានព្រមានអំពីភាពវឹកវរ និងកំណើនអសន្តិសុខនៅក្រុងព្រះសីហនុ និងស្នើឱ្យប្រជាជនខ្លួនចៀសវាងលេងល្បែង និងកុំធ្វើដំណើរពេលយប់នៅក្នុងទីក្រុង។
បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចាប់ផ្ដើមបង្ក្រាប និងហាមឃាត់លើការប្រកបរបរល្បែងស៊ីសងអនឡាញ មុនលោកចាប់ផ្ដើមហាមទាំងស្រុងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នេះ។ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺវិបត្តិកូវីដ១៩ធ្វើឲ្យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ និងធ្វើឲ្យខេត្តព្រះសីហនុ ស្ងប់ស្ងាត់ លែងមានជនជាតិចិនដូចពីមុន។ ស្ថានភាពនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរកស៊ី និងការងាររបស់ពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅទីនោះ។ វាក៏ប៉ះពាល់ដល់ការជួលផ្ទះរបស់ពលរដ្ឋខ្មែរទៅឲ្យជនជាតិចិន បានតម្លៃថ្លៃផងដែរ។
ក្នុងរបាយការណ៍ស្រាវជ្រាវរបស់លោក កាលពីខែឧសភា លោក Ivan Franceschini អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានសរសេរថា៖
«ការដាក់បម្រាមលើល្បែងស៊ីសងអនឡាញ កាលពីឆ្នាំ ២០១៩ និងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅដើមឆ្នាំ ២០២០ នេះ ទំនងជាបានបិទបញ្ចប់ជាស្រេចនូវក្ដីសុបិនដែលថា ក្រុងព្រះសីហនុអាចក្លាយជាទីក្រុងម៉ាកាវនៃតំបន់អាស៊ីអាគ្នេយ៍»។
ក្រុងព្រះសីហនុជាទីកន្លែងដំបូងគេដែលមានករណីជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា គឺបុរសជនជាតិចិនម្នាក់ដែលមានផ្ទុកមេរោគនេះបានធ្វើដំណើរមកពីទីក្រុងអ៊ូហាន ប្រទេសចិន។ កាលពីពាក់កណ្ដាលខែមីនា ក្រុងព្រះសីហនុក៏ក្លាយជាទីកន្លែងដែលរកឃើញជំងឺកូវីដ១៩ ព្រមគ្នាច្រើនបំផុតក្នុងថ្ងៃតែមួយក្នុងប្រទេស ពេលដែលទេសចរជនជាតិបារាំង និងមគ្គុទេសក៍ជនជាតិកម្ពុជា សរុបជាង ៣០ នាក់ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូរ៉ូណា។
លោក ប៉ែន លក្ខ វ័យ៥១ឆ្នាំ ជាម្ចាស់ហាងលក់បាយមួយ នៅក្នុងក្រុងព្រះសីហនុ។ លោកបានផ្លាស់ពីទីក្រុងសៀមរាប មករស់នៅក្នុងក្រុងព្រះសីហនុ តាំងពីឆ្នាំ ២០០៨។
លោកមានប្រសាសន៍ថា៖ «ឥឡូវដីក៏វាថ្លៃ។ យើងមានលុយ មានលទ្ធភាពណាទិញដី បើវាថ្លៃពេក។អ៊ីចឹងយើងជួលក៏វារាងថ្លៃ។ ហើយតែចិនចូលមកច្រើន យើងចេះតែខ្លាចមុខ ខ្លាចក្រោយ។ កាស៊ីណូច្រើនវាចេះតែខ្លាច[អសន្តិសុខ]»។
លោកបន្ថែមថា លោកមិនរំពឹងថា នឹងមានរលកទីពីរនៃការហូរចូលជាថ្មីនៃជនជាតិចិននោះទេ។
«តែខ្ញុំថា ដូចជាមិនងាយមកវិញទេ ព្រោះចិនវារកតែបើកអនឡាញទេ តែយើងមិនបើកអនឡាញវាមិនមកតែម្ដង។ វាទៅរកតែប្រទេសណាដែលអនុគ្រោះឱ្យវា ពីព្រោះអាហ្នឹងឆ្នាំងបាយវា»។
អ្នកផ្សេងទៀតយល់ថា ការជនជាតិចិនជាច្រើននាក់ចាកចេញភ្លាមៗ បែបនេះគឺដោយសារតែការបោសសម្អាតល្បែងស៊ីសងកាស៊ីណូតាមអនឡាញ។ តែជនជាតិចិនមួយចំនួន ដែលបន្តស្នាក់នៅបានឲ្យដឹងថា ពួកគេមិនអាចមានលទ្ធភាពផ្លាស់ចេញទៅភ្លាមៗមួយរំពេចបានទេ។
អ្នកជំនួញជនជាតិចិនមួយចំនួននៅបន្តការរកស៊ីរបស់ពួកគេ ទោះស្ថិតក្នុងស្ថានភាពដែលសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះក្តី។
លោក យី ជួយួយ អាយុ៣៥ឆ្នាំ បានធ្វើចំណាកស្រុកមកពីទីក្រុង ស៊ិនជិន ខេត្តក្វាងទុង នៃប្រទេសចិន មករស់នៅ និងរកស៊ីនៅក្រុងព្រះសីហនុ កាលពីឆ្នាំមុន។
លោក យី និយាយថា លោកមិនមែនជាអ្នកមកលេងល្បែងនោះទេ តែលោកធ្វើដំណើរមកស្វែងរកឱកាសប្រកបរបរជំនួញ ដូចជនជាតិចិនដទៃទៀត ដែលមកដល់ក្រុងព្រះសីហនុនេះ តាំងពីមុនការហាមឃាត់កាស៊ីណូអនឡាញ និងមុនមានវិបត្តិជំងឺកូវីដ១៩។ លោកបានបើកយានដ្ឋានជួសជុលរថយន្តមួយដែលផ្តល់សេវាកម្មជួសជុល ដែលលោកថា «មានលក្ខណៈប្រកួតប្រជែង និងមានសេវារហ័ស»ហើយលោកបន្តពង្រីកអាជីវកម្មជាអ្នកផ្តល់សេវាទិញលក់អចលនទ្រព្យ ដែលស៊ីកម្រៃជើងសារ។
លោក យី បានសន្ទនាជាមួយ VOA នៅពេលដែលបុគ្គលិកជនជាតិខ្មែររបស់លោកចំនួន ៣ នាក់ចោមរោមស្តាប់លោកផ្តល់បទសម្ភាសន៍។
លោកមានប្រសាសន៍ថា៖ «ម្នាក់ៗមកទីនេះ ដោយសារគេសម្លឹងឃើញមានពន្លឺ»។
អ្នកជំនួញជនជាតិចិនរូបនេះបានបន្តថា៖ «នៅក្នុងស្ថានភាពពេលនេះ មិនបាច់និយាយដល់ការរកចំណូលទេ។ បើត្រឹមតែ[រកស៊ី] មិនខាតនោះវាល្អគ្រប់គ្រាន់ទៅហើយ។ ខ្ញុំ [រកស៊ី] ខាតជារៀងរាល់ខែ។ មួយខែខ្ញុំខាតពីរឬបីពាន់ដុល្លារទៅហើយ។ គ្មានអ្នកណាមករកទិញអចលនទ្រព្យ ហើយក៏គ្មានអ្នកយករថយន្តរបស់គេមកជួសជុលដែរ»។
លោក យី បាននិយាយទៀតថា លោកមិនមានបំណងស្នាក់នៅក្នុងទីក្រុងនេះជារៀងរហូតនោះទេ។ លោកបន្ថែមទៀតថា ឥឡូវនេះលោកកំពុងរកទិញអចលនទ្រព្យដែលនៅមានតម្លៃទាប ដោយសង្ឃឹមថា នឹងទទួលបានផលចំណេញច្រើនវិញ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចជួបវិបត្តិ។
«វាមិនអាចទៅរួចទេ ដែលជនជាតិចិនរស់នៅទីនេះជាអចិន្ត្រៃយ៍ រយៈពេលវែង។ ទោះបីជាគេទិញអចលនទ្រព្យមានតម្លៃខ្ពស់យ៉ាងណាក៏ដោយ គោលបំណងចុងក្រោយនោះ គឺគេជួលឬលក់ក្នុងតម្លៃខ្ពស់ជាងនេះ»។
ស្ថានភាពប្រែប្រួលចុះឡើងមិនមែនជារឿងថ្មីសម្រាប់ទីក្រុងឆ្នេរសមុទ្រមួយនេះទេ។ នៅពេលដែលអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ដែលហៅកាត់ថា អ៊ុនតាក់ បានចូលមក ទីក្រុងនេះនៅទសវត្សរ៍ ១៩៩០ ពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមទទួលចាយវាយប្រាក់ដុល្លារនោះ ក្រុងព្រះសីហនុត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់ក្រុមម៉ាហ្វីយ៉ា និងក្រុមបងតូចបងធំជនជាតិរុស្សី មុនពេលដែលជនជាតិចិនចាប់ផ្តើមមកច្រើននៅចុងឆ្នាំ ២០១៦។
អ្នកស្រី ជៀប សុធារី ជាមន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៧។
ខណៈអង្គុយបែរមុខ និងសម្លឹងទៅមាត់ឆ្នេរអូរឈើទាល អ្នកស្រី សុធារី រៀបរាប់ថា កាលពីឆ្នាំ ១៩៩០អ្នកស្រីបានបោះបង់ចោលការងារជាគ្រូបង្រៀន ដើម្បីធ្វើដំណើរមកខេត្តព្រះសីហនុ ដោយរំពឹងថាអាចប្រកបរបរអាជីវកម្មមួយ ដែលអាចទទួលបានផលចំណេញខ្លះពីទីក្រុងលំហែកាយអែបមាត់សមុទ្រមួយនេះ ខណៈពេលដែលក្រុមកងរក្សាសន្តិភាពរបស់អ៊ុនតាក់ មកស្នាក់នៅនិងចំណាយប្រាក់ដុល្លាររបស់ពួកគេនៅទីនេះ។
អ្នកស្រីមានប្រសាសន៍ថា ការវិនិយោគនិងវិនិយោគិនគួរតែត្រូវបានពិនិត្យពិច័យ និងគ្រប់គ្រងដោយរដ្ឋាភិបាលយ៉ាងម៉ត់ចត់ ដើម្បីធ្វើឱ្យប្រាកដថា ពលរដ្ឋក្រុងព្រះសីហនុអាចទទួលប្រយោជន៍ច្រើនពីការវិនិយោគ។
អ្នកស្រីប្រាប់ VOA ថា៖ «យើងគាំទ្រអ្វីដែលរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅខេត្តនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានការផ្លាស់ប្តូរ មានសំណង់អគារខ្ពស់ៗ ស៊ីវីល័យទំនើបដូចបណ្តាប្រទេសផ្សេងទៀត។ ប៉ុន្តែយើងជាប្រជាពលរដ្ឋចង់ថា អ្វីជាដើមកំណើតហ្នឹង ជាទីកន្លែងសំខាន់ៗជាដើមកំណើតហ្នឹងគួររក្សាដែរ ជាកន្លែងមួយដែលបង្ហាញពីប្រវត្តិ...»។
អ្នកស្រីបន្តថា៖ «ហើយរដ្ឋាភិបាលចិន និងកម្ពុជាគួរតែជជែកគ្នាពីវិស័យវិនិយោគទុន គឺថាធ្វើយ៉ាងណាកុំឲ្យមានវិនិយោគតែរឿងកាស៊ីណូណា៎ ដូចថា វាអត់បានផ្តល់ចំណេះដឹងលើការវិនិយោគធនធានមនុស្សទៅដល់កូនខ្មែរទេ។ បើយើងវិនិយោគផ្អែកលើវិស័យបច្ចេកទេស ដូចជារោងចក្រផលិតរថយន្ត ម៉ូតូ ព្រោះរាល់ថ្ងៃកម្ពុជាមិនទាន់មានការវិនិយោគផលិតមធ្យោបាយធ្វើដំណើរទេ។ រាល់ថ្ងៃយើងប្រើមធ្យោបាយធ្វើដំណើរពីក្រៅប្រទេស។ យើងចង់បានរបស់អស់ហ្នឹង»។
អ្នកស្រីបានរិះគន់អំពីស្ថានភាពច្របូកច្របល់នៅក្នុងទីក្រុង ដែលមានការវិនិយោគពីជនជាតិចិនលើវិស័យកាស៊ីណូច្រើនលើសលប់។
«ព្រោះបទល្មើសដែលមិនធ្លាប់កើតមាននៅខេត្តព្រះសីហនុ វាបែរជាមាន។ ដូចជាការចាប់ជម្រិត ការបាញ់សម្លាប់គ្នាទៅវិញទៅមកនៅតាមទីសាធារណៈ។ ការធ្វើទារុណកម្ម ការបង្ខាំងមនុស្ស ដែលពីមុនមក កំពង់សោម និងប្រទេសកម្ពុជាអត់មានទេ។ ការសម្លាប់មនុស្សដែលសាហាវចាប់ផ្តើមកើតមាន។ អាហ្នឹងជាការព្រួយបារម្ភ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនា បានធ្វើដំណើរទស្សនកិច្ចក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យផ្លូវនៅទីនោះ។ ផ្លូវទាំងនេះ គឺជាផ្នែកមួយនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារ។ រដ្ឋាភិបាលកំពុងព្យាយាមធ្វើឱ្យទីក្រុងនេះក្លាយជា«ទីក្រុងពហុបំណង» ដោយមានផ្លូវអាកាស ផ្លូវទឹកនិងផ្លូវគោក ដែលអាចធ្វើដំណើរបាន។
រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុលោក វង្សី វិស្សុត កាលពីខែកុម្ភៈ មានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្នុងទីក្រុង។ ហើយតាមរយៈគម្រោងនេះរដ្ឋាភិបាលសម្លឹងឃើញថា ក្រុងព្រះសីហនុនឹងទៅជា «ទីក្រុងស៊ិនជិនទី២»។
VOA មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានទេ។
នៅលើឆ្នេរអូរឈើទាល តាមបណ្ដោយផ្លូវបេតុងដែលទើបសាងសង់ថ្មី ប្របអតីតព្រះរាជវាំងរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ក្រុមគ្រួសារមួយចំនួនបានចាប់ផ្តើមមកដើរលេងស្រូបយកខ្យល់អាកាសនៅលើឆ្នេរ។
លោក ឡៅ ហារី ដែលមានវ័យ៤០ឆ្នាំ បាននាំភរិយារបស់លោក អ្នកស្រី គង់ លក្ខិណា វ័យ៣០ឆ្នាំ និងកូនប្រុសពីរនាក់ទៀត មកដើរលេងមាត់ឆ្នេរសមុទ្រ បន្ទាប់ពីពួកគេនៅសម្រាកនៅផ្ទះរយៈពេលយូរ។
លោក ហារី ដែលជាអ្នកស្រុកខេត្តព្រះសីហនុនេះ មានប្រសាសន៍ថា នៅពេលដែលលោកនៅក្មេង ចាស់ៗ បានប្រាប់លោកថា ទីក្រុងដែលលោកកំពុងរស់នៅនេះ អាចប្រែក្លាយដូចជាទីក្រុងហុងកុង។
និយាយបណ្ដើរភ្នែកគ្រលៀសមើលទៅចុងម្ខាងទៀតនៃឆ្នេរអូរឈើទាលបណ្ដើរ ដែលឃើញសុទ្ធតែអគារខ្ពស់ៗសាងសង់មិនទាន់រួចរាល់ លោក ហារី បានព្រលយថា៖ «ក្រុងព្រះសីហនុបើកាលឥឡូវនេះ ខ្ញុំអាយុប៉ុណ្ណឹង ហើយខ្ញុំស្រមៃកាលជំនាន់ ២០ ឆ្នាំមុន ដែលខ្ញុំធ្លាប់ឮចាស់ៗ និយាយប្រាប់គាត់ថា ក្រុងព្រះសីហនុអាចនឹងក្លាយជាទីក្រុងហុងកុងអីអ៊ីចឹងណា ហើយឥឡូវមកដល់ប៉ុណ្ណេះ ២០ ឆ្នាំក្រោយមកនេះ យើងឃើញតម្រុយនោះ វាដូចទៅតិចៗតិចៗដែរ»។
ប៉ុន្តែលោកថា៖ «អត់មានចិន បែបមិនអាចទេ»។
ភរិយារបស់លោកគឺអ្នកស្រី លក្ខិណា ដែលចេះនិយាយភាសាចិនកុកងឺបានខ្លះៗ គឺជាបុគ្គលិកផ្នែកហិរញ្ញវត្ថុនៅក្នុងកាស៊ីណូមួយ។ ឥឡូវនេះ ការងាររបស់អ្នកស្រី ត្រូវបានព្យួរជាបណ្តោះអាសន្នដោយសារកាស៊ីណូត្រូវបានបិទ។
អ្នកស្រី លក្ខិណា ដែលមានស្រុកកំណើតនៅក្នុងខេត្តនេះដែរ បានប្រាប់ VOA ថា ជាពលរដ្ឋ «ម្ចាស់ប្រទេស» អ្នកស្រីចង់ឲ្យរដ្ឋាភិបាលរឹតបន្តឹងការគ្រប់គ្រងជនបរទេស ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុវត្ថិភាពទាំងសន្តិសុខ និងការប្រកបរបររកចំណូល។
«គឺមិនធ្វើឱ្យយើងមានបញ្ហានៅពេលក្រោយហើយយើងត្រូវមើលថា បើសម្រាប់ថ្នាក់ដឹកនាំ ប្រហែលជាខ្ញុំអត់យល់ច្បាស់ដែរ គិតថា ធ្វើយ៉ាងម៉េច គ្រប់គ្រងពីរបៀបនៃការរស់នៅនៃជនជាតិដែលគាត់ហូរចូល គឺយើងត្រូវមានកំណត់ច្បាប់ត្រឹមត្រូវថា គាត់មានសិទ្ធិធ្វើអីៗខ្លះនៅក្នុងប្រទេស នៅក្នុងខេត្តរបស់យើងអ៊ីចឹង ដើម្បីកុំឱ្យគាត់រំលោភសិទ្ធិប្រជាជនរបស់យើង»៕